ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​មាន​ផ្ទៃ​ពោះ​មុន​ការ​ជា​រឿង​អសោច​កេរ្តិ៍​ក្នុង​សង្គម​ខ្មែរ​

  • ធីតា វីន

ការ​មាន​ផ្ទៃពោះ​មុន​រៀប​អាពា​ពិពាហ៍​សម្រាប់​នារី​ខ្មែរ​ពិតជា​ត្រូវ​ប្រឈម​នឹង​បញ្ហា​ជាច្រើន ជាពិសេស​ការរិះគន់​សមាជិក​ក្នុង​សង្គម។ ការរិះគន់​នេះ​គឺ​ជា​សម្ពាធ​ផ្លូវ​ចិត្ត​មួយ​យ៉ាង​ធ្ងន់ធ្ងរ ដែល​អាច​បង្ខំ​ឲ្យ​ស្ត្រី​ទាំងនោះ​ប៉ុនប៉ង​ធ្វើ​អត្តឃាត បោះបង់​ចោល​លំនៅ​ឋាន ក្រុម​គ្រួសារ បាត់​បង់​ការងារ និង​ខូច​អនាគត​ជាដើម។
សុជាតិ​គឺ​ជា​ឈ្មោះ​អ្នក​និពន្ធ​ដាក់​ឲ្យ។ នាង​សុជាតិ​ ដែល​មាន​អាយុ​២៨​ឆ្នាំ មក​ពី​ខេត្ត កំពុង​ស្ពឺ បាន​ធ្វើការ​ជា​កម្មការនី​កាត់ដេរ​នៅ​រោងចក្រ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។ កាល​ពី​ឆ្នាំ២០១១ សុជាតិ​បាន​លង់​ស្នេហ៍​នឹង​យុវជន​ម្នាក់​ដែល​មាន​អាយុ​ប្អូន​នាង​ប្រាំមួយ​ឆ្នាំ​មក​ពី​ខេត្ត​រតនគីរី។
ទោះបី​ជា​ក្រុម​គ្រួសារ​របស់​នាង​បាន​ជំទាស់​នឹង​ទំនាក់ទំនង​របស់​ពួក​នាង​ក៏ដោយ ក៏​នាង​នៅ​តែ​សម្រេច​ចិត្ត​រួម​រស់​ជាមួយ​យុវជន​នោះ​ដោយក្តី​ស្រឡាញ់ និង​ពេញ​ចិត្ត។ សុជាតិ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​បី​ខែ​ដំបូង នាង​ទទួល​បាន​ការ​ស្រឡាញ់ និង​ការ​យក​ចិត្ត​ទុកដាក់​ពី​យុវជន​នោះ ប៉ុន្តែ​បន្ទាប់ពី​ដឹងថា​នាង​ផ្ទៃពោះ យុវជន​នោះ​រក​វិធី​គ្រប់​បែប​យ៉ាង​ដើម្បី​គេច​ពី​នាង។
ទី​បំផុត អ្វីៗ​គ្រប់​យ៉ាង​បាន​ធ្លាក់​មក​លើ​រូបនាង​តែ​ម្នាក់​ឯង​បន្ទាប់ពី​យុវជន​នោះ​បាន​ចាក​ចេញ​ពី​ក្រុង​ភ្នំពេញ​ត្រឡប់​ទៅ​ផ្ទះ​របស់​គេ​នៅ​ឯ​ខេត្ត​វិញ ហើយ​សុជាតិ​បាន​ទទួល​រង​ការ​ស្តី​បន្ទោស​ជា​ខ្លាំង​ពី​ក្រុម​គ្រួសារ និង​ទទួល​រង​ការ​រិះគន់​ពី​អ្នក​ភូមិ។ សុជាតិ​បាន​ឲ្យ​ដឹង​ដែរ​ថា នេះ​គឺ​ជា​បទពិសោធន៍​ដ៏​ឈឺ​ចាប់​មួយ​ដែល​ស្ត្រី​ដទៃ​គួរ​តែ​ពិចារណា​ឲ្យ​បាន​ល្អិត​ល្អន់​មុន​នឹង​សម្រេច​ធ្វើ​អី្វ​មួយ​សម្រាប់​អនាគត​របស់​ខ្លួន។
