ប្រទេសកម្ពុជាទទួលបានប្រាក់កម្ចីនិងទុនវិនិយោគរាប់រយលានដុល្លារអាមេរិកពីប្រទេសចិនសម្រាប់អភិវឌ្ឍលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងកសិកម្ម។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី វេន ជៀបាវ (Wen Jiabao) បានសម្រេចជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យឡើងដល់២.៥០០លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៥ហើយប្រទេសចិនបានសន្យាថានឹងជំរុញឱ្យក្រុមហ៊ុនចិនមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនឡើងថែមទៀត។
លោកហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជាបានថ្លែងនៅថ្ងៃសុក្រនេះថាប្រទេសកម្ពុជាទទួលបានប្រាក់ប្រមាណ៦០០លានដុល្លារអាមេរិកដែលជាជំនួយឥតសំណង ប្រាក់កម្ចីសម្បទាន និងទុន វិនិយោគពីប្រទេសចិនសម្រាប់អនុវត្តគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ ថាមពល ឥណទាន និង កសិកម្មហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន១២។
ក្នុងអំឡុងពេលទស្សនកិច្ច៥ថៃ្ងនៅប្រទេសចិនចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៧ខែធ្នូលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានជួបពិភាក្សាជាមួយលោកប្រធានាធិបតី ហ៊ូ ជិនតាវ (Hu Jintao) លោកនាយក រដ្ឋមន្ត្រី វេន ជៀបាវ និងលោកប្រធានសភាប្រជាជនចិន វូ បាងហ្គ័រ (Wu Bangguo)។ មេដឹកនាំកម្ពុជានិងចិនបានយល់ព្រមគ្នាបង្កើត ដៃគូយុទ្ធសាស្ត្រសហប្រតិបត្តិការលើគ្រប់វិស័យ។
លោករដ្ឋមន្ត្រីការបរទេសហោ ណាំហុង បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅព្រលានយន្ត ហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីបានវិលត្រឡប់មកពីទស្សនកិច្ចនៅប្រទេសចិនថាក្នុងចំនួនទឹកប្រាក់ដែលកម្ពុជាទទួលបាននេះគឺមានជំនួយឥតសំណងចំនួន១៥លានដុល្លារអាមេរិកនិង៥៧៦លានដុល្លារអាមេរិកទៀតជាកម្ចីសម្បទាន និងទុនវិនិយោគរបស់ក្រុមហ៊ុនចិន។
លោកហោ ណាំហុងមានប្រសាសន៍ថា៖
«លោក វេន ជៀបាវ នាយករដ្ឋមន្ត្រីចិន បានប្រកាសជូនជំនួយឥតសំណងចំនួន១០០លានយ័នហើយទន្ទឹមនឹងនោះ ក៏បានយល់ព្រមផ្តល់ឥណទានជាកម្ចី ចំនួន៣០០លានដុល្លារអាមេរិកសម្រាប់អនុវត្តគម្រោងបីនៅកម្ពុជាក្នុងឆ្នាំ២០១០នេះ រួមមាន គម្រោងផ្លូវជាតិលេខ២១៤ ពីក្រុងត្បែងមានជ័យនៃខេត្តព្រះវិហារទៅកាន់ស្រុកថាឡាបរិវ៉ាត់នៃខេត្តស្ទឹងត្រែងចំនួន១០០លានដុល្លារអាមេរិក ផ្លូវជាតិលេខ៧៦ ពីក្រុងសែនមនោរម្យនៃខេត្តមណ្ឌលគីរី ចំនួន១០០លានដុល្លារអាមេរិកទៅតំបន់តាអង្គ និងគម្រោងអភិវឌ្ឍន៍ប្រឡាយទឹកទន្លេវ៉ៃកូ នៅខេត្តស្វាយរៀងជំហានទីមួយអស់ចំនួន១០០លានដុល្លារអាមេរិក។ នៅពេលគម្រោងធនធានទឹកនៅទន្លេវ៉ៃកូចប់អាចស្រោចស្រប់ដីស្រែប្រហែល៣០០.០០០ហិចតា»។
លោកហោ ណាំហុង បានបញ្ជាក់ថាក្នុងចំណោមកិច្ចព្រមព្រៀងចំនួន១២ដែលបានចុះហត្ថលេខានេះ រួមមានគម្រោងកសាងស្ពានជ្រោយចង្វាថ្មីមានតម្លៃជាង២៦,៧លានដុល្លារអាមេរិក ស្ពានតាខ្មៅតម្លៃ ប្រមាណ ៣២លានដុល្លារអាមេរិក គម្រោងអភិវឌ្ឍន៍ស្ទឹងពោធិ៍សាត់ជាង៦៣លានដុល្លារអាមេរិក គម្រោងកសាងកំណាត់ផ្លូវជាតិលេខ៤១ ពីបំបែកផ្លូវជាតិលេខ៤ត្រង់ថ្នល់ទទឹង ទៅស្រុកជុំគីរីខេត្ត កំពតប្រមាណ៤៥លានដុល្លារអាមេរិក។
លោកហោ ណាំហុង បានថ្លែងថា ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងចិន និងកម្ពុជាចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០១០នេះ មានតម្លៃទឹកប្រាក់១.១០០លានដុល្លារអាមេរិក។
លោក ហោ ណាំហុង បានបន្ថែមថាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី វេន ជៀបាវ បានសម្រេចជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យឡើងដល់២.៥០០លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៥។
លោកប្រធានាធិបតី ហ៊ូ ជិនតាវ បានសន្យាថាប្រទេសចិននឹងជំរុញឱ្យក្រុមហ៊ុនចិនមកវិនិយោគនៅ ប្រទេសកម្ពុជាកាន់តែច្រើនឡើងថែមទៀត។
លោកច័ន្ទ សុផល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា បានថ្លែងថា ការវិនិយោគរបស់ប្រទេសចិនលើ គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ស្ពាន ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រកសិកម្ម និងថាមពល នឹងជួយ ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា៕