ភ្នំពេញ៖ កម្ពុជាបានចាប់ផ្ដើមសាងសង់ទំនប់វារីអគ្គិសនីថ្មីមួយនៅថ្ងៃអង្គារ៍នេះដោយរំពឹងថានឹងជួយកាត់បន្ថយការពឹងពាក់អគ្គិសនីដែលបង្កើតឡើងដោយការប្រើប្រាស់ប្រេងឥន្ធនៈ។ ក៏ប៉ុន្ដែក្រុមអ្នកបរិស្ថានបានបន្ដរិះគន់ការសម្រេចចិត្តនេះ។
ទំនប់វារីអគ្គិសនីឫស្សីជ្រុំក្រោមនេះស្ថិតនៅចំងាយជាង ៥០គីឡូម៉ែត្រ ពីទីរួមខេត្តកោះកុង។ ទំនប់នេះ មានលទ្ធភាពផ្ដល់ថាមពលចំនួន ៣៣៨ មេហ្កាវ៉ាត់ ក្រោមការវិនិយោគរបស់ក្រុមហ៊ុនចិន China Huadian Corporation នូវទឹកប្រាក់ចំនួន ៤៩៥ លានដុល្លារអាមេរិក។
យោងតាមគម្រោងការសាងសង់ទំនប់វារីអគ្គិសនីនេះនឹងអាចចាប់ផ្ដើមផ្ដល់ថាមពលជាលើកដំបូងនៅក្នុងខែកក្កដា ឆ្នាំ ២០១៥។
កាលពីចុងឆាំ្ន ២០០៩ វេទិការអង្គការមិនមែនរដ្ឋាភិបាល (Ngo Forum) បានចេញរបាយការណ៍មួយ ដោយសិក្សាលម្អិតលើការវិនិយោគផ្នែកវារីអគ្គិសនីនៅកម្ពុជា។ របាយការណ៍បានសន្និដ្ឋានថា ការ វិនិយោគដូចនេះ គឺជាការហួសសម័យ ត្រូវចំណាយដើមទុនខ្ពស់ និងបង្កឲ្យមានហានិភ័យជាច្រើន ជាពិសេសផលប៉ះពាល់ដល់បរិស្ថាន និងជីវភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់ជុំវិញ។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីឬស្សីជ្រុំក្រោមនៅថ្ងៃនេះ លោក នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានហៅក្រុមអ្នកបរិស្ថាន ដែលបានធ្វើការរិះគន់លើការវិនិយោគវិស័យវារីអគ្គិសនីនៅ កម្ពុជាថា ជាក្រុមអ្នកនិយមជ្រុល ហើយលោកអះអាងថា ការវិនិយោគប្រភេទនេះ គឺជាការធានានិរន្ដរភាពនៃថាមពល។
«តើមានការអភិវឌ្ឍណាមួយដែលមិនប៉ះពាល់ដល់បរិស្ថាននោះ? ដល់ធនធានធម្មជាតិនោះ? សូមឲ្យគេផ្ដល់ចម្លើយសមរម្យដល់យើង។ បើយើងកាត់បន្ថយបានទៅលើការពឹងពាក់លើប្រេងកាត ប្រេងសាំង ប្រេងម៉ាស្ស៊ូត នោះសន្ដិសុខថាមពលនឹងត្រូវបានធានា»។
ប្រទេសចិនបាននិងកំពុងវិនិយោគលើវិស័យវារីអគ្គិសនីចំនួនប្រាំយ៉ាងតិចនៅកម្ពុជា គឺនៅក្នុងខេត្ត ពោធិ៍សាត់ កោះកុង កំពង់ស្ពឺ និងកំពតជាដើម។ ក៏ប៉ុន្ដែកម្ពុជានៅមានគម្រោងវិនិយោគមួយចំនួនទៀតលើវារីអគ្គិសនីនៅតាមបណ្ដោយដងទន្លេមេគង្គ។
លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន មានប្រសាសន៍ថា ក្រៅពីទំនប់វារីអគ្គិសនីគិរីរម្យមួយរបស់ចិន ដែលបានដំណើរការផលិតអគ្គិសនីទៅហើយនោះ ទំនប់វារីអគ្គិសនីផ្សេងទៀតនឹងត្រូវចាប់ផ្ដើមផលិតអគ្គិសនីជាបន្ដបន្ទាប់ចាប់ពីចុងឆ្នាំ ២០១១ ឆ្នាំ ២០១២ ឆ្នាំ ២០១៣ រហូតដល់ឆ្នាំ ២០១៥។
លោក ឈិត សំអាត នាយកប្រតិបត្តិរបស់អង្គការ NGO Forum មានប្រសាសន៍ថាបទពិសោធរបស់ប្រទេសជាច្រើននៅលើពិភពលោកបានបង្ហាញថាការវិនិយោគលើវារីអគ្គិសនីបានធ្វើឲ្យមានផលប៉ះពាល់ជាច្រើនដល់បរិស្ថាន។
លោក ទេព ប៊ុនណារិទ្ធ ប្រធានសមាគមការពារបរិស្ថាននិងវប្បធម៌ មានប្រសាសន៍ថាការវាយតម្លៃលើផលចំណេញឬការប៉ះពាល់បណ្ដាលមកពីទំនប់វារីអគ្គិសនីអាស្រ័យតាមការវាយតម្លៃផ្សេងៗគ្នាក៏ប៉ុន្ដែការសិក្សាកន្លងមកបានបង្ហាញពីគុណវិបត្តិជាច្រើនដោយសារការបង្កើតទំនប់វារីអគ្គិសនី។
«កន្លែងណាដែលមានអាងទឹកតូច ធ្វើឲ្យផលប៉ះពាល់បរិស្ថាន និងសង្គមតូចដែរ តែដោយឡែកបើសិនជាអាងទឹកហ្នឹងធំដូចជានៅតាមដងទន្លេ វាអាចខូចប្រព័ន្ធបរិស្ថានទន្លេ ខាងកសិកម្ម ឬជីវចម្រុះក្នុងទន្លេ។ ធនធានទាំងអស់នោះគឺជាប្រភពនៃការចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ»។
យោងតាមរបាយការណ៍ឆ្នាំ ២០០៩ របស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលបានឲ្យដឹងថាប្រជាពលរដ្ឋប្រមាណជា ២៦ ភាគរយនៃប្រជាជនសរុបចំនួន ១៤ លាននាក់ បានទទួលភ្លើងអគ្គិសនីប្រើជាប្រចាំ។ ក្នុងពេលនេះ កម្ពុជាកំពុងទិញភ្លើងអគ្គិសនីពីប្រទេសថៃ ឡាវ និងវៀតណាម។
លោកហ៊ុន សែន ជឿថា រហូតដល់ឆ្នាំ ២០៣០ ប្រជាពលរដ្ឋកម្ពុជាស្ទើរតែទូទាំងប្រទេសនឹងទទួលបានអគ្គិសនីសម្រាប់ប្រើប្រាស់៕