ភ្នំពេញ៖ ប្រទេសកម្ពុជា គឺជាប្រទេសដែលបើកទូលាយយ៉ាងខ្លាំងមួយក្នុងចំណោមបណ្ដាប្រទេសអាស៊ីអគ្នេយ៍ និងតំបន់ប៉ាស៊ីភិច ក្នុងការផ្ដល់សិទ្ធិដល់វិនិយោគិនបរទេស។ នេះគឺជាការវាយតម្លៃរបស់ធនាគារពិភពលោកក្នុងរបាយការណ៍ស្ដីពីការវិនិយោគឆ្លងដែន ដែលចេញផ្សាយនៅថ្ងៃពុធ ទី៧ ខែកក្កដា ឆ្នាំ២០១០នេះ។
របាយការណ៍បង្ហាញថា ប្រទេសកម្ពុជាអនុញ្ញាតឲ្យជនបរទេស ដែលមកបណ្ដាក់ទុនធ្វើការកាន់កាប់ភាគហ៊ុនរបស់ខ្លួនទាំងស្រុង១០០ភាគរយ ដោយពុំចាំបាច់ត្រូវការដៃគូវិនិយោគក្នុងស្រុក។
លោកជីម៉ៅ ហ្វាន់ នាយកធានាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍នៅក្នុងរបាយការណ៍នេះថា ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលបើកទូលាយយ៉ាងខ្លាំងដល់ការវិនិយោគបរទេស មិនត្រឹមតែសម្រាប់បណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងក្នុងចំណោមប្រទេសទាំងអស់ក្នុងពិភពលោក។
ចំណែកលោកងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ការបើកទូលាយដល់អ្នកវិនិយោគបរទេសនេះនឹងជួយជំរុញការវិនយោគបរទេសដោយផ្ទាល់មកកាន់កម្ពុជាកាន់តែច្រើន។ លោកម៉េងតិច បន្តទៀតថា៖
«និយាយទៅ វាគឺជាការបង្ហាញមួយដែលធ្វើឲ្យមានការទាក់ទាញការវិនិយោគបរទេសដោយផ្ទាល់បានច្រើន។ វាជាការសំខាន់»។
យោងតាមតួលេខរបស់ក្រុមប្រឹក្សាអភិវឌ្ឈកម្ពុជា(CDC) បានបង្ហាញថា គម្រោងវិនិយោគបរទេសដោយផ្ទាល់មានការធ្លាក់ចុះពីជាង១.២០០លានដុល្លារអាមេរិកនៅពាក់កណ្ដាលឆ្នាំ២០០៩ មកត្រឹមក្រោម១.១០០លាននៅក្នុងរយៈពេល ៦ខែដើមឆ្នាំ២០១០នេះ។
របាយការណ៍របស់ធនាគារពិភពលោក បានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជានៅតែជាប្រទេសដែលប្រើប្រាស់ពេលវេលាយូរក្នុងការរត់ការបង្កើតក្រុមហ៊ុនឯកជនមួយ ពោលគឺ វិនិយោគិនត្រូវប្រើពេល៨៦ថ្ងៃ សម្រាប់ការបំពេញបែបបទនីតិវិធីចំនួន១០ គឺយូរជាងប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីភិច ដែលការបំពេញបែបបទនីតិវិធីចំនួន១១ គេត្រូវការពេលវេលាត្រឹមតែ៦៨ថ្ងៃតែប៉ុណ្ណោះ។ របាយការណ៍នេះក៏បានបញ្ជាក់ផងដែរថា ប្រទេសកម្ពុជា ធ្វើបានល្អទាក់ទង ទៅនឹងការពង្រឹងសិទ្ធិជួលដីធ្លី និងពេលវេលាដែលប្រទេសនេះ ផ្ដល់កិច្ចសន្យាដីធ្លីដល់ក្រុមហ៊ុន ឯកជន និងក្រុមហ៊ុនរដ្ឋ។ ទោះជាយ៉ាងនេះក្ដី របាយការណ៍លើកឡើងថា ប្រទេសកម្ពុជាស្ថិតនៅពីក្រោយបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ និងបណ្ដាប្រទេស នៃតំបន់ប៉ាស៊ីភិច ទាក់ទងទៅនឹងការផ្ដល់ព័ត៌មានស្ដីពីដីធ្លី។
កម្ពុជាធ្វើបានល្អជាងប្រទេសក្នុងតំបន់ ក្នុងការពង្រឹងច្បាប់ដោះស្រាយទំនាស់ពាណិជ្ជកម្ម ក៏ប៉ុន្ដែកម្ពុជានៅតែស្ថិតនៅពីក្រោយគេ ទាក់ទងទៅនឹងការផ្ដល់ភាពងាយស្រួល និងជំនួយផ្លូវច្បាប់។
មន្រ្ដីផ្លូវការរបស់រដ្ឋាភិបាលមិនអាចស្វែងរកការធ្វើសេចក្ដីអត្ថាធិប្បាយបានទេនៅថ្ងៃនេះ ដោយសារមន្ដ្រីទាំងនោះមិនលើកទូរស័ព្ទ និងអះអាងថា ខ្លួនកំពុងជាប់ប្រជុំ។
លោករស់ ខេមរា សមាជិកសមាគមសេដ្ឋកិច្ចកម្ពុជា មានប្រសាសន៍ថា ភាពងាយស្រួលមួយចំនួនដូចបានលើកឡើងក្នុងរបាយការណ៍របស់ធនាគារពិភពលោក នឹងជួយធ្វើឲ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែប្រសើរឡើង ក៏ប៉ុន្ដែកម្ពុជាត្រូវដោះសា្រយបញ្ហាសម្រាប់ការទាក់ទាញការវិនិយោគបន្ថែមទៀត។ លោកខេមរា ថ្លែងយ៉ាងដូច្នេះថា៖
«វាធ្វើឲ្យបរិយាកាសវិនិយោគស្រុកខ្មែរយើងល្អឡើងមួយកម្រិតទៀត ហើយការលំបាកផ្សេងៗទៀត យើងត្រូវតែបន្ដដោះស្រាយ»។
ក្រុមអ្នកវិនិយោគតែងតែត្អូញត្អែរអំពីភាពទន់ខ្សោយផ្នែកហេដ្ឋារចនាសម្ពន្ធ័សម្រាប់ទ្រទ្រង់ការវិនិយោគរបស់ពួកគេ។ អំពើពុករលួយនៅតែជាឧបសគ្គសំខាន់សម្រាប់ពួកគេ។ លោកជី ម៉ៅហ្វាន់ នាយកធានាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា កម្ពុជាកំពុងធ្វើការកែទម្រង់មួយចំនួន ដែលនឹងជួយដោះស្រាយគម្លាតមួយចំនួនដែលត្រូវបានលើកឡើងនេះក្នុងរបាយការណ៍នេះ៕