ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ធំ​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ច្រើន​ជាង​គណបក្ស​តូចៗ​ពេល​​ឃោសនា​បោះឆ្នោត


កម្ពុជា​នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​នៅ​ថ្ងៃ​ទី​៣ ​ខែ​មិថុនា​ខាង​មុខ។
កម្ពុជា​នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​នៅ​ថ្ងៃ​ទី​៣ ​ខែ​មិថុនា​ខាង​មុខ។

ក្រុមន្ត្រី​ឃ្លាំមើល​ការ​បោះឆ្នោត​លើក​ឡើង​ថា​គណបក្ស​កាន់កាប់​អំណាច​យ៉ាង​រឹងមាំ ​និង​គណបក្ស​ធំ​ៗ​មួយ​ចំនួន​ទៀត​ មាន​លទ្ធភាព​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ច្រើន​ជាង​គណបក្ស​តូច​ៗ​ សម្រាប់​ធ្វើ​ការ​ប្រកួត​ប្រជែង​ដណ្តើម​យក​សន្លឹក​ឆ្នោត​ ហើយ​ភាព​មិន​ស្មើ​គ្នា​នេះ​នឹង​ជះឥទ្ធិពល​ទៅ​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត។

កម្ពុជា​នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​នៅ​ថ្ងៃ​ទី​៣ ​ខែ​មិថុនា​ខាង​មុខ​ ហើយ​ការ​ឃោសនា​បោះឆ្នោត​រយៈពេល​១៥​ថ្ងៃ ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ​ ទី​១៨ ​ស្អែក​នេះ។

មាន​គណបក្ស​នយោបាយ​ចូលរួម​ប្រកួត​ប្រជែង​សរុប​ចំនួន​១០​ នៅ​ក្នុង​នោះ​ភាគច្រើន​គឺ​ជា​គណបក្ស​តូច​ៗ​ដែល​មិន​មាន​សកម្មភាព​ជា​ចំហ​នៅ​ពេល​មុន។

លោក​គល់ ​បញ្ញា ​នាយកប្រតិបត្តិ​នៃគ​ណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌​នៅ​កម្ពុជា​ហៅ​កាត់ថា ​ខុមហ្វ្រែល​កត់សម្គាល់​ថា​ព័ត៌មាន​នៃ​ការ​បោះឆ្នោត​មិន​បាន​ជ្រាប​ទៅ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​នោះ​ទេ​ ហើយ​គណបក្ស​កាន់កាប់​អំណាច​មាន​លទ្ធភាព​ប្រើប្រាស់​ប្រព័ន្ធ​ឃោសនា​យ៉ាង​ទូលំទូលាយ។

«ការប្រើប្រាស់​ប្រព័ន្ធផ្សព្វផ្សាយ ​ឃើញ​ថា​ គម្លាត​គ្នា​ឆ្ងាយណាស់។ ខ្លះ​គណបក្ស​ដែល​គ្នា​មក​ឈរឈ្មោះ​ប្រកួតប្រជែង​ហ្នឹង​ និង​គណបក្ស​កាន់អំណាច​គេ​មាន​លទ្ធភាព​ច្រើន​ណាស់​ ក្នុង​ប្រើប្រាស់​ប្រព័ន្ធផ្សព្វផ្សាយ​ជាពិសេស​ប្រើប្រាស់​ទូរទស្សន៍ ​ហើយ​និង​វិទ្យុ»។

ខាំប្រែល​នឹង​ពង្រាយ​អ្នក​សង្កេតការណ៍​ចំនួន​៥.២៥០​នាក់​សម្រាប់​សង្គេតការ​បោះឆ្នោត​នៅ​ទូទាំង​២៤​ខេត្ត​ក្រុង​របស់​កម្ពុជា​ ចាប់​ពី​រយៈពេល​នៃ​ការ​ឃោសនា​បោះឆ្នោត​ រហូត​ទៅ​ដល់​រយៈពេល​នៃ​ការ​បោះឆ្នោត។

លោក​គល់ ​បញ្ញា ​លើកឡើង​ថា​លំហ​ផ្សព្វផ្សាយព័ត៌មាន​មិន​ស្មើគ្នា​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​មិន​បាន​ទូលំទូលាយ​នូវ​គោលយោបាយ​របស់​គណបក្ស​នីមួយ​ៗ។

