ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មេធាវី​លោក​ខៀវ សំផន​ទាមទារ​ឲ្យ​ដោះលែង​អតីត​ប្រមុខ​រដ្ឋខ្មែរក្រហម​នេះ​

  • គង់ សុឋានរិទ្ធ

​ខៀវ សំផន​ អតីត​ប្រមុខរដ្ឋ​ខ្មែរក្រហម
ភ្នំពេញ​៖ ក្រុម​មេធាវី​ការពារ​ក្តី​បាន​ស្នើសុំ​ដល់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្តី​ខ្មែរក្រហម​ឲ្យ​ដោះលែង​លោក​ខៀវ សំផន​ឲ្យនៅ​ក្រៅ​ឃុំ​ជាបន្ទាន់​ ដោយសារ​មូលហេតុ​ថា​ ការ​កាត់ក្តី​អាច​អូស​បន្លាយ​ពេល​យូរ។

នៅ​ក្នុង​សំណើ​ដាក់ជូន​សាលា​ដំបូង​កាលពី​ថ្ងៃ​សុក្រ ​ប៉ុន្តែ​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ មេធាវី​ចំនួន​បួន​រូប​របស់​ជន​ជាប់ចោទ​ខៀវ សំផន​ អតីត​ប្រមុខរដ្ឋ​ខ្មែរក្រហម ​បាន​លើក​ឡើង​ថា​ ការ​ឃុំខ្លួន​កូនក្តី​របស់​ពួកគេនេះ​ ​«មិន​មាន​មូលដ្ឋាន​ទៀត​នោះ​ទេ»។​

ក្រុម​មេធាវី​បន្ថែម​ថា ​មាន​ហានិភ័យ​នៃ​លទ្ធភាព​ការចេញ​សាលក្រម​ក្នុង​រយៈ​ពេល​សមស្រប​ និង​ការ​រំលោភ​សិទ្ធិ​ជា​មូលដ្ឋាន​ ហើយ​ក៏​ជា​ការ​ប៉ះពាល់​ដល់​ភាព​ថ្លៃថ្នូរ​លើ​កូនក្តី​ផង​ខ្លួន។​

មេធាវី​ដែល​រួមមាន​លោក​គង់ សំអុន​ និងសហ​មេធាវី​សញ្ជាតិ​បារាំង​ចំនួន​បី​រូប​គឺ​លោកស្រី​អាន​តា ហ្គី​សេ ​(Anta Guissé)​ លោក​អាទួរ វែកេន ​(Arthur Verken)​ និង​លោក​ហ្ស៊ាក់ វែ​ហ្ស៊ែស ​(Jacques Verges)​ បាន​លើក​ពី​ការ​បំបែក​នីតិ​វិធី​កាត់​ក្តី​ក្នុង​សំណុំ​រឿង​០០២​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាព​ឆាប់​រហ័ស​នៃ​ការកា​ត់​ក្តី​កូនក្តី​របស់​ពួក​ខ្លួន។​ ហើយ​ពួកគេ​បាន​គូស​បញ្ជាក់​ថា​ ដំណើរ​ការកាត់ក្តី​នេះ ​«មិន​ងាយ​នឹង​បញ្ចប់​នោះ​ទេ ​ហើយ​បើសិន​ជា​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ណាមួយ​ក៏ដោយ​ ក៏​លទ្ធភាព​នៃ​ការចេញ​សាលក្រម​នៅ​ឆ្ងាយ​ដែរ»។

មេធាវី​ទាំង​បួន​រូប​សង្កត់ធ្ងន់​ថា ​«ការបន្ត​ឃុំខ្លួន​ខៀវ ​សំផន ​ដោយ​គ្មាន​លទ្ធភាព​ចេញ​សាលក្រម​ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន»។​

ដូច្នេះ​ពួកគេ​គូស​បញ្ជាក់​ថា ​បរិបទ​នេះ​តម្រូវ​ឲ្យ​ដាក់​ខៀវ​ សំផន​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ ដោយសារតែ​ភាព​មិន​ប្រាកដ​ប្រជា​នៃ​ដំណើរការ​នីតិ​វិធី​តុលាការ។​

