ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​បន្ត​គ្រប​ដណ្តប់​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​អាស៊ាន​


នៅពេល​ដែល​ប្រទេស​កម្ពុជា​រៀបចំ​កិច្ច​ប្រជុំ​កំពូល​របស់​ក្រុម​មេដឹកនាំ​ប្រទេស​អាស៊ាន​កាលពី​ខែ​មេសា​ កម្ពុជា​ទទួល​រង​ការចោទ​ប្រកាន់​ថា​ ព្យាយាម​បំផ្លាញ​ចោល​ការ​ពិភាក្សា​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។​

ឥឡូវ​នេះ​ប្រហែល​ជា​មន្ត្រី​អាស៊ាន​មាន​អារម្មណ៍​ថា​ វាជា​សញ្ញា​បន្ទាន់​មួយ​ហើយ​លើ​បញ្ហា​នេះ​ នៅ​ពេល​ដែល​លោក​នាយ​ក​រដ្ឋ​មន្ត្រី​ហ៊ុន​សែន​បាន​ថ្លែង​កាលពីថ្ងៃ​ច័ន្ទ​ពេល​បើក​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​អាស៊ាន​ការ​បរទេស​អាស៊ាន​ក្នុង​សប្តាហ៍​នេះ​ដោយ​ធ្វើ​ការ​សង្កត់​ធ្ងន់​លើ​សេចក្តីត្រូវ​ការ​ឱ្យ​មាន​ការឯកភាព​គ្នា​មួយ​លើ​វិធី​ដោះស្រាយ​ជម្លោះ​ដែន​ដី​នេះ។​

«ការ​ប្រតិបត្តិ​នៃ​ភាគី​សមុទ្រ​ចិន​ខាង​ត្បូង​រួម​ទាំង​ការ​ធ្វើ​ឱ្យ​សម្រេច​បាន​នូវ​សេចក្តីព្រាង​ក្រម​ប្រតិបត្តិ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ផង​ដែរ»។​

សមាជិក​អាស៊ាន​ ដែល​មាន​ប្រទេស​វៀតណាម​ ហ្វីលីពីន ​ប្រ៊ុយណេ ​និង​ម៉ាឡេស៊ី​សុទ្ធ​តែ​ទាម​ទារ​ដែន​ដី​ក្នុង​សមុទ្រចិនខាង​ត្បូង។ ​ការណ៍​នេះ​នាំ​ឱ្យ​ពួកគេ​ត្រូវ​ប្រឈម​មុខ​គ្នាជាមួយ​នឹង​មហាអំណាច​ចិន​ដែល​បាន​ទាមទារ​ដែន​ទឹក​ទាំង​អស់។ ​ប្រទេស​ចិន​និង​អាស៊ាន​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ប្រកាស​ប្រតិបត្តិ​នៃ​ភាគី​ពាក់​ព័ន្ធ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​អស់រយៈពេល​មួយទសវត្សរ៍​កន្លង​ហើយ ដែល​ការណ៍​សំខាន់​នោះ​គឺ​ពួកគេ​យល់​ស្រប​គ្នា​ថា ​ពួកគេ​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី។​ ប៉ុន្តែ​វា​បាន​ចំណាយ​ពេល​យ៉ាង​យូរ​ដើម្បីរក​វិធី​ត្រូវ​បន្ត​ដល់​ដំណាក់​កាល​ព្រមព្រៀង​គ្នា​អំពី​វិធាន​ការ​បន្ទាប់​ ​នោះ​គឺ​ការព្រាង​ក្រម​ប្រតិបត្តិ​មួយ​ដែល​នឹង​ណែនាំ​គ្រប់​ភាគី​ទាំង​អស់​ក្នុង​ពេល​ដែល​បញ្ហា​នោះ​បន្ត​ទៅ​មុខ​ទៀត។​

លោក Carlyle Thayer ​អ្នក​ឯកទេស​ក្នុង​កិច្ច​ការ​អាស៊ាន​នៃ​សាកល​វិទ្យា​ល័យ​New South Wales ​និយាយ​ថា ​សប្តាហ៍​នេះ​គឺ​ជា​ពេល​វេលា​ត្រូវ​ធ្វើ​ឱ្យ​បាន ​ឬ​ក៏​ត្រូវ​ដក​ថយ​សម្រាប់​ប្រទេស​អាស៊ាន​នៅ​លើ​បញ្ហា​នេះ។​

