លោកជូង ជូងី មេធាវីប្រចាំគណបក្សជំទាស់សម រង្ស៊ី ទំនងជាត្រូវចាប់ខ្លួនដោយស្ងាត់កំបាំងនៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមព័ត៌មានក្រៅផ្លូវការផ្សេងៗ ក៏ប៉ុន្ដែមន្ដ្រីតុលាការ និងអ្នកនាំពាក្យក្រសួងមហាផ្ទៃមិនបានបញ្ជាក់ពីការចាប់ខ្លួននោះឡើយ។
កញ្ញាសុគន្ធារី ដែលអះអាងថា ជាក្មួយស្រីរបស់លោកជូង ជូងី បានបញ្ជាក់ថា នាងបានទទួលទូរស័ព្ទបន្ទាន់មួយពីឪពុកមារបស់នាង ក្នុងពេលដែលគាត់កំពុងធ្វើដំណើរនៅខេត្តកំពង់ឆ្នាំង ភាគខាងជើងទីក្រុងភ្នំពេញ។
«ព្រឹកមិញ គាត់ទូរស័ព្ទមក ម៉ោងប្រាំពីរកន្លះហ្នឹង។ គាត់ថា គេកំពុងតាមចាប់ខ្លួនគាត់នៅកំពង់ឆ្នាំង។ គាត់និយាយប៉ុណ្ណឹង គាត់ក៏បិទទូរស័ព្ទទៅ។ ហើយខ្ញុំក៏លែងទាក់ទងគាត់បានទៀតទៅ»។
កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅ លោកជូង ជូងី និងតំណាងរាស្ដ្រគណបក្សជំទាស់លោកចាន់ ចេងត្រូវសាលាដំបូងខេត្តកណ្ដាលចោទប្រកាន់ពី«បទបានផ្ដល់មធ្យោបាយឲ្យលួចរត់» ក្នុងការសង្រ្គោះជំទប់ឃុំគណបក្សសម រង្ស៊ីម្នាក់គឺលោកមាស ប៉េង បន្ទាប់ពីមានការជាប់ពាក់ក្នុងទំនាស់ដីធ្លីជាមួយនឹងមន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាមួយរូប ដែលកំពុងកាន់អំណាច។
ក្រុមតំណាងរាស្រ្តគណបក្សសម រង្ស៊ី និងក្រុមមន្ដ្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សបានប្រមូលផ្ដុំគ្នានៅក្នុងបរិវេណតុលាការខេត្តកណ្ដាលនៅថ្ងៃនេះដោយរំពឹងថា មេធាវីប្រចាំគណបក្សជំទាស់នេះនឹងត្រូវបញ្ជូនខ្លួនទៅកាន់ទីនោះ។
កងសន្ដិសុខរបស់តុលាការបានព្យាយាមហាមឃាត់មិនឲ្យក្រុមអ្នកយកព័ត៌មានចូលក្នុងបរិវេណតុលាការ និងមានភាពតឹងរឹងក្នុងការអនុញ្ញាតឲ្យក្រុមតំណាងរាស្ដ្រគណបក្សជំទាស់ចូលក្នុងទីនោះ។ ក៏ប៉ុន្ដែក្រោយមក ក្រុមអ្នកយកព័ត៌មានត្រូវបានអនុញ្ញាតឲ្យចូលទៅកាន់អគារតុលាការ។ ទោះជាយ៉ាងណា រហូតមកដល់ម៉ោងប្រាំល្ងាចនេះ លោក ជូង ជូងីនៅមិនទាន់ចូលខ្លួនមកកាន់តុលាការនៅឡើយ។
លោកព្រះរាជអាជ្ញាអ៊ុក គឹមសិទ្ធិនៃតុលាការសាលាដំបូងខេត្តកណ្ដាល មានប្រសាសន៍ថា លោកមិនដឹងពីដំណឹងនេះពិតប្រាកដនោះទេ។
