ភ្នំពេញ៖ ប្រទេសកម្ពុជាត្រៀមរៀបចំបង្កើតតុលាការសម្រាប់កាត់ទោសអនីតិជនសំដៅការពារសិទ្ធិសេរីភាព និងផលប្រយោជន៍របស់អនីតិជនតាមផ្លូវច្បាប់ ខណៈដែលការរំលោភសិទ្ធិរបស់អនីតិជនមានការកើនឡើងដ៏គួរឱ្យព្រួយបារម្ភ។ ក្រុមមន្ត្រីតុលាការ និងអង្គការមិនមែនរដ្ឋាភិបាលសម្តែងការស្វាគមន៍ និងការគាំទ្រដល់ការផ្តួចផ្តើមគំនិតនេះ ដោយចាត់ទុកថា ជាជំហ៊ានវិជ្ជមានឆ្ពោះទៅរកតុលារការជំនាញសម្រាប់កាត់ទោសអនីតិជនប្រកបដោយវិជ្ជាជីវៈនៅកម្ពុជា។
ក្រុមអ្នកជំនាញការច្បាប់បានជួបប្រជុំគ្នាជាលើកទីមួយនៅក្នុងសិក្ខាសាលាមួយនៅថ្ងៃពុធនេះ ដើម្បី រិះរកមធ្យោបាយបង្កើតតុលាការសម្រាប់កាត់ទោសករណីព្រហ្មទណ្ឌរបស់អនីតិជន ក្រោមអាយុ១៨ឆ្នាំ។
អ្នកចូលរួមជាង៥០នាក់មកពីតុលាការខេត្ត ក្រុង ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ និងអង្គការមិនមែនរដ្ឋាភិបាល បានចូលរួមនៅក្នុងការពិភាក្សាអំពីការបង្កើតច្បាប់ស្តីពីយុត្តិធម៌ សម្រាប់អនីតិជន ដែលទាក់ទងនឹងករណីព្រហ្មទណ្ឌ។
លោកអង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងបើកសិក្ខាសាលានេះថា លោកសូមស្វាគមន៍ និងគាំទ្រគំនិតផ្តួចផ្តើមទាំងនេះ ដែលនេះជាការកែទម្រង់មួយនៅក្នុងប្រព័ន្ធយុត្តិធម៌ ដើម្បីជួយគាំទ្រ និងលើកស្ទួយឧត្តមប្រយោជន៍របស់អនីតិជនក្នុងដំណើរការព្រហ្មទណ្ឌ ឱ្យស្របតាមគោលការណ៍នៃច្បាប់ជាតិ និងលិខិតបទដ្ឋានអន្តរជាតិ ជាពិសេសអនុសញ្ញាស្តីពីសិទ្ធិរបស់អនីតិជន។
លោកអង្គ វង្សវឌ្ឍនាបានបញ្ជាក់ថា ការរៀបចំតុលាការគំរូសម្រាប់អនីតិជននៅពេលនេះគឺជាប្រការមួយសមស្រប ដើម្បីលុបបំបាត់អសីលធម៌ និងអគុណធម៌ ក្នុងការរំលោភពីឪពុក ម្តាយទៅលើកូន និងការរំលោភសេពសន្ថវៈលើកុមារ។
« ខ្ញុំជឿជាក់ថា តុលាការនេះនឹងមានផលប្រយោជន៍សំខាន់ណាស់ ដើម្បីបម្រើ និងលើកស្ទួយសិទ្ធិរបស់កុមារ និងទប់ស្កាត់បាតុភាពអសីលធម៌ និងខ្វះគុណធម៌ នៅក្នុងសង្គមរបស់យើង»។
លោកម៉ុង មុន្នីសោភា ចៅក្រមសាលាដំបូងខេត្តព្រៃវែង បានថ្លែងថា គម្រោងបង្កើតតុលាការសម្រាប់អនីតិជនជាមធ្យោបាយមួយដ៏ប្រសើរ ដើម្បីជួយការពារផលប្រយោជន៍របស់កុមារទាំងជនរងគ្រោះ និងជនល្មើស។
