សកម្មជនអាវលឿងជាតិថៃពីរនាក់ ដែលជាប់ពន្ធនាគារនៅកម្ពុជាអំពីបទចារកម្ម បានបង្ហាញវត្តមានចំពោះសាលាឧទ្ធរណ៍នៅថៃ្ងពុធនេះ ដើម្បីដកពាក្យបណ្តឹងប្រឆាំងនឹងសាលក្រមរបស់តុលាការក្រុងភ្នំពេញ។
ជនជាតិថៃទាំងពីរនាក់នេះ រួមមានលោក Veera Somkwamkit មេដឹកនាំមួយរូបនៃបណ្តាញប្រជាជនប្រឆាំងនឹងអំពើពុករលួយ និងលេខាធិការរបស់លោកគឺអ្នកស្រី Ratree Pipatanapaiboon ដែលត្រូវបានតុលាការក្រុងភំ្នពេញកាត់ទោសឲ្យជាប់ពន្ធនាគារ៨ឆ្នាំ និង៦ ឆ្នាំកាលពីថៃ្ងទី១ ខែកុម្ភៈ អំពីបទឆ្លងចូលទីតាំងកងទ័ព និងពីបទចារកម្ម ហើយនៅចុងខែកុម្ភៈ ជនជាប់ចោទទាំងពីរនាក់នេះបានបឹ្តងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចនេះ។
Veera និង Ratree បានប្រាប់សវនាការថា ពួកគាត់បានសម្រេចដកពាក្យបណ្តឹងឧទ្ធរណ៍ដោយគ្មានបញ្ជាក់មូលហតុ។
លោករស់ អូន មេធាវីជនជាប់ចោទគឺ Veera និង Ratree បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅសាលាឧទ្ធរណ៍ថា៖
«គាត់ (Veera និង Ratree)ឆ្លើយនៅក្នុងសវនាការថា គាត់ដកបណ្តឹងឧទ្ធរណ៍។ ដូច្នេះសាលាឧទ្ធរណ៍មានកាតព្វកិច្ចមួយលុបពាក្យបណ្តឹងចេញពីបញ្ចីក្តី។ វាចប់ហើយ»។
លោកសំរិទ្ធ សុផល ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ បានយល់ព្រមការដកពាក្យបណ្តឹងនេះ ដោយបញ្ជាក់ថា សាលាឧទ្ធរណ៍សម្រេចមិនទទួលជំនុំជម្រះលើបណ្តឹងឧទ្ធរណ៍របស់ជនជាប់ចោទឈ្មោះ Veera និង Ratree ហើយសំណុំរឿងនេះគឺចប់ជាស្ថាពរហើយ។
លោកសំរិទ្ធ សុផលបានលើកឡើងថា អ្នកទាំងពីរអាចសែ្វងរកការលើកលែងទោសពីព្រះមហាក្សត្រ បន្ទាប់ពីបានជាប់ពន្ធនាគារចំនួន២ភាគ៣។
ការដកពាក្យបណ្តឹងនេះបានធើ្វឡើងមួយថៃ្ង មុនទស្សនៈកិច្ចរបស់លោក Surapong Tovichakchaikul រដ្ឋមន្ត្រីការបរទេសថៃមកកាន់ប្រទេសកម្ពុជា ដើម្បីជួបពិភាក្សាទ្វេភាគីជាមួយមេដឹកនាំកម្ពុជានៅថ្ងៃព្រហស្បតិ៍។
លោក Parinya Sirisankan ប្រធានសិទិ្ធមនុស្សនៃប្រទេសថៃ ដែលបានចូលរួមក្នុងសវនាការនេះ បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន ក្រោយសវនាការថា៖
«គាត់មិនប្តឹងឧទ្ធរណ៍គឺដើម្បីត្រួសត្រាយផ្លូវឲ្យរដ្ឋាភិបាលបន្ធូរបន្ថយទោសរបស់គាត់ និងទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ»។
លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា បានថែ្លងថា ប្រធានបទដ៏សំខាន់សម្រាប់ទស្សនកិច្ចរបស់លោករដ្ឋមន្រ្តីការបរទេសថៃមកកម្ពុជានេះគឺផ្តោតទៅលើបញ្ហាព្រំដែន ការសើ្នឲ្យកម្ពុជាដកពាក្យបណ្តឹងពីតុលាការយុតិ្តធម៌អន្តរជាតិ និងការដោះលែងអ្នកទោសជនជាតិថៃ២នាក់ដែលកំពុងជាប់ពន្ធនាគារនៅកម្ពុជា។
«អ្នកទាំង២នាក់នេះជារឿងនយោបាយ។ ដូច្នេះ ខ្ញុំថា ការដោះលែងមិនមែនខូចខាតអី្វដល់ប្រព័ន្ធយុត្តិធម៌ខែ្មរយើងទេ។ ប៉ុនែ្តប្រហែលជាអាចខូចខាត និងប៉ះពាល់ដល់រូបភាពជាតិនិយមសម្រាប់រដ្ឋាភិបាលតែប៉ុហ្នឹងទេ។ រដ្ឋាភិបាលខែ្មរយើងមិនចង់ដោះលែង ដោយសារ វាទាក់ទងរឿងជាតិនិយមតែប៉ុណ្ណឹង»។
Veera និង Ratree ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០ ជាមួយជនជាតិថៃ៥នាក់ទៀត រួមមានលោក Panich Vikitsreth សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យ បន្ទាប់ពីបានឆ្លងចូលទឹកដីកម្ពុជាដោយខុសច្បាប់ ដើម្បីត្រួតពិនិត្យបង្គោលព្រំដែននៅខេត្តបន្ទាយមានជ័យរបស់ប្រទេសកម្ពុជា៕