«ដូច្នេះ​មក​ដល់​ពេល​នេះ​គេ​នៅ​មិន​ទាន់​ដឹង​នៅឡើយថា​ អាស៊ាន​កំពុង​ងាក​ទៅ​ទិស​ណា​ទេ​លើ​បញ្ហា​នេះ។​ គេ​អាច​នឹង​ធ្វើ​សម្បទាន​ដោយ​រួម​ទាំង​លើ​បញ្ហា​ដែល​ពិបាក​ចរចា​ជាមួយ​ប្រទេស​ចិន​ ហើយ​គេ​អាច​នឹង​ទម្លាក់​ចោល ​ឬ​ក៏​សាប​រលាប​ក្នុង​រយៈ​យូរដូច្នេះ​នេះជា​ពេល​វេលា​ត្រូវ​ធ្វើ​ ឬ​ក៏​ដក​ថយ»។ ​

លោក Pavin Chachavalpongpun អ្នក​វិទ្យា​សាស្រ្ត​នយោបាយ​ដែល​មាន​មូលដ្ឋាន​នៅ​សាកលវិទ្យា​ល័យ​Kyoto​និយាយ​ថា​កិច្ច​ប្រជុំ​ជាន់​ខ្ពស់​ក្នុង​សប្តាហ៍​នេះផ្តល់​នូវ​វេទិការ​ចាំ​បាច់​សម្រាប់​ប្រទេស​នានា​ពិភាក្សា​លើ​បញ្ហា​នេះ។ ​ប៉ុន្តែ​លោក​មិន​មាន​សុទិដ្ឋិនិយមថា​មាន​ការ​ចម្រើន​ទៅ​មុខ​ខ្លាំង​ណាស់​ណា​ទេ។​

«ប៉ុន្តែ​ខ្ញុំ​គិត​ថា ​អាស៊ាន​នៅ​តែ​ជា​វេទិការ​សម្រាប់​ការ​ជជែក​គ្នា ​ពិភាក្សា​គ្នា​ និង​ជជែក​គ្នា​ដោយ​គ្មាន​ធ្វើ​សកម្មភាព​អ្វី​ទាំង​អស់។​ បើ​និយាយ​ដោយ​ស្មោះ​ជាមួយ​លោក​គឺ​ខ្ញុំ​មិន​មាន​សង្ឃឹម​ច្រើន​ទេ​លើ​ការ​ប្រជុំ​អាស៊ាន​ដែលត្រូវ​មក​ដល់​នេះ»។​

បើ​ទោះបី​ជា​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ត្រូវ​បានផ្សព្វផ្សាយ​ច្រើន​ក្នុង​បណ្តាញ​ព័ត៌មាន​នៅ​មុន​ពេល​មក​ដល់​កិច្ច​ប្រជុំ​នា​សប្តាហ៍​នេះ​ក្តី​ ក៏បញ្ហានេះ​គ្រាន់​តែ​ជា​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ផ្សេងៗ​ទៀត​នៅក្នុង​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ។​

លោក​ស្រី ​រដ្ឋ​មន្ត្រី​ការបរទេស​ហ៊ីលឡារី​ ក្លីនតុន​មាន​ផែន​ការ​នឹង​ចូលរួម​ក្នុង​សម័យ​ប្រជុំ​នោះ​ដែរ។​ ក្រុម​អ្នក​វិភាគ​រំពឹង​ថា​ លោក​ស្រី ក្លីនតុន​នឹង​និយាយ​បន្ធូរ​បន្ថយ​ដល់​ការ​បង្វែរ​ទិស​ដៅ​យោធា​របស់​អាមេរិក​មកផ្តោត​លើ​តំបន់​អាស៊ី​ដែល​ទើប​បាន​ប្រកាស​ក្នុង​ពេល​ថ្មីៗ​នេះ ​ក្នុង​គោល​បំណង​សម្រាល​នូវអ្វី​ដែល​គេ​យល់​ថា​ ជា​ស្ថាន​ការណ៍​តឹងតែង​ជាមួយ​នឹង​ប្រទេស​ចិន​ នៅក្បែរ​ប្រទេស​ចិន។​

«ចំណុច​សំខាន់​របស់​លោក​ស្រី​គឺ​ត្រូវ​ងាក​ចេញ​ពី​បញ្ហា​នេះ​ ហើយ​បង្វែរ​ការ​ចាប់​អារម្មណ៍​លើ​ផល​ប្រយោជន៍​ទូលំទូលាយ​ជាងមុន​ដែល​លោកស្រី​នឹង​អះអាង​ថា​ សហ​រដ្ឋ​អាមេរិក​មាន​នៅក្នុង​តំបន់​នេះ​ ហើយ​ថា​ សហរដ្ឋ​អាមេរិក​មិន​មែន​ចេញ​មក​ដើម្បី​ទប់​ស្កាត់​ចិន​ទេ​ តែ​គឺ​មក​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការ»។ ​

កិច្ច​ប្រជុំ​ក្នុង​សប្តាហ៍​នេះ​គ្រោ​ង​នឹង​បញ្ចប់​នៅ​ថ្ងៃ​សុក្រ៕

​ប្រែ​សម្រួល​ដោយ​ ម៉ែន គឹមសេង

XS
SM
MD
LG