ភ្នំពេញ៖ លោកហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានបញ្ជាក់នៅថ្ងៃពុធនេះថា ប្រទេសកម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះសមាជិកថ្មីរបស់អាស៊ានគឺប្រទេសទីម័រខាងកើត ឬ Timor-Leste។
លោកហោ ណាំហុងបានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅក្នុងទីក្រុងភ្នំពេញ បន្ទាប់ពីជំនួបជា មួយសមភាគីរបស់លោក គឺលោកស្រី ម៉ាអៀ អែនជេឡា ហូលហ្គីន (Maia Angela Holguin) រដ្ឋមន្រ្តីក្រសួងការបរទេសប្រទេសកូឡំប៊ី។
«ប្រទេស Timor-Leste នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាស្វ័យប្រវត្តិ កម្ពុជាត្រូវតែគាំទ្រ Timor-Leste»។
កាលពីពេលថ្មីៗនេះ ប្រធានាធិបតីប្រទេសទីម័រខាងកើត លោកJoce Ramos Horta បានជំរុញចង់ ចូលជាសមាជិកទី១១ របស់សមាគមអាស៊ាននៅឆ្នាំក្រោយនេះ។
លោកហោ ណាំហុងមានប្រសាសន៍ថា បណ្តាប្រទេសអាស៊ាន និងជជែកពិភាក្សាគ្នាអំពីសមាជិកភាពរបស់ប្រទេសទីម័រខាងកើតនៅពេលខាងមុខ។ហើយលោកបន្ថែមថាការចូលជាសមាជិកថ្មីនេះ ត្រូវតែ បម្រើឲ្យផលប្រយោជន៍នៃសមាគមអាស៊ានទាំងមូលនិង បំរើឲ្យផលប្រយោជន៍របស់ប្រទេសទីម័រខាងកើតផងដែរ។
ប្រទេសទីម័រខាងកើតធ្លាប់ស្ថិតនៅក្រោមអណានិគមនិយមរបស់ប្រទេសប៉ទុយហ្គាល់(Portugal) មុនក្លាយទៅជាខេត្តទី២៧របស់ប្រទេសឥណ្ឌូណេស៊ី។ ហើយនៅខែឧសភា ឆ្នាំ២០០២ ប្រទេសនេះបានក្លាយទៅជាប្រទេសអធិបតេយ្យ ដោយឯករាជ្យពីប្រទេសឥណ្ឌូនេស៊ី។ ប្រទេសទីម័រខាងកើតមានប្រជាជនប្រមាណជា១.០០០.០០០នាក់។
កាលពីថ្ងៃអាទិត្យ ប្រទេសឥណ្ឌូនេស៊ីបានបង្ហាញជំហរគាំទ្រជាចំហចំពោះសមាជិកភាពរបស់ ប្រទេសទីម័រខាងកើតនេះ។
ក៏ប៉ុន្តែ ទោះជាយ៉ាងណា នៅមិនទាន់មានសំណើជាផ្លូវការពីប្រទេសទីម័រខាងកើតសុំចូលជាសមាជិកទី១១របស់សមាគមអាស៊ាននៅឡើយទេ។
សព្វថ្ងៃ សមាគមអាស៊ានមានសមាជិកចំនួន១០ប្រទេស គឺប្រទេសកម្ពុជា វៀតណាម លាវ ប្រទេស ឥណ្ឌូនេស៊ី ហ្វីលីពីន ប្រទេសថៃ សឹង្ហបូរី ភូមា ម៉ាឡេស៊ី និងប្រទេសប្រ៊ុយណេ។
ប្រជាជនសរុបរបស់សមាគមអាស៊ានមានចំនួនជិត៦០០លាននាក់៕
ប្រទេសទីម័រខាងកើត បានក្លាយទៅជាប្រទេសអធិបតេយ្យ ដោយទទួលឯករាជ្យពីប្រទេសឥណ្ឌូនេស៊ីនៅខែឧសភាឆ្នាំ២០០២៕