ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សម រង្ស៊ី រកឃើញ​ករណី​មិន​ប្រក្រតី


នៅ​សល់​តែ​បី​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​ការ​ចូលរួម​ប្រកួត​ប្រជែង ​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​គ្រោង​នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​១ ​ខែ​មិថុនា ​ខាង​មុខ​នេះ។

ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ​ គណបក្ស​ប្រឆាំង​របស់​លោក​សម​ រង្ស៊ី ​បាន​ខិតខំ​ប្រឹង​ប្រែង​រក​បញ្ហា​អវិជ្ជមាន​មួយ​ចំនួន​មក​លាតត្រដាង​មុន​ការ​បោះឆ្នោត​នេះ។

លោក​យឹម ​សុវណ្ណ​ អ្នក​តំណាងរាស្ត្រ និង​ជា​អ្នក​នាំពាក្យ​គណបក្ស​ប្រឆាំង​បាន​ថ្លែង​ប្រាប់​នៅ​ក្នុង​អង្គសន្និសីទ​ព័ត៌មាននៅ​ថ្ងៃ​អង្គារ​នេះ​ថា ​គណបក្ស​របស់​លោក​បាន​រកឃើញ​ឈ្មោះ​ស្ទួន​នៅ​ក្នុង​បញ្ជី​បោះឆ្នោត ​និង​ការ​លុប​ឈ្មោះ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​មាន​ចំនួន​ជាង​មួយ​លាន​នាក់។ លោក​បាន​មាន​ប្រសាសន៍​ថា ឈ្មោះ​ស្ទួន​ដែល​គណបក្ស​របស់​លោក​បាន​រក​ឃើញ ​គ្រាន់តែ​នៅ​ក្នុង​នាយដ្ឋាន​ផែនការ​យុទ្ធនាសាស្ត្រ ​និង​គម្រោងការណ៍​នៃ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​មាន​ចំនួន​៥០​នាក់​ ដែល​មាន​ឈ្មោះ​ជា​ប្រព័ន្ធ​នៅ​ក្នុង​ឃុំ​ស្នា​អន្សោង ​ខេត្ត​ពោធិ៍សាត់​ផង ​និង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ផង។

លោក​បាន​មាន​ប្រសាសន៍​ថា​ មន្ត្រីរាជការ​ចំនួន​៤៨​នាក់​ផ្សេង​ទៀត​មាន​ឈ្មោះ​បោះឆ្នោត​នៅ​ក្នុង​ឃុំ​ខ្ចៅ ​ខេត្ត​កំពង់ចាម​ផង​ និង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ផង។ លោក​បាន​បញ្ជាក់​ទៀត​ថា​ នៅ​មាន​ភាព​មិន​ប្រក្រតី​ផ្សេង​ទៀត​ ដែល​ពាក់​ព័ន្ធ​នឹង​ការ​ចេញ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​របស់​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​សម្រាប់​បោះឆ្នោត។ លោក​បាន​ចោទ​ប្រកាន់​ថា​នេះ​ គឺ​ជា​ចេតនា​មួយ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ដែល​មាន​បំណង​បម្រើ​គោលនយោបាយ​គណបក្ស​ប្រជាជនកម្ពុជា​។

«ការ​បោះឆ្នោត​ឥត​យុត្តិធម៌ ​ពីព្រោះ​នេះ​គឺ​ជា​ភស្តុតាង​មួយ​ដែល​គណបក្ស​ប្រជាជន​ប្រើប្រាស់​ទាំង​មធ្យោបាយ ​ទាំង​ឡាន​របស់​រដ្ឋ​ ទាំង​មន្ត្រីរាជការ​របស់រដ្ឋ​ទៅ​បម្រើ​ឲ្យ​ផលប្រយោជន៍​របស់​គណបក្ស​នយោបាយ​របស់​ខ្លួន។ នេះ​គឺ​ជា​ទង្វើ​ខុស​ច្បាប់ផង​ ហើយ​មិន​យុត្តិធម៌ផង​នៅ​ក្នុង​ដំណើរការ​នៃ​ការ​ឃោសនា​បោះឆ្នោត»។

លោក ​ទេព ​នីថា ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ទទួល​ស្គាល់​ថា​ពិត​ជា​មាន​ឈ្មោះ​ស្ទួន​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​ពិតប្រាកដ​មែន​ដោយសារ​តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ផ្លាស់​ទីលំនៅ​ចេញ ​ហើយ​គជប ​មិន​ទាន់​លុប​ចេញ​ពី​បញ្ជី​នៅ​ឡើយ។ លោក​បាន​បញ្ជាក់​ថា​ឈ្មោះ​ស្ទួន​នេះ​ ប្រជាពលរដ្ឋ​មិន​អាច​បោះឆ្នោត​បាន​ពីរ​ដង​ទេ។

«គាត់​មិន​អាច​បោះឆ្នោត​ពីរ​ដង​បាន​ទេ​។ ​យើង​មាន​ទឹក​ខ្មៅ​លុប​មិន​ជ្រះ​ដែល​ជ្រលក់​ម្រាមដៃ ​ហើយ​ទឹកខ្មៅនេះ​មិ​នអាចលា​ងជ្រះ​នៅ​ក្នុង​រង្វង់​កន្លះ​ម៉ោងក្រោយ​ ព្រោះ​ឥទ្ធិពល​នៃ​ទឹកខ្មៅ​នេះ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ទើប​វា​ជ្រះ​ទៅ​វិញ»។

ភស្តុងតាង​មួយ​ចំនួន​ដែល​គណបក្ស​សម ​រង្ស៊ី ​បាន​រកឃើញ​នឹង​បាន​ចែក​ជូន​ដល់​អ្នក​សារព័ត៌មាន​បាន​លើក​យក​ឈ្មោះ​ស្ទួន​របស់​មន្ត្រីរាជការ​នៃ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ដែល​មាន​ឈ្មោះ​បោះឆ្នោត​នៅ​ក្នុង​ខេត្ត​កំពង់ចាម​ផង ​និង​បោះឆ្នោត​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​ផង។

បើ​តាមសេចក្តី​ជូនដំណឹង​ដែល​សរសេរ​ដោយ​ដៃ​ផ្ទាល់​ និង​មាន​ស្នាម​ចុះហត្ថលេខា​របស់​លោក​សុវណ្ណ​ អនុប្រធាន​ក្រុម​កាងារ​របស់​គណបក្ស​ប្រជាជនកម្ពុជា​ប្រចាំ​អាជ្ញាធរអគ្គិសនី​បាន​ជំរុញ​ឲ្យ​នយោជិក​របស់​នាយកដ្ឋាន​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​ និង​នៅ​ក្នុង​ខេត្ត​កំពង់ចាម​ត្រូវ​តែ​ចេញ​ដំណើរ​ទៅ​បោះឆ្នោត​ដោយ​មាន​រថយន្ត​ចាំ​ទទួល​រួច​ជា​ស្រេច។ សេចក្តី​ជូន​ដំណឹង​នេះ​បាន​បញ្ជាក់​ថា ​អ្នក​ដែល​មិន​បាន​មក​ទាន់​កំណត់​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៣ ​ត្រូវ​ដោះស្រាយ​និង​ទទួលខុសត្រូវ​ទៅ​ចូលរួម​បោះឆ្នោត​ដោយ​ខ្លួន​ឯង៕

XS
SM
MD
LG