ប្រទេសកម្ពុជា និងប្រទេសវៀតណាមបានចាប់ផ្តើមបើកកិច្ចប្រជុំជាមួយក្រុមហ៊ុនបរទេសចំនួនប្រាំ ដើម្បីបោះពុម្ពផែនទីផ្លូវការរវាងកម្ពុជា និងវៀតណាម ស្របពេលនឹងការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរមិនទាន់ចប់សព្វគ្រប់នៅឡើយ។ ក្រុមមន្រ្តីអង្គការសង្គមស៊ីវិលបានសម្តែងការព្រួយបារម្ភថា ខ្លាច ក្រែងការបោះពុម្ពផែនទីថ្មីនេះ អាចនឹងធ្វើឲ្យប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជា។
ប្រទេសកម្ពុជាបានចាប់ផ្តើមបើកកិច្ចប្រជុំមួយជាមួយនិងក្រុមហ៊ុនបរទេសចំនួនប្រាំមកពីប្រទេសជប៉ុន បារាំង កូរ៉េខាងត្បូង ហ្វាំងឡង់ ដាណឺម៉ាក និងប្រទេសណ័រវេស ដើម្បីសម្រេចថា តើនិងអនុញ្ញាតឲ្យក្រុមហ៊ុននៃប្រទេសណាមួយទទួលសិទ្ធិផ្តាច់មុខក្នុងការបោះពុម្ពផែនទីថ្មីរវាងប្រទសកម្ពុជានិងប្រទេសវៀតណាម ស្របពេលនិងដំណើរការបោះបង្គោលព្រំដែននៃប្រទេសទាំងពីរពុំទាន់បានបញ្ចប់សព្វគ្រប់នៅឡើយ។
លោកទេសរដ្ឋមន្រ្តីវ៉ា គឹមហុង មន្រ្តីទទួលបន្ទុកកិច្ចការព្រំដែនរបស់រដ្ឋាភិបាលមានប្រសាសន៍ថា កិច្ចប្រជុំនេះនឹងត្រូវបញ្ចប់នៅថ្ងៃសៅរ៍ចុងសបា្តហ៍នេះ។
លោកបានមានប្រសាសន៍ទៀតថា ផែនទីដែលយើងគ្រោងនឹងបោះពុម្ពថ្មីនេះ យើងប្រើខ្នាត 1/25000 (មួយលើម្ភៃប្រាំពាន់) ដែលខុសពីផែនទីចាស់ ប្រើខ្នាតលើ 1/100.000 (មួយលើមួយរយពាន់) ហើយការបោះពុម្ពនេះ យើងប្រើពេលវេលាសិក្សាចំនួនពីរឆ្នាំទៀត មុននឹងសម្រេចបោះពុម្ពជាផ្លូវការ។
«អ្វីដែលយើងធ្វើហ្នឹង គឺយើងធ្វើតែផែនទីខណ្ឌលេខា ក៏ប៉ុន្តែមិនទាន់មានទីតាំងបង្គោលព្រំដែន ឬក៏ខ្សែព្រំដែន ដែលយើងកំពុងធ្វើសព្វថ្ងៃទេ។ គណៈកម្មាធិការកម្ពុជា និងវៀតណាមមានកាតព្វកិច្ចបញ្ចូនឯកសារ និងនៅចុងរយៈពេលនៃធ្វើការផែនទីហ្នឹង ឲ្យក្រុមហ៊ុនទីបីជាអ្នកបញ្ចូលតួលេខ នៅលើឯកសារផែនទីដើម្បីឲ្យគេមានទីតាំងបង្គោល ដែលគេមានខ្សែបង្គោលព្រំដែនទាំងអស់»។
ប្រទេសកម្ពុជាមានផែនទីព្រំដែនគោកជាមួយប្រទេសវៀតណាម និងប្រទេសថៃ ដែលបានផលិតឡើងដោយប្រទេសបារាំង ហើយត្រូវបានតម្កល់នៅក្នុងអង្គការសហប្រជាជាតិតាំងពីឆ្នាំ១៩៥៣។
លោកវ៉ា គឹមហុងបានមានប្រសាសន៍ថា ផែនទីដែលយើងផលិតថ្មីនេះមានលក្ខណៈវិទ្យាសាស្រ្ត និងសុក្រិត្យជាងផែនទីមុន។
«យើងធ្វើពីរឆ្នាំហ្នឹង គឺយើងកំណត់ពេលពីរឆ្នាំ។ ដល់ចប់បោះបង្គោលជិតចប់ ផែនទី។ ដល់ពេលហ្នឹង គេត្រូវឲ្យចប់ដែរ បាទ។ វាដើរទៅទន្ទឹមគ្នា។ ត្រូវការពេលវេលាថត ត្រូវការពេលវេលាយកទិន្នន័យពីរូបថត។ ពេលវេលាដែលយើងត្រូវចុះធ្វើនៅលើដី Ground Control ការត្រួតពិនិត្យនៅលើដី ដើម្បីរករយៈកម្ពស់។ ត្រូវការពេលវេលាច្រើនណាស់។ កិច្ចការហ្នឹងមិនមែនធ្វើភ្លាមបានភ្លាមឯណា?
