ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង​ប្តឹង​មន្ត្រី​គយរដ្ឋាករ​ពីបទ​រំលោភច្បាប់​បោះឆ្នោត


ព្រះសង្ឃ​ដាក់​សន្លឹកឆ្នោត​ចូល​ក្នុងហិបនៅ​ស្ថានីយ៍​បោះឆ្នោត​មួយកន្លែង​នៅ​វត្តថាន់ក្នុង​ក្រុង​ភ្នំពេញ កាល​ពីថ្ងៃអាទិត្យ ទី៣ ខែមិថុនា ២០១២។
ព្រះសង្ឃ​ដាក់​សន្លឹកឆ្នោត​ចូល​ក្នុងហិបនៅ​ស្ថានីយ៍​បោះឆ្នោត​មួយកន្លែង​នៅ​វត្តថាន់ក្នុង​ក្រុង​ភ្នំពេញ កាល​ពីថ្ងៃអាទិត្យ ទី៣ ខែមិថុនា ២០១២។

បន្ទាប់​ពី​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់ ​ដែល​បានបិទបញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យ​ ហើយ​លទ្ធផល​ក្រៅផ្លូវការ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​គណបក្ស​គ្រប់គ្រង​អំណាច​របស់​លោក​នាយករដ្ឋ​មន្ត្រីហ៊ុន​ សែន​ ដែល​បាន​ត្រួតត្រា​ប្រទេស​អស់រយៈពេល​ជិត​៣០​ឆ្នាំ​ បានឈ្នះ​សំឡេង​លើសលប់​ពី​គណបក្ស​ចំនួន​៩​ផ្សេងទៀត។

គណបក្ស​នយោបាយ​ដែល​ទទួល​បាន​សំឡេង​តិចតួច​បានព្យាយាម​ដាក់ពាក្យបណ្តឹង​ជា​បន្តបន្ទាប់​អំពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​នេះ​ទៅ​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ឃុំ ​ខេត្ត​ និង​រហូត​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។

នៅ​មុន​ការបោះឆ្នោត​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ទទួល​ពាក្យ​បណ្តឹង​តែ​ពីរ​ប៉ុណ្ណោះ ​ហើយ​នៅ​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ទទួល​បាន​ចំនួន​១១៧​ បណ្តឹង​ នឹង​មាន​ជា​បន្តបន្ទាប់​ទៀត​រហូត​មក​ដល់​ថ្ងៃ​សុក្រ​នេះ ​មាន​ចំនួន​ ៤០​បណ្តឹង​ផ្សេង​ទៀត។

លោក​ទេព​ នីថា​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ គជប ​កំពុង​តែ​រៀបចំ​ដោះស្រាយ​ពាក្យ​បណ្តឹង​ទាំងនោះ​ហើយ​។ ក៏ប៉ុន្តែ​ក្នុង​ចំណោម​ពាក្យបណ្តឹង​ទាំង​នោះ ​ពុំមាន​ពាក្យបណ្តឹង​ណាមួយ​ដែល​ទាមទារ​ឲ្យ​មាន​ការបោះឆ្នោត​ឡើង​វិញ​ទេ។

«បណ្តឹង​ដែល​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ​និង​រៀប​សន្លឹកឆ្នោត​ក្នុង​ការិយាល័យ​តែ​ម្តង​មាន​តិចណាស់ ​ហើយ​បណ្តឹង​ដែរ​សុំរាប់​ឡើងវិញ​នោះ​ក៏​មាន​តិចដែរ»។

បណ្តឹង​ដែល​បាន​ប្តឹង​ពី​គណបក្ស​នយោបាយ​ភាគច្រើន​បាន​ប្តឹង​អំពី​ភាព​មិនប្រក្រតី​នៅ​កន្លែង​បោះឆ្នោត​។ ក៏ប៉ុន្តែ​នៅ​ក្នុង​ពាក្យ​បណ្តឹង​ទាំង​នោះ​មាន​បណ្តឹង​មួយ​ ដែល​មាន​សកម្មភាព​លេចធ្លោ​ជាង​គេ​នៅ​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត ​គឺ​បណ្តឹង​របស់​អ្នកតំណាងរាស្ត្រ​របស់​គណបក្ស​សម​ រង្ស៊ី។

លោក​ជា ​ប៉ូច ​អ្នក​តំណាងរាស្ត្រ​គណបក្ស​សម ​រង្ស៊ី ​បាន​ប្តឹង​លោក​ប៉ែន ​ស៊ីម៉ន ​ប្រតិភូ​រដ្ឋាភិបាល​ទទួល​បន្ទុក​គយ ​និង​រដ្ឋាករ​ ពី​បទ​ប្រើប្រាស់​តួនាទី​របស់​លោក​ជា​មន្ត្រី​រាជការ​ទៅ​ឃោសនា​រក​សំឡេងឆ្នោត​ឲ្យ​គណបក្ស​ប្រជាជនកម្ពុជា។

