ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិធីកាន់​ទុក្ខ​និង​គោរព​វិញ្ញាណក្ខន្ធ​នៅ​កោះពេជ្រ


ស្ពាន​ពេជ្រ​ភ្ជាប់​ទៅ​ក្រុង​កោះ​ពេជ្រ ជា​កន្លែង​​កើត​​ឧបទ្ទវហេតុ​ការ​ផ្អើល​ជាន់​គ្នា​កាល​ពី​ថ្ងៃ​បុណ្យ​អុំ​ទូក​ទី​៣។
ស្ពាន​ពេជ្រ​ភ្ជាប់​ទៅ​ក្រុង​កោះ​ពេជ្រ ជា​កន្លែង​​កើត​​ឧបទ្ទវហេតុ​ការ​ផ្អើល​ជាន់​គ្នា​កាល​ពី​ថ្ងៃ​បុណ្យ​អុំ​ទូក​ទី​៣។

មនុស្សរាប់ពាន់នាក់បានជួប​ជុំគ្នានៅ​ក្បាល​ស្ពាន​កោះពេជ្រ​ រាជធានី​ភ្នំពេញ នៃប្រទេស​កម្ពុជា ដើម្បីរៀបចំ​ពិធីបន់ស្រន់​ដល់អ្នកស្លាប់កាលពីដើម​សប្តាហ៍​នេះ ដែលបណ្តាលមកពី​ហ្វូងមនុស្សជា​ច្រើនជាប់នៅលើស្ពាន​នៅ​ថ្ងៃ​ចុង​ក្រោយនៃ​ពិធី​បុណ្យអុំទូក។

នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​ចូលរួម​ពិធី​កាន់​ទុក្ខ​នៅ​ស្ពាន​កោះពេជ្រកាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១០។ ចូល​រួមជា​មួយលោកនាយក​រដ្ឋ​មន្ត្រីក្នុងពិធីនោះ​ រួមមានតំណាង​រាស្ត្រ អ្នកនយោបាយ ប្រជាពលរដ្ឋ និង​ជន​បរទេស។

ទង់ជាតិត្រូវ​បានបង្ហូតពាក់​កណ្តាល ក្នុងពេលជាមួយគ្នានោះក៏មាន​កម្រង​ផ្កា និងផ្កា​ភ្ញី​ មានអុច​ធូប​ទៀន​នៅឯ​ពិធីកាន់ទុក្ខ​ ដើម្បីឧទ្ទិសដល់អ្នកស្លាប់ចំនួន ៣៤៧​នាក់នៅលើស្ពាន​កាលពីយប់ថ្ងៃ​ច័ន្ទ។ តាម​តួលេខ​ពី​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា មាន​មនុស្ស​៣៩៥​នាក់​រងរបួស។

លោក​កែប ជុតិម៉ា​ អភិបាល​ក្រុង​ភ្នំពេញ​មាន​ប្រសាសន៍ថា បើ​យោង​តាម​អ្នក​ស៊ើបអង្កេត ពេល​នោះ​ ស្ពាន​នេះ​បាន​ផ្ទុក​មនុស្ស​រហូត​ដល់ទៅ​៨.០០០នាក់​។ លោកថ្លែង​ថា៖

«ដូច​អ្នកបានឃើញស្រាប់ហើយ​ថា ស្ពាននេះមិនសម្រាប់មនុស្សរាប់ពាន់​នាក់ទេ។ ហេតុ​នេះហើយបានជាវា​កើត​ឡើងយ៉ាងដូចនេះ។ មហន្តរាយ​ធ្ងន់​ធ្ងរណាស់។ ក្នុងនាមខ្ញុំជាអភិបាលក្រុងភ្នំពេញ ខ្ញុំសូមសម្តែងការសោកស្តាយ​ចំពោះ​ប្រជាពលរដ្ឋ និងក្រុមគ្រួសាររបស់ពួក​គាត់»។

រដ្ឋាភិបាលឲ្យដឹង​ថា ភាគ​ច្រើន​ស្លាប់ដោយថប់ដង្ហើម ឬដោយធ្លាយឈាម​ក្នុងខ្លួន​នៅក្នុងភាព​ស្លន់ស្លោនោះ។ របាយការណ៍​បណ្តោះអាសន្ន​មួយនៃការ​ស៊ើបអង្កេត​ឲ្យ​ដឹងថា ភាព​ស្លន់ស្លោ​រត់ជាន់គ្នាបានកើតឡើងនៅពេលស្ពានចាប់យោល។

