មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា កម្ពុជាគ្រោងនឹងទិញឧទ្ធម្ភាគចក្រពីចិនក្នុងគម្រោងទឹកប្រាក់ចំនួន១៩៥,៥លានដុល្លារអាមេរិកដែលជាប្រាក់កម្ចីពីចិន។ គម្រោងនេះបានធ្វើឡើងក្នុងអំឡុងពេលទស្សនកិច្ចជាផ្លូវការរបស់លោក ចូវ យ៉ុង កាង សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈឹមបក្សកុម្មុយនីស្តចិនកាលពីសប្តាហ៍កន្លងទៅនេះ។
លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រាប់អ្នកកាសែតនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា ឧទ្ឋម្ភាគចក្រទាំងនេះសម្រាប់ប្រើក្នុងការប្រយុទ្ឋប្រឆាំងភេរវកម្មនិងគ្រប់គ្រងគ្រោះមហន្តរាយ។
លោកគាត ឈន់ មិនបានបញ្ជាក់ថា ឧទ្ឋម្ភាគចក្រនេះនឹងមកដល់កម្ពុជានៅពេលណាទេ ដោយលោកគ្រាន់តែបានបញ្ជាក់ថា កម្ពុជាត្រូវតែមានឧបករណ៍គ្រប់គ្រាន់។ លោកបានប្រាប់វីអូអេខ្មែរថា៖
«ខ្ញុំមិនធ្វើអត្ថាធិប្បាយទេគ្រាន់តែថាHelicopter នេះគ្រាន់តែសម្រាប់គ្រប់គ្រងគ្រោះមហន្តរាយនិងប្រយុទ្ឋប្រឆាំងនឹងអំពើភេរវកម្ម»។
លោកសឹង សំណាងមេបញ្ជាការកងទ័ពអាកាសបានមានប្រសាន៍ថា ខាងក្រុមហ៊ុនចិនមិនទាន់បានផ្តល់ព័ត៌មានលម្អិតស្តីពីការទិញឧទ្ឋម្ភាគចក្រនេះនៅឡើយទេ។ លោកសឹង សំណាងបានបង្វែរឲ្យទៅសួរក្រសួងការពារជាតិវិញ។ លោកឆ្លើយថា៖
«ខាងក្រុមហ៊ុនចិនមិនទាន់បានមកទាក់ទងជាមួយខ្ញុំដែរ ព្រោះអាហ្នឹងវាត្រូវការហ្វឹកហ្វាត់ អ្នកបច្ចេកទេសទៀត។ ដូច្នេះខ្ញុំមិនទាន់ស៊ីជម្រៅរឿងហ្នឹងនៅឡើយទេ»។
វីអូអេខ្មែរមិនអាចសុំលោកចៅ ភារុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិបំភ្លឺបានទេ ដោយទូរស័ព្ទរបស់លោកគ្មានអ្នកឆ្លើយតប។
ចំណែកលោកឧត្តមសេនីយឯក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា លោកមិនទាន់ដឹងអំពីផែនការនេះនៅឡើយទេ ដោយរងចាំការមកដល់របស់ឧទ្ធម្ភាគចក្រជាមុនសិន។ លោកមានប្រសាសន៍ថា៖
«អត់មានរបាយការណ៍ជាលាយលក្ខណ៍អក្សរនិយាយអត់កើតទេ។ ទាល់តែមានរបាយការណ៍បាននិយាយកើត។ គេអត់បានរាយការណ៍ឲ្យ»។
ក្នុងអំឡុងពេលទស្សនកិច្ច ឯកសារសំខាន់ៗចំនួន២៩ត្រូវបានចុះហត្ថលេខារវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលចិន ហើយក្នុងនោះមានមួយចំណុចបានលើកឡើងពីគម្រោងទិញឧទ្ធម្ភាគចក្រប្រភេទ Z-9ពីចិន។ ចិនមានទំនាក់ទំនងជាមួយកម្ពុជាតាំងពីយូរឆ្នាំណាស់មកហើយ។ រយៈពេលចុងក្រោយនេះបន្ទាប់ពីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃរដ្ឋាភិបាលចិនបានផ្តល់អំណោយសម្ភារៈយោធាជាច្រើន ដូចជារថយន្តយោធា រថពាសដែក និងសម្លៀកបំពាក់ជាដើម៕