ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​រុករក​ប្រេងកាត


ភ្នំពេញ៖ ការ​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការ​យោគយល់​ស្តីពីកិច្ច​សហ​ប្រតិបត្តិការ​ប្រេងកាត​រវាង​ប្រទេស​កម្ពុជា​ ​និង​អ៊ីរ៉ង់​ ​គ្រោង​នឹង​ធ្វើ​ឡើង​នៅក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ហោ ណាំហុង​ ​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​អ៊ីរ៉ង់​នៅ​សប្តាហ៍ក្រោយ។​ កិច្ច​សហប្រតិបត្តិការ​ប្រេង​នេះ សំដៅ​ទៅ​លើ​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍បច្ចេក​ទេស ​និង​ចំណេះ​ជំនាញ​ខាង​វិស័យ​ប្រេង​ ​ជាពិសេស​ការ​ផ្តល់​ជំនួយ​ផ្នែក​បច្ចេក​ទេស​ដល់​កម្ពុជា​ ​ពីព្រោះ​ប្រទេស​អ៊ីរ៉ង់​ជា​ប្រទេស​ផលិត​ប្រេង​ដ៏​ធំ​នៅ​លើ​ពិភព​លោក​ ​ព្រមទាំង​បង្ហាញ​ពី​សក្តានុ​ពល​ផ្នែក​វិនិយោគ​ និង​ពាណិជ្ជ​កម្ម​នៅ​កម្ពុជា​ ជាពិសេស​សក្តានុ​ពល​ផ្នែក​កសិកម្ម។

ប្រទេស​កម្ពុជា​ និង​ប្រទេស​អ៊ីរ៉ង់​គ្រោង​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​ ប្រេង​នៅ​សប្តាហ៍​ក្រោយ​នេះ​ ​ក្នុង​ដំណើរ​ទស្សន​កិច្ច​លើក​ទីមួយ​របស់​លោក​រដ្ឋមន្ត្រី​ការ​បរទេស​ ហោ ណាំហុង​ ទៅ​ប្រទេស​អ៊ីស្លាម​មួយ​នេះ​ ដើម្បី​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ប្រធានាធិបតី​ Mahmoud ​Ahmadinejad។

លោក​ឧប​នាយក​រដ្ឋមន្ត្រី ​ហោ ណាំហុង ​រដ្ឋមន្ត្រី​ការ​បរទេស​ និង​លោក​ហូ វិចិត្រ​ ​អនុ​ប្រធាន​អាជ្ញាធរ​ ប្រេង​កាត​ជាតិ​កម្ពុជា​ ​ព្រម​ទាំង​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​ត្រូវ​បាន​អញ្ជើញ​ទៅ​ទស្សន​កិច្ច​ប្រទេស​អ៊ីរ៉ង់ ​ពីថ្ងៃ​ទី​១០ ​ដល់​ថ្ងៃ​ទី១១​ ខែ​សីហា​ ​នេះ​បើតាម​សេចក្តី​ថ្លែង​ការណ៍។

ក្នុង​អំឡុង​ទស្សន​កិច្ច​នេះ​ ​លោក​ហោ ណាំហុង​នឹង​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ Mahmoud Ahmadinejad ​និង​លោក​ប្រធាន​រដ្ឋសភា​អ៊ីរ៉ង់ ​Ali ​Ardashir​ Larijani ​ព្រមទាំង​ធ្វើ​ការ​ពិភាក្សា​ទ្វេ​ភាគី​ជាមួយ​លោក​ Manoucehe ​Mottaki ​រដ្ឋមន្ត្រី​ការ​បរទេស​ ​ ​លោក​ Masoud​ Mir​ Kazemi ​រដ្ឋមន្ត្រី​ក្រសួង​ប្រេងកាត​ និង​លោក ​Mehdi Ghazanfari ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម។

សេចក្តី​ថ្លែង​ការណ៍​បាន​បញ្ជាក់​ថា​ ​ដំណើរ​ទស្សន​កិច្ច​នេះ​មាន​គោល​បំណង​ពង្រីក​ទំនាក់​ទំនង​មិត្ត​ភាព​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​អ៊ីរ៉ង់​និង​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សន​កិច្ច​រវាង​មន្ត្រី​ក្រសួង​ការ​បរទេស ​និង​មេដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ។

សេចក្តី​ថ្លែង​ការណ៍​បាន​បន្ថែម​ថា​ ​ភាគី​ទាំងពីរ​គ្រោង​នឹង​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​ គ្នា​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​ប្រេង។

លោក​កុយ គួង ​អនុ​រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ បាន​ថ្លែង​ថា​ ​កិច្ច​សហ​ប្រតិបត្តិ​ការ​ប្រេង​នេះ​សំដៅ​ទៅ​លើ​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ ​បច្ចេក​ទេស​ ​និង​ចំណេះ​ជំនាញ​ខាង​វិស័យ​ប្រេង​ ​ជាពិសេស​ការ​ផ្តល់​ជំនួយ​ផ្នែក​បច្ចេក​ទេស។