«ចង់​ផ្តាំ​ទុក​ថា ថ្ងៃ​ក្រោយ​បើសិន​មាន​នរណា​លួងលោម​តាម​ទូរសព្ទ ឬក៏​មក​រស់​នៅ​ជាមួយ យើង​កុំឲ្យ​ចាញ់បោក​គេ កុំ​ចាញ់​ពាក្យ​លួងលោម​ពីព្រោះ​អី​ខ្ញុំ​មាន​កូន​នៅ​ម្នាក់​ឯង។ គេ​ទៅ​ចោល​តាំង​ពី​មួយ​ខែ​ពីព្រោះ​ខ្ញុំ​មិន​ចង់​ឲ្យ​មាន​ប្រវត្តិ​ឈឺចាប់​ដូច​ខ្ញុំ​ទេ។ រាល់​ថ្ងៃ​សូម្បី​តែ​អ្នក​ជិត​ខាង ម៉ែឪ​កាល​ពី​ខ្ញុំ​ពោះធំ​ក៏​គាត់​ខឹង​គាត់​ស្អប់​ខ្ពើម​ខ្ញុំ។ គាត់​មិន​ចង់​និយាយ​ស្តី​ជា​មួយ​ខ្ញុំ​ទេ។ ទម្រាំ​ខ្ញុំ​បាន​កើត​កូន​ប៉ុណ្ណេះ ខ្ញុំ​ស្ទើរ​ស្លាប់​ស្ទើរ​រស់»។
ចាប់​តាំង​ពី​មាន​ផ្ទៃពោះ​រហូត​ដល់​ប្រាំពីរ​ខែ នាង​រស់​នៅ​ក្នុង​សភាព​មួយ​ដែល​លំបាក​បំផុត​ទាំង​ផ្នែក​ផ្លូវ​ចិត្ត និង​សេដ្ឋកិច្ច​គ្រួសារ​ពីព្រោះ​នាង​ត្រូវ​ឈប់​ធ្វើការ​នៅ​ក្នុង​រោងចក្រ​ដោយសារ​សុខភាព​មិន​អំណោយ​ផល។ សុជាតិ​គិត​ចង់​សម្លាប់​ខ្លួន។ ប៉ុន្តែ​បញ្ហា​គ្រប់យ៉ាង​ត្រូវបាន​ធូរស្រាល​វិញ​បន្ទាប់​ពី​សុជាតិ​ទទួល​បាន​ការ​ជួយ​ជ្រោម​ជ្រែង​ទាំង​ផ្នែក​ស្មារតី និង​សម្ភារៈ​ពី​អង្គការ​ទឹក​ចិត្ត​ម្តាយ។
អង្គការ​ទឹក​ចិត្ត​ម្តាយ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១០​ដោយ​ផ្តល់​សេវា​ប្រឹក្សា​យោបល់​អំពី​វិបត្តិ​នៃ​ការ​មាន​គភ៌ និង​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ស្ត្រី​នៅ​លីវ​ដែល​មាន​ផ្ទៃ​ពោះ​ដំបូង ដោយ​មិន​បាន​គ្រោង​ទុក​មុន ដូចជា​ការ​រងគ្រោះ​ដោយ​ការ​ចាប់​រំលោភ ការ​ជួញ​ដូរ​ផ្លូវ​ភេទ និង​ត្រូវ​ដៃគូរ​បោះបង់​ជាដើម។
សុជាតិ​បាន​ស្គាល់​អង្គការ​ទឹកចិត្ត​ម្តាយ​តាមរយៈ​ការណែនាំ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ទៀត​ដែល​ធ្វើការ​ងារ​ផ្នែក​សង្គមកិច្ច​ដែរ។
«ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែល​បាន​ចូល​អង្គការ​នេះ។ គាត់​បាន​ជួយ​ខ្ញុំ ទាំង​ម្តាយ​ទាំង​កូន កុំ​អី​ប្រហែលជា​ខ្ញុំ​មិនមាន​ជីវិត​ដល់​សព្វថ្ងៃ​នេះ​ទេ។ តាំងពី​កូន​ខ្ញុំ​បាន​ពីរ​ខែ ខ្ញុំ​គិត​ថា​ ខ្ញុំ​ចង់​លេប​ថ្នាំ​ប៉ុន្មាន​ដង​ហើយ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​អាណិត​កូន​ខ្ញុំ។ អត់​ចង់​ធ្វើបាប​វា»។
