ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​និង​ថៃ​នឹង​ដក​ទ័ព​ចេញ​ពី​ព្រំដែន​មាន​ជម្លោះ


លោក​ឧបនាយក​រដ្ឋមន្ត្រី​ ទៀ ​បាញ់ ​រដ្ឋ​មន្ត្រី​​ក្រសួង​​ការពារជាតិ​​​កម្ពុជា (កណ្តាល)​ និង​លោក​ហែម ហេង (ឆ្វេង) ឯកអគ្គរាជ​ទូត​ខ្មែរ​​ប្រចាំ​​នៅ​​សហរដ្ឋអាមេរិក។
លោក​ឧបនាយក​រដ្ឋមន្ត្រី​ ទៀ ​បាញ់ ​រដ្ឋ​មន្ត្រី​​ក្រសួង​​ការពារជាតិ​​​កម្ពុជា (កណ្តាល)​ និង​លោក​ហែម ហេង (ឆ្វេង) ឯកអគ្គរាជ​ទូត​ខ្មែរ​​ប្រចាំ​​នៅ​​សហរដ្ឋអាមេរិក។

កម្ពុជា ​និង​ថៃ​នៅ​ថ្ងៃ​ពុធ​នេះ ​បាន​ព្រមព្រៀង​គ្នា​ថា​នឹង​ដក​កងទ័ព​ចេញ​ពី​តំបន់​មាន​ជម្លោះ​នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ​ក្នុង​ពេល​ឆាប់ៗ​នេះ​បន្ទាប់​ពី​ជម្លោះ​ព្រំដែន​ដែល​បាន​អូស​បន្លាយ​ជាង​បី​ឆ្នាំ។

នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​៨​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ ​ដែល​ហៅ​កាត់​ថា​GBC ​ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ចំនួន​១២​ចំណុច​ដែល​នៅ​ក្នុង​នោះ​ក៏​បាន​ឯកភាព​ដាក់​អ្នក​សង្កតការណ៍​ចម្រុះ​ជាតិសាសន៍​ដែល​រួម​មាន​ឥណ្ឌូនេស៊ី កម្ពុជា ​និង​ថៃ ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ ទោះ​បី​ជា​កិច្ចប្រជុំ ​GBC ​បាន​ព្រមព្រៀង​គ្នា​យ៉ាងណា​ក៏​ដោយ ក៏​ថៃ​នៅ​តែ​ប្រកាន់​ជំហរថា ​ភាគី​ខ្លួន​នឹង​រងចាំ​ការ​យល់ព្រម​ពី​រដ្ឋសភា ​និង​រដ្ឋាភិបាល​ថៃ​ជា​មុន​សិន​មុន​នឹង​សម្រេច​កិច្ចព្រមព្រៀង​ណាមួយ​រវាង​រដ្ឋមន្ត្រី​ការពារជាតិ​នៃ​ប្រទេស​ទាំង​ពីរ។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ ទៀ ​បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា​ បាន​បញ្ជាក់​ប្រាប់​នៅ​ក្នុង​អង្គសិន្និសីទ​ព័ត៌មាន​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា ​ប្រទេស​ទាំង​ពីរ​មិន​ទាន់​បាន​កំណត់​ថា​តើ​នឹង​យក​ពេល​វេលា​សមស្រប​ជាក់លាក់​ណា​មួយ ​ដើម្បី​ធ្វើ​ការ​កែសម្រួល​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ទេ​ ក៏ប៉ុន្តែ​នឹង​ធ្វើ​ឡើង​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។

