ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​ហ៊ុន សែន ព្រមាន​ពីគ្រោះថ្នាក់​ពីការ​ផ្លាស់​ប្តូរ​អ្នក​ដឹកនាំ


នាយក​រដ្ឋមន្ដ្រី​កម្ពុជា លោក​ហ៊ុន ​សែន
នាយក​រដ្ឋមន្ដ្រី​កម្ពុជា លោក​ហ៊ុន ​សែន

នាយក​រដ្ឋមន្ដ្រី​កម្ពុជា លោក​ហ៊ុន ​សែន នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ព្រមាន​ជា​ចំហ​ពី​គ្រោះថ្នាក់​របស់​ប្រទេស​ប្រសិន​បើ​គេ​ធ្វើ​ការ​ផ្លាស់ប្តូរ​មេដឹកនាំ​នោះ។

លោក​ហ៊ុន ​សែន ​ដែល​កាន់កាប់​អំណាច​ជិត​៣០​ឆ្នាំ​មកហើយ​ បាន​ធ្វើ​ការ​ព្រមាន​ចំ​ពេល​ដែល​កម្ពុជា​កំពុង​រំកិល​ទៅ​រក​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ ​សង្កាត់ ​ដែល​ជា​ការ​បោះ​ឆ្នោត​មួយ​ដ៏​មាន​សារៈសំខាន់​សម្រាប់​ការ​គ្រប់គ្រង​ប្រព័ន្ធ​វិមជ្ឈការ​ក្នុង​ប្រទេស។

«អា​រឿង​ដូរ​ៗ​នេះ ​ដូរ​ចុះ​ដូរ​ឡើង​ហិនហោច​ខេ្ទចខ្ទី។ ទំនៀម​ទម្លាប់​បាត់បង់​អស់​រលីង។ ​ដោយសារ​អារឿង​ដូរ​ហ្នឹង​ហើយ»។

ថ្លែង​ក្នុ្ងង​ពិធី​បិទ​វគ្គ​បណ្ដុះ​បណ្ដាល​អាចារ្យ​ក្នុង​ទីក្រុង​ភ្នំពេញ ​លោក ​ហ៊ុន ​សែន ​បាន​វាយប្រហារ​ដោយ​មិន​ចំ​ឈ្មោះ​ចំពោះ​មេដឹកនាំ​គណបក្ស​នយោបាយ​ដែល​យក​ព្រះនាម​អតីត​ព្រះមហាក្សត្រ និង​សេចក្ដី​អះអាង​ពី​ភក្ដីភាព​ចំពោះ​របប​រាជានិយម​យក​មក​ប្រើ​សម្រាប់​ឃោសនា​ស្វែងរក​សំឡេង​ឆ្នោត។

លោក ​ហ៊ុន ​សែន ​បាន​ឆ្លៀត​ទាញ​យក​គុណសម្បតិ្ត​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​របស់​លោក។

«ទោះ​បី​ជា​យើង​នៅ​ក្រ ​នៅ​លំបាក​ តែ​អ្វី​ដែល​ច្បាស់​សេចក្ដីសុខ ​អត់​សង្រ្គាម​ អត់​ចលាចល។ កុំ​មាន​គណបក្សប្រជាជន​ស្មាន​តែ​មាន​លោក​សង្ឃ ​មាន​អាចារ្យ ​មាន​យាយ​ជី ​មាន​វត្តអារាម​ទាំង​អស់​ហ្នឹង។​ បើ​គ្មាន​គណបក្ស​ប្រជាជន​ទេ​ អត់​មាន​រាជានិយម​នៅ​ស្រុក​ខ្មែរ​ទេ ​កុំ​ភន្ដ​ច្រឡំ»។