«ប្រជាជន​ឥតមាន​ព័ត៌មាន​គ្រប់គ្រាន់​ពី​គោលនយោបាយ​ជម្រើស​ផ្សេង​ៗ។ ​អញ្ចឹង​ទៅ​ឮ​តែ​ម្ខាង​ អាហ្នឹង​វា​អាច​ប៉ះពាល់​ទៅ​ដល់​ភាព​យុត្តិធម៌​នៃ​ការ​បោះឆ្នោត​។​ ពីព្រោះ​ប្រជាជន​ឥតមាន​ព័ត៌មាន​គ្រប់គ្រាន់ ​ហើយ​គណបក្ស​ហ្នឹង​ ឥតមាន​ឱកាស​ផ្សព្វផ្សាយ​ពី​គោលនយោយបាយ​ផ្ទាល់​ខ្លួន​»។

លោក​ហង្ស​ ពុទ្ធា ​នាយកប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត្យ​យុត្តិធម៌​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា ​ហៅកាត់​ថា​ និចហ្វិច​ កត់សម្គាល់​ដូច​គ្នា​នេះ​ដែរ។

«គណកបក្ស​កាន់អំណាច​គាត់​មាន​មធ្យោបាយ​ច្រើន​ជាង។ លោក​មាន​បណ្តាញ​ជា​មន្ត្រី​ថ្នាក់ឃុំ ​លោក​មាន​ប្រព័ន្ធផ្សព្វផ្សាយ​ក្តី ​គឺ​ឃើញ​ថា​មាន​ការ​ផ្សព្វផ្សាយ​ច្រើន។​ នេះ​ជា​ឱកាស​ច្រើន​សម្រាប់​គណបក្ស​កាន់អំណាច​នា​ពេល​បច្ចុប្បន្ន»។

អង្គការ​និចហ្វិច​មាន​អ្នក​សង្កេតការណ៍​បោះឆ្នោត​ចំនួន​៣.០០០​នាក់​សម្រាប់​ខេត្តក្រុង​ទាំង​២៤។

គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់អំណាច​ត្រូវ​គេ​មើល​ឃើញ​ថា​មាន​ការ​គាំទ្រ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​យ៉ាង​លើស​លប់ ​រាប់​បញ្ចូល​ទាំង​វិទ្យុ ​ទូរទស្សន៍ ​និង​សារព័ត៌មាន​សរសេរ​ផងដែរ។ រីឯ​គណបក្ស​ដទៃទៀត​ដូច​ជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​គណបក្ស​សិទ្ធិមនុស្ស ​គណបក្ស​នរោត្តមរណឫរិទ្ធិ ​និង​គណបក្ស​សម ​រង្ស៊ី ​សុទ្ធតែ​ជួល​ប្រព័ន្ធផ្សាយ​ឯកជន​ម្រាប់​ធ្វើការ​ផ្សព្វផ្សាយ​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន។ រីឯ​គណបក្ស​ផ្សេងទៀត​ ទើបតែ​មាន​សកម្មភាព​ចុងក្រោយ​នេះ។

លោក​ចាន់ ​យ៉េត ​អនុប្រធាន​គណបក្ស​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​ ដែល​ជា​គណបក្ស​តូច​មួយ​នៅ​ក្នុង​ចំណោម​គណបក្ស​ទាំង​១០​ លោក​បាន​ត្អូនត្អែរ​ពី​កង្វះ​ធនធាន​សម្រាប់​ប្រព័ន្ធផ្សព្វផ្សាយ​ដោយក្តី​អស់​សង្ឃឹម។

«គណបក្ស​តូច​ៗ​ គឺ​ឥត​ទាន់​មាន​ទេ​។ ​ខ្ញុំ​បាទ​អស់​សង្ឃឹម​ជា​ខ្លាំង ​ដូចថា​ខ្ញុំ​ចង់​ផ្សាយ​ពី​គោល​នយោបាយ​គណបក្ស​ខ្ញុំ ​ហើយ​ខ្ញុំ​ចង់ផ្សាយ​សកម្មភាព​ខ្លះ​ៗ​ ដែល​ខ្ញុំ​ចុះ​ទៅ​តាម​បណ្តាខេត្ត​ និង​ឃុំ​ដែល​យើង​មាន»។

គណបក្ស​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​មាន​បេក្ខជន​ឈរ​ឈ្មោះ​ដោយ​ចោះៗ​ ក្នុង​ខេត្ត​ចំនួន​៦​ គឺ​ខេត្ត​តាកែវ ​កំពង់ឆ្នាំង ​បន្ទាយមានជ័យ ​ខេត្ត​ព្រៃវែង ​និង​ខេត្ត​កំពង់ធំ។

