ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង​ទទួល​បាន​អាសនៈ​៩​បន្ថែម​ទៀត​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា


អ្នកគាំទ្រលើក​ទង់គណបក្ស​សម រង្ស៊ី
អ្នកគាំទ្រលើក​ទង់គណបក្ស​សម រង្ស៊ី

គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​កំពង់ឆ្នាំង​ នៅ​ថ្ងៃ​ច័ន្ទ​នេះ ​បាន​ទាត់​ចោល​ពាក្យ​បណ្តឹង​របស់​គណបក្ស​ប្រឆាំង​របស់​លោក​សម រង្ស៊ី​ដែល​ទាមទារ​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​បន្ទាប់​ពី​មាន​សំឡេងឆ្នោត​មួយ​សន្លឹក​ខុស​ប្រក្រតី​ដែល​ធ្វើ​ឲ្យ​គណបក្ស​គ្រប់គ្រង​អំណាច​បាន​កើន​ឡើង​ពី​៣៣៦​សំឡេង​ទៅ​ជា​៣៣៧​សំឡេង។

លោកស្រី​ នួន ចាន់នី​ ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​កំពង់​ឆ្នាំង​បាន​និយាយ​ថា ​បន្ទាប់​ពី​បាន​ប្រជុំ​ពិភាក្សា​លើ​បណ្តឹង​របស់​គណបក្ស​សម រង្ស៊ី លោក​ស្រី​បាន​ចាត់​ទុក​ថា​ពាក្យ​បណ្តឹង​នេះ​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​តាម​ទម្រង់​ច្បាប់​ទេ។

«ពាក្យ​បណ្តឹង​ហ្នឹង​មិន​ត្រឹម​ត្រូវ​ទេ ​ពីព្រោះ​អី​ ជាក់​ស្តែង​យើង​ឃើញ​សន្លឹក​ឆ្នោត​អញ្ចឹង​មែន​ ហើយ​សន្លឹក​ឆ្នោត​ក៏​អត់​មាន​បាត់​ទេ ​គ្រាន់​តែ​ស៊ន​ (គូរ​ស្ទួន)​ តែ​នៅ​លើ​គំនូស​នៅ​លើ​ផ្ទាំង​ក្រដាស​ធំ​ទេ ​តែ​អនុប្រធាន​និង​លេខា​ដែល​គេ​កត់​នៅ​លើ​ទម្រង់​១១-០៨​នោះ ​គឺត្រឹម​ត្រូវ​របស់​គេ។ ​វា​ខុស​តែបន្តិច​ប៉ុណ្ណឹង​ទេ​លោក។»

គណបក្ស​ប្រឆាំង​របស់​លោក​សម រង្ស៊ី​បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​ច្បាប់​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ដើម្បី​ស្នើ​សុំ​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ បន្ទាប់​ពី​ការ​រាប់​សន្លឹក​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​កាន់​អំណាច​យូរ​ បាន​កើន​ឡើង​លើស​មួយ​សំឡេង​បន្ថែម​ទៀត

នៅ​ពេល​ដែល​រាប់​សន្លឹក​ឆ្នោត។ ​ពោល​គឺ​បាន​កើន​ឡើង​ពី​៣៣៦​សំឡេង​ទៅ​៣៣៧​សំឡេង ចំណែក​ឯ​គណបក្ស​សម រង្ស៊ី​ទទួល​បាន​៨៦​សំឡេង។

លោក​គួយ ប៊ុនរឿន ​អ្នក​តំណាងរាស្ត្រ​ទទួល​បន្ទុក​ការ​បោះ​ឆ្នោត​របស់​គណបក្ស​សម រង្ស៊ី​បាន​និយាយ​ថា ​មាន​សន្លឹក​ឆ្នោត​មួយ​សំឡេង​ ដែល​មាន​ភាព​មិន​ស្មើ​គ្នា​ (មិន​ស្រប)​ នឹង​ចំនួន​សន្លឹក​ឆ្នោត​ដែល​បាន​បោះ​ ក៏​ដូច​ជា​មិន​ស្មើ​គ្នា​នឹង​ចំនួន​សន្លឹក​ឆ្នោត​ដែល​គេ​បាន​រាប់។ ​លោក​បាន​បញ្ជាក់​ថា ការ​រក​ឃើញ​ចំនួន​ឆ្នោត​ដែល​បាត់បង់​មិន​បាន​បង្ហាញ​ភ្នាក់ងារ​របស់​គណបក្ស​សម រង្ស៊ី​ដែល​បាន​ចូល​រួម​អង្កេត​ការណ៍​ទេ។