«នៅពេលដែលមានក្មេងជាជនប្រព្រឹត្តបទល្មើស យើងត្រូវយកចិត្តទុកដាក់ដោយសិក្សាលើក្មេងថា តើការឆ្លើយសារភាពរបស់គាត់ហ្នឹងអាចទាក់ទងនឹងការភ័យខ្លាច ឬការគំរាមកំហែងពីជនណាម្នាក់ឱ្យឆ្លើយថាអញ្ចឹង ឬឱ្យឆ្លើយទម្លាក់កំហុសទៅលើជនណាម្នាក់ផ្សេងទៀត នៅពេលដែលគាត់ជាជនរងគ្រោះ។ អញ្ចឹងយើងត្រូវមើលកាលៈទេសៈទាំងអស់នេះ ដោយសិក្សាទៅលើចិត្តសាស្ត្រ ពេលវេលា និងទីកន្លែង ដើម្បីឱ្យគាត់ឆ្លើយដោយភាពស្មោះត្រង់មកឱ្យយើង»។
លោកម៉ុង មុន្នីសោភាបានបញ្ជាក់ថា សាលាដំបូងខេត្តព្រៃវែងទទួលបានករណីកុមារជាជនល្មើស ប្រមាណ២០% នៅក្នុងឆ្នាំ២០០៩ ដូចជាករណីចោរកម្មប្លន់ និងរំលោភសេពសន្ថវៈ។
លោកនួន សាធ ប្រធានព្រះរាជអាជ្ញាខេត្តបាត់ដំបង បានបញ្ជាក់ថា តុលាការប្រឈមនឹងការលំបាក មួយចំនួន ដូចជាកង្វះអ្នកជំនាញក្នុងការសាកសួរអនីតិជនទាំងជនរងគ្រោះ និងជនល្មើស ដើម្បីយកព័ត៌មានពិត បន្ទប់ពន្ធនាគារដែលមានចំណុះអ្នកទោសចំនួនច្រើន និងវគ្គបណ្តុះបណ្តាលផ្សេងៗនៅក្នុងពន្ធនាគារ។
«ការបង្កើតតុលាការអនីតិជននេះនឹងធ្វើឱ្យដំណើរការកាត់ទោសជនរងគ្រោះនិងជនល្មើសជាកុមារ កាន់តែប្រសើរឡើង ដូចជាពាក់ព័ន្ធនឹងនីតិវិធីស៊ើបសួរ ការចោទប្រកាន់អនីតិជន ការឃុំខ្លួនបណ្តោះអាសន្នរយៈពេលខ្លីបំផុត និងការកោះហៅ។ ការពាក់ព័ន្ធនឹងអនីតិជន ដូចជាឱ្យប្រយោជន៍គាត់តាំងពីដើមទីហើយ»។
លោកនួន សាធ បានបញ្ជាក់ថា សាលាដំបូងខេត្តបាត់ដំបងទទួលបានករណីកុមារជាជនល្មើសជាង ១០%នៅក្នុងឆ្នាំ២០០៩ ដូចជាករណីចោរកម្ម ប្លន់ និងរំលោភសេពសន្ថវៈ។
លោកអ៊ំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្ស Licadho បានថ្លែងថា ការផ្តួចផ្តើម បង្កើតតុលាការសម្រាប់អនីតិជននេះ ជាជំហ៊ានវិជ្ជមានឆ្ពោះទៅរកការការពារផលប្រយោជន៍និងសិទ្ធិសេរីភាពរបស់អនីតិជនឱ្យបានល្អប្រសើរជាងបច្ចុប្បន្ន និងមានជំនាញច្បាស់លាស់ខាងកិច្ចការអនីតិជននេះ។
របាយការណ៍៧ខែដើមឆ្នាំ២០១០របស់អង្គការសិទ្ធិមនុស្ស បានបញ្ជាក់ថា មានអនីតិជនជាជនរង គ្រោះចំនួន១៦០នាក់ ដោយអំពើរំលោភសេពសន្ថវៈ ការជួញដូរផ្លូវភេទ និងពលកម្ម និងការវាយដំជាដើម ហើយមានអនីតិជនជាជនល្មើសចំនួន៧៨៨នាក់ ដែលរួមមាន៥៣០នាក់ជាទណ្ឌិត និង២៥៨នាក់ ជាជនសង្ស័យនៅក្នុងពន្ធនាគារចំនួន១៨កន្លែង៕