ហើយ​ក្រុម​មេធាវី​ស្នើ​ថា ការ​ដោះលែង​ខៀវ សំផន​ដោយ​ភ្ជាប់​ជាមួយ​នឹង​លក្ខ​ខណ្ឌ។​

លោក​ឡាស ​អល​សិន ​មន្ត្រី​ផ្នែក​ទំនាក់ទំនង​កិច្ចការ​ច្បាប់​របស់​សាលាក្តី​ខ្មែរ​ក្រហម​ មាន​ប្រសាសន៍​ថា​ អង្គ​ជំនុំ​ជម្រះ​បាន​ទទួល​សំណើ​ពី​ក្រុម​មេធាវី​ខៀវ សំផន​ហើយ។

«​អង្គ​ជំនុំជម្រះ​បាន​ទទួល​ការស្នើសុំ​នេះ​ហើយ។​ ក្រុម​ចៅក្រម​នឹង​ត្រូវ​ធ្វើ​សេចក្តី​សម្រេច​តាម​ផ្លូវ​តុលាការ ​ប៉ុន្តែ​យើង​មិនទាន់​ដឹង​ពី​ពេល​វេលា​ដែល​ពួក​គាត់​នឹង​ធ្វើ​សេចក្តី​សម្រេច​នោះទេ»។

ខៀវ សំផន ​អាយុ​៨១​ឆ្នាំ​នឹង​ត្រូវ​ឈាន​ចូល​វ័យ​៨២​ឆ្នាំ​នៅ​ចុង​ឆ្នាំ​២០១៣​នេះ។ គាត់​ត្រូវ​ចាប់ខ្លួន​កាលពីឆ្នាំ​២០០៧​ ក្រោម​ការចោទ​ប្រកាន់​ពី​ការ​ទទួល​ខុសត្រូវ​ចំពោះ​ការស្លាប់​ និង​ការ​សម្លាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​យ៉ាង​តិច​១,៧​លាន​នាក់​ក្នុង​ការ​កាន់កាប់​អំណាច​របស់​គាត់។​

អតីត​ប្រមុខរដ្ឋ​ខ្មែរក្រហម​ដដែល​នេះ​ត្រូវដាក់​ឲ្យ​ស្ថិត​ក្នុង​សំណុំរឿង​០០២​ជាមួយ​នឹង​នួន ​ជា​ អតីត​ប្រធាន​សភា​ និង​ជា​មេ​មនោគម​វិជ្ជា​ខ្មែរក្រហម ​អៀង សារី អតីត​រដ្ឋមន្ត្រី​ការ​បរទេស​ដែល​ទើប​នឹង​ស្លាប់​កាលពី​ពាក់កណ្តាល​ខែ​មុន ​និង​ប្រពន្ធ​របស់​អៀង ​សារី ​គឺ​អៀង ធីរិទ្ធ ​ដែល​ត្រូវបាន​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​ដោយសារ​តែ​ជំងឺ​វង្វេង​វង្វាន់​ធ្ងន់ធ្ងរ។​

កាលពី​ឆ្នាំ​២០១១​ តុលាការ​ធ្លាប់​បាន​បដិសេធ​មិនព្រម​ដោះលែង​ខៀវ សំផន​ឲ្យ​នៅ​ក្រៅ​ឃុំ​រួច​ទៅ​ហើយ​ ដោយ​បារម្ភ​ពី​ការ​ធ្វើឲ្យ​មាន​អស្ថិរភា​ព​សង្គម​ ប៉ះពាល់​ដល់​សាក្សី​ និង​ការធានា​វត្តមាន​ជន​ជាប់ចោទ​ក្នុង​ការកាត់ក្តី​ជាដើម។​
នៅ​ក្នុង​សំណើ​ទៅ​កាន់​អង្គ​ជំនុំ​ជម្រះ​កាលពី​សប្តាហ៍​មុន ​ក្រុម​មេធាវី​របស់​ជន​ជាប់ចោទ​បាន​បកស្រាយ​ប្រឆាំង​ទៅ​នឹង​ហេតុផល​ទាំងនោះ៕​
XS
SM
MD
LG