ខណៈ​មាន​មនុស្ស​ស្លាប់ជា​ច្រើន ចំនួន​នៃអ្នក​នៅសល់ពី​ស្លាប់​ដ៏​ច្រើនគេង​នៅលើកម្រាល​នៅតាមច្រកដើរក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ។

ឃុត​ វី​ អាយុជាង​២០​ឆ្នាំ ធ្វើការនៅរោងចក្រកាត់ដេរមួយ។​ គេទៅជាមួយនឹងស្រ្តីមួយចំនួនដែលជាអ្នកធ្វើ​ការជា​មួយកាលពីល្ងាចនោះ។ ពួកគេចង់ទៅលេងនៅ​លើ​កោះ​ពជ្រ​ ដែលជាកន្លែងកំសាន្តដ៏មានប្រជាប្រីយ៍ភាព​មួយ។

ប៉ុន្តែ នៅពេល​ដែលគេទៅដល់ពាក់កណ្តាលស្ពានដែលមានប្រវែង១០០​ម៉ែត្រនោះ​ មាន​មនុស្សជាច្រើ​នមកពី​ម្ខាងទៀតដែលបណ្តាលឲ្យជាប់គាំង។ ឃុត វី ថ្លែងថា៖

«អត់​ដឹង​ផង។ បែក​គ្នាអស់។ ជាប់​គាំង។ មនុស្ស​ច្រើន​ពេក​។ បែក​គ្នា​អស់»។

ឃុត វី​ សន្លប់ ហើយដឹងខ្លួនឡើងនៅមន្ទីរពេទ្យ។

រឿងស្រដៀងគ្នានេះ ​កើតឡើងចំពោះ​កម្មកររោងចក្រ​អាយុ​១៧ឆ្នាំ ​ម្នាក់​ទៀត​ឈ្មោះ​ ហ៊ី សុផាន ដែលបានទៅលេងបុណ្យ​អុំទូកជាលើកទីមួយ។ នាង​និយាយថា៖

«ខ្ញុំ គេ​ជាន់​ពេញ​ខ្លួន​ទាំង​អស់។ នៅ​សល់​កបន្តិច។ ខ្ញុំ​រើ​ឲ្យ​គេ​ជួយ។ ពេល​គេ​ជួយ​ ខ្ញុំលោតពី​លើ​ស្ពាន​ចុះ​មក​ទឹក។ គេ​ អ្នក​របួស​ៗដូច​គ្នា​ជួយ​ខ្ញុំ ទាញ​ខ្ញុំ​ឡើងមក។ ពេលខ្ញុំរើ​រួច ខ្ញុំលោតពីលើមក»។

នាង ​ហ៊ី សុផាន ស្លន់ស្លោយ៉ាងខ្លាំង ដែលធ្វើឲ្យនាងលោតចុះទៅក្នុងទឹក​ ទោះបីជាខ្លួនមិនចេះហែល​ទឹកក៏​ដោយ។ មនុស្សជា​ច្រើនលង់ទឹក ប៉ុន្តែនាង​សំណាងដោយមានអ្នកជួយ។

អ្នកខ្លះអំពាវ​នាវឲ្យបំផ្លាញស្ពាននោះចោល។ អ្នក​ខ្លះស្បថថា នឹងមិ​ន​ទៅ​លេងកោះពេជ្រ​នោះ​ទៀត​ទេ ដោយសារ​តែព្រលឹងនៃអ្នក​ស្លាប់ជាច្រើនវិលវល់នៅទី​នោះ។

រដ្ឋាភិបាលឲ្យដឹង​ថា​ ខ្លួននឹងសង់បូជនីយ៍​ដ្ឋានរំលឹកវិញ្ញាណក្ខន្ធមួយនៅ​ឯ​ស្ពាននោះ។

លោក​កែប ជុតិម៉ា អភិបាលក្រុងភ្នំពេញ មានប្រសាសន៍ថា សោកនាដកម្ម​នេះ គឺជាមេរៀនដ៏អាក្រក់មួយ សម្រាប់សាលា​ក្រុង។ ឆ្នាំក្រោយលោកសន្យាថា អាជ្ញាធរ​នឹង​រៀប​ចំឲ្យបានប្រសើរជាងនេះ៕

ប្រែ​សម្រួលដោយអ៊ឹម សុធារិទ្ធ

XS
SM
MD
LG