លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបានអំពាវនាវឲ្យមានការចរចាគ្នាឡើងវិញរវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សដើម្បីចងសម្ព័ន្ធភាព និងផ្តួលរំលំគណបក្សគ្រប់គ្រងអំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បន្ទាប់ពីគណបក្សនេះបានឈ្មះសំឡេងដ៏ច្រើនលើសលប់។
ការអំពាវនាវរបស់លោកកឹម សុខា បានធ្វើឡើងក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលទើបតែបញ្ចប់កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
លទ្ធផលក្រៅផ្លូវការបានបង្ហាញថាគណបក្សសិទ្ធិមនុស្សទទួលបានជ័យជម្នះ១៨ឃុំសង្កាត់ ចំណែកឯគណបក្សសម រង្ស៊ីរំពឹងថានឹងទទួលបាន ២២ឃុំសង្កាត់នៅទូទាំងប្រទេស។
បើទោះបីជាលទ្ធផលនៃគណបក្សទាំងពីរប្រហាក់ប្រហែលគ្នាយ៉ាងណាក៏ដោយ ក៏មិនអាចប្រៀបផ្ទឹមជាមួយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានឈ្នះរហូតដល់ជាង១,០០០ឃុំសង្កាត់។
លោកកឹម សុខា បានបញ្ជាក់នៅក្នុងសន្និសីទព័ត៌មានកាលពីថ្ងៃចន្ទនេះថា បើគណបក្សសម រង្ស៊ី មានសុឆន្ទៈពិតប្រាកដដើម្បីយកឈ្នះគណបក្សគ្រប់គ្រងអំណាចមែន និងដើម្បីជាជោគជ័យសម្រាប់ប្រជាពលរដ្ឋមែន សូមបើកទ្វារចរចាជជែកគ្នាបង្រួបបង្រួមគ្នាឡើងវិញ។
«ជំហររបស់គណបក្សសិទ្ធិមនុស្ស សុំអំពាវនាវដល់គណបក្សសម រង្ស៊ី ដើម្បីបើកការចរចាគ្នា ដើម្បីធ្វើការបង្រួបបង្រួមគ្នាឡើងវិញ។ ខ្ញុំនឹងទាក់ទងទៅឯកឧត្តមសម រង្ស៊ី ផ្ទាល់តែម្តង ដើម្បីសុំជជែគ្នា ពីព្រោះអីយើងឃើញលទ្ធផលទាំងអស់គ្នាហើយ។ លទ្ធផលនេះបានបង្ហាញថាយើងរួបរួមគ្នា យើងបានផលច្រើនជាងហ្នឹងទៅទៀត ទាំងអស់គ្នា»។
លោកយឹម សុវណ្ណ អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សសម រង្ស៊ី បានស្វាគមន៍ការលើកឡើងនេះ។ លោកបានបញ្ជាក់ថាគណបក្សរបស់លោកស្វាគមន៍អ្នកប្រជាធិបតេយ្យទាំងអស់ ដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋ។ លោកបានមានប្រសាសន៍ទៀតថាឥឡូវនេះសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៃគណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ីនឹងរួមគ្នានៅថ្នាក់មូលដ្ឋានជាមុនសិន។
«តាំងពីដើមមក យើងចង់តែឲ្យមានការបង្រួបបង្រួម ឲ្យមានការផ្តាច់ជ្ញាចិត្ត ឲ្យមានភាពស្មោះត្រង់នឹងគ្នា។ ពេលនេះ យើងបានអំពាវនាវឲ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់រួបរួមគ្នា សេចក្តីសម្រេចនៅថ្នាក់មូលដ្ឋាន»។
គណបក្សសម រង្ស៊ី បានចេញសេចក្តីប្រកាសភ្លាមៗ ក្រោយពីការបោះឆ្នោតដោយបានអំពាវនាវឲ្យសមាជិកក្រុមប្រឹក្សាគណបក្សសិទ្ធមនុស្សរួមគ្នាជាមួយនឹងគណបក្សសម រង្ស៊ី ដើម្បីទប់ស្កាត់ការរឹបអូសយកដីធ្លីប្រជាពលរដ្ឋដោយខុសច្បាប់ លុបបំបាត់អំពើពុករលួយនៅថ្នាក់មូលដ្ឋាន ការពារទ្រព្យសម្បត្តិសាធារណៈ និងទប់ស្កាត់អំពើអយុត្តិធម៌។
គណបក្សសិទ្ធមនុស្ស និងគណបក្សសម រង្ស៊ី ធ្លាប់បានចរចាគ្នាជាច្រើនលើក ដើម្បីរួបរួមគ្នាបញ្ជូលទៅជាគណបក្សតែមួយ។ ក៏ប៉ុន្តែគណបក្សទាំងពីរនៅតែឋិតក្នុងជម្រើសឃ្លាតឆ្ងាយគ្នានៅឡើយ៕