ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ស្នើសុំ​ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២


បណ្ដឹង​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​បាន​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា​ដោយ​ប្រដាប់​អាវុធ​នៅ​តាម​បណ្ដោយ​ព្រំដែន​ខេត្ត​ឧត្តមានជ័យ​កម្ពុជា​ និង​ខេត្ត​សុរិន្ទ​របស់​ថៃ​អស់​រយៈពេល​ប្រាំបី​ថ្ងៃ​មក​ហើយ។
បណ្ដឹង​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​បាន​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា​ដោយ​ប្រដាប់​អាវុធ​នៅ​តាម​បណ្ដោយ​ព្រំដែន​ខេត្ត​ឧត្តមានជ័យ​កម្ពុជា​ និង​ខេត្ត​សុរិន្ទ​របស់​ថៃ​អស់​រយៈពេល​ប្រាំបី​ថ្ងៃ​មក​ហើយ។

រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជាទើប​តែ​បាន​ដាក់​បណ្ដឹង​មួយ​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្ដរជាតិក្រុង​ឡាអេ​ប្រទេស​ហូឡង់​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ស្នើ​សុំ​ឲ្យ​មាន​ការ​បកស្រាយ​លើ​សាលក្រមសម្រេច​ប្រគល់​ប្រាសាទ​ព្រះវិហារ​ឲ្យ​ប្រទេស​កម្ពុជា​ហើយ​បាន​ស្នើ​ឲ្យ​តុលាការ​នេះចាត់​វិធានការ​ជា​បន្ទាន់​ដើម្បី​ថែរក្សា​ប្រាង្គ​ប្រាសាទ​ចំណាស់​ជាង​៩០០​ ឆ្នាំ​របស់​ខ្មែរ​ នេះបើ​យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ដែល​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ។​

បណ្ដឹង​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​បាន​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា​ដោយ​ប្រដាប់​អាវុធ​នៅ​តាម​បណ្ដោយ​ព្រំដែន​ខេត្ត​ឧត្តមានជ័យ​កម្ពុជា​ និង​ខេត្ត​សុរិន្ទ​របស់​ថៃ​អស់​រយៈពេល​ប្រាំបី​ថ្ងៃ​មក​ហើយ។ ការ​ប្រយុទ្ធ​គ្នា​ដែល​ជា​ចំណែក​មួយ​ត្រូវ​គេ​សម្គាល់ឃើញ​ថា​បាន​រីក​រាលដាល​ពី​ជម្លោះ​នៅប្រាសាទ​ព្រះវិហារ។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួង​ការ​បរទេសបានទទូចថា ការចាត់វិធានការជា​បន្ទាន់ណា​មួយរបស់តុលាការយុត្តិធម៌អន្ដរជាតិ «គឺជាការចាំបាច់ចៀសពុំបាន» ដើម្បីឲ្យមានការឈប់បាញ់​គ្នា ជាអចិន្ដ្រៃយ៍រវាងប្រទេសគូ​ជំម្លោះ​ទាំងពីរ។

កាលពីខែ​មិថុនា​ឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្ដរជាតិក្រុងឡាអេ បានសម្រេចថាប្រាសាទព្រះវិហារជារបស់ប្រទេសកម្ពុជាដោយបញ្ចប់នូវការប្ដឹងទាមទារយ៉ាងចម្រូងចម្រាស់ពី​សំ​ណាក់ប្រទេសថៃ។

ក៏ប៉ុន្ដែប្រទេសថៃ បានសើរើដំបៅចាស់នេះ​ឡើង​វិញ​នៅ​ពេល​ដែល​ខ្លួន​បាន​ជំទាស់​មិន​បាន​សម្រេច​ចំពោះ​ការ​ដាក់​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ចូល​ជា​សម្បតិ្ត​បេតិកភណ្ឌ័​ពិភពលោក។

លោក កុយ គួង អនុរដ្ឋលេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​មាន​ប្រសាសន៍​ថា ការ​ស្នើសុំ​របស់​កម្ពុជា​ឲ្យ​មានការ​បកស្រាយ​លើសាលក្រម​ក្រុង​ឡាអេ​ គឺ​ដើម្បី​ទាមទារ​ការ​បញ្ជាក់​ច្បាស់លាស់​ពី​ខ្សែ​បន្ទាត់​ព្រំដែន។

