ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​ការពារក្តី​ជន​ជាតិរុស្ស៊ី​បានដាក់​ពាក្យធានា​ជន​សង្ស័យ​នេះនៅ​ក្រៅឃុំ​


សមាជិក​របស់​សមាគម​ក្រៅ​ប្រព័ន្ធ កម្មករ​រោងចក្រ​ និង​ប្រជា​ពលរដ្ឋ​រងគ្រោះ​ក្នុង​ជម្លោះ​ដី​ធ្លី​ បាន​សម្តែង​ការអបអរ​សាទរ​នៅ​ពេល​ដែល​លោក វន់ ពៅ និង​កម្មករ​ដ៏ទៃ​ទៀត​ត្រូវ​បាន​ដោះលែង នៅ​ព្រឹក​ថ្ងៃសុក្រ​ទី​៣០ ខែឧសភា ឆ្នាំ២០១៤។
សមាជិក​របស់​សមាគម​ក្រៅ​ប្រព័ន្ធ កម្មករ​រោងចក្រ​ និង​ប្រជា​ពលរដ្ឋ​រងគ្រោះ​ក្នុង​ជម្លោះ​ដី​ធ្លី​ បាន​សម្តែង​ការអបអរ​សាទរ​នៅ​ពេល​ដែល​លោក វន់ ពៅ និង​កម្មករ​ដ៏ទៃ​ទៀត​ត្រូវ​បាន​ដោះលែង នៅ​ព្រឹក​ថ្ងៃសុក្រ​ទី​៣០ ខែឧសភា ឆ្នាំ២០១៤។
ភ្នំពេញ​៖ មេធាវី​ការពារក្តី​ជន​ជាតិរុស្ស៊ី​បានដាក់​ពាក្យធានា​ជន​សង្ស័យ​នេះន​ៅ​ក្រៅ​ឃុំ ​ក្រោយពី​ជន​រងគ្រោះ​៦នាក់​បាន​ទទួល​សំណង​ ហើយ​ឈប់​ប្តឹង​ពីបទ​បង្ខំ​ឲ្យ​ពួកគេ​លោត​ទឹក​សមុទ្រ ​ហើយ​បោះបង់​ពួកគេ​ចោល។​

មេធាវី​ការពារ​ក្តី​ជនជាតិ​រុស្ស៊ីបាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ដើម្បី​ស្នើ​សុំ​ឲ្យ​នៅ​ក្រៅឃុំ​ បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​ចាប់​ខ្លួន​ជន​ជាតិ​រុស្ស៊ី​ចំនួន​៣​នាក់​ កាលពី​ដើម​ខែ​មករា​ពីបទ​សង្ស័យ​ថា​ បាន​ចាប់​បង្ខាំង​ពលរដ្ឋ​ខ្មែរ​ចំនួន​៦​នាក់​ ដោយខុសច្បាប់​ រួច​ហើយ​បាន​បង្ខំឲ្យ​ពួកគេ​លោត​ទឹក​សមុទ្រ។​

លោក​សេហ្គេ ផ្លាឌី (Sergei Vladi)​ មេធាវីការពារក្តី​ជនជាតិ​រុស្ស៊ី​ បាន​ប្រាប់​VOA​សម្លេង​សហរដ្ឋ​អាមេរិក​តាម​ទូរស័ព្ទពី​ខេត្តព្រះ​សីហនុ​មក​ថា​ លោក​បាន​ដាក់​ពាក្យ​ស្នើសុំ​ឲ្យ​កូន​ក្តី​លោក​នៅ​ក្រៅ​ឃុំ​ហើយ​កាលពី​ថ្ងៃច័ន្ទ​ម្សិល​មិញ​នេះ។​ ក៏​ប៉ុន្តែ​លោក​មិន​បាន​អត្ថាធិប្បាយ​លម្អិត​ទេ។​

«មេធាវី​ជនជាតិ​ខ្មែរ​បាន​ធ្វើ​កិច្ចការ​ងារនេះ​រួច​ហើយ។​ ខ្ញុំមិន​អាច​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​បាន​ទេ»។​
វីអូអេ​បាន​ព្យាយាម​ទាក់ទង​លោក​ស្រីស៊ន​ លីនណា​ ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ខេត្ត​ព្រះ​សីហនុ​ ដើម្បី​សុំ​សេចក្តី​បំភ្លឺ​ តែ​មិន​អាចធ្វើ​ទំនាក់​ទំនង​បាន​ទេនៅ​ថ្ងៃ​អង្គារ​នេះ។​

លោក​ប៉ូឡុនស្គី សេហ្គេ​ (Po Lonsky Sergie) ​អាយុ​៤១ឆ្នាំ​ ​ដែល​ជាម្ចាស់​សណ្ឋាគារ​ និង​ភោជនីយដ្ឋាន​ពស់​ និង​មាន​សណ្ឋាគារ​នៅ​កោះដែក​គោល​ព្រមទាំង​ជនជាតិ​រុស្ស៊ីពីរ​នាក់​ទៀត​ ដែល​ជា​នាយនាវា​នៃ​នាវា​កម្សាន្ត​មួយ​នៅ​ខេត្ត​ព្រះសីហនុ ​ត្រូវ​ចាប់ខ្លួន​ក្នុង​កណ្តាល​សមុទ្រ​កាលពី​ថ្ងៃទី​៣០​ខែធ្នូ ​បន្ទាប់ពី​ពួកគេ​បាន​ចាប់​បង្ខាំង​បុគ្គលិក​នាវា​របស់​ខ្លួន​ចំនួន​៦​នាក់នៅក្នុង​បន្ទប់ទឹក​ ដោយ​ប្រើ​កាំបិត​ចុង​ស្រួច​ភ្ជង់​ក​ រួច​បង្ខំ​ឲ្យ​ពួកគេ​លោត​ទឹក​សមុទ្រ។​

