បន្ទាប់ពីបាត់ខ្លួនពេញមួយថ្ងៃប្រកបទៅដោយភាពឆោឡោ មេធាវីប្រចាំគណបក្សជំទាស់សម រង្ស៊ី គឺលោក ជូង ជូងីបានចេញមុខជាសាធារណៈនៅថ្ងៃសុក្រនេះដោយថ្លែងថា លោកទទួលរងការប៉ុនប៉ងចាប់ខ្លួន ប៉ុន្ដែលោកបានគេចខ្លួនដោយសុវត្ថិភាព។
ថ្លែងក្នុងសន្និសីទកាសែតក្នុងទីស្នាក់ការគណបក្សជំទាស់ នៅជាយទីក្រុងភ្នំពេញ លោកជូង ជូងីបានបញ្ជាក់ថា រថយន្ដរបស់គាត់បានធ្វើឲ្យការប៉ុនប៉ងចាប់ខ្លួនរូបលោកជួបបរាជ័យ។ ប៉ុន្ដែលោកមិនបានពន្យល់បន្ថែមនោះទេ។ លោកជូង ជូងីលើកឡើងថា លោកទទួលគំនាបមួយដែលមិនអនុញ្ញាតឲ្យលោកលាតត្រដាងព័ត៌មានលម្អិតបាន។
«ម្សិលមិញដោយសារឡានខ្ញុំ អាចជួយរំដោះខ្ញុំឲ្យចេញផុតពីការចាប់ខ្លួន។ ខ្ញុំមានការដាក់កម្រិតក្នុងការនិយាយ»។
ថ្វីបើលោកជូង ជូងី មិនបានបង្ហាញនូវលក្ខខណ្ឌជាក់ស្ដែង ដែលលោកជួបប្រទះ ក៏ប៉ុន្ដែលោកទំនងជាចង់ភ្ជាប់ទំនាក់ទំនងការប៉ុនប៉ងចាប់ខ្លួនរូបលោកទៅនឹងលោកព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្ដាលគឺលោកអ៊ុក គឹមសិទ្ធិ ដែលបានចេញដីកាចោទប្រកាន់រូបលោក។
«ខ្ញុំប្ដឹងអ៊ុក គឹមសិទ្ធិគឺប្ដឹងទៅតាមផ្លូវច្បាប់។ ពេលអ៊ុក គឹមសិទ្ធិ លេងខ្ញុំគឺលេងតាមផ្លូវកាត់ ទៅជាយកគ្នាគាត់មកធ្វើបាបខ្ញុំ។ មានបីកន្លែងដែលគេស្ទាក់ចាប់ខ្ញុំ។ កន្លែងទីមួយគឺនៅសាលាលេខ៥ កន្លែងទីពីរគឺនៅកំពង់ឆ្នាំង និងកន្លែងទីបីនៅព្រែកក្ដាម»។
ផ្ទុយទៅវិញ លោកព្រះរាជអាជ្ញាអ៊ុក គឹមសិទ្ធិបានឆ្លើយតបថា សេចក្ដីអះអាងរបស់មេធាវីគណបក្សជំទាស់មិនមានការណ៍ពិតនោះទេ។ លោកព្រះរាជអាជ្ញាបន្ថែមថា ប្រសិនបើសមត្ថកិច្ចប៉ុនប៉ងចាប់ខ្លួនលោកជូង ជូងី ក្រោមអំណាចតុលាការ នោះរូបគាត់ដែលជាជនជាប់សង្ស័យនឹងមិនអាចរត់គេចខ្លួនរួចឡើយ។ ដោយឡែកលោកគ្រាន់តែបានបំពេញតួនាទីរបស់លោកប្រឆាំងនឹងលោកមេធាវីជូង ជូងី បន្ទាប់ពីមានការសង្ស័យពីការប្រព្រឹត្តល្មើសរបស់លោកជូង ជូងី។
កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅ លោកជូង ជូងី និងតំណាងរាស្ដ្រគណបក្សជំទាស់គឺលោកចាន់ ចេង ត្រូវសាលាដំបូងខេត្តកណ្ដាលចោទប្រកាន់ពី«បទផ្ដល់មធ្យោបាយឲ្យលួចរត់» ការសង្រ្គោះជំទប់ឃុំគណបក្សសម រង្ស៊ីម្នាក់គឺលោកមាស ប៉េង បន្ទាប់ពីមានការជាប់ពាក់ព័ន្ធក្នុងទំនាស់ដីធ្លីជាមួយមន្ដ្រីជាន់ខ្ពស់មួយរូបនៃគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច។
លោកជូង ជូងីហាក់ដូចជាបានបាត់ខ្លួនដោយស្ងាត់កំបាំង នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ខណៈពេលដែលលោកកំពុងធ្វើដំណើរក្នុងខេត្តកំពង់ឆ្នាំង។ សមាជិកគ្រួសាររបស់លោកបានទទួលទូរស័ព្ទបន្ទាន់មួយពីរូបលោកដែលបញ្ជាក់ថា លោកកំពុងស្ថិតក្រោមការតាមចាប់ខ្លួន។ ហើយពេញមួយថ្ងៃម្សិលមិញ ការទំនាក់ទំនងជាមួយរូបលោកត្រូវបានកាត់ផ្ដាច់។
