ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រតិកម្ម​ចំពោះ​សេចក្តី​ថ្លែង​ការណ៍​របស់​សហចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ


លោក​ ឡូរ៉ង់ កាស្ពែ អង់ស៊ែម៉េ សហចៅក្រម​ស៊ើបអង្កេត​បម្រុង​
លោក​ ឡូរ៉ង់ កាស្ពែ អង់ស៊ែម៉េ សហចៅក្រម​ស៊ើបអង្កេត​បម្រុង​

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​មន្ដ្រី​សាលាក្ដី​ខ្មែរក្រហម ​មន្ដ្រីសង្គមស៊ីវិល ​និង​មន្ដ្រី​រដ្ឋាភិបាល​ បាន​បកស្រាយ​ដោយឡែកៗ​ពី​គ្នា​លើ​សេចក្ដីថ្លែងការណ៍​របស់​សហចៅក្រម​ស៊ើបអង្កេត​បម្រុង​លោក​ ឡូរ៉ង់ កាស្ពែ អង់ស៊ែម៉េ។

សហចៅក្រម​ស៊ើបអង្កេត​បម្រុង​សញ្ជាតិ​ស្វ៊ីស ​កាល​ពី​ថ្ងៃ​ពុធ​នេះ ​បាន​បង្ហាញ​ថា​ លោក​បាន​បំពេញ​ការងារ​ប្រកប​ដោយ​ការ​បាក់​ទឹក​ចិត្ត ​ការ​រារាំង​លោក​ពី​ការ​បំពេញ​កិច្ច​ស៊ើបអង្កេត​លើ​សំណុំ​រឿង​បន្ថែម​០០៣ ​និង​០០៤ ​ដ៏​ចម្រូងចម្រាស់ ដែល​សំណុំរឿង​ទាំង​ពីរ​នេះ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ដ្រី​ខ្មែរ​ ហ៊ុន ​សែន ​ប្រឆាំង​ជំទាស់​ជា​ចំហ។

<iframe width='480' height='305' src='http://www.voanews.com/templates/widgetDisplay.html?id=143672676&player=article' frameborder='0' allow

លោកស្រី ​គ្លែ ​ដាហ្វី ​អ្នក​ឃ្លាំមើល​ដំណើរការ​កាត់ទោស​ខ្មែរក្រហម​របស់​អង្គការ​គំនិត​ផ្ដួចផ្ដើម​យុត្តិធម៌​សង្គម​សេរី (OSJI) ដែល​មាន​មូលដ្ឋាន​ក្នុង​ក្រុង​ញូវយ៉ក​មាន​ប្រសាសន៍ថា ​ការ​លើកឡើង​របស់​លោក ​កាស្ពែ អង់ស៊ែម៉េ ​បង្ហាញ​ពី​ឧបសគ្គ​ជា​ច្រើន​ចំពោះ​ការងារ​របស់​គាត់​ដែល​ចាប់​ផ្ដើម​ចាប់​តាំង​ពី​សហចៅក្រម​ស៊ើប​អង្កេត​កម្ពុជា​រហូត​ដល់​បុគ្គលិក​កម្ពុជា​ដែល​ទទួល​ការណែនាំ​ ហើយ​លោកស្រី​គិត​ថា ​នេះ​បង្ហាញ​ពី​អនាគត​មិន​ល្អ​សម្រាប់​សំណុំរឿង​បន្ថែម​ខាង​លើ ​ហើយ​វា​ក៏​ជា​បញ្ហា​យ៉ាង​ធំ​សម្រាប់​សុចរិតភាព​នៃ​សាលាក្ដី​ខ្មែរក្រហម​ផង​ដែរ។

កាល​ពី​ថ្ងៃ​ច័ន្ទ​ លោក ​ឡូរ៉ង់ ​កាស្ពែ ​អង់ស៊ែម៉េ ​បាន​ប្រកាស​ថា ​លោក​នឹង​លាលែង​ពី​ការងារ​ជា​សហចៅក្រម​ស៊ើបអង្កេត​បម្រុង​នៅ​ខែ​ឧសភា ​ឆ្នាំ​នេះ។

