មិនខុសពីលទ្ធផលមុន គណបក្សគ្រប់គ្រងអំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន នៅតែឈ្នះដាច់ឆ្ងាយក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៣នេះ។
លទ្ធផលផ្លូវការ កាលពីថ្ងៃអាទិត្យ ដែលបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបង្ហាញឲ្យឃើញថា គណបក្សប្រជាជនកម្ពុជា នៅតែឈរលំដាប់ទី១ និងគណបក្សសម រង្ស៊ី ឈរលំដាប់ទី២ គណបក្សសិទ្ធិមនុស្សទទួលបានលំដាប់ទី៣ ចំណែកឯគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានលំដាប់ថា្នក់លេខ៤។
គណបក្សប្រជាជនកម្ពុជាបានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន ១,៥៩២ឃុំ សង្កាត់ គឺប្រមាណ៩៧% នៃចំនួនក្រុមប្រឹក្សាឃុំ សង្កាត់ ទូទាំងប្រទេសចំនួន ១,៦៣៣ក្រុមប្រឹក្សាឃុំ សង្កាត់។ គណបក្សនេះទទួលបានអសនៈចំនួន ៨,២៩២។ ចំណែកគណបក្សសម រង្ស៊ី បានឈ្នះឆ្នោតជាប្រធានក្រុមប្រឹក្សាឃុំសង្កាត់ចំនួន២២ ទទួលបាន ២,១៥៥អសនៈ និងគណបក្សសិទ្ធិមនុស្សបានឈ្នះឆ្នោតជាប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន១៨ និង ៨០០អសនៈ។ គណបក្សហ៊្វុនស៊ីនប៉ិចទទួលបានប្រធានឃុំប្រឹក្សាឃុំសង្កាត់ចំនួន១ និង១៥០អសនៈ។ គណបក្សនរោត្តមឫណរទ្ធិ ទទួលបាន៥២អសនៈ ដែលចំនួននេះបានធ្លាក់ចុះពី៤២៥អសនៈ កាលពីការបោះឆ្នោតឆ្នាំ២០០៧ និងគណបក្សសញ្ញាតិកម្ពុជាដែលជាគណបក្សទើបនឹងបង្កើតថ្មីទទួលបាន ១អសនៈក្រុមប្រឹក្សាឃុំ សង្កាត់។
ក្រោយពីការប្រកាសជាផ្លូវការនូវលទ្ធផលកាលពីថ្ងៃអាទិត្យ គណបក្សនយោបាយដែលមិនទទួលបានសំឡេងតាមការរំពឹងទុកបានទាមទារឲ្យមានកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពីថ្នាក់ជាតិរហូតដល់ថ្នាក់ឃុំសង្កាត់។ ការទាមទារនេះ ដោយសារតែមន្ត្រីគណបក្សទាំងនោះ បានចោទប្រកាន់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានធ្វើការលម្អៀងទៅគណបក្សគ្រប់គ្រងអំណាច និងប្រព័ន្ធបោះឆ្នោត។ ការពិនិត្យបញ្ជីបោះឆ្នោតមានភាពសាំញ៉ាំ ហើយចំនួនអ្នកមិនបានចូលរួមនៅក្នុងការបោះឆ្នោតមានប្រមាណជាង១លាន៥សែននាក់។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី បាននិយាយថា លទ្ធផលនៃការបោះឆ្នោតនេះមិនបានបង្ហាញពីការប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ទេ។ លោកបានបញ្ជាក់ថា គជប ត្រូវតែមានការផ្លាស់ប្តូរដើម្បីឲ្យការបោះឆ្នោតលើកក្រោយ ប្រព្រឹត្តទៅតាមបទដ្ឋានអន្តរជាតិ។