ក្រុមមន្ដ្រីសិទ្ធិមនុស្ស រួមទាំងក្រុមតំណាងរាស្ដ្រគណបក្សជំទាស់ បានប្រមូលផ្ដុំគ្នានៅសាលាដំបូងខេត្តកណ្ដាល ដោយជឿថា លោកជូង ជូងីនឹងត្រូវបញ្ជូនខ្លួនទៅកាន់ទីនោះ។ ដំណាលគ្នានោះ មានសេចក្ដីអះអាងពីក្រុមមន្ត្រីស៊ើបអង្កេតនៃអង្គការក្រៅរដ្ឋាភិបាលថា មេធាវីគណបក្សជំទាស់ត្រូវនាំខ្លួនចូលក្នុងក្រសួងមហាផ្ទៃ។ ក៏ប៉ុន្ដែអ្នកនាំពាក្យក្រសួងមហាផ្ទៃគឺលោកឧត្តមសេនីយ៍ខៀវ សុភ័គបានបដិសេធសេចក្ដីអះអាងពីការចាប់ខ្លួននោះ។
យ៉ាងណាក៏ដោយ ក្រុមមន្ដ្រីស៊ើបអង្កេតផ្នែកការរំលោភសិទ្ធិមនុស្ស ដែលគួរទុកចិត្តបាននៅកម្ពុជា បានថ្លែងជាថ្មីម្ដងទៀតនៅថ្ងៃនេះក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោកមេធាវីជូង ជូងីត្រូវបានចាប់នាំខ្លួនដោយក្រុមសមត្ថកិច្ចមុននឹងត្រូវដោះលែងមកវិញនៅពេលយប់។
តំណាងរាស្ដ្រគណបក្សសម រង្ស៊ីមួយចំនួន និងមន្ដ្រីសិទ្ធិមនុស្សបានបញ្ជាក់ថា ខ្លួនអាចទាក់ទងលោកជូង ជូងី តាមទូរស័ព្ទបាននៅពេលយប់ បន្ទាប់ពីបាត់ដំណឹងលោកពេញមួយថ្ងៃ ក៏ប៉ុន្ដែនៅពេលនោះ លោកមេធាវីរូបនោះបញ្ជាក់ថា គាត់មិននៅផ្ទះនោះទេ។
លោកសុន ឆ័យ ប្រធានក្រុមតំណាងរាស្ដ្រគណបក្សសម រង្ស៊ី មានប្រសាសន៍ថា លោកជូង ជូងី ហាក់ដូចជាទទួលរងនូវសម្ពាធអ្វីមួយ។
«ខ្ញុំយល់ថា អ្វីដែលគាត់និយាយក្នុងលក្ខខណ្ឌបែបនេះហាក់ដូចជាគាត់ចង់បង្ហាញថា គាត់មានសម្ពាធ»។
លោកជូង ជូងីបានអង្គុយនៅក្នុងសន្និសីទកាសែត ហើយបានបិទភ្នែកនិងសំយុងមុខចុះបន្ដិច ហាក់ដូចជាធ្វើសេចក្ដីស្មឹងស្មាតមួយរយៈ មុននឹងចាប់ផ្ដើមសន្និសីទដែលបើកឲ្យមានការចោទសួរតិចតួច។ លោកបានរៀបរាប់យ៉ាងច្រើនពីការប្រឈមរបស់លោកក្នុងការប្រកបវិជ្ជាជីវៈ និងបង្ហាញពីការបារម្ភក្នុងវិជ្ជាជីវៈនេះផងដែរ ជាពិសេសការប្រឈមក្នុងការការពារក្នុងជម្លោះដីធ្លីសម្រាប់ក្រុមប្រជាជន។
លោកចាន់ សាវ៉េត ប្រធានផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការអាដហុកកត់សម្គាល់ឃើញថា លោកជូង ជូងីមានការភ័យខ្លាច។
«ហាក់បីដូចជាគាត់មិនចង់បង្ហាញអំពីពាក្យថា គេចាប់ទេ ប៉ុន្ដែគាត់ចង់បង្ហាញពីការរត់គេចរបស់គាត់។ វាជាចំណុចមួយគួរពិចារណា ហើយយើងគិតថ្លឹងថ្លែងអំពីអាកប្បកិរិយា ទាំងទឹកមុខទាំងសំដីរបស់គាត់ បញ្ជាក់ថា គាត់មានការភ័យខ្លាច»។
បន្ទាប់ពីការបាត់ខ្លួនមួយថ្ងៃមកនេះ លោកជូង ជូងីបានប្រកាសថា លោកនឹងចំណាយពេលចំនួន១២ថ្ងៃនៅក្នុងខែមករាខាងមុខ ដើម្បីធ្វើភាវនាធម៌ ដោយកោរសក់ ស្លៀកពាក់ស ដើរស្វែងរកការគោរពយុត្តិធម៌នៅតុលាការខេត្តកណ្ដាល សាលាឧទ្ធរណ៍ តុលាការកំពូល ក្រសួងយុត្តិធម៌ និងនៅគណៈមេធាវី៕