មនុស្សចំនួន៤៨ នាក់បានស្លាប់បាត់បង់ជីវិត និង៣៥០នាក់ទៀតរងរបួសក្នុងគ្រោះថ្នាក់ចរាចណ៍អំឡុងពេលចូលឆ្នាំប្រពៃណីខ្មែរ។ នេះបើយោងតាមរបាយការណ៍ផ្លូវការរបស់ក្រសួងមហាផ្ទៃនៅថ្ងៃអង្គារនេះ។
របាយការណ៍នេះបានស្រង់ករណីគ្រោះថ្នាក់ចរាចណ៍រយៈពេលប្រាំថ្ងៃនៃអំឡុងពេលបុណ្យចូលឆ្នាំគឺនៅមុន និងនៅក្រោយមួយថ្ងៃនៃពិធីបុណ្យចូលឆ្នាំទាំងបីថ្ងៃ ដែលមានគ្រោះថ្នាក់សរុបបានកើតឡើងចំនួន១៦៥ លើក។ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ត្រូវនឹងឆ្នាំ ២០១២ នៃគ្រឹះសករាជទើបនឹងត្រូវបញ្ចប់កាលពីថ្ងៃអាទិត្យ។
ខេត្តព្រៃវែងមានចំនួនជនរងគ្រោះស្លាប់បាត់បង់ជីវិតច្រើនជាងគេគឺ ប្រាំបួននាក់ បន្ទាប់មកគឺខេត្តបាត់ដំបង ប្រាំមួយនាក់ និងខេត្តសៀមរាបបួននាក់។ ប៉ុន្ដែរបាយការណ៍ដដែលបង្ហាញថា ជនរងគ្រោះមានចំនួនតិចជាងឆ្នាំ ២០១១។ ពោលគឺជនរងគ្រោះដល់ស្លាប់បានថយចុះដប់នាក់ រីឯអ្នករងរបួសទាំងធ្ងន់ ទាំងស្រាលបានថយចុះចំនួន១៤០ នាក់បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
លោក ហាយ វ៉ារុន អនុប្រធាននាយកដ្ឋានសណ្ដាប់ធ្នាប់នៃក្រសួងមហាផ្ទៃមានប្រសាសន៍ថា ការថយចុះនេះ ដោយសារតែប្រជាពលរដ្ឋមានការយល់ដឹងពីច្បាប់ចរាចរណ៍ច្រើនជាងមុន និងមួយវិញទៀតក្រុមសមត្ថកិច្ច ក៏បានចុះត្រូតពិនិត្យនិងអប់រំជាពិសេសដល់ក្រុមអ្នកបើកបររថយន្ដតាក់ស៊ី នៅមុនពេលពិធីចូលឆ្នាំមកដល់។
យ៉ាងណាក៏ដោយលោក ហាយ វ៉ារុន បញ្ជាក់ថាការបើកបរលើសល្បឿនកំណត់ និង ការស្រវឹងសុរាគឺជាមូលហេតុចំបងនៃគ្រោះថ្នាក់។
«មូលហេតុដោយសារល្មើសល្បឿន ៥០ភាគរយ ស្រវឹង ១៣ភាគរយ ប្រជែងគ្រោះថ្នាក់ និងមិនគោរពសិទ្ធិអទិភាពដប់ភាគរយ មិនប្រកាន់ស្ដាំប្រាំបីភាគរយ ការបត់ឆ្វេងស្ដាំមិនប្រយ័ត្នបីភាគរយ ក្មេងរត់ឆ្លងផ្លូវបីភាគរយ។ ងងុយគេងកត្តាផ្លូវ និងយានយន្ដមួយភាគរយ»។
ថ្វីបើតួលេខផ្លូវការរបស់រដ្ឋាភិបាលបង្ហាញពីការចុះថយនៃករណីគ្រោះថ្នាក់ចរាចរ ក៏ដោយក៏មន្ដ្រីរបស់អង្គការជនពិការអន្ដរជាតិបែលហ្ស៊ីកចាត់ទុកថា នេះគ្រាន់តែជាតួលេខផ្លូវការបណ្ដោះអាសន្នតែប៉ុណ្ណោះ។
កញ្ញា សាន សុជាតា ប្រធានកម្មវិធីសុវត្ថិភាពចរាចររបស់អង្គការនេះបញ្ជាក់ថា តួលេខពិតប្រាកដប្រចាំឆ្នាំនឹងត្រូវបូកបញ្ចូល និងផ្ទៀងផ្ទាត់ជាមួយនឹងទិន្នន័យបានមកពីមន្ទីរពេទ្យ និងមណ្ឌលសុខភាពនានានៅទូទាំងប្រទេសផងដែរ។
«នេះគឺជាលទ្ធផលដំបូងដែលយើងអាចទទួលយកបានខ្លះៗ ពីក្រសួងមហាផ្ទៃ ប៉ុន្ដែមិនមែនជាតួលេខចុងក្រោយនៅឡើយពីព្រោះត្រូវរង់ចាំបូកសរុបទិន្នន័យពីខាងមន្ទីរពេទ្យ និងមណ្ឌលសុខភាពតាមរយៈក្រសួងសុខាភិបាល»។
កញ្ញា សាន សុជាតា បញ្ជាក់ថា គ្រោះថ្នាក់ចរាចរក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរតែងតែមានចំនួនច្រើនជាងចំនួនគ្រោះថ្នាក់ ដែលកើតឡើងក្នុងពេលផ្សេងៗទៀតក្នុងឆ្នាំនិមួយៗ។ យ៉ាងណាក៏ដោយការបូកសរុបតួលេខចុងក្រោយរបស់អង្គការជនពិការអន្ដរជាតិប៊ែលហ្ស៊ីច អាចនឹងធ្វើឡើងបីខែក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ៕