ក្នុង​សេចក្ដីថ្លែងការណ៍​ក្នុង​កំណត់​ហេតុ​របស់​ខ្លួន​សហចៅក្រម​ស៊ើបអង្កេត​បម្រុង​សញ្ជាតិ​ស៊្វីស ​បាន​អធិប្បាយ​ថា ​សមភាគី​កម្ពុជា ​លោក​ចៅក្រម​ស៊ើបអង្កេត​ យូ ​ប៊ុនឡេង ​មិន​សហការ​ក្នុង​កិច្ចការ​ស៊ើបអង្កេត​ក្នុង​សំណុំរឿង​០០៣ ​និង​០០៤​។ ​លោក​ កាស្ពែ ​អង់ស៊ែម៉េ​ក៏បាន​លើក​ពី​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ទៀត​ដូចជា​បុគ្គលិក​ខ្មែរ​ត្រូវ​ស្ដាប់​បង្គាប់​លោក​ យូ​ ប៊ុនឡេង​ ការ​រំលោភ​នីតិ​វិធី​ ដែល​ប៉ះពាល់​ដល់​ការ​ស៊ើបអង្កេត ​ការ​រារាំង​ក្នុង​ការ​ប្រើ​ត្រា ​និង​មិន​បង្ក​ឱកាស​ងាយ​ស្រួល​បំពេញ​ក្នុង​ការងារ។

លោក ​នេត្រ​ ភក្ដ្រា ​អ្នក​នាំពាក្យ​សាលាក្ដី​ខ្មែរក្រហម​ខាង​ភាគី​កម្ពុជា​បាន​បញ្ជាក់​ថា ​លោក​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ចំណុច​ទាំង​នេះ​ទេ។ ក៏ប៉ុន្ដែ​លោក​បកស្រាយ​ថា ​មិន​មាន​ការ​រើសអើង​ក្នុង​ការ​បំពេញ​កិច្ចការ​ក្នុង​ការិយាល័យ​សហចៅក្រម​ស៊ើប​អង្កេត​ទេ។

«សូម​បញ្ជាក់​ថា ការិយាល័យ​នានា​របស់​ការិយាល័យ​រដ្ឋបាល​ហ្នឹង​គឺ​មិន​បាន​រើសអើង​ជាមួយ​នឹង​បុគ្គលិក​ជាតិ ​និង​បុគ្គលិក​អន្តរជាតិ​នោះ​ទេ។ ហើយ​ទាក់ទង​ជាមួយ​នឹង​បញ្ហា​នេះ​ដែរ ​ភាគី​នានា ​ដែល​ត្រូវ​បាន​លើកឡើង​នៅ​ក្នុង​កំណត់​បង្ហាញ​របស់​លោក​ចៅក្រម​ ឡូរ៉ង់កាស្ពែរ ​នោះ ​រួម​ទាំង​លោក ​យូ ​ប៊ុនឡេង ​ផងដែរ​គឺ​គាត់​នឹង​ធ្វើ​ការ​ឆ្លើយតប​មួយ​ចំនុច​ម្តងៗ​ទាក់ទង​ជាមួយ​នឹង​អ្វី​ដែល​ចៅក្រម​ ឡូរ៉ង់កាស្ពែរ ​បាន​លើក​ឡើង»។

លោក ​ឡូរ៉ង់ ​កាស្ពែ ​អង់ស៊ែម៉េ ​គឺ​ជា​សហចៅក្រម​អន្ដរជាតិ​ទី២ ក្នុង​ការរិយាល័យ​សហចៅក្រម​ស៊ើបអង្កេត​ ដែល​បាន​លាលែង​ពី​ការងារ​ដោយសារ​ការ​ជ្រៀតជ្រែក​និង​ការ​រារាំង​ពី​ភាគី​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​បំពេញ​កិច្ច​ស៊ើបអង្កេត​លើ​ជន​ជាប់​សង្ស័យ​ចំនួន​ប្រាំ​នាក់​ផ្សេង​ទៀត​ ក្នុង​សំណុំរឿង០០៣ ​និង​ ០០៤ ​ដែល​ត្រូវ​បាន​គេ​ជឿ​ថា​ ប្រជាពលរដ្ឋ​កម្ពុជា​ច្រើន​ម៉ឺន​នាក់​ស្លាប់​ និង​ត្រូវ​សម្លាប់​ក្រោមការ​គ្រប់គ្រង​របស់​ជន​សង្ស័យ​ទាំង​នោះ។

