ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ធំៗបី​ឃោសនា​ទ្រង់​ទ្រាយ​ធំ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ​សង្កាត់​ថ្ងៃ​ដំបូង


គណបក្ស​នយោបាយ​នៅ​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ជា​លើក​ដំបូង​របស់​ខ្លួន​រយៈពេល​១៥​ថ្ងៃ​សម្រាប់​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់ ​អណត្តិ​ទី​៣​ ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​៣ ​ខែ​មិថុនា​ ខាង​មុខ​នេះ។

មាន​គណបក្ស​នយោបាយ​ធំៗ​ចំនួន​បី​តែ​ប៉ុណ្ណោះ ​ដែល​បាន​ធ្វើ​យុទ្ធការ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ​ដំបូង​នេះ ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ គណបក្ស​ប្រឆាំង​របស់​លោក​សម ​រង្ស៊ី ​និង​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក​កឹម​ សុខា។ ចំណែកឯ​គណបក្ស​មួយ​ចំនួន​ផ្សេងទៀត​មិន​បាន​ធ្វើ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នោះ​ទេ។ គណបក្ស​ទាំង​នោះ​បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​តាម​ទីស្នាក់ការ​របស់​ខ្លួន​ និង​បាន​ដើរ​ចែក​ខិតបណ្ណ​គោលការណ៍​របស់​គណបក្ស​នៅ​តាម​ក្រុមប្រឹក្សា​ឃុំសង្កាត់​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។

មិនមាន​របាយការណ៍​ឯករាជ្យ​ណាមួយ​ដែល​បាន​បង្ហាញ​អំពី​សកម្មភាព​ហិង្សា​ ឬក៏​មាន​ការ​ប៉ះទង្គិច​គ្នា​នៅ​ថ្ងៃ​ឃោសនា​ជា​លើក​ដំបូង​នោះ​ទេ។

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ជួបប្រជុំ​គ្នា​នៅ​ឯ​មជ្ឈមណ្ឌល​កម្សាន្ត​កោះពេជ្រ។ គណបក្ស​សម ​រង្ស៊ី ​បាន​ជួបប្រជុំ​គ្នា​នៅ​សួនច្បារ​ពី​មុខ​វត្តបុទុមវត្តី។ ចំណែក​ឯ​គណបក្ស​សិទ្ធិមនុស្ស​បាន​ជួបប្រជុំ​គ្នា​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន។

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រើប្រាស់​រថយន្ត​ទំនើបៗ​សម្រាប់​យក​ទៅ​ឃោសនា។ ចំណែកឯ​គណបក្ស​សិទ្ធិមនុស្ស ​និង​គណបក្ស​សម ​រង្ស៊ី ​បាន​ប្រើប្រាស់​ម៉ូតូ ដោយ​ថ្មើរជើង​ និង​រថយន្ត​កាំម៉ីញ៉ុង​ចាស់ៗ​តែ​ប៉ុណ្ណោះ។

សមាជិក​គាំទ្រ​គណបក្ស​នីមួយ​ៗ​បាន​ពាក់អាវ ​និង​រូប​សញ្ញា​គណបក្ស​ ដោយ​បាន​ដើរដង្ហែ​ជុំវិញ​វិមាន​ឯករាជ្យ​រួច​ហើយ​ឆ្ពោះ​ទៅ​ទីក្រុង​តាខ្មៅ ​និង​ឆ្ពោះ​ទៅ​ទីកន្លែង​ផ្សេង​ៗ​ទៀត ​ពាសពេញ​ទីក្រុង​ភ្នំពេញ។

គណបក្ស​សម ​រង្ស៊ី ​បាន​ចាក់​សារ​នយោបាយ​ដែល​អាន​ដោយ​លោក​សម ​រង្ស៊ី​ តាម​ឧគ្ឃោសនសព្ទ​បំពង​សំឡេង ​និង​បាន​ស្រែក​ពាក្យ​ស្លោក​ថា «ផ្លាស់​ប្តូរ​ទៅៗ» នៅ​ពេល​ដែល​ពួក​គេ​បាន​ដើរ​ទៅ​ដល់​មុខ​គេហដ្ឋាន​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន នា​វិមាន​ឯករាជ្យ​ដោយ​លោកស្រី​ជូឡុង ​ស៊ូមូរ៉ា​ ភរិយា​លោក​សម ​រង្ស៊ី ​ជា​អ្នក​ដើរ​ពី​មុខ​ក្បួន។

«ប្តូរ...!!! ប្រទេស​ខ្មែរ​រុងរឿង​ បងប្អូន។ ​សម ​រង្ស៊ី...!!!»

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាក់​សារ​នយោបាយ ​ដែល​បាន​បង្ហាញ​ពី​ខ្លឹមសារ​នៃ​ការ​អភិវឌ្ឍ​បន្ទាប់​ពី​គណបក្ស​នេះ​បាន​កាន់អំណាច​រយៈពេល​ជិត​៣០​ឆ្នាំ។

«បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា។ ​ជយោ!!!​ ជយោ​ គណបក្ស​ប្រជាជន​កម្ពុជា!»

មាន​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​ទីសាធារណៈ​នានា ​និង​នៅតាម​មហាវិថី​សំខាន់​ៗ ​ដែល​គណបក្ស​នយោបាយ​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់។

ចំណែកឯ​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក​កឹម ​សុខា ​បាន​ដើរដង្ហែក្បួន​នៅ​ភាគ​ខាង​លិច​ទីក្រុង​ភ្នំពេញ។ ​សមាជិក​គណបក្ស​នេះ​បន្ទាប់​ពី​បាន​ដើរដង្ហែ​បាន​មក​ប្រារព្ធ​ពិធី​ស្បថ​មួយ​នៅ​វត្តភ្នំ​ នៅ​ខណៈពេល​ដែល​គណបក្ស​ប្រជាជនកម្ពុជា​កំពុងតែ​ប្រគុំ​តន្ត្រី​នៅ​ឯ​ខាង​ក្រោម។

លោក​កឹម ​សុខា ​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​ពិធី​សម្បថ​នេះ​ ដើម្បី​បញ្ជាក់​ប្រាប់​សាធារណជន​ថា​ គណបក្ស​សិទ្ធិមនុស្ស​របស់​លោក​មិនមែន​ជា​អាយ៉ង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទេ។

«រស់នៅ​ដើម្បី​បម្រើខ្មែរ​។ ​ស្លាប់​ទៅ​ជា​ខ្មោច ​ក៏​ដើម្បី​ខ្មែរ ​មិន​ធ្វើ​ឆ្កែ​បម្រើយួន​ជា​ដាច់​ខាត។ ​ជយោ ​គណបក្ស​សិទ្ធិ​មនុស្ស!»

មាន​គណបក្ស​នយោបាយ​ចំនួន​១០​ ដែល​បាន​ចុះបញ្ជី​ក្នុង​ការ​ចូលរួម​ប្រកួតប្រជែង​សម្រាប់​ដណ្តើម​អសនៈ​ក្រុមប្រឹក្សា​ឃុំសង្កាត់ ​ចំនួន​១.៦៣៣​ឃុំ​សង្កាត់៕

XS
SM
MD
LG