«ការបោះឆ្នោតឡប់ឡែ ដូចការបោះឆ្នោតនៅក្នុងស្រុកខ្មែរនេះ យើងពិបាកយកជាការណាស់ពីព្រោះបញ្ហាកើតឡើងដដែលៗដោយសារតែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគឺជាឧបករណ៍នយោបាយរបស់គណបក្សកាន់អំណាច»។
លោកពល ហំ អ្នកនាំពាក្យគណបក្សសិទ្ធិមនុស្ស បើទោះបីជាគណបក្សនេះបានទទួលយកលទ្ធផលនៃការបោះឆ្នោតនេះក៏ដោយ ក៏លោកនៅតែសម្តែងការមិនពេញចិត្តចំពោះប្រព័ន្ធបោះឆ្នោតរបស់គជប។
«ក្នុងពេលនេះ គឺយើងទទួលយកនូវលទ្ធផលហ្នឹង។ យើងមិនបដិសេធថាមិនទទួលយកទេ ប៉ុន្តែយើងមានករណីកិច្ច យើងពិនិត្យមើលតទៅទៀតនៅពេលដែលបោះឆ្នោតជាតិ បោះឆ្នោតជាសកលនាឆ្នាំ២០១៣ ខាងមុខនេះថាតើការបោះឆ្នោតនេះ មានការប្រសើរដែរ ឬអត់? ហើយយើងនឹងរក្សាសិទ្ធិថាតើត្រូវចូលរួមនៅក្នុងការបោះឆ្នោត ឬមិនចូលរួម»។
លោក ជាម យៀប សមាជិកសភាតំណាងរាស្ត្រ និងជាសមាជិកអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា បានគាំទ្រលទ្ធផលនៃការបោះឆ្នោតនេះ។ លោកបានហៅការិះគន់របស់គណបក្សនយោបាយផ្សេងចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថា នេះជាវប្បធម៌របស់អ្នកចាញ់ឆ្នោតតែប៉ុណ្ណោះ។
«គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត វាមិនមែនជារបស់គណបក្សប្រជាជនកម្ពុជានោះទេ គឺជាអាជ្ញាធរមួយដែលឯករាជ្យ អព្យាក្រឹត្យ ហើយមានគ្រប់គណបក្សនយោបាយដែលគេចូលរួម»។
លោកសេង សុខេង ប្រធានគណបក្សសញ្ញាតិកម្ពុជាដែលទទួលបានមួយអសនៈនៅក្នុងឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានបញ្ជាក់ថាការបោះឆ្នោតនេះលោកអាចទទួលយកបាន។
«ចំពោះគណបក្សសញ្ញាតិកម្ពុជាពុំមានការទាមទារតវ៉ាជាមួយនឹងលទ្ធផលនេះទេ ដែលពាក់ព័ន្ធនឹងគជប»។
លោកទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននិយាយថាការបោះឆ្នោតពីមួយអណត្តិទៅមួយអណត្តិ គជប កំពុងតែខិតខំធ្វើកំណែទម្រង់របស់ខ្លួន បន្ទាប់ពីលោកបានទទួលស្គាល់ថានៅមានចំណុចខ្វះខាតជាច្រើន។
«តាមពិតទៅក្រោយការបោះឆ្នោត តែងតែមានការលើកឡើងវិជ្ជមាន និងអវិជ្ជមានពាក់ព័ន្ធនឹងការបោះឆ្នោត បើយើងប្រៀបធៀបនឹងការបោះឆ្នោតមុនៗ។ ការលើកឡើងបែបនេះ ឬក៏ខ្លឹមសារបែបហ្នឹងក៏មានដែរ។ ក៏ប៉ុន្តែជាទូទៅការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ គជប តែងតែធ្វើការកែលម្អ»។
លោក គល់ បញ្ញា នាយកអង្គការប្រតិបត្តិឃ្លាំមើលការបោះឆ្នោតមួយហៅថា ខុមហ្វ្រែលបានមានប្រសាសន៍ថា ដំណើរការបោះឆ្នោតដោយសេរីនៅមានកម្រិត។ ចំណែកដំណើរការបោះឆ្នោតដោយយុត្តិធម៌នៅមិនទាន់មានការកែលម្អនៅឡើយទេ សម្រាប់ការបោះឆ្នោតនៅកម្ពុជា៕