ក្រុមអ្នកភូមិនៅក្នុងឃុំក្បាលត្រាច ក្នុងស្រុកក្រគរខេត្តពោធិ៍សាត់ បាននាំគ្នាតវ៉ាប្រឆាំងនឹងការឈូសឆាយរបស់ក្រុមហ៊ុនលើដីដែលពួកគេអះអាងថាជាដីស្រែចម្ការរបស់ពួកគេ។ ក្រុមអ្នកភូមិនិយាយថា ពួកគេស៊ូស្លាប់ដើម្បីការពារដីរបស់ខ្លួន។
ឡូន ស៊ីវ័យនិយាយថា អ្នកស្រី ធ្វើចម្ការរាប់ឆ្នាំមកហើយនៅលើដីនេះ នៅក្នុងភូមិក្រឡាញ់ ឃុំក្បាលត្រាច ក្នុងស្រុកក្រគរ ខេត្តពោធ៍សាត់។
ស្ថិតក្នុងវ័យ៣៣ឆ្នាំ និងជាស្រ្តីមេម៉ាយកូន២ អ្នកស្រីឡូន ស៊ីវ័យនិយាយថា គ្រួសាររបស់អ្នកស្រីក៏ដូចជាអ្នកភូមិនេះដទៃទៀត បានពឹងអាស្រ័យលើដីនេះដើម្បីទ្រទ្រង់ជីវភាពរស់នៅ អស់ជាច្រើនជំនាន់មកហើយ។
ប៉ុន្តែពេលនេះ អ្នកស្រីនិយាយថា ក្រុមហ៊ុនភាពីម៉ិចដែលមានជម្លោះដ៏រាំរ៉ៃជាមួយអ្នកភូមិនេះ បានចាប់ផ្តើមឈូសឆាយដីចម្ការរបស់អ្នកស្រីជាថ្មីទៀត។
«ខ្ញុំបេះផ្លែឈើ បោចវល្លិ៍ ដងជ័រក៏នៅលើដីហ្នឹង ហើយកាប់ចម្ការធ្វើស្រែក៏នៅលើដីហ្នឹង។ បើគេយកអស់ ពួកខ្ញុំមានតែស្លាប់។ គាត់មិនសម្លាប់ខ្ញុំដោយផ្ទាល់ទេ តែដោយប្រយោល។ គាត់សម្លាប់ដោយបំបាត់ជីវភាពរបស់ពួកខ្ញុំ»។
ឡូន ស៊ីវ័យអះអាងថា កម្មកររបស់ក្រុមហ៊ុនដែលមានកងកម្លាំងប្រដាប់អាវុធការពារ បានយកគ្រឿងចក្រមកឈូសឆាយដីចម្ការទំហំជាង១ហិកតារបស់អ្នកស្រី និងដីចម្ការវិលជុំរបស់អ្នកភូមិកាលពីដើមសប្តាហ៍នេះ។
«មិនមែនជាការអភិវឌ្ឍន៍សម្រាប់អ្នកភូមិទេ។ នេះគឺជាការអភិវឌ្ឍន៍សម្លាប់អ្នកភូមិទៅវិញទេ»។
ដោយខឹងសម្បារនឹងក្រុមហ៊ុន អ្នកស្រីឡូន ស៊ីវ័យនិងអ្នកភូមិប្រមាណ១០០នាក់ផ្សេងទៀត បាននាំគ្នាទៅតវ៉ាដល់ការដ្ឋានក្រុមហ៊ុន ដើម្បីទាមទារឲ្យក្រុមហ៊ុននេះបញ្ឈប់ការឈូសឆាយដីចម្ការរបស់ពួកគេតទៅទៀត។
គុជ វេងគឺជាតំណាងម្នាក់របស់អ្នកភូមិទាំងនេះ។
«ប្រសិនណាជាក្រុមហ៊ុននៅតែបន្តសកម្មភាពទៀត ប្រជាពលរដ្ឋយើងខ្ញុំក៏នៅតែបន្តសកម្មភាព សុខចិត្តស្លាប់នៅលើដីហ្នឹង ព្រោះអស់ហើយ»។
ពុំមានតំណាងណាម្នាក់របស់ក្រុមហ៊ុនបានចេញមុខមកដោះស្រាយជាមួយអ្នកភូមិទេ។ ក្រុមអ្នកភូមិអះអាងថា ពួកគេបានចេញពីការដ្ឋានមុនពេលក្រុមអ្នកភូមិមកដល់។
ក្រុមអ្នកភូមិនិងអាជ្ញាធរមូលដ្ឋាននិយាយថា ក្រុមហ៊ុនភាពីម៉ិច ដែលគ្រប់គ្រងដោយភរិយារបស់សមាជិកព្រឹទ្ធសភាម្នាក់នៃគណបក្សប្រជាជនកម្ពុជា បានទទួលដីសម្បទានសេដ្ឋកិច្ចរាប់ម៉ឺនហិកតានៅក្នុងខេត្តនេះ ពីរដ្ឋាភិបាល ដើម្បីដាំដំឡូងមី។
ប៉ុន្តែក្រុមហ៊ុននេះបានជាប់ពាក់ព័ន្ធនឹងជម្លោះដ៏ស្រួចស្រាវជាមួយអ្នកភូមិនៅទីនេះអស់ជាច្រើនឆ្នាំមកហើយ។
លោកដួង សារិនគឺជាមេឃុំក្បាលត្រាច។ លោកនិយាយថា ដំណោះស្រាយចំពោះបញ្ហានេះ ហួសពីសមត្ថកិច្ចរបស់លោកហើយ។
«ពិបាកដែរចំពោះប្រជាជន។ ខ្ញុំមិនដឹងថាម៉ិច ដោះស្រាយយ៉ាងម៉ិចទេ មានតែសំណូមពរទៅលើទៀតតែប៉ុណ្ណឹង»។
លោកភួង សុធាគឺជាអ្នកសម្របសម្រួលនៃសមាគមអាដហុក ប្រចាំខេត្តនេះ។ លោកនិយាយថា ដើម្បីដោះស្រាយជម្លោះនេះ រដ្ឋាភិបាលគួរតែបញ្ជាក់ឲ្យបានច្បាស់អំពីព្រំប្រទល់ដីសម្បទានដែលខ្លួនបានប្រគល់ទៅឲ្យក្រុមហ៊ុន។
«យើងឃើញប្រជាពលរដ្ឋកន្លងមក ការតវ៉ាអហឹង្សាច្រើន ដូចជាការបិទផ្លូវ ដាក់លិខិតទៅអាជ្ញាធរខេត្ត ទីស្តីការគណៈរដ្ឋមន្ត្រី ទៅខុទ្ទកាល័យអី។ បើសិនជាអត់មានដំណោះស្រាយទេ ខ្ញុំគិតថា វាអាចនឹងមានអំពើហឹង្សាណាមួយកើតឡើងដែលយើងមិននឹកស្មានដល់»។
អ្នកស្រីឡូន ស៊ីវ័យនិងអ្នកភូមិទាំងនេះ និយាយថា ពួកគេពិតជាខ្លាចអំណាចរបស់ក្រុមហ៊ុន ប៉ុន្តែពួកគេបន្ថែមថា គេត្រូវតែក្រោកឈរឡើងតវ៉ា ដើម្បីសិទ្ធិរស់រានមានជីវិតរបស់ពួកគេ៕