កម្ពុជាបញ្ជាក់ជាថ្មីពីការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មដោយ និយាយថា មិនមានជំហរផ្លាស់ប្តូរទេ ក្រោយពីការស្លាប់របស់អូសាម៉ា ប៊ិន ឡាដិន (Osama bin Laden)។
ក្តីបារម្ភនានាអំពីបញ្ហាសងសឹកក្រោយពីមេដឹកនាំភេរវករអូសាម៉ា ប៊ិន ឡាដិន ត្រូវបានសម្លាប់ដោយកងទ័ពអាមេរិកកាលពីថ្ងៃច័ន្ទ។ មានសំណួរថាតើអំពើភេរកម្មនឹងត្រូវបន្តដល់ពេលណានោះ,កម្ពុជាបានបញ្ជាក់ថា ខ្លួននឹងបន្តការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មដោយគ្មានការប្រែប្រួលជាមួយនឹងសហគមន៍អន្តរជាតិ។ នេះបើតាមការអះអាងរបស់លោក កុយ គង់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។ លោក កុយ គង់ ថ្លែងថា៖
«ជំហររាជរដ្ឋាភិបាលយើងអត់មានអីប្រែប្រួលទេ។ យើងតែងតែ ប្រកាន់ជំហរច្បាស់លាស់ណាស់គឺប្រឆាំងដាច់ខាតចំពោះអំពើភេរវកម្មនេះ ព្រោះភេរវកម្មនេះជាអំពើមួយដែលសហគមន៍អន្តរជាតិ ក៏ដូច ជាសាកលលោកទាំងមូលធ្វើការផ្តន្ទាទោសហើយនឹងថ្កោល ទោស»។
មន្ត្រីរដ្ឋាភិបាល និងលោក គង់អះអាងថា កម្ពុជាមានច្បាប់ និងស្ថាប័នប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងចូលរួមហ្វឹកហ្វឺនជាមួយអន្តរជាតិផងដែរ។ លោក គង់ថ្លែងយ៉ាងដូច្នេះមួយថ្ងៃក្រោយពេលសហរដ្ឋអាមេរិកបានប្រកាសពីប្រតិបត្តិការនៅប៉ាគិស្ថាន ហើយសម្លាប់អូសាម៉ា ប៊ីន ឡាដិន ដែលជាមេដឹកនាំក្រុមអាល់កៃដាដែលទទួលខុសត្រូវចំពោះការវាយប្រហារនឹងសម្លាប់ជីវិតពលរដ្ឋអាមេរិក៣ពាន់នាក់ កាលពី១០ឆ្នាំមុន។ ប៊ីន ឡាដិនក្រោយមកបានស្ថិតក្នុងបញ្ជីតាមប្រម៉ាញ់ចាប់ខ្លួនខ្លាំងជាងគេរបស់អាមេរិក។
លោក ផៃ ស៊ីផានអ្នកនាំពាក្យរបស់រដ្ឋាភិបាលមួយរូបបានអះអាងថា ការចាប់បាន ឬការសម្លាប់ភេរវករហ្នឹងជាការសាទររបស់ពិភពលោកទាំងមូល ដែលស្អប់អំពើហឹង្សា។ លោកបញ្ជាក់ថា៖
«កម្ពុជាយើងមិនត្រឹមតែបានចូលរួមតាមរយៈសិក្ខាសាលាឬការ ចុះហត្ថលេខាទេយើងបានចាប់បញ្ជូនភេរវករចេញពីទឹកដីកម្ពុជា។ ដូច្នេះកម្ពុជាត្រូវការសន្តិភាព កម្ពុជាមិនគាំទ្ររាល់ភេរវកម្ម ភេរវកម្មឆ្លង ដែន»។
មន្ត្រីប៉ូលីសកម្ពុជាបានអះអាងថា មានការពង្រឹងសន្តិសុខនៅតាមគោលដៅជាច្រើនដូចជាស្ថានទូតបរទេស ហើយបង្កើនការប្រុងប្រយ័ត្នចំពោះឧក្រិដ្ឋកម្មឆ្លងដែន ជាដើមក្រោយពីបានឮដំណឹងអំពីការស្លាប់របស់ ប៊ិន ឡាដិន។ នេះបើតាមការអះអាងរបស់ឧត្តមសេនីយ៍ គាត ចន្ថារិទ្ធ អ្នកនាំពាក្យនគបាលជាតិដែលអះអាងថា មានបទបញ្ជា ពីអគ្គស្នងការនេត សាវឿនទាក់ទងនឹងបញ្ហាបណ្តឹងសន្តិសុខ។ លោកបានប្រាប់វីអូអេខ្មែរតាមទូរស័ព្ទថា៖
«ការកម្ចាត់បានមេភេរវករជារឿងមួយ តែសុវត្ថិភាពប្រជាពលរដ្ឋខ្មែរជារឿងសំខាន់ជាងគេ»។
លោក បណ្ឌិត ឡៅ ម៉ុងហៃអតីតៈអ្នកស្រាវជ្រាវជាន់ខ្ពស់របស់គណៈកម្មាធិការសិទ្ធិមនុស្សអាស៊ីបានអះអាងថា ការសម្លាប់អូសាម៉ា ប៊ីន ឡាដិននឹងនាំឲ្យមានការខឹងសម្បារពីអ្នកក្រោមបង្គាប់ ដែលអាចនឹងមានការប្រឆាំងនឹងពួកបច្ចឹមប្រទេស។ លោកថ្លែងថា ការបង្រ្កាបបាន ប៊ិន ឡាដិន មិនទាន់ជាជោគជ័យពេញលេញនៅឡើយទេ។
កម្ពុជាត្រូវសហរដ្ឋអាមេរិកចាត់ទុកថាជាដៃគូរប្រយុទ្ធប្រឆាំងនឹងអំពើភេរកម្មដ៏ល្អ ក្រោយពេលដែលមានកិច្ចសហការជាមួយអាមេរិកចាប់ខ្លួនមេបណ្តាញមួយចំនួននៃក្រុមភេរវករ ជេម៉ាអា អ៊ិស្លាម៉ីយ៉ាក្នុងប្រទេស ក្រោយពីមានការមកសម្ងំស្នាក់នៅរបស់ហាំបាលីនៅកម្ពុជា ហើយក្រោយមកត្រូវចាប់ខ្លួនក្នុងប្រទេសថៃឆ្នាំ២០០៣៕