លោកចៅក្រមស៊ីន វីរៈបានប្រាប់ក្រុមអ្នកកាសែតនៅចំពោះមុខក្រុមមន្ដ្រីសិទ្ធិមនុស្សថា លោកចេញដីកាបង្គាប់ឲ្យលោកមេធាវីជូង ជូងីចូលខ្លួនបំភ្លឺនៅតុលាការ ក៏ប៉ុន្ដែនៅមិនទាន់ដល់ពេលវេលាតម្រូវឲ្យលោកចូលខ្លួនក្នុងតុលាការនៅឡើយ។ យ៉ាងណាក៏ដោយ លោកចៅក្រមដដែលមិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃការតម្រូវឲ្យមេធាវីជំទាស់ចូលខ្លួនបំភ្លឺនោះឡើយ។
ក្រុមមន្ដ្រីសិទ្ធិមនុស្សសង្ស័យថា លោកជូង ជូងីទំនងជាត្រូវចាប់ខ្លួនដោយប៉ូលិសក្រសួងមហាផ្ទៃ ក៏ប៉ុន្ដែលោកឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបដិសេធការសង្ស័យនេះ។
«ខ្ញុំបានទទួលព័ត៌មានពីជំនាញគឺថា ពុំមានព័ត៌មាននេះកើតឡើងទេ»។
លោកស្រីមួរ សុខហួរ តំណាងរាស្ដ្រគណបក្សសម រង្ស៊ី បានថ្លែងប្រាប់ក្រុមអ្នកកាសែតនៅតុលាការខេត្តកណ្តាលថា ប្រសិនបើមិនមានការចាប់ខ្លួនមេធាវីខាងលើទេ ក្រុមសមត្ថកិច្ចត្រូវតែជួយស្វែងរករូបគាត់។
«បដិសេធរបៀបម៉េច! មន្ត្រីនៃអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាបានប្រាប់ខ្ញុំថា លោកបានឃើញនឹងភ្នែក មេធាវីអង្គុយនៅការិយាល័យនៅក្រសួងមហាផ្ទៃ។ មិនមែនពួកខ្ញុំប្រឌិតទេ។ ហើយមិនត្រឹមតែប៉ុណ្នឹង បើសិនជាអញ្ចឹង ស្ថាប័នមានសមត្ថកិច្ចជួយរកមក។ យកមនុស្សហ្នឹងចេញមក។ រកឃើញ ខ្ញុំថារកឃើញ»។
ទោះជាស្ថិតក្នុងការសង្ស័យពីការចាប់ខ្លួន លោកចាន់ សាវ៉េត ប្រធានផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការការពារសិទ្ធិមនុស្សអាដហុក និងជាមន្ដ្រីរបស់គណៈកម្មាធិការប្រព្រឹត្តិកម្ម ចាត់ទុកថា ប្រសិនបើការបាត់ខ្លួនលោកមេធាវីជូង ជូងីនៅក្នុងលក្ខខណ្ឌបែបនេះ វាគឺជាការរំលោភសិទ្ធិមនុស្សមួយយ៉ាងធ្ងន់ធ្ងរ។
«បើសិនជាការចាប់ខ្លួនដោយរបៀបអញ្ចឹង ខ្ញុំគិតថា វាអាចជាប់ពាក់ព័ន្ធជាមួយការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរហើយ»។
លោកអំ សំអាត ប្រធានការិយាល័យគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ បានហៅការបាត់ខ្លួននេះថា ជាប្រការគួរឲ្យព្រួយបារម្ភ ហើយអាជ្ញាធររដ្ឋាភិបាលគួរតែជួយស្វែងរកជនបាត់ខ្លួននេះ។
នៅមិនទាន់មានប្រតិកម្មពីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានៅឡើយ។ វីអូអេសំឡេងសរអាបានព្យាយាមទាក់ទងលោកជីវ សុងហាក់ ប្រធានគណៈមេធាវី ដើម្បីសុំសេចក្ដីអត្ថាធិប្បាយ តែមិនអាចទាក់ទងបានទេ នៅថ្ងៃនេះដោយសារតែទូរស័ព្ទរបស់លោកមិនអាចស្ដាប់គ្នាឮ៕