ហេតុ​ការណ៍​នេះ​បាន​កើត​មាន​ឡើង​នៅ​ចំណុច​កោះ​ដូង។ ​ហើយក្រោយ​ពី​កើត​ហេតុ​រួចមក​ ជនជាតិ​រុស្ស៊ីទាំង​បីនាក់​ក៏​បើក​នាវា​ចេញ​ដំណើរ​ចោល​ជន​រងគ្រោះ។

លោក​តិល សាមុត ​អ្នក​បកប្រែ​ជនជាតិ​រុស្ស៊ី បាន​ដក​ស្រង់​សម្តី​លោក​ប៉ូឡុនស្គី ​សេហ្កេ​ ប្រាប់​ព្រះរាជអាជ្ញារង​ខេត្ត​ថា ​ជនជាតិ​រុស្ស៊ី​មិន​មាន​បំណង​ចាប់​បង្ខាំង​មនុស្ស​ទេ។​ លោក​បាន​និយាយ​ថា​ ដំបូង​ឡើយ ​មុន​ពេល​កើត​ហេតុ​ ជនជាតិ​រស្ស៊ី​ ដែល​ជាម្ចាស់​នាវា​កម្សាន្ត​ បានបើក​នាវា​របស់​ខ្លួន​ចេញ​ទៅ​ដើម្បី​កម្សាន្ត​កណ្តាល​សមុទ្រ​ ក៏ប៉ុន្តែ​នៅ​ពេល​ដែល​លោក​ប៉ូឡុនស្គី សេហ្កេ​បញ្ជាឲ្យ​បុគ្គលិក​ខ្មែរ​នៅលើ​នាវា​ឲ្យ​ធ្វើ​ការ​ តែ​ពួកគេ​មិន​ស្តាប់​បង្គាប់​ ទើប​បាន​ជា​លោក​ចាប់​ពលរដ្ឋខ្មែរ​ម្តង​ម្នាក់ៗ​ដាក់​ក្នុង​បន្ទប់​ទឹក​ តែក្នុង​បំណង​ធ្វើ​លេង​សើចតែ​ប៉ុណ្ណោះ។​

លោក​សា​ មុត​បាន​និយាយ​ថា ​ជនជាតិ​ខ្មែរ​និង​ជនជាតិ​រុស្ស៊ី​បាន​ប្រាស្រ័យ​ទាក់​ទង​គ្នា​ជា​ភាសា​អង់គ្លេស​ តែ​មិន​យល់​គ្នា។ លោក​បាន​មាន​ប្រសាសន៍​ថា​ នៅពេល​ដែល​លោក​សេហ្កេ​ប្រាប់ជនជាតិ​ខ្មែរ​ថា​ ចង់​ហែល​ទឹក​លេង​ទេ? ​ពួកគេ​ស្តាប់​មិន​បាន​ក៏លោតទឹក​តែ​ម្តង​ទៅ។​

«បើ​ចង់ហែល​ទឹក​លេង​ អ្នក​ឯង​ដក​ឥវ៉ាន់​ពី​កប៉ាល់​រួច​ហែល​ទឹក​ទៅ។​ ដល់​ខ្មែរ​យើង​ស្តាប់​មិន​បាន ​ដកតែ​ឥវ៉ាន់​ ក៏លោត​ប្រូងៗ​ទៅ​បន្ត​កន្ទុយ​គ្នា​ម្នាក់​ម្តងៗ​ បួន​នាក់​ហ្នឹង​ទៅ។​ ហើយ​ដល់​ពេល​ពាក្យ​ខាង​ក្រៅ​ចេញ​មក​ថា​ គាត់​ហ្នឹង​បង្ខំ​ឲ្យ​គេ​លោត​ទឹក។​ អាហ្នឹង​តាម​សម្តី​ដែល​គាត់​និយាយ​នៅ​តុលាការ។​ ខ្ញុំ​ជា​អ្នក​បកប្រែ។ ខ្ញុំ​ប្រែទៅតាម​អ្វី​ដែល​គាត់​និយាយ។​ ខ្ញុំ​អត់​បាន​ឃើញ​នឹង​ភ្នែក​ ឮ​និង​ត្រចៀក​ទេ»។​

ជនជាតិ​រស្ស៊ី​បាន​ផ្តល់​សំណង​ចំនួន​២​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ហើយ​ក្រោយ​មក​ជន​រងគ្រោះ​ខ្មែរ​ទាំង​៦​នាក់​បាន​ដក​ពាក្យ​បណ្តឹង​ប្រឆាំង​ជំទាស់​និង​ជន​ជាតិ​រុស្ស៊ី​ក្នុង​គោល​បំណង​ដើម្បី​បញ្ចប់​រឿង​ក្តី​នេះ។​
តុលាការ​ខេត្ត​ព្រះសីហនុ​ នៅ​ថ្ងៃកាលពី​ច័ន្ទ​ បាន​ចាប់​ផ្តើម​កោះ​ហៅ​ជន​រងគ្រោះ​ចំនួន​៦​នាក់​មក​សាកសួរ​ បន្ទាប់​ពី​ពួកគេ​បាន​សម្រេច​ដក​ពាក្យ​បណ្តឹង​កាល​ពី​សប្តាហ៍​មុន។​ ក៏ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏ដោយ​ ក៏ជន​ជាតិ​រុស្ស៊ី​កំពុង​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ខេត្ត​ព្រះ​សីហនុ​នៅ​ឡើយ​ដើម្បី​រង់ចាំ​ការ​ជំនុំ​ជម្រះទោស៕​
XS
SM
MD
LG