លោករ៉ុង ឈុន ប្រធានក្រុមឃ្លាំមើលកម្ពុជា ដែលបានតាមដានយ៉ាងដិតដល់រាល់ដំណើរការបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាមនោះ បានមានប្រសាសន៍ថា ដំណើរការបោះពុម្ពផែនទីនេះ វាហាក់បីដូចជាលឿនពេក ទំនងជាមានអ្វីបិទបាំងនៅពីខាងក្រោយ។
លោករ៉ុង ឈុនបានមានប្រសាសន៍ទៀតថា ប្រទេសទាំងពីរគួរតែព្យួរការបោះពុម្ពផែនទីជាមុនសិន ដើម្បីចៀសវាងកុំឲ្យបូរណភាពទឹកដីនៃប្រទេសណាមួយត្រូវបាត់បង់។
«រដ្ឋាភិបាលពិនិត្យ ពិចារណាឡើងវិញ ហើយស្នើឲ្យព្យួរដំណើរការបោះពុម្ពហ្នឹង ហើយក៏ព្យួរនូវដំណើរការបោះបង្គោលព្រំដែន។ ហើយយើងស្វែងរកដំណោះស្រាយមួយឲ្យមានភាពស្នើគ្នាទាំងសងខាង ចៀសវាង យើងខាតបង់»។
ប្រទេសកម្ពុជាមានព្រំដែនគោកជាប់ជាមួយប្រទេសវៀតណាមប្រមាណ១២៧០គីឡូម៉ែត្រ ហើយប្រទេសទាំងពីរទើបតែបោះបង្គោលបានប្រមាណជាង២០០បង្គោលតែប៉ុណ្ណោះ ក្នុងចំណោមបង្គោលសរុបចំនួន៣៧៥បង្គោល។
ប្រទេសទាំងពីរត្រូវការពេលវេលាពីរឆ្នាំទៀតដើម្បីបញ្ចប់ការងារបោះបង្គោលរបស់ខ្លួននេះ។
កាលពីថ្ងៃអង្គារម្សិលមិញនេះ ក្រុមអ្នកតំណាងរាស្រ្តគណបក្សប្រឆាំងត្រូវបានប៉ូលិសការពារព្រំដែននៃប្រទេសវៀតណាមរារាំងមិនឲ្យចុះទៅមើលបង្គោលព្រំដែនលេខ១០៣ ដែលមានទីតាំងនៅស្រុកមេមត់ខេត្តកំពង់ចាមទេ។
អ្នកតំណាងរាស្រ្តគណបក្សប្រឆាំងបាននិយាយថា ខ្លួននឹងធ្វើសេចក្តីរាយការណ៍មួយជូនរដ្ឋសភា និងរដ្ឋាភិបាលនៃប្រទេសកម្ពុជាអំពីដំណើរការបោះបង្គោលព្រំដែនដែលមន្រ្តីទំាងនោះ បានចោទប្រកាន់ថា បានធ្វើឲ្យដីចម្ការរបស់កសិករខ្មែរចំនួន១៧ភូមិបាត់បង់៕