ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​រង​គ្រោះ​​ដោយ​ការ​បាញ់​ប្រហារ​នៅក្រុង​បាវិត​កំពុង​រស់ក្នុង​ភាព​ភ័យខ្លាច


ជន​រង​គ្រោះ​ដោយ​ការ​បាញ់​ប្រហារ​កាល​ពី​ខែ​មុន​ នៅ​ក្រុង​បាវិត​
ជន​រង​គ្រោះ​ដោយ​ការ​បាញ់​ប្រហារ​កាល​ពី​ខែ​មុន​ នៅ​ក្រុង​បាវិត​

អស់​រយៈពេល​១ខែ​មក​ហើយ ​ជន​សង្ស័យ​ក្នុង​ករណី​បាញ់​ប្រហារ​ទៅ​លើ​កម្មការនី​រោង​ចក្រ​នៅ​ក្រុង​បាវិត ​ខេត្ត​ស្វាយ​រៀង ​នៅ​ដើរ​ហើរ​យ៉ាង​មាន​សេរីភាព​នៅ​ឡើយ។​ ការណ៍​នេះ​បាន​ញ៉ាំង​ឲ្យ​ជន​រងគ្រោះ​និង​ក្រុម​គ្រួសារ​ព្រួយ​បារម្ភ​ចំពោះ​សុវត្ថិភាព​របស់​ពួកគេ។

ជន​រង​គ្រោះ​ដោយ​ការ​បាញ់​ប្រហារ​កាល​ពី​ខែ​មុន​ នៅ​ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង​នេះ ​ព្រួយ​បារម្ភ​ចំពោះ​សុវត្ថិភាព​របស់ខ្លួន​ ក្រោយ​ពី​ដឹង​ថា ​ជន​សង្ស័យ​នៅ​មាន​សេរីភាព​ដើរ​ហើរ​ដោយ​សេរី​នៅ​ឡើយ។

ប៊ុន​ ចិន្តា​គឺ​ជា​កម្មការនី​រោង​ចក្រ​ម្នាក់​ក្នុង​ចំណោម​កម្មការនី​បី​នាក់​ដែល​បាន​រងគ្រោះនៅក្នុង​ហេតុ​ការណ៍​បាញ់​ប្រហារកាល​ពី​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ​នោះ។ ​នាង​រង​របួស​ធ្ងន់ធ្ងរ​ជាង​គេ​ដោយ​គ្រាប់​កាំ​ភ្លើង​បាន​ទម្លុះ​ទ្រូង​ខាង​ឆ្វេង​របស់​នាង។

«ខ្លាច​ដូច​ថា គេ​អ្នក​ធំ​អញ្ចឹង។ គេ​គ្រាន់​តែ​ប្រាប់​កូនចៅ​គេ​ទៅ គេ​អាច​ធ្វើ​អី​ក៏​បាន​ដែរ។ ម្យ៉ាង​យើង​នៅ​តាម​ជន​បទ​អញ្ចឹង ខ្ញុំ​ចេះ​តែ​ខ្លាច​ដែរ»។

ជន​សង្ស័យ​នៃ​ការ​បាញ់​ប្រហារ​មក​លើ​ក្រុម​កម្មករ​ដែល​បាន​ធ្វើការ​តវ៉ា​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​នៅ​ខាង​មុខ​រោង​ចក្រ​នេះត្រូវ​បាន​គេ​ស្គាល់​ជា​សាធារណៈ​ថា​ជា​អតីត​អភិបាល​ក្រុង​បាវិត ឈ្មោះ​ឈូក បណ្ឌិត។

លោក ឈូក បណ្ឌិត ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ប្តូរ​តួនាទី​ឲ្យ​ទៅកាន់​មុខ​ដំណែង​ថ្មី​មួយ​ដែល​គេ​មិន​បញ្ជាក់នៅក្នុង​សាលា​ខេត្ត​ស្វាយ​រៀង​វិញ​ បន្ទាប់​ពី​មាន​ហេតុ​ការ​បាញ់​ប្រហារ​នោះ​ ប៉ុន្តែ​ជន​សង្ស័យ​រូបនេះ​មិន​ត្រូវ​បាន​ចាប់ឬ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ឡើយ​ទេ។

សំ ស៊ីណា គឺ​ជា​បង​ស្រី​របស់​ចិន្តា។

«រាល់​ថ្ងៃ​រស់នៅ​ក្នុង​ការ​ភ័យ​ខ្លាច​ ព្រោះ​ជន​ដៃដល់​មាន​រឿង​អញ្ចឹង ​គេ​មិន​ចាប់​មិន​ចង​ទៀត។​ យើង​ខ្លាច​ថ្ងៃ​ក្រោយ​ គេ​មក​ប៉ង​ធ្វើ​អាឃាត​លើ​ក្រុម​គ្រួសារ​យើង។​ បើសិន​ជា​ចាប់​ចងអី​ទៅ​ ក្រែង​អាច​ទប់​ស្កាត់​បាន​ខ្លះ។​ បើ​មិន​ចាប់​ទេ​ គេ​បម្រុង​ធ្វើ​អី​ថ្ងៃ​ណា ក៏​អាច​ថា​បាន​ដែរ»។

