ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​រាជា​និយម​ចំនួន​ពីរ​គឺ​គណបក្ស​នរោត្តម រណឫទ្ធិ​និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ចុះកិច្ច​ព្រមព្រៀង​ចង​សម្ព័ន្ធភាព​គ្នា​ឡើងវិញ​បន្ទាប់​ពី​បាន​ខ្វែង​គំនិត​ខាង​ផ្លូវ​នយោបាយ​អស់រយៈពេល​ជាង​ប្រាំមួយ​ឆ្នាំ។

ការ​សម្រេច​ចង​សម្ព័ន្ធ​គ្នា​ឡើងវិញ​រវាង​គណបក្ស​រាជា​និយម​ទាំង​ពីរ​នេះ​បាន​ធ្វើ​ឡើង​នៅឯ​វិមាន​សន្តិភាព​ដែល​ជា​អគារ​របស់​រដ្ឋាភិបាល​ក្រោម​ការសម្រប​សម្រួល​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា។

ការសម្រប​សម្រួល​នេះ​បាន​ធ្វើឡើង​នៅ​ក្នុង​ពេល​ដែល​គណបក្ស​នយោបាយ​កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​បាន​ពាក់កណ្តាល​ផ្លូវ​សម្រាប់​ការ​ចូលរួម​ប្រកួត​ប្រជែង​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣ ​ខែ​មិថុនា ​ខាង​មុន​នេះ។​បន្ទាប់​ពី​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​គ្នា​ដែល​ធ្វើឡើង​ដោយ​គណបក្ស​នរោត្តម ​រណឫទ្ធិ​ដែល​តំណាង​ដោយ​សម្តេច​ក្រុម​ព្រះ​នរោត្តម​ រណឫទ្ធិ ​និង​លោក​ញ៉ឹក ​ប៊ុនឆៃ ​ខាង​ភាគី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​រួច​មក​ ព្រះអង្គ​ម្ចាស់​នរោត្តម ​រណឫទ្ធិ​បាន​មាន​ព្រះបន្ទូល​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ឯអគារ​វិមាន​សន្តិភាព​ថា​ គណបក្ស​ទាំងពីរ​បន្ទាប់​ពី​ចុះ​កិច្ចព្រមព្រៀង​នឹង​ឈាន​ទៅ​ដល់​ការបង្កើត​គណបក្ស​ថ្មី​មួយ​ខាង​មុខ​នេះ​ ដោយ​ដាក់​ឈ្មោះ​ថា​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ ​ព្រះអង្គ​បាន​មាន​បន្ទូល​ថា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ថ្មី ​នឹង​ត្រូវ​បង្កើត​ឡើង​ក្រោយ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ សម្រាប់​ការ​ចូលរួម​ការ​បោះឆ្នោត​ជា​សកល​នៅ​ក្នុង​ឆ្នាំ​២០១៣។

ព្រះអង្គ​បាន​បញ្ជាក់​ថា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ថ្មី​ គ្រោង​នឹង​ធ្វើ​សមាជ​នៅ​ពេល​ខាង​មុខ​ ដោយ​សម្រេច​គាំទ្រ​ព្រះអង្គ​ជា​ប្រធាន​គណបក្ស ​ហើយ​លោក​ញឹក ​ប៊ុនឆៃ ​ជា​អនុប្រធាន​គណបក្ស។

«ដែល​មាន​ការបង្រួប​បង្រួម​គិត​ពី​ខ្លួន​ឯង​ឲ្យ​ខ្លាំង​ជា​កម្លាំង​ជាតិ​ជា​មុន​សិន។​ ក៏​ប៉ុន្តែ​សូម​រំលឹក​ជូន​ ដោយសារ​តែ​រឿង​យើង​បែក​បាក់​គ្នា​ហ្នឹង​ហើយ​ បាន​មាន​ឈាម​រាជានិយម​ខ្លះ ​អញ្ជើញ​ទៅ​គណបក្ស​ប្រជាជន ​អញ្ជើញ​ទៅ​គណបក្ស​សម ​រង្ស៊ី ​អញ្ជើញ​ទៅ​គណបក្ស​កឹម ​សុខា។​ ដូច្នេះ​ទិសដៅ​របស់​ខ្ញុំ​ មិនមែន​ទៅ​ធ្វើ​ឲ្យ​គណបក្ស​ណា​ខ្សោយ​ទេ។​ ទិសដៅ​របស់​ខ្ញុំ​ថ្ងៃ​នេះ​ ដែល​ជា​ប្រវត្តិសាស្ត្រ​ គឺ​ធ្វើ​ម៉េច​ពង្រឹង​ឡើងវិញ​នូវ​កម្លាំង​រាជា​និយម»។

បន្ទាប់​ពី​មាន​បក្ស​ប្រហារ​ក្នុង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​តុលា​ ឆ្នាំ​២០០៦ ​ព្រះអង្គម្ចាស់​នរោត្តម ​រណឫទ្ធិ​ បាន​ភៀស​ព្រះកាយ​ចេញ​ពី​ប្រទេស​កម្ពុជា​ រហូត​ឈាន​ទៅ​ដល់​បង្កើត​គណបក្ស​ថ្មី​មួយ​ដោយ​ដាក់​ឈ្មោះ​ព្រះអង្គ​ផ្ទាល់​ខ្លួន​ឯង ​គឺ​គណបក្ស​នរោត្តម រណឫទ្ធិ។

