នៅថ្ងៃសុក្រនេះ សកម្មជនសិទិ្ធមនុស្សបានជំរុញឲ្យគណៈកម្មការសិទិ្ធមនុស្សអាស៊ានពង្រឹងការគោរពសិទិ្ធមនុស្សយ៉ាងខ្លាំងមួយនៅក្នុងតំបន់។
ការកត់សម្គាល់នេះបានធើ្វឡើងពីរថ្ងៃ មុខនឹងគណៈកម្មការអន្តររដ្ឋាភិបាលសិទិ្ធមនុស្សអាស៊ាននឹងចាប់ផើ្តមពិភាក្សាគ្នាលើសេចក្តីព្រាងសេចក្តីថែ្លងការណ៍ស្តីពីសិទិ្ធមនុស្សអាស៊ាន នៅខេត្តសៀមរាប នាថៃ្ងអាទិត្យខាងមុខនេះ។
លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា បានថ្លែងថា សេចក្តីប្រកាសស្តីពីសិទិ្ធមនុស្សអាស៊ាននេះត្រូវតែមានខ្លឹមសារស្របតាមស្តង់ដារអន្តរជាតិ និងមានលក្ខណៈល្អប្រសើរជាងសេចក្តីប្រកាសស្តីពីសិទិ្ធមនុស្សជាសាកល ដើម្បីជួយជំរុញការគោរពសិទិ្ធមនុស្សនៅក្នុងតំបន់អាស៊ាន។
«បើសិនជាអាស៊ានចង់បង្កើតសេចក្តីប្រកាសមួយថ្មីទៀត ទាល់តែវាល្អជាងសេចក្តីប្រកាសជាសកល។ សេចក្តីប្រកាសស្តីពីសិទិ្ធមនុស្សអាស៊ាននេះមិនអាចមានស្តង់ដារទាបជាងសេចក្តីប្រកាសស្តីពីសិទិ្ធមនុស្សជាសកលទេ»។
លោកធន សារ៉ាយ ប្រធានសមាគមសិទិ្ធមនុស្សអាដហុក បានថែ្លងថា អង្គការសិទិ្ធមនុស្សមានការព្រួយបារម្ភអំពីកង្វះគុណភាព និងស្តង់ដារអន្តរជាតិចំពោះសេចក្តីប្រកាសស្តីពីសិទិ្ធមនុស្សអាស៊ាននេះ។
«ការធើ្វសេចក្តីថែ្លងការណ៍នេះបន្ទាបតម្លៃសិទិ្ធមនុស្សពិភពលោកមិនឲ្យមានកម្រិតដូចនៅក្នុងស្តង់ដារពិភពលោក។ នេះជាបញ្ហាដែលយើងខ្វល់ខ្លាំង។ អញ្ចឹងហើយយើងចង់ឲ្យរក្សាកម្រិតឲ្យបានខ្ពស់ក្នុងការធើ្វសេចក្តីថែ្លងការណ៍ស្តីពីសិទិ្ធមនុស្សរបស់អាស៊ាននេះ។
«យើងមានការព្រួយបារម្ភអំពីសេចក្តីព្រាងថា ប្រាកដជាមិនសូវបានល្អទេ ហើយយើងនឹងធើ្វប្រតិកម្មចំពោះបញ្ហានេះ នៅពេលយើងបានឃើញសេចក្តីព្រាង»។
លោកឡាវ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យ បានថ្លែងថា សេចក្តីប្រកាសស្តីពីសិទិ្ធមនុស្សអាស៊ាននេះនឹងជួបឧបសគ្គស្មុគស្មាញ និងការខែ្វងគំនិតគ្នារវាងសមាជិកអាស៊ានប្រកាន់របបនយោបាយសេរី និងកុម្មុយនិស្ត។
«ដំណើរការអាស៊ានប្រហែលជាមិនដូចយើងគ្រោងទេ ដោយសារគេរកការព្រមព្រៀងមិនចង់ឲ្យប៉ះទង្គិចផ្លូវចិត្តរបស់ប្រទេសជាសមាជិកនោះទេ។ សេចក្តីថែ្លងការណ៍ចេញជាសកម្មភាពវិជ្ជមានជាក់ស្តែងភ្លាមៗ។ ខ្ញុំមិនសង្ឃឹមប៉ុន្មានទេ»។
លោកឡាវ ម៉ុងហៃបានលើកឡើងថា ប្រទេសកាន់លទិ្ធប្រជាធិបតេយ្យក្នុងអាស៊ានត្រូវតែពង្រឹងជំហរការពារសិទិ្ធមនុស្សដ៏មាំទាំ ហើយជួយណែនាំប្រទេសកុម្មុយនិស្តឲ្យដើរឆ្ពោះទៅរកការគោពរសិទិ្ធមនុស្ស។
ប្រទេសអាស៊ាន រួមមានកម្ពុជា វៀតណាម ឡាវ ថៃ ម៉ាឡេស៊ី សឹង្ហបុរី ហ្វីលីពិន ប្រ៊ុយណេ ភូមា និងប្រទេសឥណ្ឌូនេស៊ី ជាសហគមន៍មួយដែលមាននិន្នាការនយោបាយពីរផ្ទុយគ្នា គឺរបបប្រជាធិបតេយ្យ និងរបបកុម្មុយនិស្ត៕