ប្រទេសកម្ពុជាបានបញ្ជូនកំណត់ការទូតមួយទៅឱ្យប្រទេសថៃ ដើម្បីសម្តែងការមិនសប្បាយចិត្តចំពោះការបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរម្នាក់កាលពីសប្តាហ៍មុន បន្ទាប់ពីអាជ្ញាធរថៃបានផ្តល់ប្រាក់ជាង៩០០ដុល្លាអាមេរិកដល់ក្រុមគ្រួសារសព។ ប៉ុន្តែមន្ត្រីប៉ូលីសថៃបាននិយាយថា ការបាញ់នេះ មានហេតុផល។
នៅថ្ងៃពុធនេះ ប្រទេសកម្ពុជាបានទាមទារឱ្យរដ្ឋាភិបាលទីក្រុងបាងកក ចាប់ខ្លួនទាហ៊ានថៃ ដែលបានបាញ់សម្លាប់ជនជាតិខ្មែរកាលពីសប្តាហ៍មុនមកកាត់ទោសនៅចំពោះមុខតុលាការ។
ប្រតិកម្មនេះបានធ្វើឡើង បន្ទាប់ពីអាជ្ញាធរថៃបានផ្តល់ប្រាក់ចំនួនបីម៉ឺនបាតស្មើនឹងជាង៩០០ ដុល្លារអាមេរិក ដល់គ្រួសារសពកាលពីថ្ងៃសៅរ៍ នៅពេលដែលសពត្រូវបានដឹកមកកាន់ប្រទេសកម្ពុជាវិញ។
កាលពីថ្ងៃទី២៣ ខែមិថុនា ទាហានថៃនៅក្នុងអង្គភាពលេខ១៣ បានធ្វើការបាញ់រះមកលើអ្នកភូមិខ្មែរមួយក្រុម ដែលមានគ្នាបួននាក់ ដែលបានឆ្លងកាត់ព្រំដែនពីប្រទេសថៃចូលមកក្នុងប្រទេសកម្ពុជាវិញ។ លោកឌិន ឌឿ អាយុ៤៤ឆ្នាំ ដែលជាបុរសម្នាក់ក្នុងចំណោមមនុស្សបួននាក់ ត្រូវបានបាញ់សម្លាប់ដោយទាហានថៃនៅក្នុងខេត្តស្រះកែវ ប្រទេសថៃជាប់ព្រំដែនជាមួយខេត្តបាត់ដំបង។
កំណត់ទូតរបស់ក្រសួងការបរទេសកម្ពុជា ផ្ញើជូនស្ថានទូតថៃនៅភ្នំពេញបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាស្នើសុំឱ្យអាជ្ញាធរថៃពាក់ព័ន្ធមានវិធានការសមស្រប ដើម្បីទប់ស្កាត់អំពើដ៏អមនុស្សធម៌បែបនេះ កុំឱ្យកើតជាថ្មីម្តងទៀត និងស្នើធ្វើការស៊ើបអង្កេតលើឧបទ្ទវហេតុនេះឱ្យបានម៉ឹងម៉ាត់បំផុត ដើម្បីនាំខ្លួនក្រុមជនដែលប្រព្រឹត្តអំពើឃោរឃៅព្រៃផ្សៃនៃការបាញ់សម្លាប់នេះ មកផ្តន្ទាទោសតាមច្បាប់។
លោកកួយ គង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា៖
«រឿងបញ្ហាបាញ់សម្លាប់មនុស្សបែបនេះ។ យើងមិនអាចទូទាត់ជាមួយនឹងទឹកប្រាក់ ដែលបានផ្តល់ឱ្យជនរងគ្រោះនោះទេ។ រឿងបញ្ហាទឹកប្រាក់ដែលគេឱ្យមកជនរងគ្រោះចំនួនបីម៉ឺនបាត ឥឡូវក្រុមគ្រួសារជនរងគ្រោះទទួលបានហើយ ប៉ុន្តែអ្វីដែលសំខាន់រឿងនេះ ជារឿងព្រហ្មទណ្ឌមិនអាចយកប្រាក់មកទូទាត់ឱ្យរួចផុតពីទោស ដែលត្រូវទទួលនោះទេ ពីព្រោះរឿងនេះ គឺជាបញ្ហាសម្លាប់មនុស្ស។»
