ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​នយោបាយ​ត្រៀម​ចុះឈ្មោះ​ខណៈពេល​បក្ស​ខ្លះ​ដក​ថយ


ការបោះឆ្នោតនឹង⁣ប្រព្រឹត្តិទៅ​នៅ​ថ្ងៃទី២៨ខែកក្កដា​ឆ្នាំនេះ
ការបោះឆ្នោតនឹង⁣ប្រព្រឹត្តិទៅ​នៅ​ថ្ងៃទី២៨ខែកក្កដា​ឆ្នាំនេះ

នៅក្នុង​ពេលនេះ​គណបក្ស​មួយចំនួន​បាន​ប្រុងប្រៀប​ខ្លួន​រួចជាស្រេច​ដើម្បី​ឡើង​សង្វៀន​ប្រកួត។

ភ្នំពេញ៖ ការចុះបញ្ជី​ឈ្មោះ​បេក្ខជន​បោះឆ្នោត​នៃ​គណបក្ស​នយោបាយ ​ការបោះឆ្នោត​ជ្រើសតាំង​ តំណាង​រាស្ត្រ​នីតិកាល​ទី៥ ​នៅ​ឆ្នាំ២០១៣​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី ២៩ ​ខែមេសា​ខាងមុខ​នេះ​ពោល​គឺ​នៅ​សល់​មិន​ដល់មួយខែ​ទៀត​ប៉ុណ្ណោះ។ នៅក្នុង​ពេលនេះ​គណបក្ស​មួយចំនួន​បាន​ប្រុងប្រៀប​ខ្លួន​រួចជាស្រេច​ដើម្បី​ឡើង​សង្វៀន​ប្រកួត។ មេដឹកនាំ​គណបក្ស​ជំទាស់​ដ៏​ធំជាងគេ​ក្នុង​ប្រទេស​កម្ពុជា​គឺ​លោក​សម រ​ង្ស៉ី ​ដែល​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​ក្រោយ​ពេល​ដែល​តុលាការ​កាត់ទោស​កំបាំង​មុខ​ឲ្យ​ជាប់ពន្ធនាគារ​ជាង១០ឆ្នាំ​ពីបទ​ដក​តម្រុយ​បង្គោល​ព្រំដែន​កាលពី​ឆ្នាំ២០១០។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បាន​ប្រាប់​វី​អូ​អេ​ជា​ខេមរៈភាសា​តាម​ទូរ​ស័ព្ទ​ពី​ប្រទេស​បារាំង​ថា សម្រាប់​ការបោះឆ្នោត​ខាងមុខ​នេះ​គណបក្ស​របស់​លោក​បាន​ត្រៀម​ផែនការ​ឃោសនា​ដែល​ទាក់ទង​នឹង​បញ្ហា​សង្គម​ដែល​កំពុង​កើត​ក្នុង​ប្រទេស​កម្ពុជា។ លោក​សម រង្ស៊ី​បាន​បញ្ជាក់​បន្ថែម​ថា៖ «ឱ្យ​ដីធ្លី​ស្រែ​ចំការ​ផ្ទះ​សម្បែង​ប្រជារាស្ត្រ​វិញ​ពីព្រោះ​យើង​យល់ឃើញ​ថា​ប្រជារាស្ត្រ​ខ្មែរ​គឺជា​ម្ចាស់​ដើម​និង​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី។ ហើយ​យើង​នឹង​រៀបចំ​សង្គម​ឱ្យ​មាន​ភាព​យុ​ត្តិ​ធម៌ ​លុបបំបាត់​នូវ​អំពើ​ពុករលួយ ប្រមូល​ទ្រព្យសម្បត្តិ​រដ្ឋ ​ទ្រព្យសម្បត្តិ​ជាតិ ​ថវិកា​រដ្ឋ ​មក​ដាក់​ក្នុង​ឃ្លាំង​រដ្ឋ​វិញ​ដើម្បី​ប្រមូល​ថវិកា​មក​កសាង​ជាតិ ​ជួយ​អ្នកក្រ ​ដើម្បី​យកមក​ដំ​ឡើ​ង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ។ យើង​នឹង​ការពារ​ផលប្រយោជន៍​ជាតិខ្មែរ។ យើង​មិន​បម្រើ​ផលប្រយោជន៍​បរទេស​ទៀ​ត​ទេ»។ គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​ដែល​បង្កើតឡើង​ដោយ​គណបក្ស​ប្រឆាំង​ពីរ​គឺ​គណបក្ស​សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិមនុស្ស។ គណបក្ស​នេះ​ដាក់​ទិសដៅ​ប្រជែង​ខ្លាំងក្លា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់អំណាច​ជាង៣០ឆ្នាំ​មក​ហើយ។ លោក​គង់ គាំ ​ដែល​ឡើង​ធ្វើជា​ប្រធាន​បក្ស​សមរង្ស៊ី ​ជំនួស​លោក​សម រង្ស៊ី ​ឲ្យ​ដឹងថា​ សម្រាប់​ការបោះឆ្នោត​ឆ្នាំ២០១៣​នេះ ​ទាំង​គណបក្ស​សមរង្ស៊ី​និង​គណបក្ស​សិទ្ធិមនុស្ស​នឹងមិន​ឈរ​បោះឆ្នោត​ទេ​គឺ​គណបក្ស​របស់​លោក ​បានសម្រេច​យកតែ​គណបក្ស​សង្គ្រោះ​ជាតិ​តែមួយ​ទេ​សម្រាប់​ចូល​ប្រកួត​ប្រជែង​ដណ្តើម​សំឡេង​ឆ្នោត។ សម្រាប់​ការបោះឆ្នោត​ឆ្នាំ ២០០៨ ​មាន​គណបក្ស​ចំនួន ១១​បាន​ចុះបញ្ជី​ចូលរួម​ការបោះឆ្នោត។ ក៏ប៉ុន្តែ​មានតែ ​៥គណបក្ស ប៉ុ​ណ្ណោះ​ដែល​ទទួលបាន​អ​សនៈ​នៅក្នុង​រដ្ឋសភា​ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុជា ​បានទទួល​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ​គឺ៩០អ​សនៈ ​រីឯ ​គណបក្ស​សមរង្សី​វិញ​ទទួលបាន អ​សនៈ​ចំនួន ២៦។ គណបក្ស​សិទ្ធិមនុស្ស​ស្ថិតនៅ​លេខ​រៀង​ទី ៣ដែលមាន​៣​អសនៈ។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​និង​គណបក្ស​នរោត្តម​រណ​ប្ញ​ទ្ធិ​វិញ​ទទួលបាន​អ​សនៈ ២​ដូចគ្នា។ នៅមុន​ការបោះឆ្នោត​មកដល់​គណ​បក្ស​ទាំងពីរ​ដែលមាន​អ​សនៈ​តិច​ជាង​គេ​ក្នុង​រដ្ឋសភា​បាន​ច្របាច់​បញ្ចូល​គ្នា​ទៅជា​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​តែមួយ។ លោក ញ៉ឹ​ក ប៊ុន​ឆៃ ​ប្រធាន​ប្រតិ​ប​ត្ដិ​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បានឱ្យ​ដឹង​ថា ​បាន​ត្រៀម​ដាក់ចេញ​នូវ​គោលនយោបាយធំៗដូចជា ការប្រកាន់​នូវ​របប​សីហ​នុ​និយម ​ស​និ្ត​ភាព​និង​សហ​ប្រ​តិប​ត្តិ​ការ​បង្កើត​សង្គម​ដែល​ស្អា​ត​ស្អំ ​និង​ការ​ប្រ​ឆាំង​ទៅនឹង​អំពើពុករលួយ ​ការគោរព​សិទ្ធិមនុស្ស​និង​ផ្តោតលើ​វិស័យ​កសិ​ឧ​ស្សហកម្ម​ជាធំ។ លោក​ ញ៉ឹក ប៊ុនឆៃ​បន្ថែម​ថា៖ «សីហ​នុ​និយម​ការបង្រួប​បង្រួម​ផ្សះផ្សារ​ជាតិ​ដោយ​ឯករាជ្យ ​និង​អ​ព្យា​ក្រិត ​សន្តិភាព​និង​សហ​ប្រ​តិបត្តិ​ការ សង្គម​ដ៏​ត្រឹមត្រូវ។ ទី៣ហ្នឹង​គឺ​ការ​ប្រ​ឆាំង​អំពើ​ពុករលួយ ​និង​ការ​ផ្តោតលើ​វិស័យ​កសិឧស្សាហកម្ម​ធ្វើឱ្យជីវភាព​ប្រជាពលរដ្ឋ​ហ្នឹង​ប្រសើរឡើង»។ ចំណែក​លោក ខឹម វាសនា​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​បានឱ្យ​ដឹង​ថា ​គណបក្ស​របស់​លោក​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ​ក្នុងការ​ចុះបញ្ជី​គណបក្ស​ឈរឈ្មោះ​បោះឆ្នោត។ ហើយ​គណបក្ស​របស់​លោក​បានរៀបចំ​សមា​ជិក​តំណាង​រា​ស្ត្រ​សម្រាប់​ឈរឈ្មោះ​បោះឆ្នោត​គ្រប់​ខេត្ត​ក្រុង។ លោក​ខឹម វាសនា​បញ្ជាក់​ថា៖ «ការ​អនុ​វ​ត្ត​ច្បាប់​ទៅលើ​គ្រប់​មនុស្ស​ទាំងអស់​គឺ​មិនមែន​មកពី​អ្នកគ្រប់គ្រង​អំណាច​ទេ​គឺ​ដោយសារតែ​អំណាច​វា​ប្រមូលផ្តុំ​អីចឹ​ង​ការ​អនុវត្ត​ច្បាប់​មិនអាច​ទៅរួច​ទេ»។ លោក គង់ ប៊ុនធឿន​ប្រធាន​គណបក្ស​ចលនា​ប្រជាធិបតេយ្យ​ដែល​បាន​ប្រែ​ឈ្មោះ​ពី​ហង្ស​ដា​រ៉ា​ចលនា​ប្រជាធិបតេយ្យ។ លោក និយាយថា​គណបក្ស​រប​ស់​លោក​ក៏បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​សម្រាប់​ការចុះបញ្ជី​បក្សនយោបាយ​នៅ​ចុងខែ​នេះ​ដែរ។ «តាម​ការពិតទៅ​ខ្ញុំ​បាន​ត្រៀម​សមាជិក​ក្នុងការ​ប្រកួត​ប្រ​ជែង​ក្នុងការ​បោះឆ្នោត​រួចរាល់​ហើយ។ប៉ុន្តែ​រង់ចាំ​ពេល​វេ​លា​ដែល​គជប​ដែល​គេ​កំណត់»។ លោក ប៊ុនធឿន​បាន​ថ្លែង​ប្រាប់ថា​គណបក្ស​ចលនា​ប្រជាធិបតេយ្យ​នឹង​ផ្តោត​សំខាន់​ការពារ​របប​រាជា​និយម​ បណ្តេញ​អន្តោរ​ប្រវេសន៍​ខុសច្បាប់​ចេញ​ប្រទេស​កម្ពុជា ​និង​ទាមទារ​ទឹកដី​ដែល​បាត់បង់។ លោក សេង សុ​ខេង ​គឺជា​ប្រធាន​គណបក្ស​សញ្ជាតិ​កម្ពុជា​ដែល​ទើបតែ​បង្កើតឡើង​កាលពី​ឆ្នាំ ២០១១។ មិន​ខុស​អ្វី​ទៅ​ហ្នឹង​លោក ប៊ុន ធឿន​ដែរ លោក​សុ​ខេង​បានបញ្ជាក់​ដែរ​ថា​រហូតមកទល់​ពេលបច្ចុប្បន្ន​នេះ​បក្ស​របស់គាត់​បានរៀបចំ​ខ្លួន​ហើយ​សម្រាប់​ការ​ឈរឈ្មោះ​បោះឆ្នោត​នា​ពេល​ខាង​មុខ។ ដោយ​បន្ថែម​ថា​គណបក្ស​សញ្ជាតិ​កម្ពុជា​ផ្តោត​សំខាន់​ក្នុងការ​លុបបំបាត់​ភាពក្រីក្រ​នៅក្នុង​ប្រទេស។ មាន​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ជាង៩លាន​នាក់​សម្រាប់​ការបោះឆ្នោត​ខាងមុខនេះ។ វី​អូ​អេ​សំឡេ​ង​សហរដ្ឋ​អាមេរិក​បាន​ព្យាយាម​ទាក់ទង​មន្ត្រី​ផ្លូវការ​គណបក្ស​ប្រជាជន​កម្ពុជា​ជាច្រើន​ក្នុង​សប្តាហ៍​នេះ​ប៉ុន្តែ​ពួកគាត់​មិនអាច​ផ្តល់​សេចក្តី​អត្ថាធិប្បាយ​ណាមួយ​នោះ​ទេ។ កាលពី​ពេល​ថ្មីៗ​នេះ ​លោក ជា ស៊ីម​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ក្នុង​សុន្ទរកថា​បូកសរុប​សន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រ​ទស​របស់​គណបក្ស​ថា ​មហាសន្និបាត​បានសម្រេច​អនុម័ត​កម្មវិធី​នយោបាយ ​ដើម្បី​កសាង ​និង​ការពារ​មាតុភូមិ​ប្រចាំឆ្នាំ ២០១៣-២០១៨ ដោយ​រួមមាន​ការកសាង​ប្រទេស​ឱ្យជឿនលឿន ​មាន​វឌ្ឍន៍ភាព​លើ​គ្រប់​វិស័យ ​មាន​សាម​គ្គី​ភាព ​ការគោរព​សិទ្ធិមនុស្ស​ គ្រប់គ្រង​អធិបតេយ្យភាព ​និង​បូរណ​ភាព​ទឹកដី​ជាដើម។ លោក អ៊ុក ភូ​រិ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​ធ្លាប់​ចូល​រួ​ម​ប្រកួត​ក្នុងការ​បោះឆ្នោត​ចាប់តាំងពី​ឆ្នាំ១៩៩៣​មក។ លោក អ៊ុក ភូ​រិ ឱ្យ​ដឹង​ថា ​គណបក្ស​របស់គាត់​នឹងមិន​ចូលរួម​ការបោះឆ្នោត​ឆ្នាំ២០១៣​នេះ​ទៀត​ទេ​ដោយសារ​លោក​មិនសូវ ​មាន​ជំនឿ​ទុកចិត្ត​លើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។ «ច្បាប់បោះឆ្នោត​អី្វ គជប​អី្វ​មើលទៅ​មិន​សមប្រកប​ឱ្យគណបក្ស​ខ្ញុំ​វិនិយោគ​ទេ។ ប៉ុន្តែ​យើង​គ្រាន់តែ​មិន​ចូលរួម​មិនមែន​ថា​យើង​បិទ​គណបក្ស​នោះទេ។ យើង​ចង់​ផ្តល់​ឱ​កាស​ដល់ក្មេង។ ចាំមើល​ទៅមុខ​មើល»។ ចំណែក​ឯ​ប្រធាន​គណបក្ស​សង្គម​យុ​ត្តិ​ធម៌​វិញ ​លោក បាន សុផល ​បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា​ គណបក្ស​របស់​លោក​នឹង​មិន​ចូលរួម​ការបោះឆ្នោត​ខាងមុខនេះ​ទេ។ លោក​បាន​ពន្យល់​ថា​មូលហេតុ​គឺ​មកពី​លោក​មិន​ចង់ឱ្យមានការ​បែក​ចែក​នូវ​សំឡេង​អ្នកប្រជាធិបតេយ្យ​ហើយ​ចង់ឃើញ​ការប្រកួត​ប្រជែង​រវាង​គណបក្ស​ធំៗ​ពីរ​គឺ​បក្ស​ប្រជាជន​កម្ពុជា​និង​បក្ស​សង្គ្រោះ​ជាតិ។ លោក​ហង្ស ពុទ្ធា ​នាយក​ប្រតិបត្តិ​អង្គការ​និ​ក​ហ្វិ​ក ​បាន​និយាយ​ថា ​ចំនួន​គណបក្ស​ន​យោ​បាន​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​នៅ​ថ្ងៃទី២៨ខែកក្កដា​ឆ្នាំនេះ​ទំនងជា​មានការ​ធ្លាក់ចុះ​ដោយសារ​តែមាន​គណបក្ស​មួយ​ចំនួន​បានរួម​ប​ញ្ជូ​ល​គ្នា​ជា​គណបក្ស​មួយ​និង​គណបក្ស​មួយចំនួនទៀត​ដកខ្លួន​ចេញពី​ការបោះឆ្នោត៕
XS
SM
MD
LG