ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​ការទូត​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​ជួប​មន្រី្ត​គណបក្ស​ប្រឆាំង


លោក​ Daniel B. Baer ឧបការីរង​រដ្ឋមន្រ្តី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​
លោក​ Daniel B. Baer ឧបការីរង​រដ្ឋមន្រ្តី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​

មន្រ្តី​ការទូត​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​បាន​ជួប​ជាមួយ​មន្ត្រី​គណបក្ស​ប្រឆាំង​របស់​ប្រទេស​កម្ពុជា​នៅ​ថៃ្ង​អង្គារ​នេះ​ ដើម្បី​រិះរក​មធ្បោបាយ​ដ៏​ប្រសើរ​មួយ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ។

ជំនួប​រវាង​លោក​ Daniel B. Baer ឧបការីរង​រដ្ឋមន្រ្តី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​លទិ្ធ​ប្រជាធិបតេយ្យ​ សិទិ្ធ​មនុស្ស ​និង​ការងារ​ និង​ក្រុម​មន្រ្តី​គណបក្ស​ប្រឆាំង​នេះ ​បាន​ធើ្វ​ឡើង បន្ទាប់​ពី​ការ​ឃោសនា​បោះឆ្នោត​ព្រឹទ្ធ​សភា​បាន​ឈានចូល​ដល់​ថ្ងៃ​ទី​៤ ​ដែល​គណបក្ស​ប្រឆាំង​សម ​រង្ស៊ី​ និង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​ការ​ទិញ​សន្លឹក​ឆ្នោត ​និង​ការ​បង្ខិត​បង្ខំ។

ក្រោយ​ពី​ជំនួប​ លោក​យឹម ​សុវណ្ណ ​អ្នក​នាំពាក្យ​គណបក្ស​សម ​រង្ស៊ី​ បាន​ថ្លែងប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័តមាន​នៅ​ស្ថានទូត​អាមេរិកថា​ លោក​បាន​លើក​ឡើង​អំពី​បញ្ហា​បោះឆ្នោត​ អំពើ​ពុករលួយ​ វិបត្តិ​ដីធ្លី​ និង​កំណែ​ទម្រង់​តុលាការ ​ជូន​លោក​ Baer។

«អ្វី​ដែល​យើង​បាន​ស្នើ​ទៅ​សហរដ្ឋ​អាមេរិក​គឺ​ថា​ សុំ​ឲ្យ​សហរដ្ឋ​អាមេរិក​ជួយ​ធ្វើ​យ៉ាង​ម៉េច​បញេ្ចញ​សំឡេង​តែ​មួយ ​សំឡេង​ពិត​ សំឡេង​យុតិ្តធម៌​ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ខែ្មរ​ និង​ប្រទេស​កម្ពុជា​យើង​ឲ្យ​ទទួល​បាន​នូវ​លទិ្ធ​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទិ្ធ​មនុស្ស​ឲ្យ​បាន​ត្រឹមត្រូវ​ពិត​ប្រាកដ»។

ប្រទេស​កម្ពុជា​គ្រោង​នឹង​ធើ្វ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ ​សង្កាត់​នៅ​ខែ​មិថុនា ​ឆ្នាំ​២០១២ ​និង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​រដ្ឋសភា​នៅ​ឆ្នាំ​២០១៣។

ក្រោយ​ពី​ជំនួប​ជាមួយ​លោក Baer លោកកឹម​ សុខា ​ប្រធាន​គណបក្ស​សិទិ្ធ​មនុស្ស បាន​ថ្លែង​ថា​ លោក​ Baer ​ចង់​ដឹង​អំពី​ផែនការ​យុទ្ធសាស្រ្ត​ និង​ឧបសគ្គ​របស់​គណបក្ស​ប្រឆាំង​សម្រាប់​ការ​បោះឆ្នោត​ឃុំ ​សង្កាត់​ និង​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ​នេះ។

លោកកឹម​ សុខា ​បាន​លើកឡើង​ថា​ លោក​បាន​សំណូមពរ​ឲ្យ​សហរដ្ឋ​អាមេរិក​ផ្តល់​ថវិកា​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅកម្ពុជា​ ដូចជា​អង្គការ​ IRI ​និង​ NDI ​ដើម្បី​ឲ្យ​គេអាច​ធើ្វ​ការ​ជួយ​ដល់​គណបក្ស​ប្រឆាំង​ដំណើរ​ការ​ទៅ​បាន។

«យើង​លើក​ឡើង​ទី​មួយ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ឥត​ឯករាជ្យ​ ឥត​យុតិ្តធម៌។ទី​ពីរ ​ព័ន្ធផ្សព្វផ្សាយ​ឥតស្មើភាព​ដែល​ត្រួតត្រា​ដោយ​គណបក្ស​កាន់​អំណាច ​ដូច្នេះ​វា​អត់​អាច​បោះឆ្នោត​ដោយ​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​ទេ។​ ទី​បី ​បញ្ហា​អាជ្ញាធរ​មូលដ្ឋាន​រើសអើង​លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច​ ដែល​យើង​ពិបាក​ធើ្វ​សកម្មភាព ​និង​ទី​បួន ​បញ្ហា​អត្ត​សញ្ញាណប័ណ្ណ​របស់​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត»។

លោកកឹម ​សុខា​បាន​ថ្លែង​ថា ​លោក Baer​ បាន​បញ្ជាក់​ថា​ សហរដ្ឋ​អាមេរិក​មិន​បោះបង់​ចោល​គណបក្ស​ប្រឆាំង​ និង​លទិ្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទេ​ ហើយ​លោក​នឹង​លើក​យក​អី្វ​ដែល​ជា​កង្វល់​របស់​គណបក្ស​ប្រឆាំង​ទៅ​ពិភាក្សា​ជាមួយ​មន្រ្តី​រដ្ឋាភិបាល​ និង​ដាក់​ជូន​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក។

លោក​ Sean McIntiosh ​អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ ​បាន​បញ្ជាក់​ថា ​លោក​ Daniel Baer ​ពិត​ជា​បាន​ជួប​សន្ទនា​ជាមួយ​ក្រុម​មន្រ្តី​រដ្ឋាភិបាល ​និង​គណបក្ស​ប្រឆាំង​នៃ​ប្រទេស​កម្ពុជា​មែន​ ប៉ុន្តែ​លោក​មិន​បាន​ផ្តល់​សេចក្តី​លម្អិត​នៃ​កិច្ច​សន្ទនា ​និង​រយៈ​ពេល​ទស្សនកិច្ច​របស់​លោក​ Baer ​នៅ​កម្ពុជា​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG