ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សម រង្ស៊ី​សុំ​ឲ្យ​សភា​ដក​របៀបវារៈ​ដក​អភ័យ​ឯកសិទ្ធិ


លោក​សុន ​ឆ័យ ​ប្រធាន​អ្នក​តំណាងរាស្ត្រ​គណបក្ស​សម ​រង្ស៊ី
លោក​សុន ​ឆ័យ ​ប្រធាន​អ្នក​តំណាងរាស្ត្រ​គណបក្ស​សម ​រង្ស៊ី

រយៈពេល​មួយ​ថ្ងៃ​មុន​ពេល​ដែល​រដ្ឋសភា​បើក​សម័យ​ប្រជុំ​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ៍​ស្អែក​នេះ ​លោក​សុន ​ឆ័យ ​ប្រធាន​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ស្នើ​សុំ​ឲ្យរដ្ឋសភា​ដក​របៀប​វារៈ​ទី​១០ស្តី​ពី​ការ​អនុម័ត​លើ​អភ័យ​ឯកសិទ្ធិ​អ្នក​តំណាងរាស្ត្រ​ចាន់ ​ចេង ​និងសុំឲ្យបង្កើត​គណៈកម្មាធិការ​ពិសេស​មួយ​របស់​រដ្ឋសភា ​ដើម្បី​ស៊ើបអង្កេត​ករណី​នេះ។

រដ្ឋសភា​របស់​ប្រទេស​កម្ពុជា ​នៅ​ថ្ងៃ​អង្គារ៍​ស្អែក​នេះ ​នឹង​បើក​សម័យ​ប្រជុំ​របស់​ខ្លួន ​ហើយ​នៅ​ក្នុង​នោះ​មាន​របៀប​វារៈ​ទី​១០ដែល​សុំ​សេចក្តី​អនុម័ត​ពី​សមាជិក​រដ្ឋសភា ​ដែល​មាន​សម្លេង​ដ៏​លើស​លប់​ពី​គណបក្ស​ប្រជាជន​កម្ពុជាក្នុង​ការ​ដក​អភ័យ​ឯកសិទ្ធិ​សភា​តំណាងរាស្ត្រ​លោក​ចាន់ ​ចេង ​ដើម្បី​បើក​ផ្លូវតុលាការ​ស៊ើប​អង្កេត។

លោក​សុន ​ឆ័យ ​ប្រធាន​អ្នក​តំណាងរាស្ត្រ​គណបក្ស​សម ​រង្ស៊ី ​បាន​បញ្ជាក់​ថា គណបក្ស​សម ​រង្ស៊ីមាន​លិខិត​បំភ្លឺ​ពី​មន្ត្រី​ពន្ធនាគារ ​និង​លិខិត​របស់​លោក​ជួង ​ជូងី ​មេធាវី​ការពារក្តី​លោក​មាស ​ប៉េង​ ដែល​បាន​បញ្ជាក់​រួច​ហើយ​ថា​ លោក​ចាន់ ​ចេង​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​ច្បាប់​ណាមួយ ​ដែល​នាំ​ទៅ​រក​ការ​ដក​អភ័យ​ឯកសិទ្ធិ​របស់​លោក​ទេ។ ​លោក​សុន ​ឆ័យ​បាន​មាន​ប្រសាសន៍​ទៀត​ថា ​គណៈអចិន្ត្រៃយ៍​នៃ​រដ្ឋសភា ​នៅ​ពេល​ដែល​មាន​ការ​ស្នើសុំ​ពី​ក្រសួង​យុត្តិធម៌​ ហាក់បី​ដូច​ជា​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ក្រសួង​តូច​មួយ ​ដែល​មិន​បាន​យក​បញ្ហា​ជាក់ស្តែង​ និង​សិទ្ធិ​អ្នក​តំណាងរាស្ត្រ​ដែល​បាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​មក​ធ្វើ​ជា​មូលដ្ឋាន​ទេ។

«ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​ការ​ដក ​ឬ​លើក​អភ័យឯក​សិទ្ធិ​អ្នក​តំណាងរាស្ត្រ​ត​ទៅ​មុខ​ទៀត​នោះ​ គួរតែ​សភា​បង្កើត​គណៈ​កម្មាធិការ​ពិសេស​មួយ​នៅ​ក្នុង​គោលការណ៍​ដែល​មាន​ចែង​នៅ​ក្នុង​បទបញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា​ គឺ​រដ្ឋសភា​អាច​បង្កើត​គណៈកម្មាធិការ​ពិសេស​មួយ ​អង្កេត​ខ្លួន​ឯង​ផង​ថា​ ​តើ​សមាជិក​របស់​ខ្លួន​ហ្នឹង ​ធ្វើ​ខុស​ពិតប្រាកដ​ទេ? ​តើ​វា​សម​ហេតុផល​ដែល​ទៅ​លើក​អភ័យឯកសិទ្ធិទេ?»

