ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​សកម្មជន​ព្រៃ​ឈើ​មក​សហរដ្ឋ​អាមេរិក​ដើម្បី​ទាក់ទាញ​ការគាំទ្រ​


សកម្មជន​ព្រៃ​ឈើ​ក្នុង​សហគមន៍​ព្រៃ​ឡង់​និង​ជន​ជាតិ​ភាគតិច​កម្ពុជា​បាន​នាំ​យក​ក្តី​កង្វល់​របស់​ពួកគេ​មក​ដល់​សហរដ្ឋ​អាមេរិក​ដើម្បី​សុំ​ឱ្យ​មាន​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ​លើ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេ​សកម្ពុជានិង​ផល​ប៉ះពាល់​ដល់​ជន​ជាតិ​ដើម​ភាគតិច​ដែល​រស់​នៅ​ភាគ​ឥសាន្ត​ប្រទេស។

លោកស្រី​ផូគ ហុង​ជន​ជាតិ​កួយ​ដែល​ជា​អ្នក​ដឹកនាំ​ក្រុម​នោះបាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​សកម្មភាពកាប់​បំផ្លាញ​ព្រៃ​ឈើ​ដោយ​ក្រុមហ៊ុន​ដែល​ទទួល​បានដី​សម្បទាន​ពី​រដ្ឋាភិបាល​មាន​ទំហំ​ធំ​និង​បានប៉ះពាល់ដល់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​និង​វប្បធម៌​របស់​ជន​ជាតិ​ដើម។

«វា​ប៉ះពាល់​ច្រើន​មែនទែន​ហើយ​ក្នុង​តំបន់​ព្រៃ​ឡង់​ជាក់​ស្តែង​វា​បាត់​មុខ​របរ​របស់​គាត់​ប្រចាំថ្ងៃ​គឺ​ទីមួយ​ជ័រ​ដែល​ចម្បង​បំផុត​និង​រុក​រក​អនុផល​ពី​ព្រៃ​ឈើ​របស់​ពួកគាត់​ដូច​ជា​ការ​បោច​ផ្តៅ​រើស​ជ័រ​បោច​វល្លិ​អី​អញ្ចឹងដែល​ជា​មុខ​របរ​របស់​ពួកគាត់​ប្រចាំ​ថ្ងៃ។​ ជា​ពិសេស​ជន​ជាតិ​ដើម​ភាគតិច»។

សម្រាប់​លោក​ សាមឿន វុទ្ធី ​ជន​ជាតិ​ព្រៅ​នៅ​ខេត្ត​ស្ទឹងត្រែង​យល់​ថាដំណើរ​មក​សហរដ្ឋ​អាមេរិកគឺ​ជា​ការតស៊ូ​នឹង​គម្រោង​អភិវឌ្ឍន៍​វារីអគ្គិសនី​ដែល​បាន​ប៉ះពាល់​បរិស្ថាន​ដ៏​ល្អ​របស់​អ្នក​ស្រុក​ដើម​និង​ដើម្បី​រក្សា​តម្លៃ​ពលរដ្ឋសហគមន៍​របស់​លោក​ដែល​មិនព្រម​ធ្វើ​ជា​កម្មករ​ក្រុម​ហ៊ុន​ដែល​មក​អភិវឌ្ឍ​ហើយ​សន្យា​ផ្តល់​ការ​ងារ​ឱ្យ​នោះ​ទេ។

«ជន​ជាតិ​ដើម​ភាគតិច​បាន​មើល​ឃើញ​ថា​ការផ្តល់​សម្បទាន​ដី​ធ្វើ​វិនិយោគ​ហ្នឹង​មិនបម្រើ​ដល់​ផល​ប្រយោជន៍​សហគមន៍​ជន​ជាតិ​ភាគតិច​នៅ​តំបន់​នោះ​ទេ​ព្រោះ ​ជា​ប្រពៃណី​គាត់​មិន​ចូលចិត្ត​នៅ​របៀប​នៃ​ការស៊ីឈ្នួល​គេ​ទេ​ដោយ​សារ​ជា​ប្រពៃណី​គាត់​ចង់មាន​សិទ្ធិសេរី​ភាព​រុក​រក​ផល​អនុផល​ព្រៃ​ឈើ​មក​ចិញ្ចឹម​ជីវិត។ គាត់​ចង់​ទៅ​ធ្វើថ្ងៃ​ណា​ចង់​ទៅ​ថ្ងៃ​ណា​បាន​ថ្ងៃ​នោះ​ជន​ជាតិ​ភាគតិច​របស់​ខ្ញុំ​មិន​ត្រូវ​ការ​ការត្រួត​ត្រា​និង​បញ្ជា​ធ្វើ​នេះ​ធ្វើនោះ​ទេ»។

