ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​នេសាទ​កម្ពុជា​ប្រាំពីរ​នាក់​ត្រូវ​បាន​សង្គ្រោះ


អ្នក​នេសាទ​ម្នាក់​កំពុង​បង់សំណាញ់។
អ្នក​នេសាទ​ម្នាក់​កំពុង​បង់សំណាញ់។

អ្នក​នេសាទ​ខុស​ច្បាប់​កម្ពុជា​ចំនួន​ប្រាំពីរ​នាក់​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ពី​ប្រទេស​ឥណ្ឌូណេស៊ី​វិញ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ជួយ​សង្រ្គោះ​ពលករ​កម្ពុជា​រងគ្រោះ​ដោយ​ឧក្រិដ្ឋកម្ម​ជួញ​ដូរ​មនុស្ស​ឆ្លង​ដែន។

មន្ដ្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ដ្រី​រដ្ឋាភិបាល​អះអាង​ថា ពួកគេ​ត្រូវ​បាន​យក​ទៅ​លក់​ឲ្យ​ថៅ​កែ​ថៃ​សម្រាប់​ធ្វើ​ការងារ​ដោយ​ខុសច្បាប់។

ចុះ​ពី​លើ​យន្ដ​ហោះ ពួក​គេ​គ្មាន​បង្វិច​ខោអាវ និង​ប្រាក់​ទេ។ ពួកគេ​គ្មាន​ប្រាក់​ខែ​នៅ​ពេល​ដែល​ពួកគេ​បាន​ស្ថិត​នៅ​លើ​ទូក​នេសាទ​របស់​ថៃ​អស់​រយៈពេល​ពីរ​ឆ្នាំ​កន្លះ មុន​ពេល​ដែល​ពួកគេ​មាន​ឱកាស​លួច​រត់​បន្ទាប់​ពី​ទូក​នេសាទ​របស់​ពួកគេ​ចូល​ចត​ក្នុង​ផែ​មួយ​នៅ​ឥណ្ឌូណេស៊ី។
ឈុត ឌឿម អាយុ ៣៣ ឆ្នាំ មក​ពី​ស្រុក​ជីក្រែង ខេត្តសៀមរាប បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​ព្រលាន​យន្ដហោះ​អន្ដរជាតិ​ភ្នំពេញ​ថា ពួកគាត់​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើការ​ដោយ​គ្មានពេល​សម្រាក។

«យ៉ាប់​ពេក​ក៏​សម្រេច​មក​វិញ។ មក​រក​ស្រែចម្ការ​វិញ​ទៅ។ បើ​នៅ​គឺ​ត្រូវ​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ​គ្មាន​បាន​ដេក​ពួន​ទេ»។ វន ភក្រ្ដ័ កម្មករ​នេសាទ​ម្នាក់​ទៀត អាយុ​២០​ឆ្នាំ និយាយ​ដូចគ្នា​នេះ​ដែរ។ «លំបាក។ ធ្វើ​ការ​ទាំង​យប់ ទាំង​ថ្ងៃ។ មួយ​ថ្ងៃ​ដេក​បាន​តែ​ពីរម៉ោង​យ៉ាង​ច្រើន»។

អតីត​កម្មករ​នេសាទ​ខ្មែរ​ទាំងនេះ​មក​ពី​ខេត្ត​កំពង់ចាម សៀមរាប កំពត និង​បាត់ដំបង។ ពួក​គេ​ត្រូវ​មេ​ខ្យល់​ទាក់ទង​តាម​ភូមិ​ដែល​ពួក​គេ​រស់​នៅ​ដោយ​សន្យា​ជួយ​រក​ការងារ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់​នៅ​ប្រទេស​ថៃ។ ក៏​ប៉ុន្ដែ​ពួក​គេ​ស្ថិត​ក្នុង​ប្រព័ន្ធ​ការងារ​ខុស​ច្បាប់។

យោង​តាម​លោក អំ សំអាត ប្រធាន​ការិ​យាល័យ​គ្រប់គ្រង​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្កការ​ការពារ​សិទ្ធិមនុស្ស លីកាដូ​បាន​ឲ្យ​ដឹង​ថា មេ​ខ្យល់​សន្យា​ផ្ដល់​ប្រាក់​ខែ​ដល់​ពលករ​ដែល​គេ​ប្រមូល​បាន​ពី​៤,០០០ ទៅ ៦,០០០ បាត ឬ​ស្មើ​នឹង​ប្រមាណ​ ១៣០ ទៅ​១៩០ ដុល្លារ​ក្នុង​មួយ​ខែ។

អង្គការ​អន្ដរជាតិ​សម្រាប់​ទេសន្ដន៍​ប្រវេស (IOM) សហការ​ជាមួយ​អង្គការ​ជំនួយ​ផ្លូវ​ច្បាប់​សម្រាប់​កុមារ​និងស្ដី្រ រួម​ជាមួយ​នឹង​ស្ថានទូត​កម្ពុជា​ប្រចាំ​ឥណ្ឌូណេស៊ី​បាន​ជ្រោមជ្រែង​ក្នុង​ការ​ធ្វើ​មាតុភូមិនិវត្តន៍​កម្មករ​នេសាទ​កម្ពុជា​ទាំង​ប្រាំពីរ​នាក់​នេះ។