លោកកួយ គង់ បានបញ្ជាក់ថា ការបាញ់សម្លាប់នេះ បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍មនុស្សធម៌អន្តរជាតិ និងចំណុចទី៧៧នៃកំណត់ហេតុកិច្ចប្រជុំលើកទី៦របស់គណៈកម្មការចម្រុះ ដើម្បីធ្វើសហប្រតិបត្តិការទ្វេភាគីកម្ពុជាថៃកាលពីថ្ងៃទី៤-៥ ខែសីហា ឆ្នាំ២០០៩ នៅទីក្រុងបាងកក។ ចំណុចទី៧៧ បានកំណត់ថា ភាគីទាំងពីរមិនប្រើអំពើឃោរឃៅ អំពើហិង្សា ឬការធ្វើទារុណកម្មណាមួយទៅលើប្រជាពលរដ្ឋផងខ្លួន ទោះបីជាគាត់ឆ្លងព្រំដែនដោយខុសច្បាប់ និងការប្រព្រឹត្តអំពើខុសច្បាប់នៅក្នុងប្រទេសផងគ្នាត្រូវអនុវត្តតាមច្បាប់។ លោកបន្តថា៖
«បញ្ហាបាញ់បោះដូចសត្វធាតុនៅតាមព្រំដែននេះ គឺជាការធ្វើឡើងក្រៅប្រព័ន្ធច្បាប់ និងក្រៅប្រព័ន្ធតុលាការ។ ខ្ញុំគ្រាន់តែបញ្ជាក់ថា បើទោះជាគាត់បានប្រព្រឹត្តអ្វីដែលត្រូវតែទទួលទោសប្រហារជីវិត ដែលប្រទេសថៃមានទោសប្រហារជីវិតនោះ ក៏គួរធ្វើឡើងតាមរយៈប្រព័ន្ធយុត្តិធម៌ដែរ មិនមែនកាត់ទោសក្រៅប្រព័ន្ធតុលាការនេះទេ»។
លោកស៊ុផាឆៃ ចៃសាមុត (Supachai Jaisamut) អ្នកនាំពាក្យក្រសួងមហាផ្ទៃថៃ បានអះអាងនៅក្នុងកាសែត The Cambodia Daily ថា ការបាញ់នេះ មានហេតុផល ហើយបានថ្លែងថា សំណងច្រើន «មិនអាចទៅរួចទេ»។
លោកចាន់ សាវ៉េត ប្រធានក្រុមស្រាវជ្រាវនៃសមាគមសិទ្ធិមនុស្សអាដហុក (ADHOC) បានថ្លែងថា ប្រជាពលរដ្ឋខ្មែរយ៉ាងតិច១២នាក់ ត្រូវបានបាញ់សម្លាប់ដោយទាហ៊ានថៃ នៅតាមព្រំដែនរវាងពីខែសីហា ឆ្នាំ២០០៩ ដល់ខែមិនា ឆ្នាំ២០១០ ដោយគ្មានដំណោះស្រាយ។ លោកថ្លែងថា៖
«ការបាញ់សម្លាប់នេះ គឺជាអំពើរំលោភសិទ្ធិមនុស្ស និងនិទ្ទណ្ឌភាព។ ចាប់តាំងពីមានជម្លោះរវាងប្រទេសកម្ពុជា និងប្រទេសថៃ នៅក្នុងខែកក្កដា ឆ្នាំ២០០៨ ប្រជាពលរដ្ឋខ្មែរបានទទួលរងការបាញ់សម្លាប់នេះ ជាបន្តបន្ទាប់»។
កងទ័ពកម្ពុជា និងថៃបានប្រមូលផ្តុំគ្នានៅតំបន់ជម្លោះព្រំដែនក្បែរប្រាសាទព្រះវិហារ និងបានវាយប្រយុទ្ធគ្នាជាច្រើនលើក ដែលបានបណ្តាលឱ្យកងទ័ពយ៉ាងតិច៨នាក់ស្លាប់ បន្ទាប់ពីប្រាសាទព្រះវិហារ ត្រូវបានចុះនៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅក្នុងខែកក្កដាឆ្នាំ២០០៨។ ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងថៃបានធ្លាក់ចុះដល់កម្រិតធ្ងន់ធ្ងរបំផុត បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានតែងតាំងលោកថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra) អតីតនាយករដ្ឋមន្ត្រីថៃ ឱ្យធ្វើជាទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។