«ពាក្យ​ថា​ការ​សម្រួល​បុគ្គលិក​យោធា​ទាំង​ស្រុង នឹង​ស្រប​ពេល​ជាមួយ​គ្នា​នឹង​ទីតាំង​ដែល​គ្មាន​ទ័ព​បណ្តោះអាសន្ន​នោះ​ហើយ​គឺ​ជា​ការ​កែសម្រួល​កម្លាំងទ័ព​ហើយ។ សូម​បញ្ជាក់​ថា ការ​ដកទ័ព ដក​អី​ហ្នឹង​គឺ​វា​ឋិត​នៅ​ក្នុង​ចំណុច​ដែល​ខ្ញុំ​បាន​ជម្រាប​ជូន​អម្បាញ​មិញ​ហើយ»។

កិច្ចប្រជុំ GBC ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ក្នុង​សណ្ឋាគារ​មួយ​នៃ​ទីក្រុង​ភ្នំពេញ ​រយៈពេល​មួយ​ថ្ងៃ ​ហើយ​ដែល​ជា​កិច្ចប្រជុំ​លើក​ដំបូង​បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​ យីងឡាក់ ​ស៊ីនណាវ៉ាត់ត្រា ​បាន​ជាប់​ឆ្នោត​ជា​នាយក​រដ្ឋមន្ត្រី​ថៃ។

លោក ​យុទ្ធសិក្កិ ​សាស៊ីប្រាផា ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ថៃ ​បាន​ហៅ​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ​ថា​ប្រកប​ដោយ​វិជ្ជមាន​ក៏​ប៉ុន្តែ​ថៃ​រងចាំ​ការ​អនុម័ត​ពី​រដ្ឋសភា ​និង​រដ្ឋាភិបាល​របស់​ខ្លួន​សិន។ លោក​បាន​និយាយ​តាម​រយៈអ្នក​បកប្រែ​ភាសា​ថា៖

«ដូច្នេះ​យើង​ត្រូវ​មាន​ការ​ចាប់​លំដាប់​នៃ​អ្នក​សង្កេតការណ៍​នៅ​ក្នុង​ការ​កែតម្រូវ​ កែសម្រួល​កងទ័ព​កម្លាំង។ យើង​ត្រូវ​អនុវត្ត​តាម​ច្បាប់​នៃ​ប្រទេស​ថៃ ​ព្រោះ​យើង​មាន​កិច្ច​ព្រមព្រៀង​ហើយ។ ចូល​ដល់​គណៈរដ្ឋមន្ត្រី​ និង​សភា ​ហើយ​មាន​ការ​ឯកភាព​អនុម័ត។ ​ដូច្នេះ​ច្បាប់​នេះ ​សម្រេច​ពេលណា​ដែល​ភាគី​ទាំង​ពីរ​ គណៈកម្មាធិការ​ទាំង​ពីរ​ឯកភាព ​មាន​ការ​ជម្រាប​ដល់​ការអនុម័ត​ នៅ​ក្នុង​ខែ​ខាង​មុខ​ត​ទៅ»។

កម្ពុជា ​និង​ថៃ​បាន​បន្ត​ដាក់​កងទ័ព​របស់​ខ្លួន​នៅ​តាម​បណ្តោយ​ក្រវ៉ាត់​ព្រំដែន​ជាង​៨០០​គីឡូម៉ែត កាល​ពី​ឆ្នាំ​២០០៨ រហូត​ដល់​ភាគី​ទាំង​ពីរ​បាន​ធ្វើ​ការ​វាយប្រយុទ្ធ​គ្នា​ដោយ​ប្រដាប់​អាវុធ​អស់​រយៈពេល​ជា​ច្រើន​លើក ​ដែល​បណ្តាល​ឲ្យ​កងទ័ព​ទាំង​សង​ខាង​ស្លាប់ ​និង​រង​របួស។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​គ្នា​នៃ​កិច្ចប្រជុំ​GBC​នេះ កម្ពុជា​ និង​ថៃ​បាន​បញ្ជាក់​ជំហរ​សាជា​ថ្មី​ថា ​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ល្អ​ និង​កិច្ច​សហប្រត្តិការណ៍​នៃ​ប្រទេស​ទាំង​ពីរ​ឡើយ៕

XS
SM
MD
LG