​ជា​ការ​ផ្តល់​កិត្តិយស​ដល់​សកម្ម​ជន​ទាំង​នោះ​អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) បាន​រៀបចំ​ពិធី​សំណេះ​សំណាល​មួយ​ក្នុង​ការិយាល័យ​របស់​ពួកគេ​ដល់​សមាជិក​និង​អ្នក​គាំ​ទ្រ​សិទ្ធិ​មនុស្ស​នៅរដ្ឋ​ធានីវ៉ាស៊ីនតោន។

កម្មវិធី​ដូច​ដែលមាន​នៅល្ងាច​ថ្ងៃ​ព្រហស្បតិ៍នេះ​គឺ​ជា​ឱកាស​មួយ​ផ្តល់​ឱ្យ​សកម្មជន​បាន​លើក​ឡើង​ពី​ក្តី​កង្វល់​របស់​ពួក​គេដោយ​ផ្ទាល់ទៅ​ដល់​ឆាក​អន្តរជាតិ​ឱ្យ​បាន​ដឹង​ឮ។ ​

សកម្មជន​ទាំង​នោះ ​បញ្ជាក់​ប្រាប់​អ្នក​ចូលរួម​ស្តាប់​ថា​ការដោះស្រាយ​នៅ​ថ្នាក់​ជាតិ​ហាក់​មិន​ទទួល​លទ្ធផល​អ្វី​ដែល​ជា​ទី​សង្ឃឹម​ទេ​ដោយ​សារ​មន្ត្រី​ពាក់​ព័ន្ធ​នានាមិន​ចាត់​ទុក​ថា​វា​ជា​បញ្ហា​សំខាន់​ដែល​គេ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឡើយ។ ពួកគេ​ស្នើឡើង​ថា​មធ្យោបាយ​ល្អ​គឺ​នៅមុន​រាល់​មាន​ការ​ផ្តល់​ដី​សម្បទាន​ម្តងៗ​រដ្ឋាភិបាល​គួរ​តែ​មាន​ការ​ពិគ្រោះ​ពិភាក្សាជាមួយ​សហគមន៍​មូល​ដ្ឋាន​ពី​កន្លែង​ដែល​អាច​អភិវឌ្ឍ​បាន​ជៀស​វាង​ការ​បំផ្លាញ​ព្រៃ​និង​តំបន់​សក្តិសិទ្ធិ​របស់​ពួកគាត់។​

លោក ព្រហ្ម​ ស៊ុនណូរ៉ា សកម្ម​ជន​នៃ​សមាគមការពារ​សិទ្ធិ​មនុស្សមួយ​នៅ​សហរដ្ឋ​អាមេរិកដែល​បានមក​ចូលរួម​ស្តាប់​បទបង្ហាញ​របស់សកម្ម​ជន​ព្រៃ​ឈើ​ទាំងនោះ​បាន​លើក​សរសើរ​ចំពោះ​សេចក្តី​ក្លាហាន​របស់ពួកគេ​ ក្នុង​ការ​ហ៊ាន​មកលើក​យក​ក្តី​កង្វល់មក​ដល់​ឆាក​អន្តរជាតិ​ហើយ​លោក​បាន​ស្នើ​សុំ​ថា​សហគមន៍​អន្តរជាតិ​មិន​ត្រូវ​នៅ​ធ្វើ​គ​ថ្លង់​ទៀត​ទេ។

«យើង​កំពុង​តែ​អំពាវ​នាវ​សព្វ​ថ្ងៃ​នេះ​គឺ​ថា​ជំរុញ​ខាង​រដ្ឋាភិបាល​អាមេរិកាំង​ហើយ​នឹង​អង្គការ​សហ​ប្រជា​ជាតិ​។ មាន​តែ​ពីរ​អង្គការ​ហ្នឹង​ទេ​ដែល​ធំ​ដែល​អាច​យើង​ជំរុញ​ទៅឱ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការដែល​ខំ​ប្រឹង​ប្រែង​រក្សា​ព្រៃឡង់​ ថែ​រក្សា​សិទ្ធិ​មនុស្ស​ ពីព្រោះ​នេះ​គឺ​ជា​រឿង​សិទ្ធិ​មនុស្ស​មួយ​ដែរ​ គឺ​ថា​អ្នក​ដែល​នៅ​កន្លែង​ព្រៃ​ឡង់​ហ្នឹង​គឺ​ថា​គ្នា​ខំ​ការពារ​របស់​គ្នា​ហើយ​អ្នក​ដែល​ទៅ​អភិវឌ្ឍ​ហ្នឹង​គឺ​រំលោភ​សិទ្ធិមនុស្ស​អ្នក​កាន់​កាប់​ព្រៃ​ឡង់​ហ្នឹង​គឺ​ជា​ការរំលោភ​សិទ្ធិ​មនុស្ស»។

