ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​ប្រឆាំង​ស្វាគមន៍​ការវិវត្តន៍​នយោបាយ​នៅ​ភូមា​តែ​ថា​កម្ពុជា​ដើរ​ថយ​ក្រោយ


ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ លោក​ កឹម សុខា​
ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ លោក​ កឹម សុខា​

ចូលរួម​ការស្វាគមន៍​ការផ្លាស់ប្តូរ​នយោបាយ​ដោយ​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ក្នុង​ប្រទេស​ភូមា​ក្រុម​មេដឹកនាំ​គណបក្ស​ជំទាស់​ក្នុង​ប្រទេស​កម្ពុជា​និយាយ​ថា​កម្ពុជា​ត្រូវការ​ការផ្លាស់ប្តូរ​មួយ​ដោយ​គ្មាន​ការបះបោរ​និង​ការរួប​រួម​គ្នា​របស់​ក្រុម​មេដឹកនាំ​នយោបាយ​កម្ពុជា​ដើម្បី​បម្រើ​ពលរដ្ឋ។

ជ័យលាភី​ពានរង្វាន់​ណូបែល​សន្តិភាព​ដែល​ត្រូវ​មេដឹកនាំ​យោធា​ភូមា​ចាប់​ដាក់​គុក​ក្នុង​ផ្ទះ​អស់​ជិត​២០​ឆ្នាំ​គឺ​លោកស្រី​អង់សាន ស៊ូជី​ និង​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ NLD ​របស់​លោកស្រី​បាន​ឈ្នះ​អាសនៈ​ចំនួន​ ៤៣ ​ក្នុង​ចំណោម​៤៤​អាសនៈ​ដែល​ត្រូវ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​បំពេញ​បន្ថែម​ជ្រើសរើស​សមាជិក​សភា​កាលពី​ថ្ងៃ​អាទិត្យ។​

ក្រុម​មេដឹកនាំ​បក្ស​ជំទាស់​ក្នុង​ប្រទេស​កម្ពុជា​ចាត់ទុក​ថា​ដំណើរការ​កែទម្រង់​របប​នយោបាយ​ក្នុង​ប្រទេស​ភូមា​ជា​លើក​ដំបូង​គឺ​កើតឡើង​ដោយសារ​សម្ពាធ​សហគមន៍​អន្តរជាតិ​និង​ឆន្ទៈ​អ្នកដឹកនាំ​នយោបាយ​របស់​គេ​ផង​ដែរ។

លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​បាន​អះអាង​ថា​ចរន្ត​ក្នុង​ប្រទេស​កម្ពុជា​ផ្តល់​ជម្រើស​ពីរ​ដល់​មេដឹកនាំ​កម្ពុជា​បច្ចុប្បន្ន​គឺ​ត្រូវ​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​និង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ខាងមុខ​ដោយ​សេរី​និង​យុត្តិធម៌​ត្រឹម​ត្រូវ​ឬ​មួយ​ប្រឈមមុខ​នឹង​ការបះបោរ។

«ខ្ញុំ​ជឿ​ថា​ប្រសិន​ជា​គណបក្ស​កាន់​អំណាច​គាត់​នៅតែ​រឹងរូស​ ការបោះឆ្នោត​មិន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​យុត្តិធម៌​ត្រឹមត្រូវ​ចរន្ត​ប្រជា​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​នឹង​ងាក​ទៅរក​ការ​បះបោរ​ដើម្បី​ផ្លាស់​ប្តូរ»។

លោក​ កឹម សុខា​អះអាង​ថា​ប្រទេស​ភូមា​មាន​ការ​កែ​ទម្រង់​ទៅ​តាម​សហគមន៍​អន្តរជាតិ​ជាពិសេស​សរអា​ដែល​ចង់​ឃើញ​ប្រទេស​ភូមា​ដែល​នៅ​ជាប់​ប្រទេស​ចិន​កុម្មុយនិស្ត​ដើរ​ទៅរក​លទ្ធិ​ប្រជាធិបតេយ្យ។