លោក​លឹម ​សុគន្ថា ​ចៅក្រម​នៃ​តុលាការ​ខេត្ត​កណ្តាល​បានផ្ញើ​លិខិត​មួយ​ទៅ​ក្រសួង​យុត្តិធម៌​ ដើម្បី​ឲ្យ​រដ្ឋសភា​ដក​អភ័យឯកសិទ្ធិ​លោក​ចាន់​ ចេង​ សមាជិក​សភា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កណ្តាល​ខាង​គណៈបក្ស​ប្រឆាំង ​បន្ទាប់​ពី​លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ​បាន​ប្រើប្រាស់​រថយន្ត​ផ្ទាល់​ខ្លួន​ជា​មធ្យោបាយ​ ក្នុង​ការ​រំដោះ​ជន​ជាប់ចោទ​ចេញ​ពី​ពន្ធនាគារ​ខេត្ត​កណ្តាល។

នៅ​ព្រលប់​ថ្ងៃ​ចន្ទ​នេះ ​វីអូអេបានព្យាយាមទាក់ទង​លោក​ជាម ​យៀប ​សមាជិក​សភា​តំណាងរាស្ត្រ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ​លោក​ងួន​ ញិល​ អនុប្រធាន​ទី​១​នៃ​រដ្ឋសភា ​ព្រម​ទាំង​លោក​ឡេង ​ប៉េងឡុង ​អគ្គលេខាធិការ​រដ្ឋសភា​ដើម្បី​សុំសេចក្តី​អត្ថាធិប្បាយ​បំភ្លឺ​ តែគួរ​ឲ្យ​សោកស្តាយ​ដែលមិន​អាច​ទាក់ទង​បាន។

លោក​ជួង ​ជូងី ​មេធាវី​ការពារ​ក្តី​របស់​លោក​មាស ​ប៉េង ​បាន​ផ្ញើ​លិខិត​មួយ​ទៅ​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី​១៥​កន្លង​ទៅ​នេះ ​ដោយ​បាន​អះអាង​ថា​ លោក​ចាន់ ​ចេង​គ្មាន​កំហុស​ទេ។ លិខិត​របស់​លោក​ជួង ​ជូងី​បាន​បញ្ជាក់​ថា ​ការ​ចោទប្រកាន់​ពី​បទ​ផ្តល់​មធ្យោបាយ​ដល់​ជន​ជាប់​ចោទ​រត់​គេច​ខ្លួន​ចេញ​ពី​ពន្ធនាគារ​គឺ​ជា​ការ​ចោទ​មិន​ត្រឹមត្រូវ​ ពីព្រោះ​ជន​ជាប់​ចោទ​គឺលោក​មាស​ ប៉េង​មិន​ទាន់​ត្រូវ​បាន​ពន្ធនាគារ​ឃុំ​ខ្លួន​ទេ៕

លោក ​មាស ​ប៉េង ​ជំទប់​ទី​២ ​ឃុំ​បន្ទាយ​ដែក ​ស្រុក​កៀនស្វាយ ​ខេត្ត​កណ្តាល ​ត្រូវ​បាន​លោក​លឹម ​សុគន្ថា​ ចៅក្រម​នៃ​តុលាការ​ខេត្ត​កណ្តាល ចោទប្រកាន់​ពី​បទ​ផ្សំ​គំនិត​ប្រើប្រាស់​អំពើ​ហិង្សា​ដោយ​ចេទនា​ទៅ​លើ​អ្នក​កាន់​កាប់​អចនលវត្ថុ​ដោយ​សុចរិត​ នៅ​ក្នុង​រឿង​ទំនាស់​ដី​ធ្លី​មួយ​រវាង​ប្រជាពលរដ្ឋ​នៃ​ស្រុក​កៀនស្វាយ ​ខេត្ត​កណ្តាល ​ជាមួយ​នឹង​លោក​ប្រាក់​ សាវុធ ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ក្រចេះ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា៕

XS
SM
MD
LG