សាលាឧទ្ធរណ៍នៅថ្ងៃពុធនេះបានសម្រេចដម្កល់សាលដីការបស់សាលាដំបូងខេត្តពោធិ៍សាត់ ដោយសម្រេចផ្តន្ទាទោស លោក តុប ច័ន្ទសេរីវុធ អតីតព្រះរាជអាជ្ញាខេត្តពោធិ៍សាត់ឲ្យជាប់ពន្ធនាគាររយៈពេល១៩ឆ្នាំ ពីបទចាប់ជំរិត បង្ខាំងមនុស្សខុសច្បាប់ និងស៊ីសំណូក។
សាលាឧទ្ធរណ៍បានបើកការជំនុំជម្រះចំពោះករណីនេះ កាលពីថ្ងៃទី២២ ខែកុម្ភៈ។ ក៏ប៉ុន្តែមិនបានប្រកាសសាលដីកាភ្លាមៗទេ។
លោក ប៉ុល សំអឿន ប្រធានចៅក្រមជំនុំជម្រះនៃសាលាឧទ្ធរណ៍បានប្រកាសសាលក្រមកំបាំងមុខ លោក តុប ច័ន្ធសេរីវុឌ្ឍ និងអង្គរក្សរបស់លោក ដោយសម្រេចដម្កល់សាលដីការបស់សាលាដំបូងខេត្តពោធិ៍សាត់ឲ្យនៅដដែល។
សាលាដំបូងខេត្តពោធិ៍សាត់ បានសម្រេចផ្តន្ទាទោសលោក តុប ច័ន្ទសេរីវុឌ្ឍ អតីតព្រះរាជអាជ្ញាឲ្យជាប់ពន្ធនាគាររយៈពេល១៩ឆ្នាំ។ តុលាការក៏បានសម្រេចផ្តន្ទាទោសអង្គរក្សរបស់លោកចំនួនពីរនាក់ផ្សេងទៀត គឺលោក ឈិត វុទ្ធី ឲ្យជាប់ពន្ធនាគាររយៈពេល១៦ឆ្នាំ និងលោក រស់ សំណាង ឲ្យជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ ក្រោមបទចោទប្រកាន់ដូចលោក តុប ច័ន្ទសេរីវុឌ្ឍដែរ។
ចំណែកលោក ពេជ កុងយូ ប្អូនថ្លៃលោក តុប ច័ន្ទសេរីវុឌ្ឍ ដែលពេលនេះកំពុងរត់គេចខ្លួនត្រូវតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួន។
លោក គា ឆាយ មេធាវីការពារក្តីជនជាប់ចោទបាននិយាយថា តុលាការមិនបានផ្តល់យុត្តិធម៌ជូនកូនក្តីរបស់គាត់ទេ ដោយសារតែតុលាការបានចោទប្រកាន់កូនក្តីរបស់លោករហូតដល់ពីរបទល្មើស។ លោកបានមានប្រសាសន៍ថា ប្រសិនណាបើមានការអនុញ្ញាតពីកូនក្តីរបស់លោក លោកនឹងប្តឹងសារទុកទៅតុលាការកំពូល។
«សម្រាប់ខ្ញុំ បើកូនក្តីគាត់ផ្ទេរសិទ្ធិឲ្យខ្ញុំប្តឹងជំនួសគាត់ក៏បាន ឬក៏គាត់ប្តឹងខ្លួនគាត់ក៏បានដែរ ដោយសារតែគាត់ពាក់ព័ន្ធទៅនឹងព្រហ្មទណ្ឌលុះត្រាតែមានលិខិតផ្ទេរសិទ្ធិពីគាត់ឲ្យខ្ញុំប្តឹងជំនួស ទើបខ្ញុំអាចប្តឹងបាន»។
លោក ឃាង សេង អនុប្រធានប្រឆាំងអំពើពុករលួយ បាននិយាយថាសាលាឧទ្ធរណ៍បានសម្រេចត្រឹមត្រូវទៅតាមទម្រង់ច្បាប់។
«ខ្ញុំមិនអាចសម្តែងមតិថា គាត់ហ្នឹងសម្រេចត្រឹមត្រូវហ្នឹងដោយហេតុអីទេ។ ប៉ុន្តែតុលាការឥតមានចម្លើយអីថែមទៀតទេ ហើយការវិនិច្ឆ័យរបស់តុលាការ គឺគាត់ពិនិត្យទៅលើអង្គហេតុ និងទៅលើសំណុំរឿងទាំងមូល។ ហើយជនជាប់ចោទគាត់ឥតមានអីដោះបន្ទុក។ អញ្ចឹងករណីនេះគឺការសម្រេចរបស់តុលាការគឺជាការត្រឹមត្រូវ»។
កាលពីថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១១ មន្ត្រីរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ បានឃាត់ចាប់រថយន្តសម្តែងសិល្បៈល្ខោនមួយ ដែលធ្វើដំណើរពីខេត្តកំពង់ចាម ដោយមានលួចបង្កប់ដាក់ឈើក្រញូងខុសច្បាប់ ហើយរដ្ឋបាលព្រៃឈើបានចាប់ខ្លួនជនសង្ស័យពីររូប។ ក៏ប៉ុន្តែក្រោយមកជនសង្ស័យបានបង់ប្រាក់ចំនួន ៣.០០០ដុល្លារសហរដ្ឋអាមេរិក ជាថ្នូរនឹងការដោះលែង។
ថ្លែងប្រាប់អង្គសវនាកាកាលពីថ្ងៃទី២២ ខែកុម្ភៈ លោក តុប ច័ន្ទសេរីវុឌ្ឍ បានបដិសេធថា លោកមិនបានទទួលសំណូកទាំងនោះទេ។ លោកបានមានប្រសាសន៍ថា នៅថ្ងៃកើតហេតុនោះ លោក និង ភរិយារបស់លោកនៅក្នុងទីក្រុងភ្នំពេញ៕