ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​បាន​ស្វះសែ្វង​បំពេញ​បែបបទ​ធ្វើ​ឲ្យ​ពលករ​ខែ្មរ​នៅ​ប្រទេស​ថៃ​ស្រប​ច្បាប់


ពលករចំណាកស្រុក​ខ្មែរ
ពលករចំណាកស្រុក​ខ្មែរ

ប្រទេស​កម្ពុជា​បាន​ស្វះសែ្វង​រក​ភាព​ស្រប​ច្បាប់​ដល់​ពលករ​ខែ្មរ​ប្រមាណ​១៦០០០០​នាក់​ ដែល​កំពុង​ធើ្វ​ការ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ។​

ប្រជាពលរដ្ឋ​ខែ្មរ​ច្រើន​រាប់​សិប​ម៉ឺន​នាក់​ ដែល​គ្មាន​ការងារ​ធើ្វ​នៅ​ក្នុង​ស្រុក ​បាន​ហូរ​ចូល​ទៅ​រក​ការងារ​ធើ្វ​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ ​ហើយ​ត្រូវ​បាន​គេ​ជួញ​ដូរ​ធើ្វ​ជា​ស្រី​បម្រើ​នៅ​តាម​ផ្ទះ​បន ​និង​ធ្វើ​ជា​អ្នក​នេសាទ ​ឬ ​កម្មករ​សំណង់​ ដោយ​គ្មាន​ប្រាក់​ឈ្នួល ​ព្រមទាំង​ជួប​ប្រទះ​នឹង​ការ​បាញ់​សម្លាប់​ពី​ទាហ៊ាន​ព្រំដែន​ថៃ ​នៅ​ពេល​ឆ្លង​កាត់​ព្រំដែន​ចូល​ទៅ​រក​ការងារ​ធើ្វ​ក្នុង​ប្រទេស​ថៃ។​

ការ​ស្វះសែ្វង​រក​ភាព​ស្រប​ច្បាប់​សម្រាប់​ពលករ​ខែ្មរ​នៅ​ថៃ​នេះ​បាន​ធើ្វ​ឡើង​ក្នុង​ជំនួប​រវាង​រដ្ឋ​មន្រ្តី​ការ​បរទេស​កម្ពុជា ​និង​ថៃ​កាល​ពី​សបា្តហ៍​មុន​ ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​ខំប្រឹង​ប្រែង​ស្តារ​ទំនាក់​ទំនង​ និង​កិច្ច​សហ​ប្រតិបតិ្ត​ការ​ទេ្វភាគី​ដែល​មាន​ការ​ប្រេះឆា​កន្លង​មក​នេះ។​

លោក​ហោ ​ណាំហុង ​រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា ​បាន​ថែ្លង​ប្រាប់​ក្រុម​អ្នក​រាយ​ការណ៍​ព័ត៌មាន​ថា ​ពលករ​ខែ្មរ​ខុស​ច្បាប់​ទាំង​អស់​នឹង​ទទួល​បាន​ប័ណ្ណ​អនុញ្ញាត​ឲ្យ​ធើ្វ​ការ​ស្រប​ច្បាប់​នៅ​ថៃ។​

«សព្វ​ថៃ្ង ​មាន​ពលករ​យើង​ធ្វើ​ការ​នៅ​ថៃ​ ដែល​មិន​ស្រប​ច្បាប់​ប្រហែល​ ២៥០០០០​នាក់។​ ខ្ញុំ​បាន​ថែ្លង​អំណរគុណ​រដ្ឋាភិបាល​ថៃ​ ដែល​បាន​អនុញ្ញាត​ឲ្យ​ក្រុម​ការងារ​យើង​ទៅ​ធើ្វ​អត្ត​សញ្ញាណប័ណ្ណ​ដល់​ពលករ​មិន​ស្រប​ច្បាប់​នេះ ​ដើម្បី​ធើ្វ​ប័ណ្ណ​ធើ្វ​ការងារ​ស្របច្បាប់​នៅ​ថៃ​បាន​ជាង​៩០០០០​នាក់​ហើយ។ ​អ្នក​នៅ​សេស​សល់​ប៉ុន្មាន ​រដ្ឋាភិបាល​ថៃ​នឹង​អនុញ្ញាត​ឲ្យ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​រហូត​ដល់​ខែ​កុម្ភៈ​ឆ្នាំ​២០១២។ ​ខ្ញុំ​ក៏​បាន​សើ្ន​ឯកឧត្តម​ស៊ូរ៉ាពង្ស​ថា​ បើ​សិន​ជា​ដល់​ខែ​កុម្ភៈ​ អត្តសញ្ញាណ​ប័ណ្ណ​នេះ​ធើ្វ​មិន​ចប់​ ខ្ញុំ​សុំ​ស្នើ​ធើ្វ​ប័ណ្ណ​នេះ​បន្ត​ពេល​ថែម​ទៀត ​ដើម្បី​ធើ្វ​ឲ្យ​ចប់​នូវ​ចំនួន​ពលករ​ខែ្មរ​មិន​ស្រប​ច្បាប់​ នៅ​ថៃ​នេះ​ឲ្យ​បាន​ចប់​សព្វ​គ្រប់​បន្ត​ទៀត»។​