លោក​ស្រី សឹង សម្ជស្ស បុគ្គលិក​ផ្នែក​សង្គមកិច្ច​នៃ​អង្គការ​ទឹកចិត្ត​ម្តាយ​បាន​ឲ្យ​ដឹង​ថា នារី​ដែល​មាន​ផ្ទៃពោះ​មុន​អាពាហ៍​ពិពាហ៍ ឬ​មិន​បាន​រៀបការ និង​មិន​បាន​គ្រោងទុក ភាគ​ច្រើន​ជួប​វិបិត្ត​ផ្លូវចិត្ត​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​ប្រពៃណី និង​សម្ពាធ​សង្គម។ លោក​ស្រី សម្ជស្ស បាន​ឲ្យ​ដឹង​ទៀត​ថា ស្រី្ត​ទាំង​នោះ​គួរ​តែ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត និង​ជួយ​រក​វិធី​ដោះស្រាយ ជា​ជាង​ការ​បន្ទោស​បង្អាប់ ដែល​ជា​ហេតុ​បណ្តាល​ពួកគេ​អាច​សម្រេច​ធ្វើ​អត្តឃាត។
«គាត់​ប្រឈម​មុខ​ទី១ ភាព​អាម៉ាស​គឺ​សំខាន់​មែនទែន។ បាន​ន័យថា គាត់​ខ្មាស់​គេ​ណាស់។ ពេល​ណា​គាត់​មាន​ផ្ទៃពោះ​ភ្លាម​គឺ​គាត់​ច្របូក​ច្របល់។ គាត់​មិន​ដឹង​ទៅ​ណា​ទេ គាត់​ភ្លេច​ភ្លាំ​អស់​ហើយ។ បាន​ន័យ​ថា គាត់​ខ្មាស់​គេ​អ្នក​ជិត​ខាង ជាពិសេស​សង្គម​គ្រួសារ​គាត់។ ពេលខ្លះ​គាត់ទទួល​រងការ​ដៀល ហើយ​មិន​សូវ​មាន​ការ​យក​ចិត្ត​ទុកដាក់​គាត់​ទេ ដូចជា​បន្ទោស​គាត់​ច្រើន។ ពិបាក​សម្រាប់​គាត់​មែន​ទែន។ បើ​សិនជា​មិន​មាន​អង្គការ​ណា​ជួយ​គាត់​ពីព្រោះ​ស្រុក​ខ្មែរ​យើង​ខុសពី​វប្បធម៌​បរទេស​ដោយសារ​គាត់​មាន​កូន​អត់​ប្តី​អ​ញ្ចឹ​ង គេ​សើច​គាត់​ច្រើន»។
អង្គការ​ទឹកចិត្ត​ម្តាយ​តែងតែ​ផ្តល់​ឲ្យ​ស្ត្រី​ទាំង​នោះ​នូវ​ជម្រើស​បី​ប្រភេទ ដូចជា​ការ​រំលូត កូន ការ​ទុក​កូន​ចិ​ញ្ជឹ​ម​ខ្លួន​ឯង និង​បន្ត​ការ​ឲ្យ​កូន​នោះ​ទៅ​គ្រួសារ​ផ្សេង​ចិញ្ជឹម។ ក៏​ប៉ុន្តែ​បុគ្គលិក​របស់​អង្គការ​តែង​តែ​ពន្យល់​យ៉ាង​លម្អិត​ដល់​ស្រី្ត​ទាំង​នោះ​នូវ​គុណ​សម្បតិ និង គុណវិបត្តិ​នៃ​ជម្រើស​នីមួយៗ​មុន​នឹង​ធ្វើការ​សម្រេច​ចិត្ត។ សម្រាប់​ស្ត្រី​ដែល​សម្រេច​ចិត្ត​ជ្រើស​រើស​យក​ការ​រំលូត​កូន អង្គ​ការ​រក​សេវា​ដែល​រំលូត​មាន​សុវត្ថិភាព និង​ជួយ​ចេញ​ថ្លៃ​សេវា​នោះ។
ចំណែក​ឯ​ការ​ទុក​កូន​ចិញ្ជឹម​ដោយ​ខ្លួន​ឯង អង្គការ​ជួយ​ផ្តល់​សេវាកម្ម​តាម​ដាន​ផ្ទៃពោះ​នៅ​មន្ទីរពេទ្យ​រដ្ឋ កន្លែង​ស្នាក់​នៅ ការ​ចំណាយ​លើ​ម្ហូបអាហារ​ប្រចាំ​ថ្ងៃ​រហូត​ដល់​ពេល​សម្រាល​កូន ដោយ​ចេញថ្លៃ​សេវា​សម្រាល និង​មាន​រៀបចំ​សម្ភារៈ​សម្រាប់​ទារក​និង​ម្តាយ​នៅ​ពេល​សម្រាល​កូន​ដូចជា ខោ អាវ មុង ភួយ ខ្នើយ កន្សែង ជាដើម។ ចាប់ពី​ទារ​កកើត​រហូត​ដល់​មាន​អាយុ​មួយ​ខួប​កន្លះ​អង្គការ ជួយ​ទឹកដោះគោ និង​ខោ​ទឹក​នោម និង​សម្ភារៈ​ផ្សេងៗ​ទៀត​សម្រាប់​ទារក។ រីឯ​ម្តាយ​បន្ទាប់ពី​សម្រាល​កូន​បាន​បី​ខែ​អង្គការ​ជួយ​រក​កន្លែង​បង្រៀន​ជំនាញ​សម្រាប់​ចិញ្ជឹម​ជីវិត​ខ្លួន នៅ​ពេល​អនាគត។ ហើយ​បើ​សិន​ជា​កូន​មិន​មាន​អ្នក​ជួយ​មើល អង្គការ​មាន​កន្លែង​សម្រាប់​មើល​ថែ​ទាំ​ដោយ​យក​តម្លៃ​ទាប​បំផុត​ទៅ​តាម​ប្រាក់ខែ​ម្តាយ។
