តុលាការក្រុងភ្នំពេញ នៅថ្ងៃពុធនេះ បានចាប់ផ្តើមសាកសួរប្រជាពលរដ្ឋ បន្ទាប់ពីមានការចាប់ខ្លួន ក្រោយពីមានការប៉ះទង្គិចគ្នាដោយអំពើហិង្សាមួយជាមួយអាជ្ញាធរខ្មែរ កាលពីថ្ងៃអង្គារ។
សាក្សីឃើញផ្ទាល់ភ្នែក និងមន្ត្រីសិទ្ធិមនុស្សបាននិយាយថា អាជ្ញាធរសមត្ថកិច្ចច្រើនរាប់រយនាក់ ដែលរួមមានកងរាជអាវុធហត្ថ និងមន្ត្រីប៉ូលិស ប្រដាប់ដោយអាវុធ ខែល និងដំបងឆក់ ព្រមទាំងរថយន្តពន្លត់អគ្គីភ័យ បានទៅបំបែកការតវ៉ារបស់ប្រជាពលរដ្ឋ នៅសហគមន៍បុរីកីឡា កណ្តាលទីក្រុងភ្នំពេញ។
ក្រុមប្រជាពលរដ្ឋបានតបតដោយគប់ដុំថ្មនិងសំបកដបចាស់ៗ។ ចំណែកឯសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ បាញ់ឧស្ម័នបង្ហូរទឹកភ្នែក។ ការប៉ះទង្គិចនេះបានធ្វើឡើងអស់រយៈពេលប្រមាណជាងបីម៉ោង។ បន្ទាប់ពីមានការប៉ះទង្គិច អាជ្ញាធរបានចាប់ខ្លួនប្រជាពលរដ្ឋចំនួន១៣នាក់ ដោយរាប់បញ្ចូលមន្ត្រីយោធាចំនួនបីរូប ហើយក្រោយមកបានដោះលែងប្រជាពលរដ្ឋចំនួន២រូបមកវិញ ដែលមានអាយុក្រោម១៨ឆ្នាំ។
ដោយមានដៃជាប់ខ្នោះនៅក្នុងតុលាការក្រុងភ្នំពេញនៅថ្ងៃពុធនេះ លោកពុធ សាមៀន អាយុ៣១ឆ្នាំ ដែលកំពុងតែអង្គុយជាមួយនឹងប្រជាពលរដ្ឋប្រាំបីនាក់ផ្សេងទៀត បាននិយាយថា លោកមិនបានចូលរួមបាតុកម្មទេ។ លោកបានមានប្រសាសន៍ថា នៅពេលចាប់ខ្លួនលោក កងរាជអាវុធហត្ថបានវាយដំលោករហូតដល់ហើមភ្នែកខាងឆ្វេង រួចអុកជង្គង់ចំពោះ។ លោកបានហៅទង្វើរបស់អាជ្ញាធរថា សាហាវព្រៃផ្សៃ។
ចំណែកលោកកែវ ផល្លា អាយុ៣៨ឆ្នាំ ប្រជាពលរដ្ឋម្នាក់ទៀតដែលត្រូវបានអាជ្ញាធរចាប់ខ្លួនដែរ បាននិយាយថា លោកបានរស់នៅខណ្ឌសែនសុខ ហើយក្នុងព្រឹត្តិការណ៍នៅថ្ងៃអង្គារនោះ លោកគ្រាន់តែឈរមើលពីចង្ងាយតែប៉ុណ្ណោះ។ លោកកែវ ផល្លាបានរងរបួសចំក្បាលដោយសារតែប៉ូលិសវាយគាត់នឹងដំបងឆក់។
ក្នុងពេលដែលតុលាការកំពុងតែសាកសួរប្រជាពលរដ្ឋនៅសហគមន៍បុរីកីឡា អាជ្ញាធរប៉ូលិស និងកងរាជអាវុធហត្ថជាច្រើនរាប់រយនាក់បានទៅបណ្តេញប្រជាពលរដ្ឋដែលនៅសេសសល់ពីការបណ្តេញចេញដោយបង្ខំ កាលពីថ្ងៃអង្គារ។
ប្រជាពលរដ្ឋបានព្យាយាមចងតង់កៅស៊ូ ស្នាក់នៅបណ្តោះអាសន្ន ក៏ប៉ុន្តែត្រូវបានអាជ្ញាធរបង្ខំឲ្យរុះរើចេញ។
ក្រុមប្រជាពលរដ្ឋមួយចំនួនបានឈរស្រែកតវ៉ាថា សមត្ថកិច្ចអយុត្តិធម៌ចំពោះការបណ្តេញចេញនេះ។
«ធ្វើបាបប្រជាជនណាស់។ ឥតអាណិតប្រជាជនបន្តិចសោះ។ ប្រជាជនវេទនាខ្លាំងណាស់។ លោកពូមើលឃើញ លោកពូឃើញស្រាប់ហើយ។ សូម្បីតែនៅក្រោម [តង់] មិនបានផង លោកពូ។ វេទនាខ្លាំងណាស់។ ទៅណា ក៏គេឥតឲ្យទៅផង។ ឥឡូវលោកពូ គេព័ទ្ធរបងទៀត។ លោកពូឯងគិតមើល រុះផ្ទះអស់ហើយ គេថែមទាំងព័ទ្ធរបងទៀត»។
លោកស្រីមួរ សុខហូរ អ្នកតំណាងរាស្ត្រគណបក្សប្រឆាំង បានឈរកាន់ដៃជាមួយនឹងប្រជាពលរដ្ឋនៅបុរីកីឡាដើម្បីប្រឆាំងជំទាស់ទៅនឹងការបណ្តេញចេញនេះ។ លោកស្រីមួរ សុខហួរបាននិយាយលាយឡំជាមួយនឹងការយំខ្សឹបខ្សួលយ៉ាងដូច្នេះថា៖
«ខ្ញុំសូមសំពះ! ខ្ញុំសូមអង្វរ! បងប្អូនកុំ! កុំធ្វើបាប។ នេះគឺជាស្ត្រីដូចគេឯង។ ខ្ញុំសូមអង្វរ» យើងខ្មែរដូចគ្នាទេ! ត្រូវតែស្រឡាញ់ខ្មែរ។ បងប្អូន អាណិតខ្មែរ! យើងគឺជាខ្មែរដូចគ្នា។ បងប្អូនក៏ក្រដូចគ្នាដែរ! ខ្ញុំសូមអង្វរ!
ក្រុមអង្គការសង្គមស៊ីវិលនៅក្រុងស្រុក រួមទាំងគណបក្សប្រឆាំងមួយចំនួន ដែលរួមមានគណបក្សសម ង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានបន្តថ្គោលទោសកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលកម្ពុជា ដែលបានប្រើប្រាស់អំពើហិង្សាមកលើប្រជាពលរដ្ឋនៅតំបន់បុរីកីឡា៕