«យើង​ឃើញ​ថា​ចរន្ត​ដែល​តឹងរ៉ឹង​ដោយ​ពួក​មេ​ដឹកនាំ​យោធា​ភូមា​ហ្នឹង​ចាប់ផ្តើម​ទទួល​សម្ភាធ​ពី​សហគមន៍​អន្តរជាតិ​ហើយ​ក៏​បាន​ធ្វើការ​រៀបចំ​ការ​បោះឆ្នោត​មួយ​ដែល​ឆ្លុះបញ្ចាំង​ឆន្ទៈ​ប្រជា​ពលរដ្ឋ។ អញ្ចឹង​បាន​អ្នកស្រី​អង់សាន ស៊ូជី ​ជាប់​ហ្នឹង។​ ដូច្នេះ​ហើយ​នៅ​កម្ពុជា​យើង​គណបក្ស​កាន់​អំណាច​ក៏​ត្រូវ​ឆ្លុះ​បញ្ចាំង​ឲ្យ​សហគមន៍​អន្តរជាតិ​ឃើញ​ថា​ការបោះឆ្នោត​(ខាងមុខ)​មាន​លក្ខណៈ​ត្រឹមត្រូវ​យុត្តិធម៌​ដែរ»។

លោក​ ស៊ូរិន ​ពិតសុវណ្ណ​ អគ្គ​លេខាធិការ​សមាគម​អាស៊ាន​បាន​អះអាង​ប្រាប់​ក្រុមអ្នកយក​ព័ត៌មាន​កាលពី​ថ្ងៃច័ន្ទ​ថា​ការបោះឆ្នោត​ក្នុង​ប្រទេស​ភូមា​ជា​ការអនុវត្ត​តាម​ប្រជា​ធិបតេយ្យ​ ដោយ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​មាន​របៀប​របប​និង​មាន​ការ​ចូលរួម​ច្រើន​ពី​ក្រុម​អ្នក​បោះឆ្នោត។

«ជា​ថ្មី​ទៀត​ សង្ឃឹម​ថា​បញ្ហា​នេះ​នឹង​ផ្តល់​យ៉ាង​សំខាន់​ចំពោះ​ការផ្សះ​ផ្សារ​ជាតិ​និង សមាហរណកម្ម​ប្រទេស​ភូមា​ទៅក្នុង​សហគមន៍​អន្តរជាតិ»។

លោកស្រី​ អង់សាន ស៊ូជី​ធ្លាប់​ឈ្នះឆ្នោត​ម្តង​កាល​ពី​ឆ្នាំ១៩៩០​តែ​ពុំ​ត្រូវ​មេដឹកនាំ​យោធា​ភូមា​ផ្តល់​អំណាច​ឲ្យ​ទេ។ ​លោកស្រី​ត្រូវគេ​ចាប់ឃុំ​ក្នុង​ផ្ទះ​ហើយ​ដោះលែង​វិញ​និង​ត្រូវ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​ទៀត​រហូត​មក​ទល់​ប៉ុន្មាន​ខែ​ថ្មី​នេះ។ ហើយ​ជ័យ​ជំនះ​កើត​ចេញ​ពី​ការបោះឆ្នោតបំពេញ​បន្ថែម​ចុង​ក្រោយ​ដែល​គណបក្ស​លោកស្រី​ទទួល​បាន​ចំនួន​៤៣​អាសនៈ​ទល់​នឹង​៦៦៤​អាសនៈ​សរុប​នោះ​ត្រូវ​គេ​អះអាង​ថា​គ្មាន​សំឡេង​គ្រប់គ្រាន់​ក្នុង​ការកែប្រែ​គោល​នយោបាយ​ដឹកនាំ​ប្រទេស​បាន​ទេ។

ទោះជា​យ៉ាងណា​ក៏​ដោយ​លោក​ សុន ឆៃ​អ្នកតំណាង​រាស្ត្រ​ម្នាក់​នៃ​គណបក្ស ​សម រង្ស៉ី​បាន​ថ្លែង​ថា​ការបោះឆ្នោត​ដែល​អាច​ទទួល​យក​បាន​ក្នុង​ប្រទេស​ភូមា​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​នយោបាយ​ក្នុង​រយៈពេល​រាប់​សិប​ឆ្នាំ​របស់​ភូមា​ហើយ​ទទួល​បាន​ការ​អបអរសារទរ​ពី​សហគមន៍​អន្តរជាតិ។

«ហេតុការណ៍​ដែល​កើត​នេះ​គឺ​បាន​បង្ហាញ​ពី​ឆន្ទៈ​អ្នកដឹកនាំ​ អ្នកនយោបាយ​សំខាន់ ​ជា​ពិសេស​អ្នកដឹកនាំ​ប្រទេស​ភូមា​ដែល​មាន​ឆន្ទៈ​ចង់រៀបចំ​ប្រទេស​ខ្លួន​ឲ្យ ​ស្រប​ទៅ​តាម​បែប​ផែន​នៃ​លទ្ធិ​ប្រជាធិបតេយ្យ។​ ហើយ​ការងារ​ដែល​អាច​កើត ​មាន​មក​ដល់​ពេល​នេះ​គឺ​ដោយសារ​តែ​មាន​ការ​ជំរុញ​ពី​អន្តរជាតិ​និង​អ្នកដឹកនាំ​ របស់​ប្រទេស​នេះ​បាន​ជជែក​គ្នា​ដើម្បី​រក​ផ្លូវ​ដោះស្រាយ​ក្នុង​ការគិតគូ​ពី​ប្រទេស ​ជាតិ​ខ្លួន»។

