ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសថៃចាប់ផ្ដើមប្ដូរឯកអគ្គរាជទូតគ្នាទៅវិញទៅមកនៅថ្ងៃនេះ បន្ទាប់ពីមានអរិយភាពនឹងគ្នាជាច្រើនខែរួចមក។ ក្រុមមន្ដ្រីនៃប្រទេសទាំងពីររំពឹងថា នេះគឺជាជំហានសម្រាប់ប្រក្រតីភាពផ្នែកការទូតនៃប្រទេសទាំងពីរឡើងវិញ។
ឯកអគ្គរាជទូតប្រទេសថៃ លោក ប្រាសាត ប្រាសាតវិនិតឆៃ (Prasart Prasartwinitchay) នឹងត្រូវមកដល់ប្រទេសកម្ពុជានៅយប់នេះ ស្របពេលដែលប្រទេសកម្ពុជានឹងបញ្ជូនឯកអគ្គរាជទូតរបស់ខ្លួនទៅកាន់ទីក្រុងបាងកកវិញនៅថ្ងៃពុធស្អែកនេះ នេះបើយោងតាមការឲ្យដឹងពីមន្រ្ដីផ្លូវការនៃប្រទេសទាំងពីរ។
ការផ្លាស់មន្ដ្រីទូតទៅវិញទៅមករវាងប្រទេសគូជម្លោះភូមិផងរបងជាមួយទាំងពីរនេះ ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់អតីតនាយករដ្ឋមន្ដ្រីថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត់ បានលាលែងពីមុខងារជាទីប្រឹក្សាផ្ទាល់របស់លោកហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងលាលែងពីទីប្រឹក្សារដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកផ្នែកសេដ្ឋកិច្ច។
លោកថានី ថងផាក់ឌី អគ្គនាយករងនៃនាយកដ្ឋានព័ត៌មានរបស់ក្រសួងការបរទេសថៃ បានឲ្យដឹងតាមទូរស័ព្ទពីប្រទេសថៃ នៅប៉ុន្មានម៉ោងមុននេះថា ឯកអគ្គរាជទូតថៃ បានចាកចេញពីប្រទេសថៃឆ្ពោះមកក្រុងភ្នំពេញហើយ។
«ឯកអគ្គរាជទូតថៃនឹងចេញដំណើរពីទីក្រុងបាងកក នៅម៉ោងប្រមាណ៦ល្ងាចនេះ។ យើងជឿថា វានឹងល្អសម្រាប់ពេលអនាគត ហើយយើងជឿថា មានការសហការគ្នាទៅវិញទៅមកល្អនូវទំនាក់ទំនងនៃភាគីទាំងពីរ»។
ប្រទេសកម្ពុជា និងប្រទេសថៃបានដកឯកអគ្គរាជទូតរៀងៗខ្លួនកាលពីខែវិច្ឆិកាឆ្នាំកន្លងទៅ បន្ទាប់ពីកម្ពុជាបានតែងតាំងលោកអតីតនាយករដ្ឋមន្ដ្រីថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលត្រូវផ្ដន្ទាទោសដោយតុលាការថៃពីបទរំលោភអំណាចឲ្យធ្វើជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ដ្រីខ្មែរហ៊ុន សែន និងជាទីប្រឹក្សារដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកផ្នែកសេដ្ឋកិច្ច។
ការតែងតាំងនោះបានធ្វើឲ្យល្អក់កករផ្នែកការទូត ហើយប្រទេសថៃបានចោទប្រទេសកម្ពុជាថា បានជ្រៀតជ្រែកកិច្ចការតុលាការខ្លួន។ រួចបន្ទាប់មកប្រទេសគូជម្លោះទាំងពីរបានបន្ទាបទំនាក់ទំនង ការទូតមកត្រឹមកម្រិតភារធារីវិញ។
លោកកុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានធ្វើអត្ថាធិប្បាយប្រកបដោយការប្រយ័ត្នប្រយែងនៅឡើយ ហើយលោកបញ្ជាក់ថា លោកស្រីយូ អយ ឯកអគ្គរាជទូតកម្ពុជានឹងធ្វើដំណើរទៅកាន់តួនាទីរបស់លោកស្រីនៅប្រទេសថៃវិញនៅថ្ងៃស្អែកនេះ។
«បើសិនជាល្ងាចនេះ ឯកអគ្គរាជទូតថៃត្រឡប់មកដល់កម្ពុជាពិតប្រាកដមែន កម្ពុជានឹងបញ្ជូនឯកអគ្គរាជទូតរបស់ខ្លួនត្រឡប់ទៅប្រទេសថៃវិញនៅព្រឹកស្អែក ហើយរឿងនេះជាសញ្ញាមួយអំពីការរីកចម្រើនផ្នែកទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ មានន័យថា ឲ្យទំនាក់ទំនងការទូតឲ្យវិលទៅរកភាពប្រក្រតីវិញ»។
ប្រទេសកម្ពុជា និងប្រទេសថៃកំពុងជាប់ផុងក្នុងជម្លោះព្រំប្រទល់ដែនដែលដោះមិនចេញ ចាប់តាំងពីខែកក្កដា ឆ្នាំ២០០៨មកម៉្លេះ។ ជម្លោះនេះបានក្លាយជាដុំភ្លើងដុតកំដៅទំនាក់ទំនងការទូតនៃប្រទេសទាំងពីរមួយផ្នែកផងដែរ។ ក៏ប៉ុន្ដែមេដឹកនាំនៃប្រទេសទាំងពីរហាក់ដូចជាបានបង្ហាញពីការប្ដេជ្ញាចិត្តសារជាថ្មីក្នុងរយៈពេលចុងក្រោយនេះក្នុងការដោះស្រាយជម្លោះទ្វេភាគី៕