លោក​ជា ​ប៉ូច ​បាន​និយាយ​នៅ​ក្នុង​ពាក្យ​បណ្តឹង​របស់​លោក​ថា​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​នេះ​លោក​ប៉ែន ​ស៊ីម៉ន ​បាន​ចូលរួម​ទៅ​កាត់​ឫសស៊ីម៉ា​នៅ​វត្ត​ទេពវិមាន ​ដែល​មាន​ទីតាំង​នៅ​ភូមិ​កាន់ទ្រង់​ ស្រុកអង្គរជ័យ ​ខេត្ត​កំពត​ ដែល​ខុស​នឹង​ច្បាប់​របស់​មន្ត្រី​រាជការ។

លោក​ជា ​ប៉ូច ​បាន​មាន​ប្រសាសន៍​ថា​លោក​ចង់​ឲ្យ​លោក​ប៉ែន ​ស៊ីម៉ន ​ទទួលទោស​តាម​ច្បាប់​ពី​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត។

«សុំ​ឲ្យ​មន្ត្រីរាជការ​ទាំង​អស់​ បើ​ចង់ចូល​គណបក្ស​នយោបាយ​ណា​ ជា​សិទ្ធិសេរីភាព​របស់​លោក​ហ្នឹង​។ ​ប៉ុន្តែ​កុំ​ឲ្យ​យក​តួនាទី ​យក​សម្ភារៈ ​ឬ​យក​មុខងារ​របស់​ខ្លួន​ទៅ​បម្រើ​ខុស​ថ្ងៃ​ធ្វើការ​។ ​ដូចថា​ថ្ងៃ​សៅរ៍​ ថ្ងៃ​អាទិត្យ​អី​បាន​។ ​ប៉ុន្តែ​ថ្ងៃ​ចន្ទ​ រហូត​ដល់​ថ្ងៃ​សុក្រ​មិន​អាច​ទេ»។

លោក​ទេព ​នីថា ​អគ្គលេខាធិការ​ជាតិ​នៃ​គណៈកម្មាធិការជាតិរៀបចំ​ការបោះឆ្នោត​បាន​មាន​ប្រសាសន៍​ថា​ លោក​បាន​ទទួល​ពាក្យ​បណ្តឹង​រួច​ហើយ​។​ ហើយ​លោក​កំពុងតែ​ពិនិត្យ​ពាក្យ​បណ្តឹង​ទាំង​នេះ។

«ចំពោះបណ្តឹង​បន្ត​មួយ​មក​ពី​ថ្នាក់​ខេត្ត​ ប្តឹង​ពី​ឯកឧត្តម​ប៉ែន ​ស៊ីម៉ន ​គជប ​កំពុង​តែ​ពិនិត្យ ពីព្រោះ​ថា​បណ្តឹង​ទើបតែ​ដាក់​កាល​ពី​ព្រឹកមិញ ​ហើយ​យើង​ផ្នែក​ជំនាញ​កំពុងតែ​ពិនិត្យ ​ដើម្បី​ស្រាវជ្រាវ​ នឹង​លើក​ជា​សំណើរ​ទៅ​ គជប​ដើម្បី​ធ្វើ​ការ​សម្រេច»។

លោក​ប៉ែន ​ស៊ីម៉ន ​ប្រតិភូរ​រដ្ឋាភិបាល​ទទួល​បន្ទុកគយ​ និង​រដ្ឋាករ​ មិនអាច​ស្នើសុំ​ដើម្បី​ទំនាក់ទំនង​បាន​ទេ​។ ​ក៏ប៉ុន្តែ​បើ​តាម​មន្ត្រី​គយ​មួយ​រូប​ ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ឲ្យ​ដឹង​ថា​លោក​ប៉ែន​ ស៊ីម៉ន ​បាន​សុំច្បាប់​ឈប់​សម្រាក​ត្រឹមត្រូវ​នៅ​ថ្ងៃ​កាត់​ឫសស៊ីម៉ា​នោះ។

បណ្តឹង​របស់​លោក​ជា ​ប៉ូច ​ដែល​បាន​ប្តឹង​ជំទាស់​លោក​ប៉ែន​ ស៊ីម៉ន​ ត្រូវ​បាន​មន្ត្រី​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ ​និង​ខេត្ត​ មិន​ហ៊ាន​ដោះស្រាយ​ទេ​ ទើប​បាន​ជា​បញ្ជូន​បណ្តឹងនេះ​មក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។

XS
SM
MD
LG