លោក ​សុន ឆៃ​បាន​អះអាង​ថា​អ្នកនយោបាយ​នៅ​កម្ពុជា​មាន​ការ​កម្ចេច​គ្នា​ជា ​ជាង​ការ​គិតគូរ​ពី​អនាគត​ការបម្រើ​សេវាកម្ម​ដល់​ជាតិ ​និង​ភាពរុងរឿង​របស់​ប្រទេស​នោះ​ទេ។

«ជា​ជំងឺ​ដែល​មាន​រ៉ាំរ៉ៃ​នៅក្នុង​ចំណោម​ជួរ​អ្នកដឹកនាំ​របស់​ខ្មែរ​យើង​ដែល​ហាក់​ដូច ​ជា​មិន​បាន​រៀន​សូត្រ​អំពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន។ ​ពេល​កាន់​អំណាច​គឺ​ (អ្នកដឹកនាំ)​គិតតែ​ពីការខំ​ប្រមូល​អំណាច​មក​កាន់កាប់​ដោយ​ផ្ទាល់​ហើយ​ភ្លេច​គិត​អំពី​តួនាទី​របស់​ខ្លួន​ចំពោះ​ជាតិ​និង​ចំពោះ​ប្រជា​ពលរដ្ឋ​ហ្នឹង។​ ហើយ​គិតតែ​ពី​កម្ចេច​គ្នា​ដើម្បី​អំណាច​របស់​ខ្លួន​នោះ»។

លោក​សុន ឆៃ​ថ្លែង​យោង​ទៅលើ​ការ​ដែល​មេដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក សម រង្ស៉ី​ ត្រូវ​រារាំង​មិន​ឲ្យ​វិល​មក​កាន់​ប្រទេស​កម្ពុជា​ដោយសា​អ្វីមួយ​ដែល​ មន្ត្រី​គណបក្ស​ជំទាស់​ចាត់​ទុក​ថា​ជាការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដាក់ទោស​លោក​សម រង្ស៉ី​ជាង១០ឆ្នាំ​ដោយសារ​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​ វៀតណាម​ក្នុង​ខេត្ត​ស្វាយរៀង​កាលពី​ចុង​ឆ្នាំ​២០០៩។​ ហើយ​គណបក្ស​គ្រប់គ្រង ​ប្រទេស​កាន់អំណាច​តែ​ម្នាក់​ឯង​ឈាន​ទៅ​រក​ភាពផ្តាច់ការ។

«នេះ​ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​ខ្មាស់​អៀន​ហើយ​ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​ព្រួយ ​បារម្ភ។​ ដូច​ខ្ញុំ​បញ្ជាក់​ខាង​ដើម​ នៅ​ក្នុង​ពេល​ដែល​ប្រទេស​ភូមា​ធ្លាប់​ត្រូវ​បាន​ចោទ ​ប្រកាន់​ថា​ជា​ប្រទេស​មួយ​ដែល​ទទួល​រង​នូវ​ការ​ជិះជាន់​ពី​ក្រុម​កាន់​អំណាច ​យោធា​ឥឡូវ​គេ​ហាក់​ដូចជា​ទទួល​អបអរ​សាទរ​ហើយ​មាន​ការគិត​អំពី​ការជួយ​អភិវឌ្ឍ​ប្រទេស​នេះ​និង​ការ​ធ្វើវិនិយោគ​ទុន​នៅក្នុង​ប្រទេស។ តែ​យើង​នេះ ​(កម្ពុជា)​ហាក់​ដូច​ជា​ដើរ​ថយក្រោយ​ មានការគ្រប់គ្រង​ប្រទេស​ប្រមូល​អំណាច ​ទៅក្នុង​កណ្តាប់​ដៃ​អ្នកដឹកនាំ»។