យ៉ាងណាក៏ដោយ​លោក​ទេព ​នីថា ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ គជប​ បាន​ពន្យល់​ថា​រដ្ឋាភិបាល​មាន​លទ្ធភាព​ត្រឹមតែ​ជួយ​គាំទ្រ​ទៅ​ដល់​ការ​ផ្តល់​សេវា​ផ្សព្វផ្សាយ​ស្មើភាព​គ្នា​នៅ​ក្នុង​អំឡុង​ពេល​ឃោសនា​ នា​ពេល​បោះឆ្នោត។ លោក ​ទេព ​នីថា​ មាន​ប្រសាសន៍​ថា​ គជប​ បាន​ស្នើ​ទៅ​ដល់​ទូរទស្សន៍​ និង​វិទ្យុជាតិ​នូវ​គ្រប់​ខេត្ត​ក្រុង​ទាំង​អស់​ដើម្បី​ជួយ​រំលែក​ការ​ឃោសនា​របស់​គណបក្ស​ទាំង​នេះ។

«យើង​មាន​វិទ្យុ​ជាតិ​ និង​បណ្តាញ​ផ្សេង​ៗ​ទៀត​ដែល​ជា​របស់​រដ្ឋ​។ ​មាន​នៅ​តាម​បណ្តាខេត្ត​ដែរ​ ព្រោះ​យើង​បាន​ធ្វើ​ស៊ីដី​ដើម្បី​សុំ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ខេត្ត​ហ្នឹង​ជួយ​ផ្សព្វផ្សាយ»។

មាន​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​បោះឆ្នោត​ជាង​៩​លាន​២​សែន​នាក់​ និង​មាន​ឃុំសង្កាត់​ទូទាំង​ប្រទេស​សរុប​ចំនួន​១.៦៣៣​។​ គជប​ បាន​ចែក​បណ្ណ​ព័ត៌មាន​ទៅ​ដល់​អ្នក​បោះឆ្នោត​រហូត​មក​ទល់​ពេល​នេះ​ចំនួន​ជាង​៧​លាន​នាក់ ​ឬ​ស្មើ​ជាង​ ៨០%​នៃ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​សរុប។

លោក​គល់ បញ្ញា យល់​ឃើញ​ថា ការ​ដែល​ចែក​បណ្ណ​ព័ត៌មា​នេះ​មិន​បាន​ទៅ​ដល់​អ្នក​បោះឆ្នោត​គ្រប់​រូប អាច​ជា​កា​រំខាន​ដល់​ការ​ស្វែង​រក​មណ្ឌល​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ។

ក៏​ប៉ុន្តែ​លោក​ទេព ​នីថា ​ឆ្លើយ​ថា​បណ្ណ​ព័ត៌មាន​សម្រាប់​អ្នក​បោះឆ្នោត​នេះ​មិនមែន​ជា​សុពលភាព​សម្រាប់​ការ​បោះឆ្នោត​នោះ​ទេ។

«សូម​បញ្ជាក់​ថា​នេះ​គ្រាន់​តែ​ជា​បណ្ណព័ត៌មាន​ប៉ុណ្ណោះ​ទេ​ មិន​អាច​យក​ទៅ​ធ្វើ​ជា​ឯកសារ​ដើម្បី​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​បោះឆ្នោត​បាន​ទេ។​ ហើយ​អត់​បណ្ណព័ត៌មាន​នេះ​ ក៏​គាត់​អាច​ទៅ​បោះឆ្នោត​បាន​ដែរ»។

ក្រៅពីនេះ​លោក​គល់ ​បញ្ញា ​បង្ហាញ​ថា​កងកម្លាំង​ប្រដាប់​អាវុធ​ដូច​ជា​នគរបាល​ ទាហាន​ និង​កង​រាជ​អាវុធហត្ថ​បាន​ចូល​រួម​ពង្រឹង​យ៉ាងសកម្ម​នៅ​ក្នុង​ការ​ជួយ​ឃោសនា​ទៅ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ជា​កត្តា​ខុស​ច្បាប់​ពីព្រោះ​ថា កងកម្លាំង​ប្រដាប់​អាវុធ​ត្រូវ​តែ​ឋិត​នៅ​ក្នុង​ភាព​ឯករាជ្យ។

លោក​ទេព​ នីថា ​បញ្ជាក់​ថា ជា​ទូទៅ​នៅ​មិន​ទាន់​មាន​ភាព​មិន​ប្រក្រតី​ណា​មួយ​គួរ​ឲ្យ​កត់សម្គាល់​ នៅ​មួយ​ថ្ងៃ​មុន​ការ​ឃោសនា​បោះឆ្នោត​មក​ដល់​នោះ​ទេ៕

XS
SM
MD
LG