លោក​ញ៉ឹក ​ប៊ុនឆៃ ​ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ បាន​មាន​ប្រសាសន៍​ថា​លោក​មាន​ការ​សប្បាយ​រីករាយ ​ដោយ​បាន​ឃើញ​គណបក្ស​រាជានិយម​ទាំង​ពីរ​បាន​រួបរួម​គ្នា​នៅ​ក្នុង​រង្វង់​គ្រួសារ​តែ​មួយ។ ​លោក​បាន​មាន​ប្រសាសន៍​ថា​គណបក្ស​ទាំង​ពីរ ​នឹង​មិន​បែក​គ្នា​ទេ​ នៅ​ពេល​អនាគត។

«ការ​បែក​បាក់​ហ្នឹង ​យើង​វា​ឃើញ​គ្នា​ហើយ​ថា​ជូរចត់​ណាស់។ ​ហើយ​រាជា​និយម​ វា​ចុះខ្សោយ។​ យើង​ខ្ញុំ​រីករាយ​ណាស់ ​ដែល​ថ្ងៃ​នេះ​អ្នក​រាជា​និយម​បាន​រួបរួម​គ្នា​ជា​កម្លាំង​មួយ​ធំ។​ ជា​ចំណែក​រួបរួម​នៅ​ក្នុង​សង្គម​ជាតិ ​ដើម្បី​យើង​ធ្វើ​យ៉ាងណា​ឲ្យ​ឱកាស​នៅ​ក្នុង​ការអភិវឌ្ឍ​ប្រទេស​ជាតិ​ ឲ្យ​មាន​ការ​រីក​ចម្រើន»។

លោក​បណ្ឌិត​ ឡៅ ​ម៉ុងហៃ ​អ្នក​វិភាគ​ឯករាជ្យ​មួយ​រូប​បាន​យល់​ឃើញ​ថា​ ការ​រួបរួម​គ្នា​រវាង​គណបក្ស​ទាំង​ពីរ​ ដោយសារ​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ចង់​ឃើញ​គណបក្ស​ទាំង​ពីរ​រស់នៅ​ក្រោម​ដំបូល​ឆ័ត្រ​របស់​ខ្លួន។ ​លោក​បាន​បញ្ជាក់​ថា​គណបក្ស​ទាំងពីរ​ នឹង​មិន​ទទួល​បាន​សំឡេង​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ទេ ​បើ​ទោះ​បី​ជា​មាន​ការ​រួបរួម​គ្នា​ក៏ដោយ។

«បើ​តាម​ប្រវត្តិ​ពី​មុនៗ ​មក​ហ្នឹង​បក្ស​ហ្នឹង​ ដូច​ជា​វាសនា​ក៏​មិន​ជា​ល្អ​ ដូច​ហែក​មេឃ​ឡើងវិញ​ដែរ។​ ព្រោះ​អាច​ប្រជាជន​គាត់​យល់​ថា ​វា​ដដែល​ៗ ​ហើយ​គាត់​ថា​បោះឆ្នោត​ខាត​តែ​សំឡេង។​ ដូច្នេះ​បោះឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាច​តែ​ម្តង​ទៅ»។

លោក​កឹម ​សុខា ​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​បាន​មាន​ប្រសាសន៍​ថា​ នេះ​គឺ​ជា​កលល្បិច​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គេ​ត្រូវ​ការ​គណបក្ស​រាជានិមយ​ទាំង​ពីរ​ ឲ្យ​ជួយ​បំបែក​សំឡេង​នៅ​ក្នុង​មូលដ្ឋាន។

«ជម្រើស​របស់​គាត់​គឺ​មាន​តែ​មួយ​ទេ ​រវាង​ហ៊្វុនស៊ិនប៉ិច ​ហើយ​រណឫទ្ធិ​ មាន​តែ​ថយ​ខ្លួន​ឲ្យ​ឆ្ងាយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​មក​រួម​ជាមួយ​អ្នក​ដែល​ប្រឆាំង​និង​អ្នក​ដែល​ប្រជា​ធិបតេយ្យ​ទាំង​អស់​គ្នា​នេះ។ ​អាហ្នឹង​ទើប​គាត់​មាន​វាសនា​អនាគត​នយោបាយ​ទៅ​មុខ​ទៀត។​ ហើយ​បើ​សិន​ជា​គាត់​ទៅ​ជ្រក​ក្រោម​ដំបូល​គេ ​ត្រឹម​បម្រើ​យុទ្ធសាស្ត្រ​គេ ​គឺ​អត់​មាន​អី​ដែល​ត្រូវ​ជីវិត​នយោបាយ​តទៅ​ទៀត​ទេ»។

គណបក្ស​នរោត្តម រណឫទ្ធិ​ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ដែល​កើត​ចេញ​ពី​រាជានិយម​តែ​មួយ​បាន​ថយចុះ​សំឡេង​ពី​ ៥៨​អាសនៈ​ កាល​ពី​ឆ្នាំ​១៩៩៣ ​មក​នៅ​ត្រឹម​តែ​ ២​អាសនៈ​ដូចគ្នា​តែ​ប៉ុណ្ណោះ​កាល​ពី​ឆ្នាំ​២០០៨ ​បន្ទាប់​ពី​គណបក្ស​ទាំង​ពីរ​បាន​ពុះបំបែក​ចេញ​ជា​ពីរ៕

XS
SM
MD
LG