ភ្នំពេញៈ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់លិខិតឆ្លងដែនធម្មតា រវាងប្រទេសកម្ពុជា និងប្រទេសថៃ នឹងជួយជំរុញសកម្មភាពពាណិជ្ជកម្ម និងលំហូរភ្ញៀវទេសចរណ៍ ព្រមទាំងអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរ និងថៃអាចធ្វើដំណើរឆ្លងកាត់ព្រំដែនគ្នាទៅវិញទៅមក ដោយមិនចាំបាច់មានទិដ្ឋាការ និងគ្មានការចំណាយប្រាក់ទេ ប៉ុន្តែគ្រាន់តែមានលិខិតឆ្លងដែនបានហើយ។
នៅថ្ងៃពុធនេះ ប្រទេសកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការជាមួយប្រទេសថៃ សម្រាប់អ្នកកាន់លិខិតឆ្លងដែនធម្មតានៃប្រទេសទាំងពីរ សំដៅជំរុញសកម្មភាពពាណិជ្ជកម្ម និងលំហូរទេសចរណ៍។
កិច្ចព្រមព្រៀងលើកលែងទិដ្ឋាការនេះ ត្រូវបានចុះហត្ថលេខាដោយលោកហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក កាស៊ីត ភីរម្យម៉ា (Kasit Piromya) រដ្ឋមន្ត្រីការបរទេសថៃនៅចំពោះវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី អាភីស៊ីត វិចាជីវ៉ា (Abhisit Vejjajiva)។
ការចុះហត្ថលេខានេះ បានធ្វើឡើង បន្ទាប់ពីជំនួបរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ និងបន្ទាប់ពីកិច្ចប្រជុំកំពូល ACMECS លើកទីបួននៅក្នុងទីក្រុងភ្នំពេញ ដែលប្រទេសជិតខាងទាំងប្រាំរួមមាន ប្រទេសកម្ពុជា ឡាវ ភូមា ថៃ និងវៀតណាម បានពិភាក្សាគ្នា អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រីយ៉ាងដូច្នេះថា៖
«យើងមានការចុះហត្ថលេខាដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ លើការលើកលែងទិដ្ឋាការលើលិខិតឆ្លងដែនធម្មតា។ ឥឡូវនេះ វាជាពេលវេលាដែលត្រូវពង្រឹង និងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរដោយបង្រួមទំនាស់ និងពង្រីកការដោះស្រាយ និងពង្រីកសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ»។
លោក កុយ គង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់ VOA ថា ប្រជាពលរដ្ឋខ្មែរ និងថៃ អាចធ្វើដំណើរឆ្លងកាត់ព្រំដែនគ្នាទៅវិញទៅមកដោយមិនចាំបាច់មានទិដ្ឋាការ និងគ្មានការចំណាយប្រាក់ទេ ប៉ុន្តែគ្រាន់តែមានលិខិតឆ្លងដែនបានហើយ។
«កិច្ចព្រមព្រៀងនេះនឹងចូលជាធរមានក្នុងរយៈពេល៣០ថ្ងៃ បន្ទាប់ពីថ្ងៃចុះហត្ថលេខានេះ ហើយពេលដែលចូលជាធរមាន ប្រជាពលរដ្ឋទាំងពីរប្រទេសអាចឆ្លងដែនទៅប្រទេសផងគ្នា និងអាចស្នាក់នៅរយៈពេល១៤ថ្ងៃ»។
លោក កុយ គង់ បានបញ្ជាក់ថា ការលើកលែងទិដ្ឋាការនេះ នឹងផ្តល់ផលប្រយោជន៍ខាងវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងសម្រួលដល់ការទំនាក់ទំនងគ្នាទៅវិញទៅមក រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ។
«វាជួយជំរុញកំណើនទេសចរណ៍ សកម្មភាពពាណិជ្ជកម្ម ទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងប្រទេស ពលរដ្ឋ និងអ្នកវិនិយោគទុនមួយចំនួនងាយស្រួលចេញចូលប្រទេស ដើម្បីពិនិត្យមើលសក្តានុពលផ្នែកវិនិយោគ»។
លោក គង់ សុធារៈ ប្រធាននាយកដ្ឋានស្ថិតិនៃក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្នុងរយៈពេល ៩ខែដើមឆ្នាំ២០១០នេះ ភ្ញៀវទេសចរណ៍ថៃដែលបានមកទស្សនាប្រទេសកម្ពុជា មានចំនួនជាង៦០.០០០ នាក់ បានធ្លាក់ចុះ៩ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០០៩។
ក្នុងរយៈពេលបួនខែដើមឆ្នាំ២០១០ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសថៃ មានតម្លៃ ៣៨៦ លានដុល្លារអាមេរិក ហើយការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំងពីរមានតម្លៃ ៩១៤ លានដុល្លារអាមេរិក ដែលបានកើនឡើង ៨៤ ភាគរយ ពី ៤៩៧លានដុល្លារអាមេរិក នៅក្នុងរយៈពេលបួនខែដើមឆ្នាំ២០០៩៕