លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯពហុកីឡាដ្ឋានជាតិអូឡាំពិក បន្ទាប់ពីការប្រកួតបាក់ទាត់លក្ខណៈមិត្តភាពរវាងមេដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា និងក្រុមមេដឹកនាំអាវក្រហមថៃថា លោកពេញចិត្តនឹងសប្បាយរីករាយចំពោះលទ្ធផលនេះថ្វីបើលោកហត់បន្តិចក៏ដោយ ក៏ប៉ុន្តែលោកមានកម្លាំងខាងផ្លូវកាយ។
«ល្អណាស់! ល្អណាស់! នេះជាចំណងទាក់ទងដ៏ល្អរឹងមាំ។ ហត់ក៏ប៉ុន្តែយើងហត់ផ្លូវចិត្ត។ ក៏ប៉ុន្តែយើងមានកម្លាំង ហត់ផ្លូវកាយ តែមានកម្លាំងខាងផ្លូវចិត្ត»។
មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជាដែលរួមមានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន លោកហេង សំរិនប្រធានរដ្ឋសភា និងអតីតនាយករដ្ឋមន្ត្រីថៃ គឺលោក ស៊ុមច័យ វង្សសាវ៉ាត បានចូលរួមជាលក្ខណៈមិត្តភាពដែលបានធ្វើឡើងនៅពាហុកីឡាដ្ឋានជាតិអូឡាំពិកនៅថ្ងៃសៅរ៍នេះ។
បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាយរវាងក្រុមកីឡាករទាំងពីរ នៅទីបញ្ចប់ក្រុមអាវក្រហមរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានយកជ័យជម្នះលើក្រុមអាវខៀវ របស់លោក ស៊ុមច័យ វង្សសាវ៉ាត នៅក្នុងពិន្ទុដប់ទល់នឹងប្រាំពីរ។
ការប្រកួតលក្ខណមិត្តភាពរវាងកម្ពុជា និងថៃនេះ ក្រុមកីឡាករទាំងពីរបានច្របាច់បញ្ជូលគ្នា ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកដឹកនាំក្រុមអាវក្រហម ហើយលោក ស៊ុមច័យ វង្សសាវ៉ាត ជាអ្នកដឹកនាំក្រុមអាវខៀវ។
ថ្លែងក្នុងឱកាសបើកការប្រកួត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមាននិយាយថា ការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពនៅថ្ងៃនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយនៅក្នុងទំនាក់ទំនងជាមួយប្រទេសថៃ។ លោកបាននិយាយថា ថ្ងៃនេះជាសារនយោបាយមួយសម្រាប់ប្រជាពលរដ្ឋ និងកងទ័ពកម្ពុជា និងថៃ ជាពិសេសប្រជាពលរដ្ឋរស់នៅតាមតំបន់កម្ពុជាថៃថា សុបិន្តអាក្រក់ដែលបានកើតឡើងកន្លងមករវាងប្រទេសទាំងពីរត្រូវបានបញ្ចប់ហើយ។ លោកបន្តថា កម្ពុជា និងថៃកំពុងធ្វើសហប្រតិបត្តិការ ដែលនាំមកនូវសន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
យ៉ាងតិចមានមនុស្សប្រមាណជាង៤ម៉ឺននាក់ ដែលរួមមានទាំងប្រជាពលរដ្ឋកម្ពុជា និងក្រុមអាវក្រហមមកពីប្រទេសថៃបានចូលរួមការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពជាលើកដំបូងនេះ។
លោកយ៉ុង យុទ្ធ ក្រុមអាវក្រហមមួយរូបមកពីទីក្រុងបាងកកដែលបានចូលរូមទស្សនានៅពហុកីឡាដ្ឋានជាតិ អូឡាំពិកបាននិយាយ ហើយត្រូវបានបកប្រែក្រៅផ្លូវការណ៍ថា៖
«ចាញ់ឈ្នះខ្ញុំឥតមានទេ ព្រោះអីនេះបាល់សម្រាប់ប្រកួតមិត្តភាព»។
លោក ប៉ុណ្ណារ័ត្ន ប្រជាពលរដ្ឋកម្ពុជាមួយរូប រស់នៅទីក្រុងភ្នំពេញ បាននិយាយថា ការប្រកួតរវាងមេដឹកនាំទាំងពីរប្រទេសនេះថ្វីបើមានវ័យចាស់មែន ប៉ុន្តែធ្វើឲ្យយុវជនជំនាន់ក្រោយអនុវត្តតាម។
«ព្រោះអីថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងពីរប្រទេសដែលបានជួបគ្នានេះ អញ្ចឹងឃើញថា គាត់ទាត់ទៅ ពិតថាគាត់មានវ័យចំណាស់ៗ ប៉ុន្តែការលេងហ្នឹងគឺថាធ្វើឲ្យយើងមានភាពថា សប្បាយ។ យើងមើលខុសពីអ្នកដឹកនាំអាជីពអញ្ចឹងណាស់»។
លោកនាយឧត្តម សៅ សុខា មេបញ្ជាការប៉េអឹមលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបាននិយាយថា ការប្រកួតនេះ បានបង្ហាញឲ្យឃើញពីលក្ខណៈមិត្តភាពនៃប្រទេសទាំងពីរដែលមានព្រំប្រទល់ជាប់គ្នា។
«ជាការពិតណាស់ ទស្សនិកជនលោកបានទះដៃ។ សម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំសប្បាយណាស់ ខ្ញុំលេង។ ក៏ប៉ុន្តែ អ្វីដែលលើសពីការដែលខ្ញុំសប្បាយគឺទស្សនិជនដែលគាត់មិនសប្បាយមិនសប្បាយ។ ប៉ុន្តែខ្ញុំឃើញគាត់ហ៊ូរ! គាត់ទះដៃ។ គាត់ច្រៀង។ ដូច្នេះ ខ្ញុំថានេះ គឺជាជ័យជម្នះ»។
ការប្រកួតបាល់ទាត់មិត្តភាពនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអតីតនាយករដ្ឋមន្ត្រីថៃ បានចូលលេងរហូតដល់បញ្ចប់វគ្គទី២។ ក៏ប៉ុន្តែ ក្រុមកីឡាបាល់ទាត់ដូចជាមិនសូវហ៊ានចូលដណ្តើមបាល់ទេ នៅពេលដែលបាល់នៅជើងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឬលោក ស៊ុមច័យ វង្សសាវ៉ាត៕