«ចំណុច​នេះ​កាល​យើង​ដាក់​ស្នើ​ទៅ​គឺ​ឲ្យ​បកស្រាយ​តែ​រឿង​សាល​ក្រម​ឆ្នាំ​១៩៦២​ ដែល​សម្រេច​ឲ្យប្រាសាទ​ព្រះវិហារ​មក​ឲ្យ​ខាង​កម្ពុជា​ផ្អែក​ទៅ​លើ​ផែនទីដែល​ទទួល​ស្គាល់​ជា​អន្តរជាតិដែល​បង្កើត​ឡើង​ដោយ​គណកម្មការ​បារំាង​-សៀម»។

ក៏​ប៉ុន្ដែ​លោក​ ហង្ស ឆាយ៉ា អនុបណ្ឌិត​ច្បាប់​ផ្នែក​បរិដ្ឋាន​មក​ពី​ប្រទេស​អូស្ដ្រាលី​ និង​ជា​នាយកប្រតិបត្តិ​វិទ្យាស្ថាន​ខ្មែរ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​មាន​ប្រសាសន៍​ថា​ សំណើ​នោះ​នៅ​មិន​ទាន់​មាន​ភាព​ជាក់លាក់​នៅ​ឡើយ​ ហើយ​កម្ពុជា​គួរ​តែ​យក​មូលដ្ឋាន​ផែនទី​ដែល​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្ដរជាតិមកដោះស្រាយ​ជម្លោះ​នេះ​គឺ​ជា​ការ​គ្រប់គ្រាន់។

«ដូច​អត់​ច្បាស់​នៅ​ត្រង់​យ៉ាង​ម៉េច​ សុំ​ទាមទារ​ឲ្យ​គេ​បកស្រាយ​ហ្នឹង។ ខ្ញុំ​មិន​ភ្ញាក់​ផ្អើល​ទេ​ ថា​គេ​ឆ្លើយតប​មក​វិញ​ គេ​ថា​ឲ្យ​យើង​ពន្យល់​បន្ថែម​ទៀត​ ពីព្រោះ​ការ​សម្រេច​ឆ្នាំ១៩៦២ ច្បាស់​ហើយ​កម្ពុជា​ឈ្នះ​ ជឿ​ថា​ផែនទី​ណា​ដែល​ឆ្នាំ​១៩៦២ ​គេ​ទទួល​ស្គាល់​តែ​ប៉ុណ្ណឹង»។

បណ្ដឹង​របស់​ប្រទេស​កម្ពុជា​ដើម្បី​ស្វែង​រក​ការ​បកស្រាយ​សាលក្រម​របស់​តុលាការ​ក្រុងឡាអេ​បាន​បង្ហាញ​ពី​ការប្រឹងប្រែង​មួយ​ថ្មី​ទៀត​ក្នុង​ការ​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​របស់​ខ្លួន។ ការ​ប្រយុទ្ធ​គ្នា​ដែល​ភាគី​ កម្ពុជា​ចោទ​ថា​គឺ​ជា​ការ​រំលោភ​ឈ្លានពាន​របស់​ប្រទេស​ថៃ​ហើយ​ដែល​គូ​ជម្លោះ​របស់​ខ្លួន​បាន​រំលោភ​បទ​ឈប់បាញ់​គ្នា​ជា​បន្ដបន្ទាប់​បើ​ទោះ​ជា​មាន​ការ​ព្រមព្រៀង​រួមគ្នា​ក៏​ដោយ។

នៅ​ថ្ងៃនេះ​ រដ្ឋសភា​ប្រទេស​កម្ពុជា​ បាន​ថ្កោលទោស​ការ​បង្កជម្លោះ​ប្រដាប់អាវុធ​របស់​ប្រទេសថៃ​ហើយ​បាន​អំពាវនាវ​ស្វែង​រក​អន្ដរាគមន៍ពីសហគមន៍​អន្ដរជាតិ៕

XS
SM
MD
LG