ដូច​ក្រុម​គ្រួសារ​របស់​ប៊ុន ​ចិន្តា​ដែរ​ ក្រុម​គ្រួសារ​របស់​ជន​រងគ្រោះ​ម្នាក់​ទៀត​នៅក្នុង​ភូមិ​ព្រៃ​ផ្តៅ​នេះ ​ក៏​បារម្ភ​ចំពោះ​សុវត្ថិភាព​របស់​ពួកគេ​ដែរ ​នៅ​ពេល​ដឹង​ថា ​ជន​សង្ស័យ​រូបនោះ​ស្ថិត​នៅ​ក្រៅ​ឃុំ​នៅ​ឡើយ​នោះ។

កែវ នា ​គឺ​ជា​ជន​រងគ្រោះ​ម្នាក់​ដែរ​នៅក្នុង​ហេតុការ​បាញ់​ប្រហារ​នោះ។

«គាត់​ហ៊ាន​បាញ់​យើ់ង​ប៉ុណ្ណឹង​ហើយ​ គាត់​ក៏​ហ៊ាន​ឲ្យ​មនុស្ស​មក​ធ្វើ​អី​យើង​ក៏​បាន​ដែរ»។

អាជ្ញាធរ​មូលដ្ឋាន​អះអាង​ថា ជា​ជាង​ចាត់​ការ​ទៅ​តាម​ពាក្យ​បណ្តឹង​របស់​ជនរងគ្រោះ ​កន្លង​មក​មន្រ្តី​ថ្នាក់​លើ​បាន​បង្គាប់​ឲ្យ​មាន​ការ​ចរចា​ជាមួយ​គ្រួសារ​ជនរងគ្រោះ​ ដោយ​សន្យា​ផ្តល់​ថវិកា​ឬ​សម្ភារៈ​ជាថ្នូរ​នឹង​ការ​មិន​ប្តឹង​ជន​សង្ស័យ​រូប​នោះ​ទៅវិញ។

លោក​សុខ ស៊ា ​គឺ​ជា​អនុ​ប្រធានភូមិ​ព្រៃផ្តៅ។

«អានេះ​ ក្រោម​បញ្ជា​ថ្នាក់​លើ​ដែរ។​ ថ្នាក់​ក្រុង ថ្នាក់​ឃុំ យើង​អនុ​ភូមិ​ ឬ​មេ​ភូមិ​ក្រោម​បញ្ជា ​គឺ​ត្រូវ​តែ​ទៅ​ហើយ​ ប៉ុន្តែ​ត្រង់​ជនរងគ្រោះ​គេ​ព្រម​ឬ​មិន​ព្រម ​ក៏​មិន​អាច​បង្ខិត​បង្ខំ​គាត់​ទេ»។

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​នៅ​ទី​នេះ​និយាយ​ថា ​តុលាការ​ខេត្ត​ស្វាយ​រៀង​ហាក់​មិន​ចង់​ឃុំ​ខ្លួន​ជន​សង្ស័យ​បណ្តោះ​អាសន្ន​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ឲ្យ​បាន​ពេញលេញ​ទៅលើ​ករណី​នេះ​ទេ។

លោក​នុត បូពណ្ណារ័ត្ន ​គឺ​ជា​អ្នក​សម្រប​សម្រួល​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​នេះ។

«យើង​សំឡឹម​មើល​ទៅ​ព្រះរាជ​អាជ្ញា​ហាក់​គ្មាន​ឆន្ទៈ​ឃុំ​អ្នក​ហ្នឹង​សោះ។ ​អ្វី​ដែល​គាត់​ជម្រាប​យើង​ហាក់​ដូចជា​គាត់​កំពុង​តែ​ស្វែង​រក​ស្ថាន​សម្រាល​ណា​មួយ​ដើម្បី​ឲ្យ​បទ​ល្មើស​ហ្នឹង​ទៅ​ជា​បទ​ល្មើស​ស្រាល។​ យើង​ជឿ​ជាក់​តាម​សម្តី​របស់​លោក​គឺ​លោក​មិន​ឃុំ​ដាច់​ខាត។​ គាត់​បាន​បង្ហាញ​ហើយ​ថា​ បើ​ធ្លាក់​ដល់​ដៃ​ចៅក្រម​ណា​ចង់​ឃុំ​ ក៏​ឃុំ​ទៅ​ជា​រឿង​របស់​ចៅក្រម»។

ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្ត​នេះ​គឺ​លោក​ហ៊ឹង ប៊ុនជា​ ដែល​កាន់​រឿង​ក្តី​នេះ ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ណាមួយ​ទេ​ជុំវិញ​ករណី​នេះ​ទេ។

យ៉ាង​ណា​ក៏​ដោយ​ ក្រុម​គ្រួសារ​ជន​រងគ្រោះ​និង​មន្ត្រី​សិទ្ធិ​មនុស្សទទូច​ឲ្យ​តុលាការ​ចាត់​ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​ការ​ពារ​សុវត្ថិភាព​ជន​រងគ្រោះ​ផង​ និង​ដើម្បី​ស្វែង​រក​យុត្តិធម៌​ដល់​ពួកគេ​ផង៕

XS
SM
MD
LG