អង្គការ​ការរស់​រាន​នៃ​វប្បធម៌​ឱ្យ​ដឹង​ថា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​អ្នក​ភូមិប្រហែល​ជា​២០០.០០០​នាក់​ដែល​ភាគ​ច្រើន​ជា​ជន​ជាតិកួយ​កំពុង​ខិតខំ​ប្រឹងប្រែង​ទប់​ស្កាត់​ការបំផ្លាញ​ព្រៃ​ឡង់​ដែល​ជា​ព្រៃ​ដ៏​ធំ​មួយ​នៅ​ជ្រោយ​ឥណ្ឌូចិន។

លោកស្រី​ ក្លៅឌៀ វ៉ាន់​ដឺម៉េដ ​អ្នក​សម្រប​សម្រួល​កម្មវិធី​អាស៊ី​អាគ្នេយ៍​នៃ​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​យល់​ថា​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​ស្វែង​រក​វិធី​ល្អ​ក្នុង​ការ​ជួយ​ដល់​សកម្មភាព​ពួកគេ​ជាជាង​បង្រ្កាប។

«អង្គការ​លើក​លែង​ទោស​មាន​ការ​ព្រួយ​បារម្ភ​លើ​បញ្ហា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ដែល​មាន​បញ្ហា​បណ្តេញ​មនុស្ស​ចេញ​ដោយ​បង្ខំ​និង​បញ្ហា​ដទៃ​ផ្សេង​ទៀត​ ប៉ុន្តែ​ការ​បណ្តេញ​មនុស្ស​ចេញ​ដោយ​បង្ខំ​គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ពិត​ប្រាកដ​មួយ​លើ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ហើយ​ជា​លទ្ធផល​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​យល់​ឃើញ​ថា​នោះ ​ជា​បញ្ហា​ដ៏​ធំ​នៅ​ប្រទេស​កម្ពុជា​ហើយ​លោក​ស្រី ហុង​គឺ​ជាផ្នែក​មួយ​ដែល​រង​បញ្ហា​ទាំង​អស់​នោះ»។ ​

ជា​ឱកាស​ដោយ​កម្រ​ក្រុម​សកម្មជន​ទាំង​នោះ​បាន​នាំយក​ក្តី​កង្វល់​របស់​ពួកគេ​មក​ឱ្យ​ស្ថាន​ទូត​កម្ពុជា​នៅ​សហរដ្ឋ​អាមេរិក​បាន​ដឹង​ផង​ដែរ។​

លោក​ហែម ហេង​ឯក​អគ្គ​រាជទូត​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា​ប្រាប់​តំណាង​ប្រជា​ពលរដ្ឋ​ទាំង​នោះ​ថា​លោក​គាំទ្រ​ចំពោះ​សហគមន៍​នានា​ក្នុង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ការពារ​ព្រៃ​ឈើហើយ​លោក​បាន​ថ្លែង​ការពារ​រាជ​រដ្ឋាភិបាល​កម្ពុជាថា​កំពុង​មាន​វិធានការ​ទប់​ស្កាត់​ជនល្មើស​បំផ្លាញ​ព្រៃ​ឈើ​ទាំង​ឡាយ។

«ខ្ញុំ​ជម្រាប​បងប្អូន​ថា​មក​ទីនេះ​បើ​បាន​ជា​មក​ហើយ​យើង​ដើរ​ជួប​ជាមួយ​នឹង​អ្នក​នេះ​អ្នក​នោះ​ដូច្នេះ​សូម​រក្សា​សូម​និយាយ​នូវ​ការណ៍​ពិត​ គឺ​មិនមែន​រាជ​រដ្ឋាភិបាល​មិន​ការពារ​ព្រៃ​ឈើ​ទេ​ រាជ​រដ្ឋាភិបាល​បាន​ចេញ​លិខិត​បទដ្ឋាន​នានា​ជាច្រើន​ដើម្បី​ការពារ​ព្រៃ​ឈើ​ដូច្នេះ​ការដែល​បំផ្លាញ​ព្រៃ​ឈើ​នោះ​គឺ​ជា​បុគ្គល​ជា​ឯកជន​ហើយ​រាជ​រដ្ឋាភិបាល​កំពុង​តែ​មាន​វិធាន​ការ​ដើម្បី​នឹង​ពិនិត្យ​មើល​នូវ​សម្បទាន​សេដ្ឋកិច្ច​ទាំងឡាយ​ដែល​មិន​អនុវត្ត​ទៅ​តាម​លក្ខន្តិកៈ ​ដែល​បាន​ចុះ ​ជាមួយ​នឹង​រាជ​រដ្ឋាភិបាល»។

សកម្មជន​ទាំង​នោះ ​បាន​ជួប​ជាមួយ​នឹង​មន្ត្រី​អង្គការ​សហ​ប្រជា​ជាតិ​នៅ​បូរី​ញ៉ីវយ៉ក​ហើយ​មាន​គម្រោង​ជួប​មន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​សុក្រ​នេះ៕

XS
SM
MD
LG