លោក​រដ្ឋមន្រ្តី​ការ​បរទេស​ថៃ​បាន​ថែ្លង​ថា​ លោក​សន្យា​នឹង​យក​សំណើ​របស់​ភាគី​កម្ពុជា​ទៅ​ពិភាក្សា​ជាមួយ​រដ្ឋមន្រ្តី​ការងារ​ថៃ ​ហើយ​នឹង​ដាក់​ជូន​គណៈ​រដ្ឋមន្រ្តី​ថៃ​សម្រេច។​

លោកស្រី​ឈា​ ម៉ានិត​ ប្រធាន​មជ្ឈមណ្ឌល​សុំ​ចត​នៃ​ក្រសួង​ការងារ​ប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ​ បាន​ថែ្លង​ថា​ អាជ្ញាធរ​ថៃ​បាន​ចាប់​បញ្ជូន​ប្រជាពលរដ្ឋ​ខែ្មរ​ខុស​ច្បាប់​ជាង​១០០០០០​នាក់​ឲ្យ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ក្នុង​ឆ្នាំ​២០១១។​

លោក​ចាន់ ​សូរ៉េត ​ប្រធាន​ផែ្នក​ត្រួតពិនិត្យ​ស្ថានភាព​សិទិ្ធ​មនុស្ស​នៃ​សមាគម​សិទិ្ធ​មនុស្ស​អាដហុក ​បាន​ថ្លែង​ថា​ ប្រជាពលរដ្ឋ​ខែ្មរ​ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​រក​ការងារ​ធើ្វ​នៅ​ថៃ ​បាន​ទទួល​រង​នូវ​ការ​រំលោភ​បំពាន​ផ្នែក​សិទិ្ធ​មនុស្ស​ពី​សំណាក់​អាជ្ញាធរ​ថៃ ​ដូច​ជា​ការ​បាញ់​សម្លាប់​ និង​ការ​រើស​អើង។​

«ប្រជាពលរដ្ឋ​ខែ្មរ​នៅ​តែ​លះបង់​អាយុ​ជីវិត​របស់​ខ្លួន​ ដើម្បី​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ​រក​ការងារ​ធើ្វ។​ អ្នក​ខ្លះ​ចូល​តាមរយៈ​គេ​ជួល។ ​អ្នក​ខ្លះ​ចូល​តាមរយៈ​មិត្ត​ភក្តិ។ ​អ្នក​ខ្លះ​ក៏​លួច​ចូល​ទៅក្នុង​ប្រទេស​ថៃ​ដើម្បី​ទៅ​រក​ការងារ​ធើ្វ​ក្នុង​ប្រទេស​ថៃ»។​

លោកស្រី​ ឈា​ ម៉ានិត​ បាន​បញ្ជាក់​ថា​ កម្ពុជា​មាន​ការ​ព្រួយបារម្ភ​អំពី​ពលករ​ខែ្មរ​រាប់សែន​នាក់​ដែល​ធើ្វ​ការ​ដោយ​ខុស​ច្បាប់​នៅ​ថៃ​ដែល​ងាយ​នឹងរងគ្រោះ​ដោយ​ការ​កេង​ប្រវ័ញ្ច​ និង​ការ​ជួញ​ដូរ​មនុស្ស៕​

XS
SM
MD
LG