«នេះ​ជា​ភាព​មិន​ប្រក្រតី​មួយ​នៅ​ក្នុង​ការ​រាប់​សន្លឹក​ឆ្នោត​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត​មិន​បាន​បំពេញ​តួនាទី​ទៅ​តាម​ការ​កំណត់​អនុវត្ត​ទៅ​តាម​បទបញ្ជា​និង​ច្បាប់​ដែល​បាន​កំណត់​សម្រាប់​ការ​បោះ​ឆ្នោត»។

លោក​គួយ ប៊ុន​រឿន​បាន​លើក​ឡើង​ទៀត​ថា ​លោក​គ្រោង​នឹង​ដាក់​ពាក្យ​បណ្តឹង​មួយ​ករណី​ទៀត​ទៅ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​គ.ជ.ប.​ ប្រឆាំង​ជំទាស់​ទៅ​នឹង​អ្នក​ស្រី​នួន​ ចាន់នី​ ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​កំពង់ឆ្នាំង​ដែល​បាន​បង្ក​ការ​លំបាក​នៅ​ក្នុង​ការិយាល័យ​បោះ​ឆ្នោត។

លោក​ទេព នីថា​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​រៀប​ចំ​ការ​បោះឆ្នោត​បាន​និយាយ​ថា ការ​ទៅ​កាន់​ការិយាល័យ​បោះ​ឆ្នោត​គឺ​ជា​រឿង​របស់​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ដែល​មាន​សិទ្ធិ​ទៅ​ត្រួត​ពិនិត្យ​មើល​ការ​រិយាល័យ​បោះ​ឆ្នោត។ ​ក៏​ប៉ុន្តែ​មិន​មាន​សិទ្ធិ​បញ្ជា​ឬ​អនុវត្តន៍​ការងារ​ជំនួស​ការិយាល័យ​បោះឆ្នោត​ទេ។

«គ.ជ.ប.​អនុវត្ត​មាន​ច្បាប់​ មាន​នីតិវិធី​ មាន​បទ​បញ្ជា​ផ្ទៃ​ក្នុង​ មាន​ក្រម​សីលធម៌។​ ហើយ​ករណី​នេះ​យើង​នឹង​ពិនិត្យ​មើល»។

ប្រទេស​កម្ពុជា​បាន​រៀបចំ​ការ​បោះឆ្នោត​អសកល​កាល​ពី​ថ្ងៃ​អាទិត្យ​ដើម្បី​ជ្រើស​រើស​សមាជិក​ព្រឹទ្ធសភា​ដែល​មាន​អាសនៈ​ចំនួន​៦១។

បន្ទាប់​ការ​បោះ​ឆ្នោត​រយះ​ពេល​មួយ​ថ្ងៃ​ដោយ​មាន​ការ​ចូល​រួម​ពី​អ្នក​តំណាងរាស្រ្ត​និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ​លទ្ធផល​បាន​បង្ហាញ​ឲ្យ​ឃើញ​ក្រៅ​ផ្លូវការ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៨.៨៨០​សំឡេង​ គឺ​ស្មើ​ប្រមាណ​៧៨,០១%។ ​ចំណែក​ឯ​គណបក្ស​សម រង្ស៊ី​ទទួល​បាន​២.៥០៣​សំឡេង​ គឺ​ស្មើ​នឹង​២១,៩៩%។

យោង​តាម​លទ្ធផល​នៃ​ការ​បែងចែក​អាសនៈ​ក្រៅ​ផ្លូវការ​របស់​មន្ត្រី​គណបក្ស​ទាំង​ពីរ​បាន​ឲ្យ​ដឹង​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៤៦​អាសនៈ ​ចំណែក​ឯ​គណបក្ស​សម រង្ស៊ី​បាន​កើន​ឡើង​ពី​២អាសនៈ​ទៅ​១១​អាសនៈ៕

XS
SM
MD
LG