រីឯ​ជម្រើស​បន្ត​ការ​ពពោះ រួច​លះបង់​កូន​នោះ​ឲ្យទៅ​គ្រួសារ ផ្សេង​ចិញ្ជឹម​ អង្គការ​ជួយ ឧបត្ថម្ភ​ដូច​ជម្រើស​ទី​២​ដែរ ​តែ​បន្ទាប់ពី​សម្រាល​រួច អង្គការ​ទាក់ទង​អង្គការ​ដៃគូរ​ដទៃ​ទៀត​ដើម្បី​រក​គ្រួសារ​ដែល​ចង់បាន​កូន​យក​ទៅ​ចិញ្ចឹម។
លោក​ស្រី ស៊ី ដេហ្វ៊ីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​កិច្ចការ​នារី​បាន​មាន ប្រសាសន៍​ថា សកម្មភាព​របស់​អង្គការ​ទឹក​ចិត្ត​ម្តាយ​គឺជា​ការ​រួម​ចំណែក​មួយ​ដែល​ជួយ​ដល់​សង្គម​ខែ្មរ​ជាពិសេស​ជួយ​សម្រាល​ទុក្ខ​លំបាក​ស្ត្រី​ដែល​ជួប​វិបត្តិ​នៅ​ពេល​មាន​គភ៌។ ប៉ុន្តែ​លោកស្រី​បាន​អំពាវនាវ​ដល់​ស្ត្រី​ខ្មែរ​ទាំងអស់​ឲ្យ​ថែរក្សា​ប្រពៃណី​ខ្មែរ​ឲ្យ​បាន​ល្អ​ប្រសើរ​ដើម្បី​កិតិ្តយស​គ្រួសារ និង​សង្គមជាតិ។​
«ជា​ស្ត្រី​ដែល​នៅ​វ័យក្មេង​ត្រូវ​ចេះ​ថែរ​រក្សា​ប្រពៃណី​វប្បធម៌​តម្លៃ​ស្ត្រី​របស់​យើង គឺធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​គ្រួសារ​នីមួយៗ​ទទួល​បាន​សុភមង្គល​មាន​តម្លៃ​ដោយ​មិន​មាន​បញ្ហា។ អាហ្នឹង​មាន​ជា​អង្គការ​ទឹកចិត្ត​ម្តាយ​ជា​ចំណែក​មួយ​ជួយ។ តែ​ធាតុពិត​ផលវិបាក​នេះ​ដូច​ក្មួយៗ​បាន​ធ្វើ​ទៅ​វា​ប៉ះពាល់​ដល់​តម្លៃ​ស្ត្រី​ខ្លួន​ឯង ប៉ះពាល់​ដល់​គ្រួសារ ហើយ​ធ្វើ​ឲ្យ​មាន​ផល​លំបាក​ដល់​សង្គម»។
អង្គការ​ទឹកចិត្ត​ម្តាយ​បាន​ថវិកា​ពី​ការ​បរិចាក​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​រស់​នៅ​ប្រទេស​អូស្រា្តលី និង​អង្គការ​អន្តជាតិ​មួយ​ចំនួន។
លោក​ស្រី សម្ជស្ស បាន​ឲ្យ​ដឹង​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ​អង្គការ​ទឹកចិត្ត​ម្តាយ បាន​ផ្តល់​សេវា​ដល់​ស្ត្រី​ចំនួន​ជាង​៦០​នាក់ ហើយ​ក្នុង​នោះ​រួមមាន​កូន​សិស្ស​សាលា ស្ត្រី​ធ្វើការ​នៅ​រោង​ចក្រ ក្រុមហ៊ុន ស្ត្រី​ដែល​រងគ្រោះ​ដោយ​ការ​រំល្មោភ និង​ត្រូវ​បាន​គេ​ជួញ​ដូរ​ផ្លូវ​ភេទ​ជាដើម។ អ្នក​ទាំង​នោះ មាន​អាយុ​ពី១២ឆ្នាំដល់​៣៥​ឆ្នាំ៕
XS
SM
MD
LG