លោក ​ឡាស ​អលសិន ​អ្នក​នាំពាក្យ​សាលាក្ដី​ខ្មែរក្រហម​ខាង​ភាគី​អង្គការ​សហប្រជាជាតិ ​មាន​ប្រសាសន៍​ថា ​លោក​អគ្គលេខាធិការ​ អង្គការ​សហប្រជាជាតិ​ បានគីម៉ូន ​មាន​សិទ្ធិ​ក្នុង​ការ​តែងតាំង​ចៅក្រម​ថ្មី​មក​ជំនួស​លោក ​កាស្ពែ ​អង់ស៊ែម៉េ។

អ្នក​នាំពាក្យ​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​លោក ​ម៉ាទីន​ ណេស៊ើគី (Martin Nesirky) បាន​ឆ្លើយ​តាម​សារអេឡិចត្រូនិច​នៅ​ថ្ងៃ​នេះ​ថា ​លោក​កំពុង​អមដំណើរ​លោក​បាន ​គីមូន។ ​ហើយ​សហការី​របស់​លោក​នឹង​ឆ្លើយតប​នឹង​សំណួរ​របស់​វីអូអេ​ទាក់ទង​នឹង​បញ្ហា​នេះ។ ក៏​ប៉ុន្ដែ​រហូត​ដល់​នាទី​ចុងក្រោយ​នៅ​មាន​ទាន់​មាន​ចម្លើយ​ពី​អង្គការ​សហប្រជាជាតិ​ទាក់ទង​ នឹង​បញ្ហា​នៅ​ជុំវិញ​សេចក្ដី​ថ្លែងការ ​និង​ការ​តែងតាំង​សហចៅក្រម​ស៊ើបអង្កេត​អន្ដរជាតិ​ថ្មី​នោះ​ទេ។

លោកស្រី ​គ្លែ ​ដាហ្វី ​មាន​ប្រសាសន៍​ថា ​អង្គការ​សហប្រជាជាតិ​ មិន​ត្រូវ​ប្រញ៉ាប់ប្រញ៉ាល់​តែងតាំង​សហចៅក្រម​ស៊ើបអង្កេត​អន្ដរជាតិ​ថ្មី​ទេ​ នោះ​វា​នឹង​ក្លាយ​ជា​រឿង​អត់​បាន​ការ​ ដដែល​ ជា​ដដែល។ ប៉ុន្ដែ​អង្គការ​សហប្រជាជាតិ​ត្រូវតែ​ដាក់​លក្ខខណ្ឌ​លើ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ឲ្យ​កម្ពុជា​ដក​ខ្លួន​ចេញ​ពី​ការ​ជ្រៀតជ្រែក​នយោបាយ​លើ​ដំណើរការ​កាត់​ទោស​ខ្មែរក្រហម។

