ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាស៊ាន​បញ្ចប់​កិច្ចប្រជុំ​ស្តីពី​សន្តិសុខ​តំបន់​លើក​ទី៦


ទង់ជាតិ​បណ្តាប្រទេសជាតិ​សមាជិកអាស៊ាន​និង​ចិន
ទង់ជាតិ​បណ្តាប្រទេសជាតិ​សមាជិកអាស៊ាន​និង​ចិន

មន្ត្រី​ជាន់ខ្ពស់​ការពារ​ជាតិ​អាស៊ាន​និង​ដៃគូ​សន្ទនា​មកពី​៨​ប្រទេស​ទៀត​ នៅ​ថ្ងៃ​សុក្រ​នេះ​បាន​បញ្ចប់​ហើយ​នូវ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​រយៈ​ពេល​បួន​ថ្ងៃ​ស្តីពី​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​របស់​ខ្លួន។

កិច្ច​ប្រជុំ​លើក​ទី៦​នេះ​បាន​ចាប់ផ្តើម​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៤​ខែ​មេសា​នៅ​ក្នុង​ ខេត្ត​សៀមរាប​ប្រទេស​កម្ពុជា​ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​ជាន់​ខ្ពស់​ការពារ​ ជាតិ​អាស៊ាន​ទាំង​ដប់​និង​មន្ត្រី​ការពារ​ជាតិ​ពី​ប្រទេស​៨​ទៀត​ដូច​ជា​ ចិន​ រុស្ស៊ី ​កូរ៉េ​ខាង​ត្បូង​ ជប៉ុន ​ឥណ្ឌា​ អូស្ត្រាលី ណូវែល​ហ្ស៊េឡង់​និង​សហរដ្ឋ​អាមេរិក​ចំនួន​ជិត​២០០​នាក់។

លោកឧត្តម​សេនីយ៍​ឯក​ណឹម សុវត្ថិ ​អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​នយោបាយ និង​ការបរទេស​ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​ថ្លែង​ថា​កិច្ច​ប្រជុំ​នោះ​បាន​បញ្ចប់​ទៅ​ដោយ​មាន​ការជជែក​ពិភាក្សា​គ្នា​យ៉ាង​ច្រើន​ពាក់ព័ន្ធ​ទៅនឹង​ការងារ​ រក្សា​សន្តិសុខ​ក្នុង​តំបន់​អាស៊ាន​និង​អន្តរជាតិ​ផង​ដែរ។

លោក​ឧត្តមសេនីយ៍​ឯក​បាន​មាន​ប្រសាសន៍​ថា​កិច្ចប្រជុំ​ក៏​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​ និង​យោបល់​ផង​ដែរ​ជុំវិញ​សភាព​ការណ៍​នយោបាយ​តំបន់​និង​អន្តរ​ជាតិ​ព្រម​ទាំង​ទិដ្ឋភាព​នៃ​ទំនាក់​ទំនង​ការងារ​នៅក្នុង​អាស៊ាន​និង​ប្រទេស​បូក​ទាំង​៨។

“នៅក្នុង​កិច្ចការ​ផ្លាស់ប្តូរ​ទស្សនៈ​យោបល់​អំពី​ការផ្លាស់​ប្តូរ​សភាព​ការណ៍​នេះ​ បាន​លើក​ឡើង​នូវ​បញ្ហា​ជាច្រើន​ដែល​ក្នុង​នោះ​មាន​ទិដ្ឋភាព​នៃ​សភាពការណ៍​សន្តិសុខ​សមុទ្រ​ សភាព​ការណ៍​រក្សា​សន្តិភាព​សភាពការណ៍​នៅ​ឧបទ្វីប​កូរ៉េ​សភាពការណ៍​វិវឌ្ឍន៍​នៅ​ប្រទេស​ភូមា​ សភាពការណ៍​កើន​ឡើង​នូវ​ទិដ្ឋភាព​គ្រោះមហន្តរាយ​ដោយ​ព្យុះ​ទឹកជនន់​នឹង​ដោយ​រញ្ជួយ​ដី សន្តិសុខ​មិន​មែន​ប្រពៃណី​បញ្ហា​ទឹក​និង​បញ្ហា​មេគង្គ​ដទៃ​ទៀត​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​តំបន់​រួម​ទាំង​បញ្ច័យ​នៃ​ការវិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​ផង​ដែរ»។

លោក​ឧត្តមសេនីយ៍​ឯក​ណឹម​សុវត្ថិ​បាន​ថ្លែង​ទៀត​ថា​ក្រៅពី​នេះ​អង្គ​ប្រ​ជុំ​ក៏​បាន​បញ្ជាក់​បង្ហាញ​នូវ​ទិដ្ឋភាព​បច្ចុប្បន្នភាព​នៃ​ការវិវឌ្ឍន៍​និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​តំបន់​អាស៊ាន​ រួម​ទាំង​ទិដ្ឋភាព​នយោបាយ​សេដ្ឋកិច្ច​សង្គម​និង​ផែនការ​នានា​ដែល​អាស៊ាន​បានធ្វើ​កំពុង​ធ្វើ​និង​បន្ត​ធ្វើ។

ក្រៅ​ពីនេះ​ក៏​នៅ​មាន​បញ្ហា​ស្រដៀង​គ្ន​ានេះ​ផ្សេង​ច្រើន​ទៀត​ដែល​ត្រូវ​បាន​សម្រេច​ក្នុងអង្គ​ប្រជុំ​ដើម្បី​ដាក់​ជូន​ទៅ​អង្គ​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​នៅ​ខែ​ក្រោយ​នេះ​ បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ឧត្តមសេនីយ៍​ឯក៕

XS
SM
MD
LG