មន្ដ្រីជាន់ខ្ពស់គណបក្សសិទ្ធិមនុស្សមួយរូបបានចោទប្រកាន់ថា ក្រុមសកម្មជនរបស់គណបក្សប្រជាជនកម្ពុជា បានតាមរំខានជាច្រើនដល់សកម្មភាពឃោសនាបោះឆ្នោតនៅថ្ងៃចុងក្រោយរបស់ខ្លួននៅថ្ងៃសុក្រនេះ។
លោកអ៊ូ ប៊ុនរិទ្ធ តំណាងរាស្ដ្ររបស់គណបក្សសិទ្ធិមនុស្សប្រចាំខេត្តកណ្ដាលមានប្រសាសន៍ថា លោកបានដឹកនាំការឃោសនាទ្រង់ទ្រាយធំមួយដែលមានសកម្មជនសរុបចំនួន៣០០នាក់ នៅក្នុងស្រុកពញ្ញាឮ ខេត្តកណ្ដាល។ លោកអះអាងថា ក្បួនឃោសនានោះត្រូវបានរំខានដោយក្រុមអ្នកឃោសនាមកពីគណបក្សកាន់អំណាច ហើយលោកត្រូវបង្ខំចិត្តបញ្ឈប់យុទ្ធនាការ ក្រោយបន្ទាប់ពីធ្វើសកម្មភាពបានជាងបីម៉ោង។
«ពេលណាទៅកន្លែងណា គាត់ទៅកន្លែងហ្នឹង។ គាត់បិទផ្លូវយើង។ យើងហែលឆ្លងទៅស្ពានព្រែកក្តាម គាត់ឆ្លងទៅដែរទៅ។ ហើយហួសព្រែកក្តាម ត្រឡប់មកវិញ គាត់ត្រឡប់មកដែរ។ គប់ដបគោជល់មកលើសកម្មជនយើង។ កាលពីព្រឹកមិញ ក៏មានសកម្មជនយើងរាយការណ៍មកថា គាត់ដាក់ម៉េក្រូចេញមកពីផ្ទះហ្នឹង ក៏មានគណបក្សប្រជាជនមកទាញខ្សែម៉េក្រូផ្តាច់មិនឲ្យចាក់ម៉េក្រូ។ ខ្ញុំក៏ឮជេរមកខ្ញុំផ្ទាល់។ ខ្ញុំស្តាប់ ឮក៏មានការជេរមកខ្ញុំអញ្ចឹង»។
លោកអ៊ូ ប៊ុនរិទ្ធ បានបញ្ជាក់ថា លោកមានអន្ដរាគមន៍ពីគណៈកម្មការបោះឆ្នោតឃុំ និងស្រុកពញ្ញាឮដែរ ប៉ុន្ដែនៅតែមិនអាចទប់ស្កាត់ការរារាំងទាំងនោះទេ។
ទោះជាយ៉ាងណាលោកតូច សត្ថា អនុប្រធានគណៈកម្មាការរៀបចំការបោះឆ្នោតខេត្តកណ្ដាលមានប្រសាសន៍ថា បានហៅហេតុការណ៍ទាំងនោះថា ជាការស្ទះចរាចណ៍ដោយចៃដន្យពេលមានក្បួនឃោសនានយោបាយ។
«ក្បួនហ្នឹងវាទៅ វាចង្អៀត ស្ទះចរាចរណ៍។ អញ្ចឹងទៅពួកខ្ញុំ ទៅធ្វើអន្តរាគមន៍អាចបញ្ជៀសឲ្យមួយទៅសិន អញ្ចឹងបានជាមួយទៅទៀត។ អញ្ចឹងទៅយើងត្រូវដោះស្រាយទៅភ្លាមៗ បន្ទាប់ពីទទួលបានដំណឹងរួច»។
គណបក្សនយោបាយចំនួនដប់ បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៣ ខែមិថុនានេះ។ ការឃោសនាបោះឆ្នោតរយៈពេល១៥ថ្ងៃរបស់ពួកគេនឹងត្រូវបញ្ចប់នៅម៉ោង១២ យប់ថ្ងៃសុក្រនេះ។ គណបក្សទាំងអស់បាននាំគ្នាបង្កើតសកម្មភាពឃោសនាផ្តាច់ព្រ័ត្តនៅទឹកចុងក្រោយនេះ។ នៅក្នុងក្រុងភ្នំពេញក្រៅពីការដង្ហែរក្បួនតាមដងផ្លូវ ក៏មានការចាក់ភ្លេងនៅតាមចំណុចមួយចំនួនរបស់គណបក្សធំៗ ខ្លះដែរ។ ដោយឡែកគណបក្សតូចៗបានដាក់បញ្ជីឈ្មោះបេក្ខជន និងផ្តោតការឃោសនាជាពិសេសនៅតាមបណ្ដាខេត្ត។
មន្ដ្រីគណបក្សសិទ្ធិមនុស្សផ្សេងទៀតបានឲ្យដឹងថា មានក្រុមក្មេងស្ទាវប្រមាណជាប្រាំពីរទៅប្រាំបីនាក់បានស្ទាក់ និងគុបដុំថ្មទៅលើក្បួនដង្ហែរគណបក្សខ្លួនក្នុងសង្កាត់ព្រែកប្រា រាជធានីភ្នំពេញ។ ដំណាលគ្នានោះក្រុមក្មេងស្ទាវបានធាក់ក្រុមអ្នកដង្ហែរក្បួនដែលកំពុងតែជិះម៉ូតូផងដែរ។ មនុស្សពីរនាក់បានរងរបួសក្នុងនោះម្នាក់បានបែកក្បាល និងត្រូវបញ្ជូនទៅកាន់គ្លីនីក។ មន្ដ្រីដដែលនោះជឿថា ក្មេងស្ទាវទាំងនោះទំនងជាកូនរបស់ប្រធានភូមិនៅទីនោះ។
ប៉ុន្តែលោកលន់ ឆេងកៃ ប្រធានគណៈកម្មការបោះឆ្នោតរាជធានីភ្នំពេញ មានប្រសាសន៍ថា លោកបានទទួលស្គាល់ថា មានអំពើហិង្សាបែបនោះកើតឡើងមែន។ ដោយឡែកក្មេងទាំងនោះគឺជាក្មេងស្ទាវហិតកាវ។ ហើយពួកគេបានរត់គេចខ្លួនបាត់អស់ក្រោយពីបង្កអំពើហិង្សា៕