គណបក្ស​កាន់​អំណាច​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​កាន់​អំណាច​ជាង​៣០ឆ្នាំ​ហើយ​ដែល​ក្រុម​មន្ត្រី​គណបក្ស​ជំទាស់​បាន ​ចាត់ទុក​ថា​បាន​ធ្វើ​ឲ្យ​ប្រជាធិតេយ្យ​ដើរ​ថយ​ក្រោយ​ រំលោភ​សិទ្ធិ​មនុស្ស​ ភាពទន់ជ្រាយ​នៃ​នីតិរដ្ឋ​ ការធ្វើទុក្ខ​បុកម្នេញ​នយោបាយ​លើ​ក្រុម​អ្នក​ជំទាស់​ រឹតត្បិត ​សេរីភាព​នៃ​ការបញ្ចេញ​មតិ​ ការបណ្តេញ​ពលរដ្ឋ​ចេញ​ពី​លំនៅដ្ឋាន​ ការរឹបអូស ​យក​ដី​ធ្លី​ និង​ការប្រមូល​អំណាច​លើ​បុគ្គល​ម្នាក់​និង​បក្ស​ពួក​ជាដើម។

ដោយ​បាន​គាំទ្រ​លោកស្រី​អង់សាន ស៊ូជី​ឈ្នះឆ្នោត​ផង​នោះ​ លោក ជៀម យាប​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​គ្រប់គ្រង​ប្រទេស​និង​ជា​អ្នក​តំណាងរាស្ត្រ​ម្នាក់ ​បាន​អះអាង​គណបក្ស​គ្រប់គ្រង​ប្រទេស​បាន​ធ្វើ​កិច្ចការ​ច្រើន។​ តែ​លោក​ថា​ជា ​រឿង​ជៀស​មិន​រួច​ពី​ការ​មិនពេញចិត្ត​ ពី​ការរិះគន់​លើ​រឿង​ចម្រូង​ចម្រាស់​ខ្លះ​ពី​ សំណាក់​គណបក្ស​ដ​ទៃ​ទេ។

«នេះ​ជា​វប្បធម៌​របស់​គណបក្ស​ដែល​ចាញ់​ឆ្នោត។​ រឿង​ហ្នឹង​ជា​រឿង​ធម្មតា​ទេ។ តែ​យើង​នឹង​ធ្វើ​យ៉ាង​ណា​ពង្រឹង​បន្ថែម​ទៀត​ពី​ពេល​នេះ​តទៅ​មុខ​ក្នុង​ការធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​លទ្ធិ​ប្រជា​ធិបតេយ្យ​រីកដុះដាល​ ហើយ​ត្រូវ​បាន​ពង្រឹង​ជា​បន្ត​បន្ទាប់​បន្ថែម​ទៀត»។

លោក​ ជៀម យាប​បាន​អះអាង​ថា​គណបក្ស​ប្រឆាំង​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​ឈ្នះ​ឆ្នោត ជា​ជាង​រិះគន់​គណបក្ស​លោក​និង​ការសុំ​ឲ្យ​អន្តរជាតិ​ដាក់​សម្ពាធ​រឿង​ថា​មាន​ការបន្លំឆ្នោត​នោះ។​ លោក​អះអាង​ថា​ជា​រឿង​មិនអាច​ទៅរួច​ទេ​ព្រោះ​ប្រទេស​កម្ពុជា ​បើក​ទូលាយ​ចំពោះ​អន្តរជាតិ​ ហើយ​ការ​បោះឆ្នោត​ទៀត​គឺ​គ្មាន​ការបន្លំ​ទេ​ ដោយសារ​ថា​មាន​ការចូលរួម​ពី​អ្នក​សង្កេតការណ៍​ជាតិ​អន្តរជាតិ​និង​តំណាង​គណបក្ស ​នីមួយៗ​ដែល​ចូលរួម​ប្រកួត​ប្រជែង។​ លោក ជៀម យាប​បាន​បន្ថែម​ថា​បញ្ហា ​ចូល​ក្នុង​ប្រទេស​របស់​លោកសម រង្ស៊ី​គឺ​អាស្រ័យ​ទៅ​លើ​ខ្លួន​គាត់​ដែល​ត្រូវ ជ្រើសរើស​ គឺ​ទាក់ទង​ខាង​សភា​ ឬ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ដើម្បី​ឲ្យ​មានការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​ឬក៏ចូល​ទទួល​ទោស​តាម​សាល ដីកា​តុលាការ​ដែល​កាត់​ទោស​ពី​រឿង​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​នោះ។

ប្រទេស​កម្ពុជា​គ្រោង​នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ថ្ងៃទី​៣​ខែ​មិថុនា​ឆ្នាំ​២០១២ ​ហើយ​ការ​បោះឆ្នោត​សាកល​នៅថ្ងៃ​ទី​២៨ ​ខែ​កក្កដា ​ឆ្នាំ​២០១៣៕

XS
SM
MD
LG