ដោយ​ឡែក​មន្ដ្រី​ប៉ូលីស​ក្រសួង​មហា​ផ្ទៃ​និង​មន្ដ្រី​ក្រសួង​ការងារ​ដែល​មាន​វត្តមាន​ក្នុង​ពេល​ទទួល​កម្មករ​នេសាទ​ទាំង​ប្រាំពី​នាក់​បដិសេធ​ផ្ដល់​សេចក្ដី​អត្ថាធិប្បាយ​ណា​មួយ​ពី​បញ្ហា​នេះ។

លោក ប្រ៊ុណូ ម៉ាលទីនី (Bruno Maltini) មន្ដ្រី​កម្មវិធី​របស់​អង្គការ IOM មិន​អាច​ទក់ទង​ដើម្បី​ស្នើ​សុំ​សេចក្ដី​អត្ថាធិប្បាយ​នោះ​ទេ។

លោក មុំ សុខចា មន្ដ្រី​កម្មវិធី​នៃ​អង្គការ​ជំនួយ​ផ្លូវ​ច្បាប់​សម្រាប់​កុមារ​និងស្ដី្រ អះអាង​ថា​នៅ​មាន​កម្មករ​នេសាទ​ខ្មែរ​ជាច្រើន​ទៀត​កំពុង​ធ្វើការ​ខុស​ច្បាប់​លើ​ទូក​នេសាទ​ថៃ។ពួកគេ​ចាក​ចេញ​ពី​កម្ពុជា​ដោយ​សម្ពាធ​នៃ​ភាពក្រីក្រ។

«ដោយសារ​តែ​ភាព​ក្រីក្រ​ និង​ការ​អត់​ការងារ​ធ្វើ​ជា​កត្តា​ជម្រុញ​មួយ​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ធ្វើ​ចំណាក​ស្រុក»។

លោក មុំ សុខចា បញ្ជាក់​ថា កម្មករ​នេសាទ​ខុស​ច្បាប់​លើ​ទូក​នេសាទ​ថៃ​ចំនួន​ប្រាំ​ពីរ​នាក់​ផ្សេង​ទៀត​នឹង​ត្រូវ​បញ្ជូន​មក​កាន់​កម្ពុជា​នៅ​សប្ដាហ៍​ក្រោយ។ ពួកគេមានស្ថានភាពដូចអ្នកទាំងប្រាំពីរ​នាក់នេះដែរ។

អ្នកស្រី ជា មួន មក​ពី​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ បាន​បាត់​ដំណឹង​កូន​របស់​គាត់​ជាង​ដប់​ឆ្នាំ​ហើយ​បន្ទាប់​ពី​កូន​របស់​គាត់​ត្រូវ​មេ​ខ្យល់​អូស​ទាញ​ឲ្យ​ទៅ​ធ្វើ​ជា​កម្មករ​នេសាទ​នៅ​ថៃ។ ហើយ​បន្ទាប់​មក​កូន​របស់​គាត់​បាន​រត់​គេច​ទៅ​កាន់​ឥណ្ឌូណេស៊ី​ដែរ មុន​នឹង​បាត់​ដំណឹង។ គាត់​បាន​ធ្វើ​ដំណើរ​មក​ភ្នំពេញ​ដើម្បី​ស្វែង​រក​កូន​របស់​គាត់​បន្ទាប់​ពី​ឮ​ដំណឹង​ថា មាន​ការ​បញ្ជូន​អតីត​កម្មករ​នេសាទ​កម្ពុជា​មក​ស្រុក​កំណើត​វិញ។ ប៉ុន្ដែ​គាត់​មិន​បាន​ឃើញ​កូន​គាត់​នោះ​ទេ។
អ្នក​ស្រី ជា មួន ពោល​ដោយ​អស់​សង្ឃឹម។

«កាល​ពី​ទៅ​នៅ​ឥណ្ឌូណេស៊ី ខ្ញុំ​បាន​ទូរសព្ទ័​ជួប។ វា​និយាយ​ជាមួយ​ខ្ញុំ​ថា វា​ស្ទូច​ត្រី។ បន្ទាប់​មក​ដាច់​ការ​ទាក់ទង​គ្នា​រហូត​មិន​អាច​ទូរស័ព្ទ​ចូល​អស់​រយៈពេល​១១​ឆ្នាំ​ហើយ»។

ពលករ​ខុស​ច្បាប់​កម្ពុជា​ទៅ​ក្រៅ​ប្រទេស​មួយ​ចំនួន​ត្រូវ​គេ​រាយការណ៍​ថា បាន​ស្លាប់​ក្នុង​ពេល​កំពុង​ការងារ​យ៉ាង​លំបាក​ធ្ងន់ធ្ងរ។ មួយ​ចំនួន​បាន​រត់​គេច​ខ្លួន​ស្វែង​រក​ការ​ជួយ​សង្រ្គោះ។

លោក កុយ គួង ដែល​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​បាន​ជួយ​សង្គ្រោះជន​ចំណាក​ស្រុក​ខុសច្បាប់​កម្ពុជា​ជិត​២០០​នាក់​ក្នុង​ឆ្នាំ​២០១១​ក្នុង​នោះ​ភាគ​ច្រើន​មក​ពី​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ម៉ូរីស និង​ឥណ្ឌា៕

XS
SM
MD
LG