តុលាការខេត្តស្វាយរៀងបានកោះហៅជនរងគ្រោះចំនួនបីរូបឲ្យចូលមកបំភ្លឺនៅក្នុងតុលាការនៅថ្ងៃទី១៨ ខាងមុខនេះពាក់ព័ន្ធនឹងរឿងក្តីក្តាំមួយជាមួយនឹងលោកឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត។
លោកឈូក បណ្ឌិត គឺជាជនសង្ស័យមួយរូបដែលជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់កាំភ្លើងខ្លីរបស់លោកបាញ់ប្រហារទៅលើក្រុមកម្មករកាលពីថ្ងៃទី២០ ខែកុម្ភៈ ដែលបណ្តាលឲ្យកម្មករចំនួនបីរូបបានទទួលរងរបួស។
ជនរងគ្រោះទាំងបីរូបឈ្មោះ ប៊ុន ចិន្តា កញ្ញានុត សាខន និងអ្នកស្រី កែ ណា បានរងរបួសនៅក្នុងខណៈដែលពួកគេបានចូលរួមតវ៉ាជាមួយនឹងក្រុមកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តស្វាយរៀងកាលពីថ្ងៃទី២០ ខែកុម្ភៈ។
តុលាការខេត្តស្វាយរៀងបានចោទប្រកាន់លោកឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតដែលជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារនេះពីបទបង្ករបួសស្នាមដោយអចេតនា ហើយលោកកំពុងតែរស់នៅយ៉ាងមានសេរីភាព បន្ទាប់ពីបានបានបាញ់ប្រហារមកលើកម្មករបីនាក់ឲ្យរងរបួសរួចមក។
លោក ហ៊ីង ប៊ុនជា ព្រះរាជអាជ្ញារងបានមានប្រសាសន៍ថាកម្មកររងរបួសទាំងបីនាក់ត្រូវបានលោកប៉ិច ឈឿន ចៅក្រមស៊ើបសួរបានកោះអញ្ជើញឲ្យចូលមកបំភ្លឺនៅក្នុងតុលាការនៅថ្ងៃសុក្រខាងមុន។
«ហៅចូលមកបំភ្លឺ។ ខាងចៅក្រមគេជាអ្នកចាត់ការ»។
លោកប៉ិច ឈឿន ចៅក្រមស៊ើបសួរ និងជាប្រធានតុលាការខេត្តស្វាយរៀងមិនអាចស្នើសុំដើម្បីបំភ្លឺបានទេនៅថ្ងៃចន្ទនេះ នៅពេលដែលទាក់ទងសួរលោកតាមទូរសព្ទ ត្រូវបានភរិយារបស់លោកនិយាយថាស្វាមីរបស់លោកស្រីបានភ្លេចទូរសព្ទនៅផ្ទះ។
លោក ជិន លីដា មេធាវីការពារជនរងគ្រោះទាំងបីនាក់បាននិយាយថា លោកបានទទួលដីកាកោះអញ្ជើញរបស់តុលាការរួចហើយៗកូនក្តីរបស់លោកនឹងត្រៀមខ្លួនចូលបំភ្លឺតាមការកំណត់។
«គេហៅទៅសួរហ្នឹង គេសួរទៅលើរឿងព្រះរាជអាជ្ញាចោទទៅលើជនសង្ស័យ។ ជារឿងបង្ករបួសស្នាមដោយអចេតនា។ អញ្ចឹងចៅក្រមស៊ើបសួរ គេហៅទៅសួរពីរឿងហ្នឹង»។
លោក មឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានមានប្រសាសន៍ថា លោកឈូក បណ្ឌិត ដែលជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារនេះមិនទាន់ត្រូវបានឃាត់ខ្លួនទេ។ លោកបានមានប្រសាសន៍ថា ការខកខាននៃការចាប់ខ្លួនជនសង្ស័យ អាចបង្កឲ្យមានការភ័យខ្លាចដល់ជនរងគ្រោះ។
«ជនសង្ស័យហ្នឹងនៅមានសេរីភាពនៅឡើយ ហើយពួកខ្ញុំបានជួបជាមួយនឹងជនរងគ្រោះ ក៏ដូចជាសាក្សីមួយចំនួនកាលពីសប្តាហ៍មុននេះ។ យើងឃើញថា ពួកគាត់មានការព្រួយបារម្ភពីសុវត្ថិភាពរបស់គាត់ដោយសារតែជនសង្ស័យហ្នឹង អ្នកដែលមានអំណាចមួយនៅក្នុងតំបន់ហ្នឹង ហើយគាត់បារម្ភខ្លាចពីសុវត្ថិភាពរបស់គាត់»។
កាលពីថ្ងៃទី២០ ខែកុម្ភៈ នៅក្នុងខណៈពេលដែលមានកម្មករច្រើនរាប់ពាន់នាក់បានធ្វើបាតុកម្មតវ៉ានៅតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តស្វាយរៀងដើម្បីទាមទារលក្ខខណ្ឌការងារ។ យ៉ាងតិចមានកម្មករបីនាក់បានទទួលរងរបួសភ្លាមៗកាលពីពេលនោះ។
លោកឈូក បណ្ឌិត ត្រូវបានលោកឧនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចោទប្រកាន់ថា ជាជនសង្ស័យដែលជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារនេះ។ ក៏ន្តែលោកមិនត្រូវបានចាប់ខ្លួនទេរហូតមកដល់ពេលនេះ៕