នេះ​មិនមែន​ជា​លើក​ទី១​ទេ​ដែល​លោក​នាយក​រដ្ឋមន្ដ្រី​កាន់​អំណាច​យូរ​ បាន​ធ្វើ​សំអាង​បែប​នេះ​មុន​ពេល​ការ​បោះឆ្នោត​មក​ដល់។ ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​ត្រូវ​គេ​សង្កេត​ឃើញ​ថា ​មាន​ការ​បាក់​ស្បាត​នឹង​ភាព​ហិង្សា​ បន្ទាប់​ពី​ពួក​គេ​បាន​ឆ្លងកាត់​យុគ​សម័យ​សង្រ្គាម​ស៊ីវិល​ជាង​បី​ទសវត្សរ៍​មក។

លោក ​យឹម ​សុវណ្ណ ​តំណាងរាស្ដ្រ​ និង​ជា​អ្នក​នាំពាក្យ​គណបក្ស​ជំទាស់​សម ​រង្ស៊ី ​បាន​ហៅ​សេចក្តី​ថ្លែងការណ៍​របស់​លោក ​ហ៊ុន ​សែន ​ថា​ជា​ការ​គំរាម​ដល់​ស្មារតី​របស់​អ្នក​បោះឆ្នោត។ ​លោក ​យឹម ​សុវណ្ណ ​មាន​ប្រសាសន៍​ថា ​ប្រទេស​ដែល​មាន​អ្នក​ដឹកនាំ​តែ​ម្នាក់​ពុំ​មាន​ការ​ផ្លាស់ប្តូរ ប្រឈម​នឹង​ការ​វិវត្ត​ទៅ​កាន់​អំណាច​ផ្តាច់ការ។

«ប្រទេស​និមួយៗ​ មិនមែន​មាន​តែ​អ្នក​ដឹកនាំ​ម្នាក់​ខ្លាំង​នោះ​ទេ។ ​ប្រទេស​ដែល​មាន​ការ​គោរព​សិទ្ធិ​ មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ ​គេ​មាន​មេដឹកនាំ​ច្រើន​ណាស់។ ​បើ​សិន​ជា​មាន​តែ​ម្នាក់​ថ្ងៃ​ណា​មួយ​នឹង​នាំ​ទៅ​រក​របប​ផ្តាច់ការ​ជា​មិន​ខាន​ទេ»។

កម្ពុជា​នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ថ្ងៃ​ទី​៣ ​ខែ​មិថុនា​ ខាង​មុខ។​ការ​ឃោសនា​បោះឆ្នោត​សម្រាប់​រយៈពេល​ពីរ​សប្ដាហ៍​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី១៨​ ខែ​ឧសភា​នេះ។​

ជាទូទៅ​គេ​សង្កេត​ឃើញ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​យក​កត្តា​រំដោះប្រទេស​ពី​របប​ខ្មែរក្រហម ​និង​ការ​ការពារ​ប្រទេស​មិន​ឲ្យ​ធ្លាក់​ក្នុង​សង្រ្គាម​សារ​ជា​ថ្មី​ ជា​ចំណុច​គោល​សម្រាប់​ឃោសនា។ ​រីឯ​គណបក្ស​ប្រជែង​ច្រើន​តែ​ជ្រើសរើស​យក​បញ្ហា​អន្ដោប្រវេសន៍​ខុស​ច្បាប់ ​ការ​បាត់បង់​ដីធ្លី​ក្នុង​ប្រទេស​និង​ដោយសារ​ប្រទេស​ជិត​ខាង​ទន្រ្ទាន​យក ​និង​បញ្ហា​ពុករលួយ​មក​ធ្វើ​ជា​មូលដ្ឋាន​ឃោសនា។

លោក ​គល់​ បញ្ញា ​នាយក​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា Comfrelមាន​ប្រសាសន៍​ថា ​ប្រទេស​ដែល​មាន​លទ្ធិប្រជាធិបតេយ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​អំណាច​គ្រប់គ្រាន់​ក្នុង​ការ​ជ្រើសរើស​មេ​ដឹកនាំ​ណាមួយ​ដែល​ខ្លួន​ពេញ​ចិត្ត៕

XS
SM
MD
LG