សាមណេរមួយអង្គគង់នៅវត្តសូរិយារោងគោ ក្នុងភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្ត សៀមរាប ត្រូវព្រះគ្រូចៅអធិការវត្តសម្រេចឲ្យលាចាកសិក្ខាបទ កាលពីយប់ថ្ងៃច័ន្ទ ទី២១ ខែឧសភានេះ ក្រោយពីរងការចោទប្រកាន់ថា បានប្រព្រឹត្តខុសទៅនឹងវិន័យធម៌ ដោយការ និយាយកុហក។
ការផ្សឹកនេះធ្វើឡើង ក្រោយពេលដែលព្រះសង្ឃអង្គនោះ បានទៅចូលរួមក្នុងវេទិកាសាធារ ណៈមួយកាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅក្នុងស្រុកសូទ្រនិគម រៀបចំឡើងដោយអង្គការ NDI ដែលការណ៍នេះបង្កឲ្យមានការរឹះគន់ថា ទំនងជារងសម្ពាធនយោបាយ ព្រោះលោក បាននិមន្តទៅតាមម៉ូតូរបស់សកម្មជនគណបក្សសមរង្ស៊ី តែការរឹះគន់ត្រូវបានបដិសេធដោយថ្នាក់ដឹកនាំសង្ឃនៅក្នុងស្រុកនោះ។
ព្រះសង្ឃអង្គនោះព្រះនាម អ៊ុន កាំង បានបួសកាលពីពាក់កណ្តាលខែមករាកន្លងមកនេះ ដោយផ្តើមចេញពីការបួសមុខភ្លើង ហើយបានបន្តរហូតមកដល់ពេលនេះ។
ព្រះតេជគុណ ពត ផុន ចៅអធិការវត្តសូរិយារោងគោ ដែលជាអ្នកបំបួសសាមណេរអង្គនោះ ផងដែរ មានសង្ឃដីកាថា ការផ្សឹកនេះគឺដោយសារការប្រព្រឹត្តខុសវិន័យធម៌របស់សាមណេរអង្គនោះត្រង់ការពោលពាក្យកុហក។
«សុំអត្មាទៅផ្ទះដើម្បីទៅយកថ្នាំមកឆាន់ ព្រោះថា អាពាធ។ អត្មាក៏ឲ្យទៅ ទៅហ្នឹងក៏បាត់ ទៅ។ ស្រាប់តែថ្ងៃត្រង់ឃើញមន្ត្រីសង្ឃគេដឹកម៉ូតូយកមកប្រគល់ឲ្យអត្មានៅនឹងមុខ ជណ្តើរថា លោកទៅចូលរួមស្តាប់អីហ្នឹងគេនោះ ក៏បានថា មើលលោកអត់ស្មោះត្រង់នឹងអត្មាទេ ដល់ព្រះគ្រូនៅខាងលើៗក៏ប្រាប់អត្មាថា លោកអត់មានច្បាប់មានទម្លាប់ទេ ដូច្នេះ លោកមានកំហុសគួរតែឲ្យលោកសឹកចេញទៅ»។
លោកអ៊ុន កាំងថ្លែងក្រោយពីការផ្សឹកថា លោកមិនមានបំណងចង់សឹកទេគឺចង់បួសឲ្យបានពីរឬបីវស្សាសិន ដោយសារតែលោកមានចិត្តជ្រះថ្លាក្នុងព្រះសង្ឃសាសនា។
«គេដាក់សម្ពាធរឿងចោទយើងថា ធ្វើនយោបាយ។ យើងចូលទៅស្តាប់វេទិកាសាធារណៈ វេទិកាសេរីរបស់NDI គឺដើម្បីឲ្យយើងបានបញ្ចេញមតិ ដើម្បីឲ្យយើងបានដឹងពីសិទ្ធិសេរីភាពរបស់ម្នាក់ៗដែលយើងរស់រានមានជីវិត តើសិទ្ធិយើងធំប៉ុណ្ណា?»។
លោកអ៊ុនកាំងមិនបានបដិសេធសង្ឃដីការបស់ចៅអធិការវត្តនោះទេ។
លោកអ៊ុន កាំងត្រូវបានគេរកឃើញថា គឺជាបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សសមរង្ស៊ីនៅក្នុងឃុំខ្ចាស់ លំដាប់លេខរៀងទីបួន។
ព្រះតេជគុណ ពៅ ថេង គង់នៅវត្តប្រាសាទបន្ទាយស្រី និងជាអនុគុណស្រុកសូទ្រនិគម មានសង្ឃដីកាថា ការផ្សឹកសាមណេរអង្គនោះគឺមិនមានពាក់ព័ន្ធនឹងនិន្នាការនយោបាយទេ។
ព្រអង្គមានសង្ឃដីកាថា នេះជាបញ្ញត្តិ ដែលការបួសមុខភ្លើងគឺត្រូវតែសឹកទៅវិញក្នុងពេល ២៤ម៉ោងឬយ៉ាងយូរមួយសប្តាហ៍ ព្រោះថា ការបួសនេះមិនអាចយកជាការបានទេ។
«លោកបួសកាលដែលជីដូនស្លាប់ណា។ ពេលបំបួសហើយត្រូវតែសឹកវិញអញ្ចឹង។ បើលោកមានសទ្ធាជ្រះថ្លាចង់បួសលោកត្រូវទៅរត់ច្បាប់វិញមក។ យើងអាចបំពេញបែបបទបួសឡើងវិញទៅ អត់មានអ្នកណាបង្ខិត បង្ខំឲ្យលោកសឹកទេ»។
លោកនូ ពុទ្ធិ ប្រធានអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តសៀមរាបដែលបានចុះអង្កេត រឿងនេះ មិនទាន់សន្និដ្នានថា មានការពាក់ព័ន្ធនិន្នាការនយោបាយឬយ៉ាងណាទេ។
«យើងត្រូវការផ្តៀងផ្ទាត់និងវិភាគបន្ថែមទៀត គ្រាន់ថា ចំណុចនេះវាអាចមានពីរ ហើយ ទាំងសងខាងបកស្រាយរៀងៗខ្លួន។ យើងត្រូវការផ្ទៀងផ្ទាត់ព័ត៌មានបន្ថែមទៀតក្រែងមានចំណុចណាអាចឈានទៅដល់តម្រុយឲ្យបានពិស្តារជាងនេះ»។
ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៣ ខែមិថុនា ខាងមុខនេះ ដោយមានគណបក្សនយោបាយទាំងអស់១០ចូលរួមប្រកួតប្រជែងដែលបច្ចុប្បន្ន គណបក្សទាំងអស់កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការឃោសនារកសំឡេងឆ្នោត៕