«អង្គការ​សហប្រជាជាតិ​មិន​គួរ​ធ្វើ​អ្វី​ទេ​ នៅ​ពេល​នេះ​ ទាក់ទង​ទៅ​នឹង​ការ​តែងតាំង​សហ​ចៅក្រម​ស៊ើប​អង្កេត​ថ្មី​នោះ ​រហូត​ដល់​រដ្ឋាភិបាល​ដោះស្រាយ​ចំណោទ​ ដែល​បាន​លើក​ឡើង​ដូច​ជា​ការ​ជ្រៀតជ្រែក​របស់​រដ្ឋាភិបាល ​និង​ត្រួតត្រា​លើ​ការ​តាម​ស៊ើបអង្កេត​ លើ​ជន​ជាប់​សង្ស័យ។ ​ប្រសិន​បើ​អង្គការ​សហប្រជាជាតិ​គ្រាន់​តែ​តែងតាំង​ចៅក្រម​មួយ​ទៀត​ ចៅក្រម​នោះ​នឹង​ក្លាយ​ជា​សហ​ចៅក្រម​ស៊ើបអង្កេត​អន្ដរជាតិ​ទី​៤ ហើយ​ប្រសិន​បើ​រដ្ឋាភិបាល​មិន​ដោះស្រាយ​ចំណោទ​បញ្ហា​ខាង​លើ ​គឺ​ដូច​ដែល​យើង​និយាយ​រួច​ទៅ​ហើយ​ចាប់​តាំង​ពី​លោក​ចៅក្រម ​ប៊្លុង ​លាលែង​ពី​ការងារ​នោះ​ថា ​អ្នកណា​ក៏​ដោយ​ដែល​មក​កាន់​ការ​ក្នុង​ការិយាល័យ​សហចៅក្រម​ស៊ើបអង្កេត​ គាត់​នឹង​និយាយ​ដូចៗ​គ្នា​ បេះបិទ​ទាក់ទង​ទៅ​នឹង​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ»។

ប៉ុន្ដែ​លោក ​ឯក ​ថា ​អ្នក​នាំពាក្យ​អង្គភាព​ពត៌មាន ​និង​ប្រតិកម្មរហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្រ្តី​ បាន​ប្រកែក​ថា ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ជ្រៀតជ្រែក​កិច្ចការ​កាត់ទោស​ខ្មែរក្រហម​ណា​មួយ​នោះ​ទេ។

«រដ្ឋាភិបាល​កម្ពុជា ​យើង​មិន​ដែល​ជ្រែជ្រែក​លូកដៃ ​នៅ​ក្នុង​កិច្ចការ​អង្គជំណុំជម្រះ​ វិសមញ្ញ​នៅ​ក្នុង​តុលាការ​កម្ពុជា។ អញ្ចឹង​រាល់កិច្ចការ​ទាំង​អស់​ធ្វើ​ឲ្យ​ឯកឧត្តម​អស់​លោក​ជា​ចៅក្រម ​ព្រះរាជអាជ្ញា​ អ្នក​ស៊ើបអង្គេត ​គេ​ធ្វើការ​របស់​គេ។ អីញ្ចឹង​យើង​ឥត​លូកដៃ»។

លោក ​ឡូរ៉ង់ ​កាស្ពែ ​អង់ស៊ែម៉េ ​ទើបតែ​ចូល​បំពេញ​ការងារ​ជំនួស​សហចៅក្រម​ស៊ើបអង្កេត​អាល្លឺម៉ង់​ លោក​ស៊ិកហ្រ្វ៊ិត ​ប្លុង ​កាល​ពី​ដើម​ឆ្នាំ​នេះ។ លោក​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ទាត់ចោល​មិន​តែងតាំង​ជា​សហចៅក្រម​ស៊ើបអង្កេត​ពេញ​មុខមាត់ ​ដោយសារ​អ្វីមួយ​ដែល​រដ្ឋាភិបាល​ពន្យល់​ទៅ​កាន់​អង្គការ​សហប្រជាជាតិ​ថា ​រូប​លោក​បង្ក​ឲ្យ​មាន​បញ្ហា​ផ្នែក​ក្រមវិជ្ជាជីវៈ ​បន្ទាប់​ពី​លោក​បាន​ជំរុញ​ឲ្យ​មាន​ការ​បើក​ចំហរ​ព័ត៌មាន​ជា​សាធារណៈ​ពី​ការ​ស៊ើបអង្កេត​សំណុំរឿង​០០៣ ​និង​០០៤ ​ហើយ​លោក​ក៏​បាន​ជំរុញ​ការ​ទទូច​របស់​ខ្លួន​ក្នុង​ការ​ស៊ើបអង្កេត​ឡើងវិញ​សំណុំរឿង​ស្មុគ្រស្មាញ​ទាំង​ពីរ​នេះ៕

XS
SM
MD
LG