លោក​កុយ គួង​បាន​បញ្ជាក់​ថា​ ​ប្រទេស​អ៊ីរ៉ង់​អាច​ផ្តល់​បទ​ពិសោធន៍​ បច្ចេកទេស ​និង​ចំណេះ​ជំនាញ​ ខាង​វិស័យ​ប្រេង​ផ្សេងៗ​ដល់​ប្រទេស​កម្ពុជា​ ​ខណៈ​ដែល​កម្ពុជា​ប្រុង​នឹង​ចាប់ផ្តើម​ដំណើរ​ការ​អាជីវ​កម្ម​ ប្រេង​នៅ​ក្នុង​ឆ្នាំ២០១២​ ​ពីព្រោះ​ប្រទេស​អ៊ីរ៉ង់​ជា​ប្រទេស​ផលិត​ប្រេង​សំខាន់ៗ​ ​នៅ​លើ​ពិភព​លោក។

«ដំណើរ​ទស្សន​កិច្ច​នេះ​សំដៅ​ពង្រីក​ទំនាក់​ទំនង​ឱ្យ​មាន​ភាព​កាន់​តែ​ទូលំ​ទូលាយ​ក្នុង​វិស័យ​ពាណិជ្ជ​កម្ម​ ​វិនិយោគ​ ​ការទូត​ និង​ប្រេងកាត។ ​ដំណើរ​ទស្សន​កិច្ច​នេះ​សំខាន់​ណាស់​ដើម្បី​បង្ហាញ​ពី​សក្តានុ​ពល​ផ្នែក​វិនិយោគ​ ​និង​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ​ ​ជាពិសេស​សក្តានុ​ពល​ផ្នែក​កសិកម្ម»។

លោក​ស្មាន ទៀត ​អនុ​ប្រធាន​គណៈ​កម្មការ​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​នៃ​រដ្ឋសភា​បាន​ថ្លែង​ថា​ ​ដំណើរ​ទស្សន​កិច្ច​នេះ​នឹង​ផ្តោត​លើ​ផល​ប្រយោជន៍​ទ្វេភាគី​ជា​សំខាន់។

«ដំណើរ​ទស្សន​កិច្ច​របស់​លោក​ឧប​នាយក​រដ្ឋមន្ត្រី​ហោ ណាំហុង​នេះ​ នឹង​នាំ​យក​ផល​ប្រយោជន៍​រួម​មក​ជូន​ជាតិ​ ​ហើយ​ខ្ញុំ​គិត​ថា​ ​ពិត​ជា​នាំ​មក​នូវ​ផល​ប្រយោជន៍​ដល់​សហគមន៍​ខ្មែរ-ឥស្លាម»។

លោក​សុះ មុះស៊ិន ​ប្រធាន​សមាគម​និស្សិត​ម៉ូស្លីម​កម្ពុជា​ បាន​និយាយ​ថា​ ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នឹង​ផ្តល់​ផល​ប្រយោជន៍​ទៅ​វិញ​ទៅមក​ ​ជាពិសេស​ការ​ធ្វើ​វិនិយោគ​ ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ ទំនាក់​ទំនង​ការទូត​ និង​ជំនួយ​ផ្សេងៗ។

ប្រទេស​គូវ៉ែត ​ប្រទេស​អារ៉ាប់រួម​ ​ប្រទេស​អារ៉ាប់​ប៊ីសាអូឌី​ ប្រទេស​អូម៉ង់​ និង​ប្រទេស​កាតា ​បាន​ទំនាក់​ទំនង​ជា​មួយ​ពាណិជ្ជករ​ខ្មែរ​សម្រាប់​ការ​វិនិយោគ​វិស័យ​កសិកម្ម។

លោក​កុយ គួង​បាន​ថ្លែង​ថា​ ​ប្រទេស​កម្ពុជា​បាន​បង្កើត​ចំណង​ទំនាក់​ទំនង​ការទូត​ជា​មួយ​ប្រទេស​អ៊ីរ៉ង់​ នៅ​ក្នុង​ឆ្នាំ១៩៩២​ ​ប៉ុន្តែ​ប្រទេស​ទាំងពីរ​មិន​ទាន់​បាន​បង្កើត​ស្ថានទូត​នៅក្នុង​ប្រទេស​រៀង​ខ្លួន​ទេ។ ​ប្រទេស​កម្ពុជា​បាន​ធ្វើ​ទំនាក់​ទំនង​ការទូត​ជាមួយ​អ៊ីរ៉ង់​តាម​រយៈ​ស្ថានទូត​អ៊ីរ៉ង់​នៅ​ទីក្រុង​ហាណូយ។ ​ប្រទេស​អ៊ីរ៉ង់​នៅ​មិន​ទាន់​មាន​សកម្ម​ភាព​វិនិយោគ​ និង​ពាណិជ្ជ​កម្ម​នៅ​កម្ពុជា​ទេ។ ​លោក​Mohsen Kohkan ​ប្រធាន​ក្រុម​សភា​មិត្តភាព​អ៊ីរ៉ង់-កម្ពុជា​ ដែល​បាន​មក​ទស្សន​កិច្ច​នៅ​កម្ពុជា​ក្នុង​ខែ​មិថុនា​ ​បាន​ស្នើ​សុំ​កម្ពុជា​អនុញ្ញាត​ឱ្យ​បង្កើត​ស្ថានទូត​នៅ​អ៊ីរ៉ង់​ ​ហើយ​សភា​អ៊ីរ៉ង់​ជំរុញ​រដ្ឋាភិ​បាល​របស់​ខ្លួន​ឱ្យ​តែង​តាំង​ឯក​អគ្គ​រដ្ឋ​ទូត​ប្រចាំ​នៅ​កម្ពុជា៕

XS
SM
MD
LG